គូលាម សុពុទ្ធិ៖ "មិនជាប់លេខ១សិស្សពូកែទូទាំងប្រទេសមែន ក៏ខ្ញុំមិនបាក់ទឹកចិត្តដែរ”
- 2015-06-17 16:36:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គូលាម សុពុទ្ធិ៖ "មិនជាប់លេខ១សិស្សពូកែទូទាំងប្រទេសមែន ក៏ខ្ញុំមិនបាក់ទឹកចិត្តដែរ”
ចន្លោះមិនឃើញ
"ទោះមិនជាប់លេខ១សិស្សពូកែទូទាំងប្រទេស ក៏ខ្ញុំមិនបាក់ទឹកចិត្តដែរ”។ ទាំងនេះគឺជារៀបរាប់របស់យុវជន គូលាម សុពុទ្ធិ សិស្សថ្នាក់ទី១២ នៃវិទ្យាល័យក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ មិនទទួលបានចំណាត់ថ្នាក់លេខ១ ផ្នែកគណិតវិទ្យាទូទាំងប្រទេសមែន ប៉ុន្តែយុវជនរូបនេះក៏អាចដណ្ដើមបានចំណាត់ថ្នាក់លេខ៦ដែរ។
មានទីកន្លែងនៅក្រុងព្រះសីហនុ និងជាកូនប្រុសច្បងនៅក្នុងគ្រួសារមួយដែលលោកឪពុក អ្នកម្តាយជាមន្ត្រីបម្រើការងារនៅមន្ទីរដែនដីខេត្តព្រះសីហនុ។ សុពុទ្ធិ គឺជាសិស្សឆ្នើមប្រចាំសាលា តាំងពីអនុវិទ្យាល័យមក។
សុពុទ្ធិ រៀបរាប់ថា ខ្លួនមិនខកចិត្តទៅនឹងលទ្ធផលដែលខ្លួនទទួលបាននេះទេ ព្រោះអ្នកដែលទទួលបានចំណាត់ថ្នាក់លេខ១ គឺសុទ្ធតែមានសមត្ថភាពខ្ពស់ និងបានស្រាវជ្រាវច្រើនជាងខ្លួន។ "ខ្ញុំទើបប្រឹងរៀនខ្លាំងនៅថ្នាក់ទី១២ ព្រោះអត់បានត្រៀមខ្លួនថានឹងចូលរួមប្រលង ចំណែកអ្នកបានលទ្ធផលល្អគេប្រឹងតាំងពីថ្នាក់ទី១០មក។ ដូច្នេះលទ្ធផលចេញមកខុសគ្នា។ ចំពោះខ្ញុំមិនអស់សង្ឃឹមទេ ពីពេលនេះរហូតដល់ប្រលងបាក់ឌុប ខ្ញុំនឹងប្រឹងប្រែងឱ្យបាននិទ្ទេសល្អ”។
ចំពោះ សុពុទ្ធិ អ្នកដែលមានបំណងប្រលងសិស្សពូកែផ្នែកគណិតវិទ្យា គួរប្រឹងធ្វើលំហាត់ឱ្យបានច្រើន មិនថាលំហាត់នោះតូចៗទេ ព្រោះវាជាចំណុចប្រមូលផ្តុំបង្កើតបានជាលំហាត់ធំៗ ពិសេសត្រូវចេះស្រាវជ្រាវរកលំហាត់ល្អៗ តាមប្រព័ន្ធអ៊ីនធឺណិតមកអនុវត្តឱ្យបានច្រើន។
បំណងប្រាថ្នាទៅថ្ងៃអនាគត សុពុទ្ធិ ចង់ចាប់យកមុខជំនាញពេទ្យ ព្រោះមុខជំនាញនេះផ្តល់ផលប្រយោជន៍ច្រើនដល់សេដ្ឋកិច្ចគ្រួសារ។ ម្យ៉ាងទោះស្ថានភាពប្រទេសជាតិធ្លាក់ដល់កម្រិតណាក៏នៅត្រូវការមុខជំនាញនេះដែរ៕
ចុចអាន៖ សៀក ងួន ជិះកង់ទៅរៀនបែកញើសដូចទឹក ឥលូវកំពុងរៀនថ្នាក់អនុបណ្ឌិតក្រៅប្រទេស
អត្ថបទ៖មៃ សុខលីម