ខ្សែ​ជីវិត​ពិត​ក្មេង​ប្រុស​ដ៏​កម្សត់ ខំប្រឹង​សិក្សា​ក្រោម​ពន្លឺ​ភ្លើង​ហាង

  • 2015-07-12 16:47:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រូប​ថត​ប្រកប​ទៅ​ដោយ​អត្ថន័យ​ដ៏​ជ្រាលជ្រៅ​មួយ​សន្លឹក បាន​ធ្វើ​ឲ្យ​រំជួល​ចិត្ត​មនុស្ស​រាប់​លាន​នាក់​នៅ​លើ​ពិភពលោក​ត្រឹម​ពេល​យ៉ាង​​ខ្លី។ មិន​មែន​ជា​រូប​ដ៏​ស្រស់​បំព្រង ក៏​មិន​មែន​ជា​រូប​លក្ខណៈ​អាជីព​អ្វី​ដែរ ប៉ុន្តែ​ជា​រូបថត​ក្មេង​ប្រុស​ក្រីក្រ​ម្នាក់ ខំប្រឹង​ជម្នះ​វាសនា​លុត​ជង្គង់​ធ្វើ​កិច្ចការ​សាលា​ក្រោម​ពន្លឺ​ភ្លើង​ព្រាលៗ​នៃ​ហាង​អាហារ​មួយ។ គ្រាន់​តែ​ឃើញ​ទិដ្ឋភាព​នេះ​ក៏​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​បាក់​ចិត្ត​អាណិត​ទៅ​ហើយ ចុះ​ទម្រាំ​ខ្សែ​ជីវិត​ពិត​របស់​គេ តើ​កម្សត់​ប៉ុណ្ណា​ទៅ?

 

 

ក្មេង​ប្រុស​ដ៏​កម្សត់​រូប​នេះ​មាន​ឈ្មោះ​ពិត Daniel Cabrera អាយុ ៩​ឆ្នាំ និង​កំពុង​រស់នៅ​ក្នុង​រដ្ឋធានី​ម៉ានីល​ជាមួយ​ម្ដាយ។ មនុស្ស​ជា​ច្រើន​នៅ​លើ​ពិភពលោក​បាន​ស្គាល់​រូប​គេ បន្ទាប់​ពី​និស្សិត​ផ្នែក​វេជ្ជសាស្ត្រ​ម្នាក់​ឈ្មោះ Joyce Torrefrancaបង្ហោះ​រូប​​បង្ហាញ​ពី​សកម្មភាព​លុត​ជង្គង់​ធ្វើ​កិច្ចការ​សាលា ក្រោម​ពន្លឺ​ភ្លើង​ព្រាលៗ​នៃ​ហាង​អាហារ McDonald ចូល​ក្នុង​បណ្ដាញ​សង្គម។ ក្រោយ​មក សារព័ត៌មាន​ជា​ច្រើន បាន​យក​ទៅ​ចុះ​ផ្សាយ​ព្រោង​ព្រាត ឆក់​យក​បេះ​ដូង​មនុស្ស​រាប់​លាន​នាក់​ទូទាំង​ពិភពលោក។

 

បើ​តាម​ប្រភព​ព័ត៌មាន​បាន​ឲ្យ​ដឹង​ថា Daniel ពុំ​មាន​ផ្ទះ​នៅ​ទេ ហើយ​រាល់​ថ្ងៃ​រូប​គេ​កំពុង​ស្នាក់​អាស្រ័យ​​ជាមួយ​ម្ដាយ​មេម៉ាយ​ក្នុង​ខ្ទម​តូច​មួយ​ក្រោយ​ហាង​អាហារ​ដែល​គាត់​កំពុង​ធ្វើការ។ ចំណែក​ផ្ទះ​ដែល​ធ្លាប់​រស់នៅ​ពី​មុន​មក ត្រូវ​អគ្គីភ័យ​លេប​ត្របាក់​រាប​ដល់​ដី​កាល​ពី​ប្រាំ​ឆ្នាំ​មុន។

 

 

​នៅ​ក្នុង​ខ្ទម​តូច​នោះ Daniel និង​បង​ប្អូន​ស្រី​​ផ្សេង​​ទៀត ត្រូវ​គេង​លើ​កៅអី​ឈើ។ អ្វី​ដែល​រឹត​តែ​សង្វេគ គឺ​ខ្ទម​នោះ​គ្មាន​ជញ្ជាំង​ពេញ​លេញ គ្មាន​អគ្គិសនី​ប្រើប្រាស់ ខណៈ​រដូវ​រងា​ចូល​មក​ដល់​ត្រជាក់​ស្ទើរ​​ទ្រាំ​ពុំ​បាន។ ​ម្ដាយ​របស់ Daniel អ្នក​ស្រី Christina Espinoza បាន​ប្រឹង​ធ្វើការ​ដោយ​មិន​គិត​ពី​ក្ដី​នឿយ​ហត់ ដើម្បី​ចិញ្ចឹម​កូន​ទាំង​​​បី​នាក់​ក្នុង​បន្ទុក។

 

ស្ត្រី​មេម៉ាយ​រូប​នេះ ចាប់​ផ្ដើម​ក្លាយ​ជា​អ្នក​ចិញ្ចឹម Daniel តែ​ម្នាក់​ឯង បន្ទាប់​ពី​ប្ដី​ស្លាប់​ដោយសារ​ជំងឺ​ជំងឺ​រាគ​ធ្ងន់ធ្ងរ​ក្នុង​ពន្ធនាគារ​កាល​ពី​បី​ឆ្នាំ​មុន។ ទោះ​យ៉ាង​ណា អ្នក​ស្រី​មិន​បាន​បញ្ជាក់​ថា ប្ដី​ជាប់​ពន្ធនាគារ​ដោយ​សារ​បទ​ល្មើស​អ្វី​នោះ​ទេ។ ក្រៅ​ពី​ធ្វើការ​ឲ្យ​ហាង​អាហារ អ្នក​ម្ដាយ​រូប​នេះ តែង​ស្វែងរក​ការងារ​បន្ថែម​ដើម្បី​ទប់​ទល់​ការ​ចំណាយ​ប្រចាំ​ថ្ងៃ។

 

អ្នក​ស្រី Christina រក​កម្រៃ​បាន​តិច​តួច​បន្ថែម​ពី​ការ​លក់​បារី និង​ស្ករ​គ្រាប់ ហើយ​ឆ្លៀត​ពេល​បោក​សំលៀកបំពាក់​ឲ្យ​គេ​ទៀត។ ទោះ​យ៉ាង​ណា​កូន​អ្នក​ស្រី​មិន​បាន​បោះ​បង់​ចោល​ការ​សិក្សា​ទេ ហើយ​កូន​ប្រុស Daniel ត្រូវ​ដើរ​ចម្ងាយ​មួយ​គីឡូម៉ែត្រ​រៀងរាល់​ព្រឹក ដើម្បី​ចូល​រៀន​នៅ​ម៉ោង​៨។

 

អ្វី​ដែល​កាន់​តែ​ពិបាក គឺ Daniel ត្រូវ​ប្រុង​ប្រយ័ត្ន​ជាប់​ជានិច្ច​ចំពោះ​របស់​ប្រើប្រាស់ ព្រោះ​មាន​ខ្មៅ​ដៃ​តែ​ពីរ​សម្រាប់​រៀន ហើយ​មួយ​ក្នុង​ចំណោម​នោះ​មាន​គេ​លួច​បាត់។ ចំណែក​នៅ​ផ្ទះ Daniel គ្មាន​អគ្គិសនី​សម្រាប់​រៀន​ដូច​សិស្ស​ដទៃ​ឡើយ ដូច​នេះ​ហើយ​ទើប​រូបគេ​ជ្រើស​រើស​ពន្លឺ​ដ៏​ស្រទន់​នៃ​ហាង​អាហារ McDonald ជា​យាន​ចម្លង​អនាគត។ នៅ​ពេល​មិត្តភ័ក្ដិ​ថ្នាក់​ទី​៣​ផ្សេង​ទៀត​កំពុង​លេង​បាល់​នា​ពេល​ល្ងាច Daniel តែង​យក​ពេល​នេះ​ទៅ​ធ្វើ​កិច្ចការ​សាលា​ក្រោម​ពន្លឺ​ដែល​ជះ​ចេញ​មក​ពី​ហាង​អាហារ។

 

 

ម្ដាយ​របស់ Daniel បាន​ប្រាប់​អ្នក​យក​ព័ត៌មាន​ដោយ​មោទនភាព​ថា "គេ(Daniel) ជា​ក្មេង​ដែល​ប្រឹង​រៀន និង​ប្ដេជ្ញា​ខ្ពស់... គេ​តែង​តែ​ទទូច​ចង់​ទៅ​សាលា បើ​ទោះ​គ្មាន​លុយ​ញ៉ាំ​បាយ​ថ្ងៃ ព្រោះ​ខ្ញុំ​គ្មាន​លុយ​ឲ្យ​ក្ដី"។ អ្នក​ស្រី​បាន​បន្ត​ទៀត​ថា Daniel តែង​និយាយ "ម៉ាក់​ម៉ាក់! ខ្ញុំ​មិន​ចង់​នៅ​ក្រ​ទេ... ខ្ញុំ​ចង់​សម្រេច​ក្ដី​ស្រមៃ​របស់​ខ្ញុំ"។

 

ក្ដី​ស្រមៃ​របស់ Daniel គឺ​ចង់​ក្លាយ​ជា​វេជ្ជបណ្ឌិត ឬ​មន្ត្រី​ប៉ូលិស​ម្នាក់ ដើម្បី​ជួយ​ប្រទេស​ហ្វីលីពីន​ទាំង​មូល។ ទោះ​យ៉ាង​ណា បន្ទាប់​ពី​រូបភាព​របស់​គេ​ចែក​ចាយ​ពេញ​បណ្ដាញ​សង្គម​មក មាន​មនុស្ស​ជា​ច្រើន​អាណិត​ចង់​ជួយ។ លើស​ពី​នេះ Daniel ថែម​ទាំង​ទទួល​បាន​អាហារូបករណ៍​សិក្សា​រហូត​ដល់​សាកលវិទ្យាល័យ និង​ជំនួយ​ចំពោះ​គ្រួសារ​ផង​ដែរ៕

 

 

ចុចអាន៖ មួយ​សន្លឹក​​ខ្លោច​​ចិត្ត! ក្មេង​អនាថា​ធ្វើ​កិច្ចការ​សាលា​ក្រោម​​ពន្លឺ​ភ្លើង​​ភោជនីយដ្ឋាន

 

ប្រែ​សម្រួល៖ គង់ វិសាល ប្រភព៖ dailymail​​