សៀក ងួន ជិះកង់ទៅរៀនបែកញើសដូចទឹក ឥលូវកំពុងរៀនថ្នាក់អនុបណ្ឌិតក្រៅប្រទេស
- 2015-06-16 19:10:09
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សៀក ងួន ជិះកង់ទៅរៀនបែកញើសដូចទឹក ឥលូវកំពុងរៀនថ្នាក់អនុបណ្ឌិតក្រៅប្រទេស
ចន្លោះមិនឃើញ
កើតក្នុងគ្រួសារមានម្ដាយជាស្ត្រីមេម៉ាយ និងមានប្រវត្តិធ្លាប់ជិះកង់ទៅរៀនទាំងបែកញើសដូចទឹក តាំងពីឆ្នាំទី១ រហូតដល់ឆ្នាំទី៤ យុវជន សៀក ងួន បានជម្នះគ្រប់ឧបសគ្គទាំងអស់ រហូតអាចដណ្ដើមបានអាហារូបករណ៍ផ្នែក «គ្រប់គ្រងអប់រំ» ក្នុងទីក្រុងបាងកកប្រទេសថៃ។ នេះជាជោគជ័យមួយដែលយុវជនរូបនេះ អាចសម្រេចបានស្ទើរស្មានមិនដល់។
«មកភ្នំពេញ អ្វីដែលជូរចត់សម្រាប់ខ្ញុំ គឺជិះកង់ទៅរៀនរហូតដល់ឆ្នាំទី៤។ ពេលខ្លះទៅយឺត…បែកញើសជោគ…ប៉ះពាល់អារម្មណ៍រៀន...ហើយពេលខ្លះខ្ញុំចង់ឈប់រៀន»
ទោះបីជាជិះកង់មែនពិត ប៉ុន្តែ ងួន រៀនជំនាញជាពិសេសអង់គ្លេស មិនដែលចាញ់គេឡើយ។ ដំបូងលោកត្រូវបង់ថ្លៃសិក្សា២៥០ដុល្លារពេញក្នុងមួយឆ្នាំ ក្នុងសាកលវិទ្យាល័យឯកជនមួយ តែឆ្នាំក្រោយៗបង់តែពាក់កណ្ដាលប៉ុណ្ណោះ (ទទួលបានអាហារូបករណ៍៥០% ) ព្រោះលោកជាប់លេខ១ស្ទើររាល់ឆមាស លើកលែងឆមាសចុងក្រោយបានលេខ៣។
ដើមទន់ភាសាអង់គ្លេសមកពីខេត្តល្អ និងរៀនបន្តនៅសាកលវិទ្យាល័យ សៀក ងួន អាចនិយាយ សរសេរ និងធ្វើបទបង្ហាញផ្សេងៗ ប្រកបដោយដំណើរការរលូន ហើយតែងទទួលការកោតសរសើរពីលោកគ្រូអ្នកគ្រូ និងមិត្តភ័ក្ដ្តិ។ មិនតែប៉ុណ្ណោះបូកទាំងចំណេះអង់គ្លេស និងជំនាញផ្នែកហិរញ្ញវត្ថុ និងធនាគារនៅសាកលវិទ្យាល័យមេគង្គកម្ពុជាផងនោះ លោកបានជាប់ការងារប្រាក់ខែខ្ពស់ៗ ក្នុងក្រុមហ៊ុនឯកជនមួយចំនួន ក្នុងទីក្រុងភ្នំពេញ។
ការតស៊ូជិះកង់ ការព្យាយាមរៀនអង់គ្លេស និងមុខជំនាញផ្សេងៗ ធ្វើឱ្យលោកមានឱកាសរៀននៅក្រៅស្រុក។ នេះជាការបញ្ជាក់របស់ ងួន។ ជាផ្លែផ្កាក្រោយបញ្ចប់ថ្នាក់បរិញ្ញាបត្រ ផ្នែកអក្សរសាស្ត្រអង់គ្លេសនៅឆ្នាំ ២០១២ បុរសមានប្រភពមកពីខេត្តបាត់ដំបងរូបនេះ បានប្រលងជាប់អាហារូបករណ៍ថ្នាក់អនុបណ្ឌិត នៅសាកលវិទ្យាល័យ ជុឡាឡុងកន មហាវិទ្យាល័យអប់រំ ជំនាញគ្រប់គ្រងអប់រំ ជាគម្រោងព្រះរាជឧបត្ថម្ភ របស់ព្រះអង្គម្ចាស់ក្សត្រីមហាចក្រីសិរិនថន ព្រះរាជាណាចក្រថៃ ឆ្នាំសិក្សា ២០១២ - ២០១៣។
ងួនបង្ហាញចំណាប់អារម្មណ៍ថា លោកសប្បាយចិត្តក្រោយទទួលដំណឹងថាជាប់ ចំណែកខាងក្រុមគ្រួសារក៏ត្រកអរខ្លាំងណាស់ដែរ។ ងួនបានឱ្យដឹងទៀតថា ជំនាញ «គ្រប់គ្រងអប់រំ» ដែលខ្លួនកំពុងរៀន ជាមុខវិជ្ជាដ៏ល្អមួយស្ដីពីការគ្រប់គ្រងប្រព័ន្ធអប់រំ ធ្វើផែនការអប់រំជាដើម ដែលភាគច្រើនជាអាជីពជំនាញរបស់ នាយកសាលា នាយករងសាលា ឬអ្នកគ្រប់គ្រងផ្នែកផ្សេងៗទាក់ទងនឹងវិស័យអប់រំ ហើយបើចេះជំនាញនេះ និស្សិតអាចយកទៅអភិវឌ្ឍប្រទេសជាតិបាន។
នៅពេលសួរថា យល់យ៉ាងម៉េចដែរចំពោះមុខវិទ្យានេះ សៀក ងួន ប្រាប់ថាមិនស្រួលទេ តែមិនចុះចាញ់ ៖ «ពិបាក! ខ្ញុំត្រូវតែខំប្រឹងអាន ស្រាវជ្រាវ និងស្វែងយល់ឱ្យបានច្រើន ពាក់ព័ន្ធនឹងវិស័យអប់រំ ជាពិសេសពិបាកស្វែងយល់ពីប្រព័ន្ធអប់រំនៃប្រទេសថៃ...យើងរៀនទីណាត្រូវស្វែងយល់ពីបរិបទទីនោះ។ មួយវិញទៀតភាសាថៃខ្ញុំ នៅមានកម្រិត ដូច្នេះខ្ញុំតែងធ្វើឱ្យខ្លួនឯងរវល់ ហើយជារឿយៗខ្ញុំត្រូវមើលអង់គ្លេស ប្រៀបធៀបថៃ ដើម្បីឱ្យយល់ថាគេចង់និយាយពីអ្វី»។
ចំពោះដំណឹងអាហារូបករណ៍ បុរសរូបនេះបញ្ជាក់យ៉ាងដូច្នេះថា លោកដឹងតាមរយៈនាយកដ្ឋានទំនាក់ទំនងវប្បធម៌ និងអាហារូបករណ៍។ ចំណែកការប្រឡងចែកចេញជា២ដំណាក់កាល គឺវិញ្ញាសាសរសេរ (ភាសាអង់គ្លេស៧០សំណួរ ភាសាថៃ២០សំណួរ) ហើយការសម្ភាសជាដំណាក់កាលចុងក្រោយ។
មុនជាប់អាហារូបករណ៍នៅថៃ យុវជនរូបនេះមានជីវិតបែបណា?
សៀក ងួន មានទុក្ខជាប់ខ្លួនរហូត ព្រោះតែលោកឪពុកមានគុណ បានលាចាកលោកតាំងពីខ្លួននៅអាយុ១៤ឆ្នាំ។ ងួន ប្រាប់ទាំងអួលដើមកថា៖ «ក្នុងជីវិតរបស់ខ្ញុំ អ្វីពិបាកជាងគេ គឺរឿងជីវភាពគ្រួសារ ក្រោយប៉ាចែកឋាន ព្រោះអ្វីៗម៉ាក់ជាអ្នករ៉ាប់រង»
ថ្វីត្បិតបាត់បង់មនុស្សជាទីស្រលាញ់ តែគ្រួសារ និងខ្លួនងួនផ្ទាល់មិនបោះបង់ការសិក្សាទេ។ យុវសិស្សប្រឹងរៀនរហូតចប់វិទ្យាល័យអៀបឃុត និងមកបន្តថ្នាក់ឧត្ដមសិក្សានៅភ្នំពេញ។ ឆ្នាំ២០០៦ បុរសវ័យ២៥ឆ្នាំរូបនេះ រៀននៅសាកលវិទ្យាល័យមេគង្គកម្ពុជា ផ្នែកហិរញ្ញវត្ថុ និងធនាគារ ដោយបានអាហារូបករណ៍ ៦០% រយៈពេលបួនឆ្នាំ។
រៀនបានមួយឆ្នាំ សៀក ងួន បានចាប់មុខជំនាញអក្សរសាស្ត្រអង់គ្លេសនៅអាស៊ីអឺរ៉ុបនៅឆ្នាំ២០០៩ ដោយត្រូវបង់២៥០ដុល្លារពេញ នៅឆ្នាំមូលដ្ឋាន ប៉ុន្តែដោយលោករៀន បានចំណាត់ថ្នាក់លេខ១ ស្ទើរគ្រប់ឆមាស នៅឆ្នាំបន្តៗ លោកបានអាហារូបករណ៍៥០%។ ម្ដាយជាជាងកាត់ដេរ និងលក់ដូរបន្តិចបន្តួច ជីវិតក្នុងការសិក្សារបស់បុរសសម្បុរស ខ្ពស់ស្រលះរូបនេះ មិនខុសពីនិស្សិតដទៃមកពីជនបទឡើយ គឺស្គាល់រសជាតិ ជិះកង់ទៅរៀន និងបែកញើសដូចទឹក។
ដោយឆ្នាំទី៤ ត្រូវធ្វើសារណានៅឆ្ងាយ ទើបលោកហ៊ានដាច់ចិត្ត សុំគ្រួសារទិញម៉ូតូជិះ។ បញ្ហាមួយទៀត គឺខាងគ្រួសារចង់ឱ្យធ្វើការបណ្ដើររៀនបណ្ដើរ ដើម្បីបានប្រាក់កាក់ខ្លះ សម្រួលថ្ងៃសិក្សា ជាហេតុធ្វើឱ្យងួនចង់ឈប់រៀន។ «ខ្ញុំរៀនពីរសាកលវិទ្យាល័យ ខ្ញុំចង់ផ្ដោតលើការសិក្សាឲ្យមានលទ្ធផលល្អ ដូច្នេះខ្ញុំរងសម្ពោធ ប៉ះពាល់អារម្មណ៍ រហូតខ្ញុំចង់ឈប់រៀន តែខ្ញុំបានគិតវែងឆ្ងាយ និងចង់ធ្វើឲ្យគ្រួសារខ្ញុំ ឃើញពីភាពរីកចម្រើនរបស់ខ្ញុំ ទើបស៊ូរៀនបន្ត តែខ្ញុំអត់ធ្វើការតាមគាត់ទេ លុះដល់រៀននៅអាស៊ីអឺរ៉ុប ទើបធ្វើការបណ្ដើររៀនបណ្ដើរ»
ក្រោយបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យ ជុឡាឡុងកនប្រទេសថៃ បុរសកូនទីបី(ក្នុងចំណោមបងប្អូនបួននាក់) រូបនេះ លើកឡើងថា៖«ខ្ញុំចង់ពង្រឹងជំនាញស្រាវជ្រាវ ក្នុងផ្នែកដែលខ្លួនរៀនបន្ថែមទៀត និងប្រលងចូលក្រសួងអប់រំ យុវជននិងកីឡា ព្រោះខ្ញុំគិតថាការស្រាវជ្រាវក្នុងប្រទេសកម្ពុជា នៅមានកម្រិតនៅឡើយ ហើយការស្រាវជ្រាវ ជាកត្តាសំខាន់ក្នុងការចូលរួមចំណែកអភិវឌ្ឍប្រទេសជាតិ»។
អាហារូបករណ៍នេះមានរាល់ឆ្នាំ ចាប់ផ្ដើមពីខែវិច្ឆិកាទៅ ហើយព័ត៌មាននិងពាក្យសុំប្រឡង មាននៅការិយាល័យអាហារូបករណ៍ និងកម្មសិក្សា នៃនាយកដ្ឋានទំនាក់ទំនងវប្បធម៌ និងអាហារូបករណ៍ មានអាសយដ្ឋាន អគារលេខ២៣ ផ្លូវ៣៦០ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន (ខាងកើតស្ថានីយ៍ទូរទស្សន៍អប្សរាប្រហែល៥០ម៉ែត្រ)៕
ប្រិយមិត្តយល់យ៉ាងម៉េចដែរ ចំពោះការតស៊ូរបស់ សៀក ងួន?
អត្ថបទ៖ អ៊ុំ សុភក្តិ