សាលា​ភាពយន្ត​ដែល​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិ​សាស្ត្រ​កម្ពុជា ត្រៀម​នឹង​បង្ហាញ​ខ្លួន​ចុង​ខែ​នេះ

  • 2015-07-17 18:57:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សាលា​ភាពយន្ត​ដែល​មិន​ធ្លាប់​មាន​ក្នុង​ប្រវត្តិ​សាស្ត្រ​កម្ពុជា ត្រៀម​នឹង​បង្ហាញ​ខ្លួន​បង្ហាញ​ខ្លួន​នា​ចុង​ខែ​កក្កដា​នេះ​ហើយ។ នេះ​បើ​តាម​លោក​គ្រូ អោក ប៊ុន​ធឿន ព្រឹទ្ធ​បុរស​រង មហាវិទ្យាល័យ​សិល្បៈ​នាដ​សាស្ត្រ។

 

 

លោក​គ្រូ អោក ប៊ុនធឿន ព្រឹទ្ធ​បុរស​រង មហាវិទ្យាល័យ​សិល្បៈ​នាដ​សាស្ត្រ

 

វត្តមាន​ដំបូង​បំផុត​របស់​សាលា​ភាពយន្ត​កម្ពុជា​នេះ ក្រោម​គំនិត​ផ្ដួចផ្ដើម​ដោយ ផលិតកម្ម​តាន់​តាន់ ផលិតកម្ម​រ័ត្ន​កញ្ញា សហការ​ជាមួយ​មហាវិទ្យាល័យ​សិល្បៈ​នាដ​សាស្ត្រ និង​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ។ លោក អោក ប៊ុន​ធឿន ថ្លែង​ថា "រាប់​តាំង​ពី​មុន​សម័យ​ប៉ុលពត យើង​មិន​ធ្លាប់​មាន​ទេ​សាលា​ភាពយន្ត អីចឹង​នេះ គឺ​ជា​លើក​ទី​១។ ហើយ​ជំហាន​ដំបូង​ដូច្នេះ​យើង​បង្រៀន​តែ​៣​ខែ​ទេ យើង​នឹង​បង្រៀន​តែ​លើ​ការ​សម្ដែង​សិន ពេល​ក្រោយ​បង្រៀន​លើ​ជំនាញ​ផ្សេង​ៗ​ទៀត"។

 

មាន​មុខ​វិជ្ជា​ក្នុង​ផ្នែក​សម្ដែង​ចំនួន​១០ ត្រូវ​បាន​ដាក់​បញ្ចូល​ក្នុង​កម្មវិធី​សិក្សា​របស់​សាលា​ភាពយន្ត​ដែល​ត្រៀម​នឹង​កើត។ មុខ​វិជ្ជា​ទាំង​នោះ​មាន ១.សម្ដែង​ភាពយន្ត(កាយ​វិការ និង​ពាក្យ​សំដី) ២.ប្រវត្តិ​ភាពយន្ត និង​ប្រវត្តិ​តារា​សម្ដែង ៣.វិភាគ​រឿង​ភាពយន្ត ៤.ក្បាច់​គុន​ខ្មែរ និង​បរទេស ៥.កំណាព្យ និង​ចម្រៀង ៦.កីឡា និង​កាយ​សម្ព័ន្ធ​សិល្បៈ ៧.វិចេយ្យ​កោសល្យ(ការ​សម្ដែង​ពាក្យ​សំដី​ដោយ​ឥត​ព្រាង​ទុក ប្រកប​ដោយ​ទេពកោសល្យ) ៨.របាំ​បុរាណ និង​សម័យ ៩.សីលធម៌​ជំនាញ និង​សង្គម និង​ទី​១០.របាំ​បាល់ឡេ។ ទាំង​១០​ជំនាញ​នេះ នឹង​សិក្សា​រយៈ​ពេល​៣​ខែ។

 

 

លោក​គ្រូ អោក ប៊ុនធឿន ដែល​បាន​បញ្ចប់​ការ​សិក្សា​ផ្នែក​ផលិត​ភាពយន្ត​នៅ​កូរ៉េ​ខាង​ត្បូង ថ្លែង​ថា ការ​មក​ដល់​របស់​សាលា​ភាពយន្ត​ខាង​មុខ​នេះ គឺ​ដើម្បី​តម្រង់​ទិស​ដល់​សិល្បករ​ដែល​មាន​ទេព​កោសល្យ​ហើយ តែ​មិន​ទាន់​គ្រប់​ជ្រុង​ជ្រោយ និង​បណ្ដុះ​យុវជន យុវនារី​ជំនាន់​ក្រោយ​ឲ្យ​ក្លាយ​ជា​សិល្បករ​អាជីព មាន​ជំនាញ​ច្បាស់​លាស់ ត្រៀម​សម្រាប់​ការ​មក​ដល់​នៃ​សមាហរណកម្ម​អាស៊ាន។

 

ដូច្នេះ​លោក​គ្រូ សំណូម​ពរ​សិល្បករ យុវជន យុវនារី​ដែល​មាន​និស្ស័យ​ចង់​ក្លាយ​ជា​សិល្បករ​សម្ដែង​អាជីព​រួស​រាល់​មក​ចុះ​ឈ្មោះ​ចូល​សិក្សា​ទាំង​អស់​គ្នា។ ចំពោះ​ពាក្យ​សម្រាប់​ចុះ​ឈ្មោះ មាន​ចែក​ជូន​ដោយ​ឥត​គិត​ថ្លៃ ដោយ​ប្រិយមិត្ត រួម​ទាំង​សិល្បករ សិល្បការិនី អាច​ទៅ​ទទួល​យក​នៅ​សាកល​ភូមិន្ទ​វិចិត្រ​សិល្បៈ។

 

 ពិធីការិនី ខៀវ សានសាណា

 

សិល្បករ​សិល្ប​ការិនី​មួយ​ចំនួន​មាន ខៀវ សាន​សាណា លាង ឧត្តម ថន ដារ៉ា ហេង ស្រីពេជ្រ និង ទេព សេរី​វិជ្ជរ៉ា ដែល​មាន​វត្តមាន​ក្នុង​សន្និសីទ​សារព័ត៌មាន​ម្សិលមិញ បាន​ឲ្យ​ដឹង​ព្រម​គ្នា​ថា ពួក​គេ​រីករាយ​ចំពោះ​ការ​មក​ដល់​នៃ​សាលា​ភាពយន្ត​កម្ពុជា​គ្រា​នេះ។ សាណា ថ្លែង​ថា "នៅ​ពេល​ដឹង​ថា​មាន​សាលា​ភាពយន្ត នាង​ខ្ញុំ​ចាប់​អារម្មណ៍ ហើយ​គិត​ថា​ធ្វើ​ជា​ពិធី​ការិនី១២​ឆ្នាំ​ហើយ ប្រហែល​ជា​ល្មម​ដល់​ពេល​ដែល​ខ្ញុំ​ចាប់​យក​ពិសោធន៍​ថ្មី...អីចឹង​ហើយ​ខ្ញុំ​មក​ទី​នេះ ដើម្បី​មើល​ថា មាន​បង្រៀន​អ្វី​ខ្លះ ហើយ​ខ្ញុំ​នឹង​ឆ្លៀត​រៀន"។

 

 

តារា​សម្ដែង​ លាង ឧត្តម និង ហេង ស្រីពេជ្រ

 

ជា​តារា​សម្ដែង​ម្នាក់​ជិត​១០​ឆ្នាំ លាង ឧត្ដម បាន​ប្រាប់​ថា លោក​ក៏​មក​ទទួល​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រ​សិល្បៈ​ដើម្បី​ទទួល​ពាក្យ​ដែរ។ "អ្នក​សិល្បៈ​យើង​ភាគ​ច្រើន គឺ​ចូល​សិល្បៈ​តាម​ៗ​គ្នា អត់​បាន​ឆ្លង​ការ​បណ្ដុះបណ្ដាល​ពិត​ប្រាកដ​ទេ អីចឹង​ខ្ញុំ​សង្ឃឹម​ថា សាលា​នឹង​ផ្ដល់​នូវ​ចំណេះ​ដឹង​ផ្នែក​សិល្បៈ​ច្បាស់​លាស់​ដល់​ខ្ញុំ។ ហើយ​កាល​ណា​សិល្បករ​គ្រប់​គ្នា​មាន​សញ្ញាប័ត្រ មាន​ជំនាញ​ពិត​ប្រាកដ គឺ​លើក​តម្លៃ​សិល្បៈ​យើង​ទាំង​មូល"។

 

សុះ ម៉ាច ប្រធាន​សមាគម​សិល្បករ​ខ្មែរ ក៏​បាន​សាទរ​ចំពោះ​វត្តមាន​ដំបូង​បំផុត​របស់​សាលា​ភាពយន្ត​កម្ពុជា​ក្នុង​សិល្បៈ​ភាពយន្ត​ខ្មែរ។ ប្រធាន​សមាគម​សិល្បៈ​រូប​នេះ លើក​ឡើង​ថា នេះ​ជា​បំណង​ប្រាថ្នា​របស់​លោក​ជា​យូរ​មក​ហើយ។

 

 

"ប្រទេស​ជិត​ខាង​យើង​គេ​សាលា​បង្រៀន​សិល្បៈ​អស់​ហើយ ហើយ​នេះ​ជា​មូលដ្ឋាន​គ្រឹះ​របស់​សិល្បៈ។ ងាក​មក​សិល្បករ​យើង​វិញ ខ្លះ​ក៏​ធ្លាប់​បាន​បណ្ដុះ​បណ្ដាល ខ្លះ​ក៏​នៅ អីចឹង​ការ​សម្ដែង​របស់​គាត់​នៅ​មាន​កម្រិត​នៅ​ឡើយ។ ដូច្នេះ បើ​គាត់​មក​បណ្ដុះបណ្ដាល​នៅ​ទី​នេះ គាត់​កាន់​តែ​ល្អ សមត្ថភាព​គាត់​កាន់​តែ​កើន​ឡើង"។

 

លោក​គ្រូ អ្នក​គ្រូ​ចំនួន ១៥​នាក់ សុទ្ធ​ជា​ធនធាន​ក្នុង​ស្រុក ត្រៀម​សម្រាប់​ផ្ដល់​ការ​បណ្ដុះ​បណ្ដាល​។សិក្ខាកាម​ដែល​ឆ្លង​កាត់​ការ​បណ្ដុះ​បណ្ដាល នឹង​ទទួល​បាន​សញ្ញាប័ត្រ​បញ្ជាក់​ពី​គុណភាព។ លោក​គ្រូ អោក ប៊ុនធឿន ថ្លែង​ថា ចំណុច​ល្អ​មួយ​ទៀត ពួក​គេ​ទាំង​នោះ ស្ថិត​ជា​អាទិភាព ក្នុង​ករណី​ផលិតកម្ម​មក​ពី​ក្រៅ​ស្រុក គេ​ចុះ​មក​ជ្រើស​រើស​តួ​សម្ដែង​ក្នុង​ភាពយន្ត​របស់​គេ។

 

ក្រៅ​ពី​នេះ សូម្បី​ផលិត​កម្ម​ក្នុង​ស្រុក​នានា ក៏​អាច​មក​ជ្រើស​តួ​សម្ដែង​ដែល​មាន​ជំនាញ​ពិត​ប្រាកដ​ទទួល​បាន​ពី​ការ​សិក្សា​ដែរ ហើយ​សាលា​បើក​ចំហ​លើ​កិច្ចការ​នេះ៕

 

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម