អេនឌី បន្ទោស​ខ្លួន​ឯង​គោរព​ច្បាប់​អត់​បាន​ខ្ជាប់​ខ្ជួន

  • 2015-08-03 18:37:50
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អេនឌី បាន​ពោល​ពាក្យ​សោក​ស្ដាយ និង​បន្ទោស​ខ្លួន​ឯង​ដែល​មិន​បាន​គោរព​ច្បាប់​ចរាចរណ៍​ឲ្យ​បាន​ខ្ជាប់​ខ្ជួន ទើប​ជា​ហេតុ​បណ្ដាល​ឲ្យ​មាន​គ្រោះ។

 

តារា​ប្រុស​ដែល​ទើប​ជ្រុះ​បាត់​កាបូប​អស់​ប្រាក់​រាប់ពាន់​ដុល្លារ​កាល​ពី​ខែ​មុន​នោះ ថ្លែង​ដូច្នេះ បន្ទាប់​លោក​បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​កាល​ពី​យប់​ថ្ងៃ​ទី ៣១ កក្កដា វេលា​ម៉ោង​១១យប់ ដោយ​រថយន្ត​របស់​លោក​បាន​ប៉ះ​ជាមួយ​ម៉ូតូ​មួយ​គ្រឿង បណ្ដាល​ឲ្យ​មាន​មនុស្ស​ម្នាក់​របួស ឯ​រថយន្ត​របស់​លោក ខូច​ខាត​តិច​តួច​ផ្នែក​ខាង​មុខ។

 

 

អេនឌី ថ្លែង​ថា "ខ្ញុំ​បាទ​សូម​អភ័យ​ទោស​ចំពោះ​កំហុស​ឆ្គង​របស់​ខ្ញុំ ដែល​មិន​បាន​គោរព​ច្បាប់​ចរាចរណ៍​អោយ​បាន​ត្រឹម​ត្រូវ ទើប​បណ្ដាល​អោយ​មាន​បញ្ហា​ដូច្នេះ​កើត​ឡើង តែ​ខ្ញុំ​បាទ​សូម​និយាយ​ដោយ​ស្មោះ​ដោយ​មាន​ព្រះ​ជា​សាក្សី បើ​ខ្ញុំ​និយាយ​មិន​ពិត​ក្នុង​ពាក្យ​ណា​មួយ​នោះ សូម​អោយ​ខ្ញុំ​អន្តរាយ​ដល់​ជីវិត​ចុះ"។

 

តារា​ប្រុស​រូប​នេះ បន្ត​រៀបរាប់​ថា នៅ​ថ្ងៃ​កើត​ហេតុ​ប្រហែល​ម៉ោង​ជិត ១១យប់ លោក​បាន​ចេញ​ពី​ផ្ទះ​មិត្ត​ម្នាក់​នៅ​ម្ដុំ​កន្លែង​កើត​ហេតុ ដោយ​បើកបរ​ក្នុង​ល្បឿន​ប្រហែល 20km/h ប៉ុណ្ណោះ។ យ៉ាង​ណា​ក៏​ដោយ លោក​ទទួល​ស្គាល់​ថា ពិត​ជា​បាន​បើក​បញ្ច្រាស​ទិស​ពិត​មែន ប៉ុន្តែ​លោក​មិន​បាន​បើក​ទៅ​បុក​ជន​រងគ្រោះ​ទេ។

 

"ខ្ញុំ​មិន​បាន​ទៅ​បុក​ជន​រង​គ្រោះ​ទេ តែ​គាត់​ជិះ​ម៉ូតូ​យ៉ាង​លឿន​មក​បុក​ឡាន​របស់​ខ្ញុំ​តែ​ម្ដង បង​ប្អូន​ទាំង​អស់​អាច​ទៅ​សួរ​សាក្សី​នៅ​កន្លែង​កើត​ហេតុ​បាន ហើយ​ខ្ញុំ​ហ៊ាន​អះអាង​ដោយ​ជីវិត​ខ្ញុំ​ថា ខ្ញុំ​មិន​បាន​ប៉ះពាល់​នូវ​ជាតិ​ស្រវឹង​អី សូម្បី​បន្តិច ព្រោះ​ខ្ញុំ​មិន​ចេះ​ញាំ​ជាតិ​ស្រវឹង​អី​ទេ អ្នក​ណា​ៗ​ក៏​ដឹង​អំពី​រឿង​នេះ​ដែរ មិន​ដូច​ពាក្យ​ដែល​គេ​ចេះ​តែ​ផ្សាយ​ទាំង​ទទឹង​ទិស ថា​ខ្ញុំ​បើក​បរ​បញ្ច្រាស​ទិស​ក្នុង​ល្បឿន​លឿន​នោះ​ទេ ហើយ​នៅ​ក្នុង​ឡាន​គឺ​មាន​តែ​ខ្ញុំ​ម្នាក់​ឯង​ប៉ុណ្ណោះ មិន​ពាក់ព័ន្ធ​ហ្នឹង​អ្នក​ណា​ឡើយ" អេនឌី បន្ថែម។

 

ក្រោយ​ពី​កើត​រឿង កាល​ពី​ថ្ងៃ​ទី០១.០៨.២០១៥ អេនឌី បញ្ជាក់​ថា លោក​បាន​ទៅ​សួរ​សុខ​ទុក្ខ​ជន​រង​គ្រោះ និង​សូម​អភ័យ​ទោស​ចំពោះ​ក្រុម​គ្រួសារ​ជន​រងគ្រោះ​រួច​ហើយ។ ប៉ុន្តែ​ដំណើរ​ការ​ដោះ​ស្រាយ​នៅ​បន្ត​ជជែក​គ្នា​នៅ​ឡើយ។

 

 

តារា​ប្រុស​បាន​ឱប​ស្រី​ស្អាត​រាប់​សិប​នាក់​រូប​នេះ បន្ត​ថា  "កំហុស​នេះ​គ្មាន​អ្នក​ណា​ម្នាក់​ចង់​អោយ​វា​កើត​ឡើង​នោះ​ទេ វា​ជា​កំហុស​អចេតនា តែ​ខ្ញុំ​បាន​ទទួល​កំហុស​ដោយ​អចេតនា​របស់​ខ្ញុំ​រួច​ហើយ ដោយ​មិន​បាន​រត់​គេច​ទៅ​ណា​ទេ ដូច្នេះ​ហើយ​គួរ​តែ​បង​ប្អូន​ទាំង​អស់​យល់​អំពី​ខ្ញុំ​ផង កុំ​អោយ​ឃើញ​មនុស្ស​មាន​កំហុស​បន្តិចបន្តួច​ចេះ​តែ​មក​ជាន់​បន្ថែម"។

 

លោក​បន្ត​ទៀត​ថា " អ្នក​សិល្បៈ​ក៏​ជា​មនុស្ស​ដូច​អ្នក​ទាំង​អស់​គ្នា​ដែរ ដែល​តែង​មាន​កំហុស គ្មាន​មនុស្ស​ណា​ម្នាក់​កើត​មក​ហើយ​មិន​ចេះ​ខុស​នោះ​ទេ អ្នក​និយាយ​ចេះ​តែ​និយាយ​បាន​ហើយ​ចុះ​បើ​ប៉ះ​ខ្លួន​ឯង រឺ​ក៏​ក្រុម​គ្រួសារ​ខ្លួន​ឯង​វិញ​ទើប​ដឹង​ថា​វា​យ៉ាង​ម៉េច នេះ​ខ្ញុំ​មិន​បាន​រត់​ទៅ​ណា​ផង នៅ​ទទួល​ខុស​ត្រូវ ចុះ​អ្នក​ដែល​មាន​បញ្ហា​ដូច​ខ្ញុំ​ហើយ​គាត់​រត់​បាត់​នោះ​តើ​អ្នក​ទាំង​អស់​គ្នា​គិត​ម៉េច​វិញ?”

 

អេនឌី បន្ថែម​ទៀត​ថា "ខ្ញុំ​គ្មាន​អី​បក​ស្រាយ​ទៀត​ទេ​ក្រៅ​ពី​សូម​អភ័យ​ចំពោះ​ជន​រងគ្រោះ ក្រុម​គ្រួសារ​ជន​រង​គ្រោះ និង​បង​ប្អូន​ទាំង​អស់ ចំពោះ​កំហុស​ដោយ​អចេតនា​របស់​ខ្ញុំ ដោយ​មិន​បាន​គោរព​ច្បាប់​ចរាចរណ៍​អោយ​បាន​ត្រឹម​ត្រូវ ហើយ​ខ្ញុំ​សូម​សន្យា​ថា​មិន​អោយ​មាន​ជា​លើក​ទី​ពីរ​ជា​ដាច់​ខាត ពី​ខ្ញុំ អែនឌី "។

 

ជា​មួយ​នឹង​ការ​ដឹង​កំហុស និង​បង្ហាញ​ពី​ការ​ទទួល​ខុស​ត្រូវ​ចំពោះ​ទង្វើ​របស់ អេនឌី នៅ​ពេល​នេះ។ ប្រិយមិត្ត​ជា​ច្រើន បាន​សាទរ និង​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​ដទៃ​ទៀត​យក​គំរូ​តាម៕

 

ស្រី​ស្អាត បេនីយុំាង និង អេនឌី បកស្រាយ​រឿង​គ្រោះថ្នាក់​ចរាចរណ៍​យប់មិញ  

អត្ថបទ៖ ទារិកា

អត្ថបទពេញនិយម