អស្ចារ្យមែន អ្នកគាំទ្រ៤ម៉ឺននាក់ចូលរួមអបអរ Tevez មកស្រុកកំណើតវិញ
- 2015-07-14 17:53:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អស្ចារ្យមែន អ្នកគាំទ្រ៤ម៉ឺននាក់ចូលរួមអបអរ Tevez មកស្រុកកំណើតវិញ
ចន្លោះមិនឃើញ
ក្លិប Boca Juniors បានធ្វើពិធីបង្ហាញខ្លួនកីឡាករ Carlos Tevez ហើយកាលពីម្សិលមិញនេះ ដែលមានអ្នកគាំទ្រចូលរួមអបអរ៤ម៉ឺននាក់ បូករួមទាំងវីរបុរសអាហ្សង់ទីន Diego Maradona ផងដែរ។
វត្តមានរបស់ Tevez ដែលបានពាក់អាវលេខ១០ របស់ខ្លួនវិញនៅក្លិប Boca បានធ្វើឱ្យអ្នកចូលរួមទស្សនាទាំងអស់ហ៊ោកញ្ជ្រៀវយ៉ាងខ្លាំង បូករួមទាំងអតីតកំពូលខ្សែប្រយុទ្ធ Maradona ក៏បានលើកស្លាកសញ្ញាចូលរួមត្រេកអរក្នុងការវិលត្រលប់មកវិញនេះផងដែរ។
ក្រោមក្រសែភ្នែកអ្នកគាំទ្ររាប់ម៉ឺននាក់ អតីតកីឡាករ Man Utd រូបនេះ បាននិយាយទាំងក្ដុកក្ដួលថារូបគេមិនដែលភ្លេចក្លិបមួយនេះទេ ហើយក៏នៅតែសង្ឃឹមថានឹងអាចជួយក្រុមមួយនេះឱ្យខ្លាំងដូចមុនដែរ ទោះជាពេលនេះរូបគេមានវ័យច្រើនបន្តិចហើយក៏ដោយ។ បន្ថែមពីលើនេះ កីឡាករវ័យ៣១ឆ្នាំ បានប្រាប់ទៀតថា ក្លិប Boca ដូចជាគ្រួសាររបស់គេអីចឹង គ្មានពេលណាដែលអាចភ្លេចបាននោះទេ ហើយអ្នកគាំទ្រនៅទីនេះទាំងអស់ក៏ដូចជាបងប្អូនបង្កើតរបស់គេដែរ។
កាលអាយុ១៣ឆ្នាំ ខ្សែប្រយុទ្ធខាងលើបានសម្រេចចិត្តចូលប្រឡូកក្នុងវិស័យបាល់ទាត់ជាមួយក្រុម All Boys ដោយកាលនោះរូបគេបានប្ដូរឈ្មោះពី Carlos Alberto Martínez ទៅជា Carlos Tevez ។ ហាត់នៅក្លិបនេះបាន៤ឆ្នាំ យុវជនឆ្នើមរូបនេះបានផ្លាស់ទៅហាត់នៅ Boca ម្ដងរហូតដល់ឆ្នាំ២០០១ ទើបឈានជើងចូលឈុតធំ។ ប្រើរយៈពេល៣ឆ្នាំ Tevez បានជួយ Boca ឈ្នះពានជាច្រើនក្នុងការបង្ហាញខ្លួន១១០ប្រកួត និងរកគ្រាប់បាល់បាន៣៨គ្រាប់។
ក្រោយពីនោះមកដល់ឆ្នាំ២០០៥ កីឡាករខាងលើក៏ចាប់ផ្ដើមប្រឡូកជាមួយក្លិបធំៗនៅអឺរ៉ុបដូចជា West Ham , Manchester United, Manchester City និង Juventus មុនវិលមកកាន់ទ្រនំចាស់នាពេលនេះ៕
ចុចអាន៖ Tevez៖ អ្នកមិនអាចស្រលាញ់បាល់ទាត់បានទេ បើមិនស្រលាញ់ Messi
ប្រែសម្រួល៖ មុន្នី រម្យ ប្រភព៖ dailymail