Man Utd ​ត្រូវ​ដោះ​ស្រាយ​រឿង​៥​យ៉ាង​នេះ ​បើ​ចង់​​ស្ដារ​មុខ​មាត់​វិញ

  • 2014-10-14 21:30:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​គាំទ្រ​ជា​ច្រើន​មាន​សង្ឃឹម​ថា​​ក្រុម​បិសាច​ក្រហម​ Manchester United នឹង​​អាច​មាន​ទម្រង់​លេង​ល្អ​ឡើង​វិញ​ក្រោម​ការ​ដឹក​នាំ​របស់​លោក Louis van Gaal ។ ចុះ​អ្នក​ចាត់​ការ​ថ្មី​ដែល​ពោរពេញ​ដោយ​បទពិសោធន៍​នេះ​ នឹង​ដោះ​ស្រាយ​​​អ្វី​ខ្លះ​ដើម្បី​ឱ្យ​ក្លិប​មួយ​នេះ​ក្លាយ​ជា​បិសាច​កំណាច​ដូច​កាល​ពី​មុន​បាន។ យោង​តាម​គេហទំព័រ​​ footballfancast ខាង​ក្រោម​នេះ​ជា​៥​ចំណុច​ដែល​ Man Utd ​​ត្រូវ​​ពង្រឹង​ដើម្បី​ក្លាយ​ជា​ក្រុម​កំពូល​ដូច​លើក​មុន​បាន៖

 

១. តំបន់​ការពារ

 

 

Man Utd ​ចំណាយ​អស់​១៥០​លាន​ផោន​នា​​​ទីផ្សារ​​ដោះដូរ​កីឡាករ​មុន​នេះ ​ប៉ុន្តែ​គួរ​ឱ្យ​សោក​ស្ដាយ​ការ​ចំណាយ​ប្រាក់​សន្ធឹកសន្ធាប់​នេះ​មិន​អាច​ដោះស្រាយ​បញ្ហា​តំបន់​ការពារ​បាន​ទេ​ ដោយសារ​តំបន់​នេះ​បាត់​បង់​កីឡាករ​សំខាន់​ដល់​ទៅ​៣​នាក់​ឯ​ណោះ។ Patrice Evra, Nemanja Vidic ​និង​ Rio Ferdinand ​​សុទ្ធ​តែ​តួ​អង្គ​សំខាន់​របស់​ Man Utd ​ដែល​បាន​បាត់​បង់​ទៅ​ ទោះ​លោក Van Gaal ​អាច​នាំ​ Luke Shaw ​និង​ Marcos Rojo ​មក​ជំនួស​តំបន់​នេះ​ក៏​មិន​ទាន់​អាច​ស្រោច​ស្រង់​បាន​ដែរ។ អ្វី​ដែល​គួរ​ឱ្យ​បារម្ភ​ថែម​ទៀត​នោះ​ពេល​នេះ​ខ្សែ​ការពារ​ភាគ​ច្រើន​របស់​ Manchester United ​គឺ​សុទ្ធ​តែ​មាន​ឈ្មោះ​ក្នុង​បញ្ជី​កីឡាករ​របួស​អស់​ទៅ​ហើយ។

 

២. រក​​អ្នក​រក្សា​លំនឹង​ការ​ប្រកួត​ពេល​នាំ​មុខ​គ្រាប់​បាល់

 

 

បច្ចុប្បន្ន​បិសាច​ក្រហម​មិន​ទាន់​មាន​អ្នក​ណា​ម្នាក់​ច្បាស់​ថា​អាច​រក្សា​លំនឹង​ការ​ប្រកួត ​និង​គ្រប់​គ្រង​ស្ថានការណ៍​បាន​នៅ​ឡើយ​ទេ​ពេល​នាំមុខ​គ្រាប់​បាល់​ម្ដង​ៗ។ ជាក់​ស្ដែង​ដូច​កាល​ប្រកួត​ជា​មួយ​ Leicester ​ជា​ដើម​ពេល​នាំ​មុខ ​២-០​ទៅ​ហើយ​តែ​បែរ​ជា​ត្រូវ​ខាង​គេ​អាច​រក​គ្រាប់​បាល់​បាន​ឈ្នះ​ទៅ​វិញ។ មួយ​វិញ​ទៀត​នោះ​គឺ​ពេល​ប៉ះ​ West Ham ​និង Everton អាច​ឈ្នះ​ ២-១​ ទាំង​ប្រផុតប្រផើយ​បំផុត​ ពោល​គឺ​ពេល​ Rooney ​ទទួល​បាន​កាត​ក្រហម​គ្មាន​អ្នក​ណា​ម្នាក់​អាច​រក្សា​ស្ថានការណ៍​សោះ​ឡើយ​​ពេល​ឈ្នះ West Ham ឯ​​អ្នក​ចាំ​ទី​ David de Gea ​ត្រូវ​សង្គ្រោះ​បាល់​ជា​ច្រើន​ដើម្បី​យក​៣ពិន្ទុ​ពី Everton។

 

៣. រក​ឱ្យ​ឃើញ​​ចំណុច​ខ្លាំង​បំផុត​របស់​ Radamel Falcao

 

 

កាល​ពី​មួយ​ឆ្នាំ​មុន​ Falcao ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​ខ្សែ​ប្រយុទ្ធ​មុត​ស្រួច​បំផុត​របស់​ពិភពលោក​ដែល​អាច​រក​គ្រាប់​បាល់​បាន​៧០​គ្រាប់​ក្នុង​ការ​បង្ហាញ​ខ្លួន​៩១​ប្រកួត​ពេល​លេង​នៅ​ Atletico Madrid។ ប៉ុន្តែ​ដោយសារ​របួស​ជង្គង់​របស់​គេ​បាន​ធ្វើ​ឱ្យ​ទម្រង់​លេង​ធ្លាក់​ចុះ​ជា​ខ្លាំង​ ហើយ​បន្ទាប់​ពី​ជា​សះស្បើយ​ពី​របួស​មក​ខ្សែ​ប្រយុទ្ធ​រូប​នេះ​នៅ​មិន​ទាន់​រក​ឃើញ​ទម្រង់​លេង​ល្អ​ឥត​ខ្ចោះ​របស់​គេ​វិញ​នៅ​ឡើយ​ទេ។ នេះ​មាន​ន័យ​ថា​ប្រសិន​បើ​លោក Van Gaal ​អាច​រក​ឃើញ​ទម្រង់​លេង​របស់​ខ្សែ​ប្រយុទ្ធ​វ័យ​២៨​ឆ្នាំ​នេះ​មក​វិញ​នោះ ​ទោះ​ជា​ខ្សែ​ការពារ​របស់​ក្រុម​លោក Jose Mourinho ​ដែល​ល្បី​ថា​រឹងមាំ​ខ្លាំង​ជាង​គេ​នៅ​ Premier League ក៏​ប្រហែល​ជា​មិន​អាច​ទប់​ទល់​នឹង​ខ្សែ​ប្រយុទ្ធ​សញ្ជាតិ​កូឡុំប៊ី​នេះ​បាន​ដែរ។

 

៤. នាំ​ Michael Carrick ​មក​វិញ​ឱ្យ​បាន​លឿន​បំផុត

 

 

Manchester United ​ដូច​ជា​មាន​ទម្រង់​លេង​រៀង​ធ្លាក់​ចុះ​នៅ​តំបន់​កណ្ដាល​ផង​ដែរ​បន្ទាប់​ពី Carrick ​រង​របួស​មក។ ការ​អវត្តមាន​ Carrick ប៉ុន្មាន​សប្ដាហ៍​មក​នេះ​បាន​ធ្វើ​ឱ្យ​លោក Louis van Gaal ​ត្រូវ​ប្រើ​យុទ្ធ​សាស្ត្រ​ ៤-៣-១-២ ​ដែល​ Daley Blind, Ander Herrera ​និង​ Angel di Maria ​ត្រូវ​លេង​នៅ​តំបន់​កណ្ដាល​ខណៈ​ Juan Mata ​មាន​តួនាទី​ជា​អ្នក​ចែក​បាល់​នៅ​តំបន់​ប្រយុទ្ធ​ឱ្យ​ខ្សែ​ប្រយុទ្ធ​២​នាក់​ខាង​មុខ។ ប្រសិន​បើ​ Carrick ​អាច​ត្រលប់​ចូល​លេង​វិញ​បាន​ នោះ​រូប​គេ​នឹង​ប្រហែល​ជា​ជំនួស​តំណែង​ Mata ​ហើយ​អាច​បង្កើត​ឱកាស​ឱ្យ ​​Di Maria ​ច្រើន​ក្នុង​ការ​រក​គ្រាប់​បាល់​ដូចជា​ខ្សែ​ប្រយុទ្ធ​ខាង​មុខ​បាន។

 

៥. អ្នក​ណា​ឈរ​នៅ​តំបន់​ប្រយុទ្ធ​រវាង​ Rooney, Falcao, van Persie ?

 

 

បិសាច​ក្រហម​ ​មាន​ខ្សែ​ប្រយុទ្ធ​៣​នាក់​ក្នុង​ដៃ​ពេល​នេះ​ ប៉ុន្តែ​មាន​សំនួរ​ចោទ​សូរ​ថា​តើ​អ្នក​ណា​ជា​អ្នក​ជាប់​ឈ្មោះ​នៅ​ជម្រើស​ដំបូង។ ជា​ធម្មតា​ Rooney ​អាច​នឹង​ជាប់​ពីព្រោះ​រូប​គេ​ជា​ប្រធាន​ក្រុម ​ប៉ុន្តែ​២​នាក់​ទៀត​នឹង​ត្រូវ​ប្រជែង​គ្នា៕

 

តើ​ប្រិយមិត្ត​យល់​ស្រប​តាម​ចំណុច​ទាំង​៥​ខាង​លើ​នេះ​ដែរ​ឬ​ទេ?

 

​ប្រែ​សម្រួល៖ មុន្នី រម្យ

ប្រភព៖ footballfancast