ស៊ុន សាមឌី​​៖ "ទោះ​​​ពិបាក​ទ្រាំ​ ខ្ញុំ​នឹង​​ប្រឹង​ដើម្បី​​ខ្លួន​ឯង​”​​

  • 2015-06-29 23:02:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ខុស​ប្លែក​ពី​យុវជន​ដទៃ​ ដែល​​​ទទួល​បាន​ការ​ឧបត្ថម្ភ​​គាំទ្រ​ស្ទើរ​​​សព្វ​បែប​យ៉ាង ដើម្បី​ការ​​សិក្សា​យុវជន​​ ស៊ុន សាមឌី​ ​កំពុង​ប្រឈម​ការ​​ខ្វះ​ខាត​​ទាំង​សម្ភារៈ​សិក្សា​ ការ​​​ហូប​ចុក​ និង​ការ​ស្នាក់​នៅ​។  ​បច្ចុប្បន្ន​យុវជន​​​រូប​នេះ​បាន​​​ការ​សន្ដោស​​ពី​​ថ្នាក់​ដឹក​នាំ​សាលា​ឱ្យ​ស្នាក់​នៅ​​បន្ទប់​តូច​មួយ​នៃ​វិទ្យាល័យ​​ក្រុង​ព្រះសីហនុ​​​​ ក្នុង​ទី​រួម​ខេត្ត​ព្រះ​សីហនុ​។  ​

 

​មែន​ទែន​ទៅ​ សាមឌី​ មាន​ទីកន្លែង​កំណើត ​នៅ​​​ភូមិ​ស្រម៉រ​ ​ឃុំ​ទឹក​ជ្រៅ​​ ស្រុក​តំបែរ​ខេត្ត​​​​​ត្បូង​ឃ្មុំ​ឯណោះ​ទេ​ តែ​​​ត្រូវ​​ឪពុក ​ម្ដាយ​​ប្តូរ​ឱ្យ​​មក​​រស់​នៅ​​​​​​​ជាមួយ​ម្តាយ​មីង​​ និង​រៀន​សូត្រ​​​​ក្នុង​ទី​រួម​ខេត្ត​​ព្រះ​សីហនុពីរ​នាក់​​​ប្អូន​ស្រី​​បង្កើត​។ សាមឌី​ និង​ប្អូន​ស្រី​​​​ដំបូង​​ បាន​​​​ចូល​​រៀន​នៅ​សាលា​ឯកជន​មួយ​​​ក្នុង​ខេត្ត​ព្រះសីហនុ​ ប៉ុន្តែ​​​ដោយ​សារ​ស្ថាន​ភាព​គ្រួសារ​​​ធ្លាក់​ចុះ​​​​​ មិន​​មាន​លទ្ធភាព​បង់​ថ្លៃ​សិក្សានៅសាលា​ឯកជន​​​​ក៏​ប្តូរ​មក​រៀន​សាលា​រដ្ឋ​វិញ​។​​

 

 

សិស្ស​ថ្នាក់​ទី​​១១​ នៃ​វិទ្យាល័យ​​ក្រុង​​ព្រះ​សីហនុ​បាន​រៀប​រាប់​ថា​​ ​ខ្លួន​បាន​​សុំ​ម្ដាយ​មីង​រស់​នៅ​ខាង​ក្រៅ​ និង​ស្វែង​រក​ការងារ​ធ្វើ​ដោយ​ខ្លួន​ឯង​​​ ដើម្បី​​​ផ្គត់ផ្គង់​ដល់​​​​ការហូប​ចុក​ និង​ការ​​​សិក្សា​ ​ខណៈ​​ជីវភាព​ម្តាយ​​មីង​ក៏​មាន​​ភាព​យ៉ាប់យ៉ឺន​ដែរ​​​។ "ការងារ​ខ្ញុំ​ជា​​សន្តិសុខ​ចាប់​ពី​ម៉ោង​ ៦ ល្ងាច​ដល់​ម៉ោង ៦​ព្រឹក​​ បាន​ជិត​​១​ឆ្នាំ​​ដែរ​​ក៏​លា​ឈប់​​​​ ព្រោះ​ខួរ​ក្បាល​ស្ពឹក​ពេក​​រៀន​​អត់​កើត ​ឡាន​ចេញ​​ចូល​ម៉ា​យប់​ទល់​ភ្លឺ​អត់​​បាន​​សម្រាក​សោះ​​​​​​​”​​​​។

 

ក្រោយ​​លា​ឈប់​​ពី​ការងារ​ សាមឌី​ កំពុង​ប្រឈម​នឹង​បញ្ហា​ធំ​ៗ ចំនួន​បី​ ក្នុង​នោះ​ ការ​ហូប​ចុក​ សម្ភារៈ សិក្សា និង​សំលៀក​បំពាក់​។ "រាល់​ថ្ងៃ​ ខ្ញុំរក​បាន​​​​ព្រឹក​ខ្វះ​ល្ងាច​ បាន​​ល្ងាច​ខ្វះ​ព្រឹក​ ចំពោះ​ខោអាវ​វិញ​មាន​តែ​បួន​កំប្លេ​​​​​ប៉ុណ្ណោះ​”។

 

ទោះ​ប្រឈម​ភាព​ខ្វះ​ខាត​ក៏​ពិត​មែន​​ តែ​ការ​​សិក្សា​របស់​​ សាមឌី​ ​​​ទទួល​បាន​​លទ្ធផល​ល្អ​បង្គួរ​ ហើយ​ទៅ​ថ្ងៃ​អនាគត​យុវជន​រូប​នេះ​មាន​បំណង​ចាប់​យក​​អាជីព​ជា​គ្រូ​ពេទ្យ​ បើ​សិន​ជា​ប្រលង​ជាប់​សញ្ញាបត្រមធ្យម​សិក្សា​ទុតិយភូមិ​(បាក់ឌុប)។ សាមឌី ​កំពុង​ប្រឹង​រៀន​​គួរ​បន្ថែម​​ ក្នុង​នោះ​មាន​មុខ​វិជ្ជា​ គណិត​ គីមី និង​ភាសា​ចិន​ ហើយ​​​ការ​សិក្សា​នេះ​លោក​គ្រូ​-អ្នក​គ្រូ​មិន​តម្រូវ​ឱ្យ​បង់​ថ្លៃ​សិក្សា​នោះ​ឡើយ​។ "បច្ចុប្បន្ន​ ខ្ញុំ​អត់​ដឹង​​ថា​អនាគត​នឹង​ទៅ​ជា​យ៉ាង​ណា​នោះ​ទេ​ ព្រោះ​រាល់​ថ្ងៃ​លំបាក​យ៉ាង​ហ្នឹង​ ​ខ្ញុំ​នឹង​​ប្រឹង​ដើម្បី​​ខ្លួន​ឯង​ ​ខ្ញុំ​ស្រលាញ់​អាជីព​ជា​​គ្រូ​ពេទ្យ​។ ដូច្នេះ​​ហើយ​ទើប​ខ្ញុំ​ប្រឹង​រៀន​ គណិត​ និង​គីមី​ ហើយ​សល់​ម៉ោង​ខ្ញុំ​រៀន​ភាសា​ចិន​​។ដូច្នេះ​បើ​មុជ​មិន​ជ្រៅ​ទៅ​មិន​ឆ្ងាយ​ទេ​ គ្រាន់​បាន​​ភាសា​ចិន​រក​ការងារ​ធ្វើ​ថ្ងៃ​ក្រោយ​ដែរ​”៕​

 

 

ចុច​អាន៖ គូលាម សុពុទ្ធិ​៖​ “មិន​ជាប់​លេខ​១​​​សិស្ស​​​ពូកែ​​ទូទាំង​ប្រទេស​​មែន​ ក៏ខ្ញុំ​មិន​​បាក់​ទឹក​ចិត្ត​ដែរ”​

អត្ថបទ៖មៃ សុខលីម

អត្ថបទថ្មី