ព្រះវិហារព្រះកែវមរកត កន្លែងទេសចរណ៍​ដ៏​ទាក់ទាញ​មួយ​នៅ​ភ្នំពេញ

  • 2015-06-21 15:08:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​ចំណោម​កន្លែង​ទេសចរណ៍​ជា​ច្រើនក្នុង​ប្រទេស​កម្ពុជា ព្រះវិហារព្រះកែវមរកត ឬ​​ភ្ញៀវ​ជាតិ​អន្តរជាតិ​​ស្គាល់​ថា ​វត្ត​ប្រាក់​​នោះ ជា​តំបន់​ទេសចរ​​ដ៏​ទាក់​ទាញ​មួយ​នៅ​ភ្នំពេញ។ តើព្រះវិហារ​មាន​ចំណុច​ទាក់ទាញ​អ្វីខ្លះ? ​​​

 

 

ទី១៖ ព្រះវិហារ​ព្រះកែវមរកត កសាង​ឡើង​​ពី​ឈើ ដោយ​ព្រះបាទនរោត្ដមក្នុងឆ្នាំ១៨៩២ រួច​សាង​សង់​ជា​ថ្មី​ពី​ថ្ម​ឡើង​វិញ ដោយ​ព្រះបាទ​នរោត្តម​សីហនុក្នុង​ឆ្នាំ ១៩៦២។ ព្រះ​វិហារ​នេះមាន​ដំ​កល់​ព្រះពុទ្ឋបដិមា១អង្គ ធ្វើ​អំពី​ត្បូង​កែវ​ដ៏​មាន​តម្លៃ ដែល​មាន​ពណ៌​ដូច​មរកត។ ជា​ការ​​ពិត! រូប​ព្រះ​កែវ​មរកត​ពិត ត្រូវ​បាន​សៀម​ប្រមូល​យក​ទៅ​ជាមួយ​នឹង​រូប​ព្រះ​គោ អំឡុង​ពេល​វាយលុក​បាន​ក្រុង​អង្គរ​ក្នុង​ឆ្នាំ ១៤២០។ លើស​ពី​នេះក្នុង​ព្រះវិហារ​នៅ​មាន​វត្ថុ​ និងព្រះពុទ្ឋបដិ មាន​តម្លៃ​ជា​ច្រើន​ទៀត។

 

ទី២៖ បាត​ក្រោម​នៃ​ព្រះវិហារ មាន​ក្រាល​ការ៉ូ​អំពី​ប្រាក់​សុទ្ធ ដែល​មាន​ទំងន់១,១២៥គីឡូក្រាម ក្នុង​មួយ​សន្លឹក ហើយ​​មាន​​ចំនួន​សរុប ៥,៣២៩សន្លឹក​ការ៉ូ​ប្រាក់ ដូច្នេះ​ហើយ​​បរទេស​និយម​ហៅ​ថាវត្ត​ប្រាក់។

ទី៣៖ រូប​គំនូរ​លើ​ជញ្ជាំង​ថែវ​នៃព្រះវិហារ ​មាន​រូប​គំនូរ​បុរាណ ដែល​និទាន​ពី​រឿង​រាមកេរ្តិ៍ ពី​ដើម​ដល់​ចប់។ គំនូរ​នេះ​ត្រូវ​បាន​គូរ​ឡើង​នៅ​ក្នុង​ឆ្នាំ​១៩០៣-១៩០៤ ក្រោម​ការ​ដឹក​នាំ​របស់ ឧកញ៉ា ទេពនិមិត្ត ឆ្លាក់​រួម​ជាមួយ​វិចិត្រករ​ខ្មែរ​ចំនួន៤០នាក់។ គំនូរ​នេះ​ចាប់​ផ្ដើម​រឿង​ពី​ថែវ​ខាង​កើត ផ្នែកខាងត្បូង ទៅព័ទ្ធមួយ​ជុំ​ថែវ​ទាំងមូល ដែល​មាន​ប្រវែង៦៤២ម៉ែត្រ និងកំពស់៣ម៉ែត្រ។ អត្ថបទ​លំអិត​សូម​​ចុច​ត្រង់​នេះ!

 

 

ប្រវត្តិ​វត្ត​ព្រះកែវមរកត វត្ត​ព្រះកែវមរកត ត្រូវ​បាន​កសាង​ឡើង​តាំងពីឆ្នាំ១៨៩២ ដល់ឆ្នាំ១៩០២ តាម​លំនាំ​ស្ថាបត្យកម្ម​ខ្មែរ ហើយ​ត្រូវ​​រុះរើ​សាងសង់​ជា​ថ្មី​ឡើងវិញ នៅ​ក្នុង​ឆ្នាំ​១៩៦២។ វត្ត​នេះ​ពី​ដើម​មាន​ឈ្មោះ​ហៅថា វត្ត​ឧបោសថរតនារាម ដោយ​មក​ពី​ព្រះមហាក្សត្រ​ទ្រង់​យក​ទី​កន្លែង​នេះ កាន់​ឧបោសថសីល​ជា​រៀង​រាល់​ថ្ងៃ។ ក្រៅ​ពី​នេះ​ក៏​មាន​ព្រះ​វត្តមាន​ព្រះរាជ វង្សានុវង្ស និង នា​ម៉ឺន​សព្វ​មុខ​មន្ត្រី​ក៏​បាន​ប្រារព្ធ​ពិធីបុណ្យ​​ផ្សេងៗ​​តាម​ទំនៀមទម្លាប់​ព្រះពុទ្ធសាសនា​​នៅ​ទីនេះ​ដែរ។

 

នៅ​វត្ត​នេះ​ពុំ​មាន​ព្រះសង្ឃ​គង់​នៅ​ទេ គឺ​មាន​តែ​ព្រះ​បាទ​សម្ដេច​ព្រះនរោត្ដម សីហនុ មួយ​អង្គ​ប៉ុណ្ណោះ គង់​នៅ​​ក្នុង​ពេល​ព្រះអង្គ​សាង​ព្រះផ្នួស រយៈពេល​មួយ​ព្រះវស្សា (ថ្ងៃទី១៤កើត ខែ​ទុតិយសាធ ឆ្នាំកុរ នព្វស័ក ព.ស២៤៩០ ត្រូវ​នឹង​ថ្ងៃទី​៣១ ខែ​កក្កដា ឆ្នាំ១៩៤៧)។ នៅ​ពេល​ណា​ដែល​ព្រះ​រាជា​ទ្រង់​ប្រារព្ធ​ព្រះ​រាជពិធី​តាម​ព្រះពុទ្ធសាសនា គឺ​ត្រូវ​និមន្ត​ព្រះសង្ឃ​គង់​ពី​វត្ត​ដទៃ​ទៀត​ក្នុង​រាជធានីភ្នំពេញ ដូចជា​នៅ​វត្តឧណ្ណាលោម និងវត្តបទុមវត្តីជាដើម។

 

វត្ត​នេះ​ស្ថិត​នៅ​ភាគ​ខាងត្បូង​នៃ​បរិវេណ​ព្រះបរមរាជវាំង ដែល​ហ៊ុំ​ព័ទ្ធ​ទៅ​ដោយ​ថែវ​រាង​ខ្ពស់​ស្រឡះ។ នៅ​តាម​បណ្ដោយ​ថែវ គេ​ធ្លាប់​បាន​ប្រើប្រាស់​ជា​ថ្នាក់​រៀន​ភាសា​បាលី សម្រាប់​ព្រះសង្ឃ​ដែល​គង់​នៅ​តាម​វត្ត​ក្នុងរាជធានីភ្នំពេញ និង​តាម​បណ្តា​ខេត្ត​មួយ​ចំនួន មុន​ពេល​បង្កើត​សាលា​បាលី​នៅ​ភ្នំពេញ នាថ្ងៃទី១៦ខែធ្នូឆ្នាំ១៩៣០៕

 

 

ចុចអាន៖ តំបន់ទេសចរណ៍៥កន្លែងទាក់ទាញបំផុតនៅកំពង់ចាម

ចុចអាន៖ រូង​​ព្រះ​ច័ន្ទ​ ភ្នំ​កំពង់ត្រាច ​ទីឋានដ៏ស្រស់​ស្អាត​

 

អត្ថបទ៖ អ៊ុំ សុភក្តិ ប្រភព និង រូបថត៖ wikipedia