ប្រសាសន៍សម្ដេច ហ៊ុន សែន និង សម្ដេចក្រឡាហោម ធ្វើឲ្យ សាសា ធូរស្បើយអារម្មណ៍
- 2015-07-16 23:04:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រសាសន៍សម្ដេច ហ៊ុន សែន និង សម្ដេចក្រឡាហោម ធ្វើឲ្យ សាសា ធូរស្បើយអារម្មណ៍
ចន្លោះមិនឃើញ
កញ្ញា សាសា ដែលជាជនរងគ្រោះនៅក្នុងអំពើហិង្សាដោយសារ លោក សុខ ប៊ុន បានបង្ហាញអារម្មណ៍ធូរស្រាល ក្រោយពីបានស្ដាប់ប្រសាសន៍របស់ សម្ដេច នាយករដ្ឋមន្ត្រី និង សម្ដេច ក្រឡា ហោម ស ខេង ដែលបានថ្លែងរកយុត្តិធម៌ជូននាង។ ប៉ុន្តែ អតីតពិធីការិនីរូបនេះ បានបញ្ជាក់ពីជំហរថា ប្រសិនករណីនេះដោះស្រាយរួចរាល់ គឺមិនចង់ជួប លោក សុខ ប៊ុន ជាលើកទី ២នោះទេ ព្រោះមិនចង់នឹកឃើញរឿងឈឺចាប់សាជាថ្មី។
“ភាពឈឺចាប់នេះ ខ្ញុំមិនដឹងពេលណាខ្ញុំបំភ្លេចបាននោះទេ គ្រាន់តែថា ខ្ញុំធូរចិត្តច្រើន ក្រោយពីសម្ដេច ស ខេង និង សម្ដេច ហ៊ុន សែន បានស្រែកប្រកាស និង រកភាពយុត្តិធម៌ និង ចូលរួមសោកស្ដាយជាមួយគ្រួសារខ្ញុំពីព្រឹកមិញធ្វើឲ្យខ្ញុំធូរស្បើយច្រើន ថាស្រុកយើងមានច្បាប់ មានយុត្តិធម៌ ខ្ញុំធូរចិត្ត"។ កញ្ញា សាសា លើកឡើងបែបនេះ ប្រាប់ស្ថានីយទូរទស្សន៍ PNN នៅប៉ុន្មាននាទីមុននេះ។
សាសា កំពុងផ្ដល់បទសម្ភាសន៍ជាមួយ លោក ស្រ៊ុន ម៉េងគាង ប្រធានព័ត៌មានផ្នែកកម្សាន្ដ របស់ស្ថានីយទូរទស្សន៍ PNN
កាលពីថ្ងៃអង្គារ ក្នុងសប្ដាហ៍នេះ សម្ដេច ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និង ជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានចេញបញ្ជាឲ្យកម្លាំងប្រដាប់អាវុធគ្រប់ថ្នាក់ តាមចាប់លោក ឧកញ៉ា សុខ ប៊ុន ដែលបានវាយដំ លើកញ្ញា សាសា មកផ្ដន្ទាទោសតាមច្បាប់ ទោះជាជនរូបនេះ រត់ទៅដល់ទីណាក៏ដោយ។
មកដល់ព្រឹកមិញនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេច ហ៊ុន សែន និង ភរិយា បានសម្ដែងការឈឺចាប់ ក្រោយពីមើលរូបភាព លោក សុខ ប៊ុន វាយលើ សាសា។ ទន្ទឹមនឹងនេះ សម្ដេច បានប្រកាសឲ្យ លោក សុខ ប៊ុន ចេញមុខមកចូលបំភ្លឺនៅតុលាការជាបន្ទាន់ផងដែរ។
ក្រៅពីការថ្លែងអំណរគុណចំពោះសម្ដេច ក្រឡាហោម ស ខេង និង សម្ដេច ហ៊ុន សែន ដែលបានប្រកាសពីការរកយុត្តិធម៌ជូននាងនោះ កញ្ញា សាសា ក៏បានទទូចឲ្យ លោក សុខ ប៊ុន មកទទួលទោស ឬ ចូលឆ្លើយបំភ្លឺក្នុងតុលាការផងដែរ។ "ខ្ញុំ និង គ្រួសារសំណូមពរឲ្យគាត់ចូលមកបកស្រាយកុំព្យាយាមគេច ព្រោះថា ការគេចវេសណាស់ ទោសកាន់តែធ្ងន់ អីចឹងគាត់មកទទួលទោស ឬ បកស្រាយ ទោសអាចនឹងស្រាល"។
សូមចុចអាន៖ បន្តិចទៀតនេះ ទូរទស្សន៍ PNN ត្រៀមធ្វើបទសម្ភាសន៍ពិសេសជាមួយ កញ្ញា សាសា
សូមចុចអាន៖ សាសា៖ រូបនារីរបួសពេញមុខហ្នឹង ជារូបខ្ញុំពិតមែន!
ចំពោះរឿងទាមទារសំណង ៥ លានដុល្លារ ពីសំណាក់ លោក សុខ ប៊ុន កញ្ញា សាសា បាននិយាយថា រហូតមកទល់នឹងពេលនេះ កញ្ញា នៅមិនទាន់បានកំណត់ពីតម្លៃនៃការទាមទារសំណងនោះទេ ប៉ុន្ដែ ពាក្យទារប្រាំលានដុល្លារ ដោយសារអ្នកសារព័ត៌មានចោទសួរ ប្រសិនបើ លោក ឧកញ៉ា ឲ្យសំណងលើសលប់ ឬ ៥ លានដុល្លារតើកញ្ញា យល់យ៉ាងណា? ឆ្លើយតបនឹងសំណួរនេះ សាសា និយាយថា៖ "បើនាងខ្ញុំបានច្រើនអីចឹង នាងខ្ញុំនឹងយកទៅជួយសង្គម ប៉ុន្តែ អានេះគ្រាន់តែឧទាហរណ៍ គាត់សួរមកខ្ញុំមិនមែនខ្ញុំទាមទារសំណងទេ គ្រួសារខ្ញុំសូម្បីតែ ១០០ លុយខ្មែរ ក៏នៅមិនទាន់បានដាក់ពាក្យបណ្ដឹងរដ្ឋប្បវេណីទារសំណងប៉ុន្មានដែរ ព្រោះ មនុស្សមិនដឹងនៅឯណាទារសំណងដូចម្ដេច? ខ្ញុំបញ្ជាក់រឿងនេះដែរ កុំយល់ច្រឡំថា ពីដំបូងថា ១០ម៉ឺន – ៥ លានដុល្លារ តែក្រុមគ្រួសារខ្ញុំនៅមិនទាន់និយាយរឿងលុយនោះទេ"។
ចំពោះសំណួរថា តើកញ្ញា សាសា នឹងវិលត្រឡប់ចូលវិស័យសិល្បៈឬយ៉ាងណា? សាសា បានលើកឡើងថា ប្រសិនបើរឿងនេះដោះស្រាយរួច គឺនាងនឹងចេញទៅក្រៅប្រទេសមួយរយៈ ដើម្បីបំភ្លេចសុបិនអាក្រក់នេះ។
និយាយអំពីការប្រើអំពើហិង្សាពីសំណាក់លោកឧកញ៉ា សុខ ប៊ុន មកលើ សាសា កាលពីដើមខែនេះ កញ្ញា សាសា បានបញ្ជាក់ថា ប្រសិនបើដោះស្រាយរឿងនេះរួចរាល់ហើយ គឺក្នុងមួយជីវិតនេះ សូមជួប លោកឧកញ៉ានោះ តែម្ដងបានហើយ កុំឲ្យជួបជាលើកទី ២ ព្រោះថា កាលជួបលើកទី ១ បានផ្ដល់មេរៀនឈឺចាប់រួចទៅហើយ ដោយរហូតមកទល់នឹងពេលនេះ កញ្ញា នៅបារម្ភពីសុខភាពនៅឡើយ "ក្រោយពីព្យាបាលនៅថៃ ខ្ញុំធូរស្បើយត្រង់ក្បាល និង ភ្នែក តែឥឡូវខ្ញុំមានបញ្ហាត្រចៀកធ្ងន់ធ្ងរ បើស្ថានភាពនៅបន្តខ្ញុំនៅទៅព្យាបាលម្ដងទៀត"៕
អត្ថបទ៖ ប៊ិន ប៊ុណ្ណា