វិធី​​ងាយ​ៗ​កម្ចាត់​ក្លិន​ខោ​អាវ​​ផ្អួរ​ និង​ទូរ​​សំលៀក​បំពាក់​​ក្លិន​មិន​ល្អ​

  • 2015-08-03 22:18:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សំលៀក​បំពាក់​​ដែល​មាន​ក្លិន​ផ្អួរ គឺ​ដោយ​សារ​​​​បោក​ហាល​មិន​ត្រូវ​ពន្លឺ​ថ្ងៃ​គ្រប់​គ្រាន់ ​ជា​ពិសេស​គឺ​អំឡុង​រដូវ​ភ្លៀង​នេះ​តែ​ម្ដង។ ចំណែក​ទូរ​ដាក់​សម្លៀកបំពាក់​វិញ ក៏​អាច​មាន​ក្លិនមិន​ល្អ​ដែរ ប្រសិន​បើ​អ្នក​ផ្ដុំ​ខោ​អាវ​គរ​គ្នា​ច្រើន​ថ្ងៃ​នោះ។ ដើម្បី​កម្ចាត់​បញ្ហា​ទាំង​នេះ អ្នក​អាច​អនុវត្ត​តាម​វិធី​ខាង​ក្រោម៖

 

ចំពោះ​សំលៀក​បំពាក់​

 

១. ប្រើ​ទឹក​ខ្មេះ​​​

 

ទឹក​ខ្មេះ​​​អាច​ប្រើ​ដើម្បី​បំបាត់​ក្លិន​មិន​ល្អ​ពី​​សម្លៀកបំពាក់​​បាន​។ ​​លាយ​ទឹក​ខ្មេះ ​(មាន​ជាតិ​អាស៊ីត​ទាប) ​ក្នុង​បរិមាណ​ស្មើ​គ្នា​ក្នុង​ដប​​​​​បាញ់​ទឹក រួច​​​សាក​ល្បង​រក​ក្រណាត់​ស្អាត​មួយ​មក​បាញ់​បន្តិច​​សាក​ល្បង​មើល​ ឃើញ​ថា​មិន​មាន​ពណ៌​ប្រែ​ប្រួល អ្នក​អាច​យក​ទៅ​បាញ់​លើ​សម្លៀកបំពាក់បាន។ បន្ទាប់​មក​ដាក់​​​ព្យួរ​សំលៀក​បំពាក់​​ឲ្យ​ត្រូវ​ខ្យល់​​នោះ​​ក្លិន​​មិន​ល្អ​នឹង​រសាយ​អស់​។

 

២. ប្រើ​​​ទឹក​ក្រូច​ឆ្មារ

 

សម្រាប់​ទឹក​ក្រូច​ឆ្មារ​ក៏​មាន​ប្រសិទ្ធភាព​​ដូច​ទឹក​ខ្មេះ​ដែរ​ ។ លាយ​ទឹក​ក្រូច​ឆ្មារ​មួយ​ស្លាបព្រា​បាយ​ជា​មួយ​ទឹក​មួយ​ពែង​ ដាក់​ចូល​ក្នុង​ដប​បាញ់​ទឹក​។ ដាក់​​​ព្យួរ​សំលៀក​បំពាក់​រួច​​​បាញ់​ទឹក​ក្រូច​ឆ្មារ​ដាក់ ទុក​ឲ្យ​ស្ងួត​ នោះ​ក្លិន​​​មិន​ល្អ​​​នឹង​បាត់​បង់ និង​ធ្វើ​ឲ្យ​មាន​ក្លិន​ល្អ​ឡើង​វិញ​។

 

ចំពោះ​កន្លែង​ដាក់​សំលៀក​បំពាក់

 

១. អំបិល

 

សម្រាប់​​ទូ​ខោ​អាវ​ដែល​ដាក់​អាវ​ផ្ដុំ​​គ្នា​ច្រើន អាច​មាន​ក្លិន​មិន​ល្អ​ ដូច​នេះ​អំបិល​អាច​កម្ចាត់​ក្លិន​នោះ​បាន ព្រោះ​អំបិល​ជួយ​កម្ចាត់​ជាតិ​សំណើម។ ដាក់​អំបិល​​បរិមាណ​សម​ល្មម​ក្នុង​កូន​​ថង់​ឬ​ក្រណាត់​មួយ​ ចង​មាត់​ឲ្យ​ជិត​រួច​យក​ទៅ​ដាក់​ទូ​ឬ​កន្លែង​ទុក​​ខោអាវ នោះ​អាច​បំបាត់​ក្លិន​មិន​ល្អ​បាន។ គប្បី​ប្ដូរ​អំបិល​យ៉ាង​តិច​ណាស់​ពីរ​ឬ​​បី​ថ្ងៃ​ម្ដង។

 

២. ស្លឹក​ស្ដៅ

 

ស្លឹក​ស្ដៅ​មិន​ត្រឹម​តែ​យក​មក​​ទទួល​ទាន​បាន ប៉ុន្តែ​អ្នក​អាច​​​យក​ស្លឹក​ស្ដៅ​ដែល​មាន​ជាប់​ទាំង​មែក​មក​ជា​មួយ​ ​​​ទៅ​​ដាក់​​​នៅ​កន្លែង​ដាក់​ខោ​អាវ​ដែល​មាន​​ក្លិន​មិន​ល្អ​​ ដោយ​វា​អាច​​​​កម្ចាត់​​ក្លិន​​ផ្សិត​ផ្អួរ​។ ក្រៅ​ពី​នេះ​កន្លែង​​ទុក​ដាក់​របស់​របរ​ដែល​មាន​ធំ​ក្លិន​អាក្រក់ ស្លឹក​ស្ដៅ​អាច​​ប្រើ​ការ​បាន​។

 

គួរ​បញ្ជាក់​ផង​ដែរ​ថា​វិធី​សាស្រ្ដ​បំបាត់​ក្លិន​ក្នុង​ទូរ​សម្លៀកបំពាក់​ខាង​លើ​នេះ ក៏​អាច​យក​ទៅ​អនុវត្ត​ដើម្បី​បំបាត់​ក្លិន​មិន​ល្អ​ផ្សេងៗ​ក្នុង​ផ្ទះ​របស់​អ្នក​បាន​ផង​ដែរ៕

 

ចុច​អាន៖ របៀប​បត់​សម្លៀក​បំពាក់​ឲ្យ​បាន​ត្រឹមត្រូវ​ពេលធ្វើ​ដំណើរ​

 

ប្រែ​សម្រួល៖ មាន រតនា ប្រភព៖ hubpages , thehealthsite ​​​​​​​​​​​​​

អត្ថបទពេញនិយម