អាយុត្រឹម ២២ ឆ្នាំ ក្លាយជានាយកប្រតិបត្តិក្រុមហ៊ុនដឹកជញ្ជូនប្រើដើមទុនជាង ៣ ម៉ឺនដុល្លារ
- 2015-06-15 15:48:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អាយុត្រឹម ២២ ឆ្នាំ ក្លាយជានាយកប្រតិបត្តិក្រុមហ៊ុនដឹកជញ្ជូនប្រើដើមទុនជាង ៣ ម៉ឺនដុល្លារ
ចន្លោះមិនឃើញ
យុវជនវ័យក្មេងម្នាក់ បានក្លាយជានាយកប្រតិបត្តិម៉ាកសញ្ញាក្រុមហ៊ុនដឹកជញ្ជូនមួយ ដែលប្រើដើមទុនគោលជាង ៣ ម៉ឺនដុល្លារ ដោយយុវជនអាយុ ២២ ឆ្នាំរូបនេះ នៅតែជានិស្សិតកំពុងសិក្សាឆ្នាំទី ៤ នៅសាកលវិទ្យាល័យពុទ្ធិសាស្រ្ត នៅឡើយ។
នាយកប្រតិបត្តិវ័យក្មេង លោក ឡុង ដារ៉ាវីន បានប្រាប់ Sabay ថា ដោយសម្លឹងឃើញបច្ចុប្បន្នតម្រូវការទំនិញតាមអនឡាញចាប់ផ្ដើមមានកាន់តែច្រើនដែលត្រូវការមានការដឹកជញ្ជូនដល់កន្លែង ប៉ុន្តែ ម្ចាស់ទំនិញភាគច្រើនមានការរវល់ខ្លាំងមិនអាចទៅបាន ស្របពេលសេវាកម្មនេះហាក់នៅខ្វះខាតទៀតផង លោកក៏ចង់បង្កើតអាជីវកម្មនេះឡើងដើម្បីអាចសម្រួលភាពងាយស្រួលដល់សហគ្រាស ក៏ដូចជា សម្រាប់អ្នកទិញ និង អ្នកលក់ផងដែរ។
អ្នកលក់ គេមិនចាំបាច់ចំណាយពេលច្រើនក្នុងការដឹកជញ្ជូនទំនិញទាំងនោះ ទៅឲ្យអតិថិជនរបស់គេផ្ទាល់ទេ គឺពួកគាត់អាចប្រើប្រាស់សេវាកម្មនេះបាន។ ដូច្នេះហើយ ដារ៉ាវីន និង អ្នករួមការងារម្នាក់ទៀតចូលហ៊ុនគ្នាបង្កើតវាឡើងដោយដាក់ឈ្មោះថា "ជូនអ្នក (Joonaak) " ដែលស្ថិតនៅតាមបណ្ដោយផ្លូវលេខ២៧១ ក្បែរស្ពានអកាសស្ទឹងមានជ័យ។ បើទោះជា ដារ៉ាវីន ធ្លាប់ទទួលជ័យលាភីលេខ ២ ក្នុងកម្មវិធី Startup Weekend Cambodia powered by Google for Entrepreneur ផ្នែកជំនួញ និង បានសិក្សាពីការធ្វើអាជីវកម្មនៅសាលាយ៉ាងណាក្ដី ក៏ក្រុមគ្រួសារលោកមិនទាន់ចង់ឲ្យ ដារ៉ាវីន បង្កើតអាជីវកម្មក្នុងពេលនោះឡើយ ព្រោះលោកនៅក្មេងខ្ចីពេក។
“ដោយសារពួកគាត់យល់ថា មុខរបរជំនួញត្រូវការភាពវៃឆ្លាតច្រើន ដើម្បីបត់បែនប្រកួតប្រជែងដែលត្រូវសិក្សាពីទីផ្សារ បើមិនដូច្នោះទេអាជីវកម្មនោះនឹងដួលរលំ ទើបពួកគាត់ព្រួយបារម្ភដូច្នេះ។ តែខ្ញុំប្រាប់គាត់ថា គ្រប់ការងារទាំងអស់តែងតែមានឧបសគ្គ សំខាន់យើងមានជំនឿចិត្ត និង គម្រោងច្បាស់លាស់"។
មកទល់ពេលនេះ ក្រុមហ៊ុនដឹកជញ្ជូន "ជូនអ្នក (Joonaak) " ដែលមាន ដារាំ់វីនជានាយកប្រតិបត្តិម៉ាកសញ្ញា បានបើកដំណើរការអស់រយៈពេលជាង ៣ ខែហើយ ចំណាយដើមទុនអស់ ៣០ ០០០ ដុល្លារ ព្រោះត្រូវទិញមធ្យោបាយដឹកជញ្ជូនចំនួន ១០ គ្រឿង ទាំងធំ និង តូច ដែលត្រូវចាយប្រាក់ច្រើន។ «យើងទើបមកថ្មី ម្ល៉ោះហើយត្រូវចំណាយពេលយូរដើម្បីឲ្យគេស្គាល់។ ថ្វីបើនេះជាសេវាកម្មថ្មី ប៉ុន្តែ វាកំពុងទទួលបានការពេញនិយមច្រើនគួរសមដែរ»។ សហស្ថាបនិកក្រុមហ៊ុនខាងលើ បញ្ជាក់ដូច្នេះ។
បើទោះក្រុមហ៊ុននេះ ទើបចេញជារូបរាង តែចំណូលទទួលបានច្រើនមិនចាញ់ក្រុមហ៊ុនឯទៀតៗឡើយ ដែលក្នុងមួយខែរកបានខ្ទង់ពាន់ដុល្លារ។ ក្រុមហ៊ុនលោក ធ្វើការដឹកជញ្ជូនទំនិញ ឬសំបុត្រគ្រប់ប្រភេទ និង អតិថិជនមកពីគ្រប់មជ្ឈដ្ឋាន មិនថា ជាក្រុមហ៊ុន អង្គការ ឬស្ថាប័នណាមួយឡើយ ដរាបណាវាជាទំនិញដែលស្ងួត និង ស្របច្បាប់។ ចំពោះតម្លៃទៀតសោត គឺធ្វើការបែងចែកតាមតំបន់ ដែលមានតម្លៃចាប់ពី ១ ដុល្លារឡើងទៅ ហើយក្រុមហ៊ុននឹងធានាខុសត្រូវរាល់ទំនិញ ដែលខូចខាត និង រាល់ការបាត់បង់ដែលធ្វើឡើងដោយបុគ្គលិករបស់លោក។
ឡុង ដារ៉ាវីនក្នុងថ្ងៃទទួលជ័យលាភីនៅកម្មវិធីStartup Weekend Cambodia powered by Google for Entrepreneur
និស្សិតសិក្សាជំនាញសេដ្ឋកិច្ចនេះថា ទៅថ្ងៃមុខបើមានឱកាសលោកនឹងពង្រីកសេវាកម្មតាមខេត្តទៀត ដោយពេលនេះក្រុមហ៊ុនលោកទើបមានសេវាកម្មធ្វើការដឹកជញ្ជូនទូទាំងរាជធានីភ្នំពេញ ដោយសារក្រុមហ៊ុនលោកមានហាងដែលជាដៃគូប្រមាណជាង ២០ ហើយក៏ធ្លាប់មានការដឹកជញ្ជូនសំបុត្រទៅតាមក្រុមហ៊ុននានាមួយចំនួនផងដែរ។
ចុងក្រោយ លោក ដារ៉ាវីន ក៏បានចែករំលែកនូវបទពិសោធផ្ទាល់ខ្លួនរបស់លោកថា៖ «ផ្លូវជីវិតរបស់មនុស្សម្នាក់ៗវែងឆ្ងាយណាស់ ដូច្នេះកុំឆាប់អស់សង្ឃឹមអី ត្រូវព្យាយាមឡើង គង់មានថ្ងៃមួយនឹងទទួលបានជោគជ័យ»៕
សូមអាន៖ យុវជនម្នាក់ចាប់ជំនាញសិក្សាពីព្រះពុទ្ធសាសនា ទោះរៀនចប់ក៏មិនស្ដាយក្រោយ
អត្ថបទ៖ លឹម សុនា