កញ្ញា​ ​​សុខ​ ផាណានីដា​​៖ ភាព​ជា​សហគ្រិន​មិន​​ស្ថិត​លើ​​ដុង​ ឬ​​​​​​ទៅ​​​លើ​ការ​សិក្សា​តែ​មួយ​នោះ​​ទេ​

  • 2015-06-02 18:11:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​សហគ្រិន​វ័យ​​ក្មេង​មួយ​​រូប​ដែល​​មាន​មុខ​ជំនួញ​​ជា​ច្រើន​​​នៅ​ក្នុង​ដៃ​រាប់​បញ្ចូល​ទាំង ​DADANA​ Wedding Planner ហាង​ឯកទេស​ខាង​ដេគ័រ ​ផ្កា​ស្រស់​សម្រាប់​គ្រប់​កម្មវិធី​​ជា​ពិសេស​ក្នុង​កម្មវិធី​​​ជា​លក្ខណៈ​ស្តង់ដា​រ ​​កញ្ញា​​ សុខ​ ផាណានីដា​​ បាន​​លើក​​ឡើង​ថា​ ​ភាព​ជា​សហគ្រិន​​មិន​ស្ថិត​​លើ​ដុង​ពី​កំណើត​ ឬ​​អាស្រ័យ​​​​ទៅ​​​លើ​ការ​សិក្សា​តែ​មួយ​មុខ​នោះ​​ទេ។ ​មិន​មែន​ដុង​ ឬ​​អាស្រ័យ​​​​ទៅ​​​លើ​ការ​សិក្សា​តែ​មួយ​ តើ​អ្វី​​ទៅ​ដែល​កញ្ញា​ចង់​​ផ្ដោត​​សំខាន់​នៅ​ពេល​នេះ? ​​ Sabay ​ជួប​សម្ភាសន៍​ជាមួយ​​កញ្ញា​​​ដូច​ត​ទៅ​៖ ​​ ​​​

Sabay) តើ​មាន​កត្តា​អ្វី​ខ្លះ​ដែល​នាំ​​ឱ្យ​ការ​​និយម​ថត​​ Outdoor ជា​លក្ខណៈ​គូ​ស្នេហ៍​​មុន​​រៀប​អាពាហ៍ពិពាហ៍​មាន​​ការ​កើន​ឡើង​?​​ ​

កញ្ញា​ ​​សុខ​ ផាណានីដា​៖ ប្រសិន​បើ​យោង​លើ​កត្តា​ហេតុផល​ដែល​នាំ​ឲ្យ​ការ​ថត​រូប​ជា​លក្ខណៈ​គូ​ស្នេហ៍​​មុន​រៀប​អាពាហ៍ពិពាហ៍​មាន​​ការ​កើន​ឡើង​ Outdoor Pre Wedding Photo អ្វី​ដែល​ជា​​កំណត់​សំគាល់​គឺ​អ្នក​ក៏​អាច​សង្កេត​ឃើញ​ខ្លួន​ឯង​បាន​ផង​ដែរ​ថា ​នៅ​តាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​សង្គម​មនុស្ស​ម្នាក់​ៗ​មាន​ទំនោរ​តាម​គ្នា​ដោយ​ព្យាយាម​ធ្វើ​យ៉ាង​ណា​ឲ្យ​ប្រសើរ​ជាង​គ្នា​​​ ទោះ​បី​មាន​អ្នក​ខ្លះ​មាន​ឧបសគ្គ​លើ​ថវិកា​មិន​គ្រប់​គ្រាន់​ក៏​ដោយ​។

 

ដោយ​គ្មាន​នរណា​ម្នាក់​បាន​គិត​ថា​ជា​ការ​ព្យាយាម​ធ្វើ​ឲ្យ​ប្រសើរ​ជាង​គ្នា​វា​មាន​ផល​លំបាក​នោះ​ទេ​។​ អាកាស​ធាតុ​នៅ​ប្រទេស​កម្ពុជា​មិន​សូវ​ជា​អំណោយ​ផល​ក្នុង​ការ​ថត​នៅ​ខាង​ក្រៅ​ទេ​​ជួន​កាល​មាន​ភ្លៀង ​ឬ​ក្តៅ​ស្អុះ​ស្អាប់​ជ្រុល​ពេក​ អ្នក​អាច​ដឹង​ហើយ​ថា​មាន​សភាព​បែប​ម៉េច​នោះ​​ ​ម៉ាគីយ៉េ​នៅ​លើ​ផ្ទៃ​មុខ​កូន​ក្រមុំ​តែង​តែ​ហៀរ​ប្រតេក​ប្រតាក​ដែល​ចាំ​បាច់​ត្រូវ​មាន​អ្នក​ផាត់​មុខ​នៅ​ជាប់​តាម​ជាមួយ​ក្នុង​ការ​ថត​ដើម្បី​ឲ្យ​ប្រាកដ​ថា​ផ្ទៃ​មុខ​កូន​ក្រមុំ​នៅ​តែ​ស្រស់​ស្អាត​។​ ​ទោះ​បី​ជា​ដូច្នេះ​ក៏​ដោយ​ការ​និយាយ​ត​ពី​មាត់​មួយ​ទៅ​មាត់​មួយ​​ ការ​និយាយ​ត​ប្រាប់​មិត្តភ័ក្ដិ​ពី​ម្នាក់​ទៅ​ម្នាក់​ទៀត​បាន​ជំរុញ​ឲ្យ​មាន​មនុស្ស​ជា​ច្រើន​ចង់​ថត​ ​ទោះ​បី​ជា​យើង​មើល​ឃើញ​ថា​វា​ជា​ការ​លំបាក​​ តែ​គេ​មើល​ទៅ​ផ្ទុយ​ទៅ​វិញ​ដោយ​គេ​ទទួល​បាន​ការ​ផាត់​មុខ​ស្រស់​ស្អាត​ជា​និច្ច​ ជា​កត្តា​ចម្បង​មួយ​ដែល​ជំរុញ​ឲ្យ​មនុស្ស​ជា​ច្រើន​ថត​ ​OUTDOOR​ តែ​ភាព​ពិត​ជាក់​ស្ដែង​ អ្នក​អាច​ឃើញ​ថា​គូស្នេហ៍​ទាំង​នោះ​មាន​ភាព​លំបាក​នៅ​ក្រោម​អាកាសធាតុ​។​

 

 

Sabay) ​ តើ​​​កញ្ញា​មាន​គំនិត​​បើក​ Wedding Planner ​នេះ​មកពី​ណា? ​អ្វី​ដែល​ជំរុញ​ចិត្ត​របស់​កញ្ញា​ឱ្យ​​បើក​ជំនួញ​មួយ​នេះ​ឡើង​?

 

កញ្ញា​ ​​សុខ​ ផាណានីដា​៖​  ​នាងខ្ញុំ​បាន​ចូល​រួម​ពិធី​អាពាហ៍ពិពាហ៍​ជា​ច្រើន​ មិត្តភ័ក្ដិ​នាង​ខ្ញុំ​មួយ​ចំនួន​ធំ​ក៏​បាន​រៀប​អាពាហ៍ពិពាហ៍​​រួច​ហើយ​ប៉ុន្តែ​ក៏​នៅ​មាន​អ្នក​នៅ​លីវ​ជា​ច្រើន​នាក់​ដែល​ជា​មិត្ត​ជិត​ស្និទ្ធ​ ដែល​នឹង​រៀប ​អាពាហ៍ពិពាហ៍​ជា​បន្ត​បន្ទាប់​។ ​​​​​​​នាងខ្ញុំ​ទៅ​ចូល​រួម​ពិធី​អាពាហ៍ពិពាហ៍​ដែល​ក្រុមហ៊ុន​ផ្សេង​ៗ​រៀប​ចំ​តុប​តែង​ ​ អ្វី​ដែល​នាង​ខ្ញុំ​ឃើញ​កត់​សំគាល់​ជា​កត្តា​រួម​មួយ​ស្ទើរ​តែ​គ្រប់​គ្នា​គឺ​ស្រឡាញ់​ការ​តុប​តែង​ផ្កា ​អាច​ថា​បាន​ថា​ជា​ទំនោរ​និយម​របស់​កម្ពុជា​គ្រប់​គ្នា​ស្រឡាញ់​ផ្កា​ ហើយ​ការ​ផ្គត់ផ្គង់​ផ្កា​នៅ​កម្ពុជា​គឺ​មាន​កំណត់​។ ​សម្រាប់​នាង​ខ្ញុំ​មាន​បទពិសោធន៍​ក្នុង​ក្រុមហ៊ុន​Creative Agency​ពីមុន​មក​ ដូច​នេះ​នាង​ខ្ញុំ​និង​មិត្ត​របស់​នាង​ខ្ញុំ​មាន​អារម្មណ៍​គិត​ថា​យើង​អាច​ធ្វើ​អ្វី​បាន​ប្រសើរ​ជាង​នេះ​។​ យើង​ចង់​ផ្ដល់​ជូន​ដល់​ពលរដ្ឋ​កម្ពុជា​ទាំង​អស់​ឲ្យ​បាន​ល្អ​ប្រសើរ​ជាង​នេះ​  និង​យ៉ាង​ហោច​ណាស់​ដល់​មិត្តភ័ក្ដិ​នាង​ខ្ញុំ​ក្នុង​ថ្ងៃ​អនាគត​ដែល​មិន​ទាន់​រៀប​ការ​ នូវ​អ្វី​ដែល​ស្រស់​ស្អាត​ជាង​ដែល​យើង​ធ្លាប់​ឃើញ​និង​ដែល​គេ​កំពុង​តែ​អនុវត្ត​ យើង​ឃើញ​ស្ទើរ​តែ​គ្រប់​គ្នា​សុទ្ធ​តែ​តុប​តែង​នឹង​ផ្កា​ដែល​ក្លាយ​ជា​រឿង​ធម្មតា​  អ្វី​ដែល​ប្លែក​គឺ​ការ​រចនា​ឌីហ្សាញ​ ជម្រើស​ ការ​ចេះ​ដាក់​តុប​តែង​ឲ្យ​ត្រូវ​លំ​នាំ​​ និង​ការ​ជ្រើស​រើស​ផ្កា​ទាំង​ឡាយ ​ព្រម​ទាំង​ការ​ច្នៃ​ប្រឌិត​ដែល​នាំ​ឲ្យ​មាន​ភាព​លេច​ធ្លោ​របស់​ផ្កា​ដែល​ធ្វើ​ឲ្យ​ពិធី​អាពាហ៍ពិពាហ៍​នេះ ​មាន​សោភ័ណភាព​ខុស​ប្លែក​ពី​អ្នក​ដទៃ​ ហើយ​នេះ​ជា​ហេតុ​ផល​ដែល​នាង​ខ្ញុំ​និង​មិត្ត​នាង​ខ្ញុំ​ពីរ​នាក់​ទៀត​រួម​គ្នា​បង្កើត​ជា​ក្រុមហ៊ុន​ឡើង​។​មិត្ត​របស់​នាង​ខ្ញុំ​ទាំង​ពីរ​នាក់​គឺ​សុទ្ធ​តែ​មាន​ជំនាញ​ខាង​ផ្នែក​ហិរញ្ញវត្ថុ ​ពួក​គាត់​ពិត​ជា​ពូកែ​ឆ្លាត​វៃ​  ពួក​គាត់​យល់​ដឹង​ពី​របៀប​រៀប​ចំ​ថវិកា​និង​ការ​សន្សំ​សំចៃ​សម្រាប់​អតិថិជន​ នៅ​ពេល​ដែល​យើង​ឃើញ​គម្រោង​អាជីវកម្ម​ភ្លាម​ពិត​ជា​មាន​ក្ដី​រំភើប ​ក្នុង​ខណៈ​នោះ ដែល​ជា​ចំណុច​ចាប់​ផើ្តម​នៃ​ការ​កកើត​ក្រុមហ៊ុន ​DADANA ​ នាង​ខ្ញុំ​មាន​ជំនាញ​ខាង​ច្នៃ​ប្រឌិត​ ហើយ​ពួក​គាត់​ក៏​មាន​ជំនាញ​ខាង​ផ្នែក​ហិរញ្ញ​វត្ថុ​ផង​ដែរ​។​

 

Sabay) តើ​កញ្ញា​គិត​ថា​សេវាកម្ម​របស់ DADANA Flower Shop​ វា​មាន​ភាព​ខុស​​ប្លែក​យ៉ាងណា​ទៅ​ជាមួយ​​នឹង​​ដៃគូ​ប្រកួតប្រជែង​ផ្សេង​ទៀត?

 

កញ្ញា ​​សុខ​ ផាណានីដា​៖​  ​ ​ដាដាណា​គឺជា​ការ​រួម​គ្នា​រវាង​អ្នក​ជំនាញ​ខាង​ផ្នែក​ហិរញ្ញវត្ថុ​ដែល​មាន​ចំណេះ​ដឹង​ខាង​រៀប​ចំ​កញ្ចប់​ថវិកា​ ដាដាណា ​មាន​ក្រុម​អ្នក​ជំនាញ​ឌីហ្សាញ​នៅ​ពីក្រោយ​ខ្នង​ ដោយ​ដឹង​ពី​វិធី​រៀប​ចំ​គម្រោង​​សម្រាប់​អតិថិជន​ ដាដាណា ​មាន​ទំនាក់​ទំនង​ផ្ទាល់​ទៅ​នឹង​ប្រភព​ធនធាន​ដើម​​ ហើយ​អតិថិជន​របស់​យើង​ទាំង​អស់​គឺ​សុទ្ធ​តែ​បញ្ជាក់​បាន​នូវ​គុណភាព​និង​ការ​រចនាឌីហ្សាញ​ច្នៃប្រឌិត​ក្នុង​ការ​តុប​តែង​ដែល​យើង​អាច​ធ្វើ​បាន​ ​និង​មាន​ភាព​ខុស​គ្នា​ពី​មួយ​ទៅ​មួយ​ ។​ នេះ​ជា​ជំនាញ​មួយ​ដែល​យើង​អាច​ធ្វើ​ឲ្យ​ កូន​ក្រមុំ​ទាំង​អស់​ញញឹម​ចេញ​មក​ពោរពេញ​ទៅ​ដោយ​សេចក្ដី​សុខ​ និង​ចូល​ទៅ​គេង​ជាមួយ​នឹង​អារម្មណ៍​ប្រតិព័ទ្ធ ​អ្វី​ដែល​សំខាន់​បំផុត​នោះ ​ដាដាណា​ អាច​ធ្វើ​ឲ្យ​កូន​ក្រមុំ​ដក់​ជាប់​នូវ​ការ​ចង​ចាំ​នៃ​ការ​រចនា​ដ៏​អស្ចារ្យ​ជា​រៀង​រហូត​ ​ដែល​យើង​ហៅ​ថា​ “ការ​តុប​តែង​ពោរ​ពេញ​ដោយ​រស​និយម​The Touch ​of​ Class​”​​។​ក្នុង​គំនិត​របស់​យើង​ខ្ញុំ​មិន​គិត​ថា​មាន​គូប្រកួត​ប្រជែង​ទេ​​ តាម​ពិត​ទៅ​ជា​ការ​ល្អ​ទៅ​វិញ​ទេ​ដែល​មាន​ក្រុមហ៊ុន​ជា​ច្រើន​ផ្តល់​សេវាកម្ម​អាពាហ៍ពិពាហ៍​។​​ ហើយ​ក៏​មិន​ដែល​គិត​ថា​ការ​រចនាឌីហ្សាញ​របស់​ក្រុមហ៊ុន​ដទៃ​ខ្សោយ​មិន​ល្អ​នោះ​ដែរ ​គឺ​យើង​យក​ចិត្ត​ទុក​ដាក់​លើ​ការ​ឌីហ្សាញ​របស់​គេ​ ​មាន​ខ្លះ​ធ្វើ​បាន​ល្អ​ នៅ​ពេល​ដែល​យើង​មើល​ការ​ឌីហ្សាញ​ទាំង​អស់​នោះ​យើង​ត្រូវ​គិត​ថា​ចំណុច​​​ណា​ខ្លះ​ដែល​យើង​ត្រូវ​បន្ថែម​លើ​ការ​ឌីហ្សាញ​នោះ ​ និង​ធ្វើ​ឲ្យ​ប្រសើរ​ជាង​មុន​ទៀត​ដើម្បី​ធ្វើ​ឱ្យ​ពិធី​មង្គល​ការ​កាន់​តែ​អស្ចារ្យ​ និង​ចំណាយ​អស់​ថវិកា​តិច​ជាង​មុន​។​​ ជា​ធម្មតា​អតិថិជន​របស់​យើង​នឹង​ប្រាប់​ពី​ខ្ទង់​ចំណាយ​ថវិកា​របស់​គាត់​​ ហើយ​យើង​ព្យាយាម​និង​ធ្វើ​ការ​ក្នុង​រង្វង់​ថវិកា​នោះ ​សូម​កុំ​ភ្លេច​​ថា​ដៃ​គូ​អាជីវកម្ម​របស់​នាង​ខ្ញុំ​គឺ​ជា​អ្នក​ជំនាញ​ខាង​ផ្នែក​ហិរញ្ញវត្ថុ។​​

 

Sabay)​​តើ​កញ្ញា​គិត​ថា ​ភាព​ជា​សហគ្រិន​គឺ​ជា​អ្វី​ដែល​អាច​រៀន​បាន​ ឬ​ក៏​ចាំបាច់​ត្រូវ​មាន​ដុង​ពី​កំណើត?

 

កញ្ញា ​​សុខ​ ផាណានីដា​៖​ ​ចំពោះ​​ទស្សនៈ​របស់​នាង​ខ្ញុំ​ នាងខ្ញុំ​គិត​ថា​​វា​រួម​ផ្សំ​គ្នា​ទាំង​អស់។​ ភាព​ជា​សហគ្រិន​យើង​ត្រូវ​តែ​រៀន ​ហ្វឹក​ហាត់​លត់​ដំ​ឱ្យ​ស្ទាត់​ជំនាញ ​យល់​ដឹង​ឱ្យ​បាន​ច្រើន​ សន្សំ​ជា​គំនិត​ទុន​ឱ្យ​បាន​ច្រើន​ដើម្បី​វិនិយោគ​នៅ​ពេល​ដែល​យើង​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​​។​​ សម្រាប់​កិច្ច​ការងារ​ដូច​នាង​ខ្ញុំ​ ដុង​ដែល​ជា​និស្ស័យ​បាន​មក​ពី​ការ​ចូល​ចិត្ត​ដែល​ចេញ​ពី​សេចក្ដី​ស្រឡាញ់​មាន​ពី​កំណើត​បណ្ដុះ​ជា​កម្លាំង​ជំរុញ​និង​គំនិត​នៃ​ការ​ច្នៃ​ប្រឌិត​។​ គំនិត​នៃ​ការ​ច្នៃ​ប្រឌិត​ជា​ការ​ពិត​ទៅ ​បាន​មក​ការ​សិក្សា​ដែល​មិន​ចេះ​ចប់​​ គឺ​វា​មាន​ច្រើន​ដូច​ជា​ដៃ​មឹក​អ៊‍ីចឹង​។ ​​គំនិត​ច្នៃ​ប្រឌិត​មាន​លក្ខណៈ​ទូលំទូលាយ​ នៅ​ពេល​ដែល​យើង​កាន់​តែ​ឈាន​ទៅ​មុខ​គឺ​កាន់​តែ​រៀន​បន្ថែម​ ​​យើង​មើល​ការ​រៀប​មង្គល​ការ​របស់​បរទេស​ គឺ​យើង​ពិនិត្យ​មើល​លើ​វប្បធម៌​ប្រពៃណី ​ដោយ​មិន​មែន​យក​តែ​គំនិត​គេ​ទេ​ គឺ​យើង​មើល​អ្វី​ដែល​អាច​ផ្តល់​បន្ថែម​ដល់​កូន​ក្រមុំ​របស់​យើង​ ​ដូច្នេះ​ការ​រៀន​សូត្រ​បន្ថែម​ជា​ដំណើរ​ការ​ដែល​មិន​ចេះ​ចប់​។ ​ អ្វី​ដែល​សំខាន់​សម្រាប់​ក្នុង​ខ្សែ​បន្ទាត់​ចុង​ក្រោយ​នេះ​គឺ​ នាង​ខ្ញុំ​ចង់​ផ្តល់​ជូន​អតិថិជន​របស់​នាង​ខ្ញុំ​នូវ​ការ​តុប​តែង​មង្គល​ការ​ដែល​មិន​អាច​បំភ្លេច​បាន​និង​តម្លៃ​សមរម្យ​ ដែល​នេះ​ជា​អ្វី​ដែល​មាន​មនុស្ស​តិច​ណាស់​អាច​សម្រេច​​បាន​​។

 

Sabay)​តើ​DADANA Flower Shop ​ធ្លាប់​​បាន​​​សហការ​ជាមួយ​ដៃគូ​អាជីវកម្ម​​ក្រៅ​ប្រទេស​ដែរ​ទេ​?​​

 

កញ្ញា ​​សុខ​ ផាណានីដា​៖​ ​ចាស៎​! ​យើង​មាន​ការ​គាំទ្រ​និង​សហការ ​ជាមួយ​ដៃគូ​អាជីវកម្ម​​ក្រៅ​ប្រទេស ក៏​ដូច​ប្រភព​ធន​ធាន​ដែល​ជា​សម្ភារៈ​និង​ឧបករណ៍​តុប​តែង​ដែល​ចាំ​បាច់​ គឺ​យើង​បូក​បញ្ចូល​គ្នា​នូវ​គំនិង​ច្នៃ​ប្រឌិត​ដើម្បី​បង្កើត​នូវ​ការ​តុប​តែង​មួយ​ដ៏​អស្ចារ្យ​មិន​ថា​ពិធីមង្គល​ការ​នោះ​តូច​ឬ​ធំ​ប៉ុណា្ណ​នោះ​ទេ​។​​ ដូច​កាល​ថ្មី​ៗ​នេះ​យើង​បាន​រៀប​ចំ​ពិធី​មង្គល​ការ​នៅ​មុខ​ប្រាសាទ​ក្នុង​ខេត្ត​សៀម​រាប​ គឺ​ពិត​ជា​ពិធី​ដ៏​អស្ចារ្យ​មួយ​ដែល​មាន​វង់​ភ្លេង​អ័រកេស្ត្រាវង់​ធំ ​ដោយ​គ្រប់​គ្នា​មាន​អារម្មណ៍​សប្បាយ​រីករាយ​ពេញ​ចិត្ត​ជា​ខ្លាំង​លើ​ការ​ដេគ័រតុប​តែង​ដ៏​ស្អាត​ប្លែក​ នេះ​ហើយ​ជា​អ្វី​ដែល​យើង​គិត​ថា​សេវាកម្ម​របស់​យើង​មាន​ភាព​លេច​ធ្លោ​ជាង​អ្នក​ដទៃ។​

 

Sabay)​​ ទាក់ទង​ទៅ​នឹង​ទម្លាប់​ផ្ទាល់​ខ្លួន​របស់​កញ្ញា​វិញ តើ​កញ្ញា​​មាន​ទម្លាប់​ល្អ​អ្វី​ខ្លះ ដែល​អាច​ចែករំលែក​ដល់​យុវវ័យ​ដទៃ​ទៀត ​ដើម្បី​ឱ្យ​​ទទួល​បាន​ជោគជ័យ​ដូច​​កញ្ញា​​?

 

កញ្ញា ​​សុខ​ ផាណានីដា​៖​  ​​សម្រាប់​ទម្លាប់​ល្អ​របស់​នាង​ខ្ញុំ ​ដែល​ត្រូវ​អនុវត្ត​សម្រាប់​ជីវិត​ប្រចាំ​ថ្ងៃ​នោះ ​គឺ​នាង​ខ្ញុំ​ប្រកាន់​ខ្ជាប់​នូវ​ភាព​ស្មោះ​ត្រង់​ ​ សុក្រឹត ​និង​ការ​ទទួល​ខុស​ត្រូវ​លើ​ខ្លួន​ឯង​ និង​ចំពោះ​អ្នក​ដទៃ​ ក៏​ដូច​ជា​អតិថិជន​របស់​នាង​ខ្ញុំ​។​ ​ទាំង​អស់​នេះ ​ហើយ​ដែល​នាំ​នាង​ខ្ញុំ​ឱ្យ​មាន​ថ្ងៃ​នេះ​។​​

 

Sabay)​​ តើ​ក្នុង​មួយ​ជីវិត​របស់​កញ្ញា​ធ្លាប់​គិត​ថា អ្វី​ដែល​ជា​កំហុស​ធំ​បំផុត ក្នុង​នាម​ជា​សហគ្រិន​មួយ​រូប?

 

កញ្ញា​ ​​សុខ​ ផាណានីដា​៖​ ​តាម​ពិត​​ទៅ​​បទ​ពិសោធន៍​ការងារ​ ឬ​កំហុស​ឆ្គង​របស់​សហគ្រិន​​នីមួយ​​ៗ​​មាន​​លក្ខណៈ​ខុស​ៗ​គ្នា ​ប៉ុន្តែ​សម្រាប់​នាង​ខ្ញុំ​និយាយ​ឱ្យ​ចំ​ទាក់​ទង​ជាមួយ​នឹង Business របស់​នាងខ្ញុំ ​ ​កំហុស​ឆ្គង​ផ្ទាល់​របស់​ខ្លួន​ឯង​គឺ​មិន​បាន​បើក​ ដាដាណា​ឲ្យ​បាន​លឿន​ជាង​នេះ​​។​​ សម្រាប់​អ្នក​អាន​បទ​សម្ភាសន៍​នេះ ​អ្វី​ដែល​នាង​ខ្ញុំ​សូម​ជូន​ជា​គំនិត​ គឺ​សូម​ហ៊ាន​គិត​ស្រមៃ​ធំ​និង​ហ៊ាន​ដេញ​តាម​ក្តី​ស្រមៃ​ដោយ​មិន​រួញរា​( dare to dream big and go ahead chase after your dream don’t hesitate) មាន​អ្វី​ជា​ច្រើន​ទៀត​ដែល​យើង​ត្រូវ​រៀន​សូត្រ​ ហើយ​សូម​កុំរំ​ពឹង​ថា​ភាព​ជោគជ័យ​ទទួល​បាន​ក្នុង​ពេល​ឆាប់រហ័ស​នោះ​ តែ​សូម​ហ៊ាន​ដេញ​តាម​ក្តី​ស្រមៃ​ដោយ​មិន​រួញ​រា​​។ ​ ​

Sabay)​​ ​តើ​អ្វី​ខ្លះ​ ជា​ឧបសគ្គ​កន្លង​មក​ ដែល​កញ្ញា​​បាន​ជួបប្រទះ​ ​ហើយ​តើ​វា​នៅ​តែ​មាន​ទៀត​ទេ​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​?​ ​

 

កញ្ញា​ ​​សុខ​ ផាណានីដា​៖​ ​​ជា​ធម្មតា​ តែង​តែ​មាន​កើត​ឡើង​ចំពោះ​ក្រុមហ៊ុន​សេវាកម្ម​ដូច​ជា​របស់​យើង​ខ្ញុំ​ ​ ប៉ុន្តែ​នាង​ខ្ញុំ​មិន​ហៅ​ថា​ ​ជា​ឧបសគ្គ​នោះ​ទេ​ ព្រោះ​អ្វី​ៗ​ត្រូវ​ការ​ពេល​វេលា​ដែល​អាច​ធ្វើ​ឲ្យ​អតិថិជន​ហ៊ាន​ទទួល​យក​គំនិត​ ​គឺ​មាន​ពេល​ខ្លះ​យើង​ត្រូវ​លើក​គម្រោង​ស្នើ​ចេញ​ជា​រូប​រាង​ ហើយ​អតិថិជន​ពិនិត្យ​មើល​គំនិត​នោះ ​ដោយ​ពេល​ខ្លះ​សឹង​តែ​គិត​​ថា​សំណើ​នេះ​ ​អាច​នឹង​មិន​អាច​ធ្វើ​ទៅ​បាន​  តែ​សម្រាប់​យើង​មាន​បទ​ពិសោធន៍​ជា​ច្រើន​ឆ្នាំ​ក្នុង​ការ​តុប​តែង​ពិធី​មង្គល​ការ​ដ៏​អស្ចារ្យ​ជា​ច្រើន​កន្លង​មក​ យើង​មាន​ភាព​​ជឿជាក់​និង​ច្បាស់​លាស់​ក្នុង​ការ​ធ្វើ​ការ​ងារ​នោះ ​ឱ្យ​ចេញ​មក​ល្អ​ដូច​តាម​គំរោង​។ ​​ចំពោះ​ឧបសគ្គ​ភាគ​ច្រើន​កូន​ក្រមុំ​មាន​ភាព​ងាយ​ស្រួល​ក្នុង​ការ​ប្រាស្រ័យ​ទាក់​ទង​ ប៉ុន្តែ​មិត្តភ័ក្តិ​ របស់​គាត់​ចូល​រួម​ចំណែក​ក្នុង​ការ​បញ្ចេញ​យោបល់​​  ដោយ​និយាយ​ប្រាប់​ពី​នេះ​ពី​នោះ​ណែ​នាំ​កូន​ក្រមុំ​ដែល​បង្អាក់​ការ​សម្រេច​​ចិត្ត​កូន​ក្រមុំ​មិន​ដឹង​ជា​ជ្រើស​រើស​យោបល់​មួយ​ណា ​ទាំង​នេះ​ហើយ​គឺ​ជា​ឧបសគ្គ​ដែល​យើង​បាន​ជួប​ប្រទះ​។ ​

ជា​ទូទៅ​បន្ទាប់​ពី​ចប់​ពិធី​មង្គល​ហើយ​អតិថិជន​របស់​យើង​មាន​ក្តី​សប្បាយ​រីករាយ​ពេញ​ចិត្ត​នឹង​ការងារ​ដែល​យើង​ផ្តល់​ជូន​ ​មាន​ពេល​ខ្លះ​អតិថិជន​អញ្ជើញ​យើង​ជប់​លៀង​ ប៉ាវ​ញុំា​អាហារ​ក៏​មាន​។ ដូចេ្នះ​ឧបសគ្គ​ដែល​យើង​ជួប​ប្រទះ​ ​ជា​ធម្មតា​គឺ​មិន​មែន​មក​ពី​អតិថិជន​ទេ​ បាន​មក​ពី​មិត្ត​បំណង​ល្អ​របស់​គាត់​។​ ​ ដូច្នេះ​ជា​រួម​មក​ បើ​សួរ​នាង​ខ្ញុំ​ម្តង​ទៀត​ថា​នេះ​ជា​ឧបសគ្គ​ទេ​?​ ចាស៎!​​ ទាំង​អស់​នេះ​គឺ​ពិត​ជា​មិន​មែន​ជា​ឧបសគ្គ​អ្វី​ទេ​។​

 

(សេវាកម្ម​ របស់​  ​DADANA​ )

 

Sabay)​​ ​ប្រសិន​ជា​កញ្ញា​​​មាន​ឱកាស តើ​កញ្ញា​នឹង​ធ្វើ​អ្វីខ្លះ​ឱ្យ​ខុស​ពី​មុន? ​

 

កញ្ញា​ ​​សុខ​ ផាណានីដា​៖​ ​​ប្រសិន​បើ​មាន​ឱកាស​ នាងខ្ញុំ​ចង់​​បើក​វិទ្យាស្ថាន​ដើម្បី​បង្រៀន​ដល់​ពលរដ្ឋ​ខ្មែរ​ ​ឱ្យ​ចេះ​​ផ្នែក​តុប​តែង​កាន់​តែ​ច្រើន​ឡើង​។​ កម្ពុជា​យើង​មាន​ទំនៀម​ទម្លាប់​​និង​វប្បធម៌​ល្អ​ដ៏​សំបូរ​បែប​មួយ​ ​​ពិធី​មង្គល​ការ​គឺ​ជា​ពិធី​សប្បាយ​រីករាយ​ ជា​ពិសេស​នៅ​ពេល​ដែល​នាង​ខ្ញុំ​ធ្វើ​ដំណើរ​ទៅ​តាម​ខេត្ត​ នាង​ខ្ញុំ​ឃើញ​ការ​រៀប​ចំ​តុប​​តែង​ពិធី​មង្គលការ​  ពិត​ណាស់​យើង​យល់​ពី​ឧបសគ្គ​របស់​ពួក​គាត់​ដោយ​ភាគ​ច្រើន​ ​ខ្ទង់​ថវិកា​ចំណាយ​របស់​គាត់​មាន​កំណត់ ​​បើ​នាង​ខ្ញុំ​មាន​ឱកាស​ គឺ​ចង់​បើក​សាលា​បង្រៀន​ជូន​ពួក​គាត់​នៅ​តាម​ខេត្ត​ក្រុង​នានា​   ដូច្នេះ​ការ​តុប​តែង​ដ៏​ស្រស់​ស្អាត​នឹង​កើត​មាន​សម្រាប់​ពិធី​មង្គល​ការ​តាម​គ្រប់​ខេត្ត​ក្រុង​។​​​​

 

Sabay)តើ​ទៅ​ថ្ងៃ​អនាគត​ក្រុមហ៊ុន​របស់​កញ្ញា​មាន​គម្រោង​យ៉ាង​ណា​ដែរ?

 

កញ្ញា​ ​​សុខ​ ផាណានីដា​៖​ ​​​ ​ នាង​ខ្ញុំ​ចង់​ចែក​រំលែក​ជំនាញ​របស់​យើង​ក្នុង​ទម្រង់​ទ្រង់​ទ្រាយ​ធំ ​នាង​ខ្ញុំ​ចង់​បង្កើត​សាខា​តាម​ខេត្ត​ក្រុង​ ​ពីព្រោះ​មាន​អតិថិជន​ត្រូវ​ការ​តុប​តែង​ពិធី​មង្គល​ការ​ជា​ច្រើន​ គឺ​គាត់​មក​រក​យើង​ដល់​ភ្នំពេញ ​យើង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​តាម​ខេត្ត​ ​ហេតុ​ដូច្នេះ​ទើប​បាន​ជា​នាង​ខ្ញុំ​ចង់​បណ្តុះ​បណ្តាល​មនុស្ស​ជា​ច្រើន​នៅ​តាម​ខេត្ត​។​ ហើយ​នាង​ខ្ញុំ​នឹង​ទទួល​យក​អ្នក​ស្ម័គ្រ​ចិត្ត​ធ្វើ​ការ​ទាក់​ទង​នឹង​សិល្បៈ​នៃ​ការ​តុប​តែង​ផ្កា​និង​ក្រណាត់​ផង​ដែរ​៕

 

អានអត្ថបទ៖ បេក្ខជន​ ៤ រូប ជាប់​ជា​សហគ្រិន​​​​ឆ្នើម​វ័យ​ក្មេង​​របស់​កម្ពុជា​​ប្រចាំ​ឆ្នាំ ​២០១៥​​

អត្ថបទ៖មៃ សុខលីម

រូបភាព​​ផ្តល់​ឲ្យ​

អត្ថបទថ្មី