កីឡាករកំពូលអឺរ៉ុបទាំង៧ ជាប់សែស្រឡាយអាស៊ីអាគ្នេយ៍
- 2015-08-12 13:15:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កីឡាករកំពូលអឺរ៉ុបទាំង៧ ជាប់សែស្រឡាយអាស៊ីអាគ្នេយ៍
ចន្លោះមិនឃើញ
កីឡាករបាល់ទាត់ ដែលកំពុងលេងនៅលីកកំពូលៗរបស់អឺរ៉ុប ក៏មានមួយចំនួន មានដើមកំណើត ឬជាប់សែស្រឡាយមកពីប្រទេសតំបន់អាស៊ីអាគ្នេយ៍យើងដែរ។ តើមានកីឡាកររូបណាខ្លះ ហើយកំពុងលេងឲ្យក្រុមណាខ្លះទៅ? ប្រិយមិត្តចង់ដឹងច្បាស់ សូមមើលកីឡាករទាំង៧នាក់ ដូចខាងក្រោម៖
១. Radja Nainggolan – Roma
ខ្សែបម្រើវ័យ២៧ឆ្នាំ កើតនៅទីក្រុង Antwerp ប្រទេសបែលហ្សិក មានម្ដាយជនជាតិបែលហ្សិក និងឪពុកជនជាតិឥណ្ឌូណេស៊ី។ កាលវ័យ១៧ឆ្នាំ Nainggolan បានទៅប្រកបអាជីពនៅប្រទេសអ៊ីតាលី លេងឲ្យក្រុម Piacenza មុនពេលទៅចូលរួមក្រុម Cagliari ក្របខ័ណ្ឌ Serie A ឆ្នាំ២០១០។ បច្ចុប្បន្នកីឡាកររូបនេះ កំពុងលេងឲ្យក្រុម Roma និងជ្រើសរើសលេងឲ្យក្រុមជម្រើសជាតិបែលហ្សិក។
២. David Alaba – Bayern Munich
Alaba កើតនៅទីក្រុង Vienna ប្រទេសអូទ្រីស មានឪពុកជនជាតិនីហ្សេរីយ៉ា និងម្ដាយជនជាតិហ្វីលីពីន។ បច្ចុប្បន្ន ខ្សែការពារវ័យ២៣ឆ្នាំ កំពុងលេងឲ្យក្រុម Bayern Munich និងក្រុមជម្រើសជាតិអូទ្រីស ទោះមានសិទ្ធចូលលេងឲ្យជម្រើសជាតិនីហ្សេរីយ៉ា និងហ្វីលីពីនក៏ដោយ។
៣. Dion Cools – Club Brugge
Dion Cools (អាវខៀវ, កណ្តាល)
Cools មានឪពុកជនជាតិបែលហ្សិក និងម្ដាយម៉ាឡេស៊ី កើតនៅទីក្រុង Kuching ប្រទេសម៉ាឡេស៊ី ប៉ុន្តែគ្រួសាររបស់គេ ទៅរស់នៅប្រទេសបែលហ្សិក។ បច្ចុប្បន្ន ខ្សែការពារវ័យ១៩ឆ្នាំ កំពុងលេងឲ្យក្លិប Club Brugge និងលេងឲ្យក្រុមជម្រើសជាតិ U-19 បែលហ្សិក ហើយកីឡាកររូបនេះ ក៏មានជម្រើសលេងឲ្យក្រុមជម្រើសជាតិម៉ាឡេស៊ីផងដែរ។
៤. Yohan Cabaye – Crystal Palace
ខ្សែបម្រើ Cabaye គឺជាតារាឆ្នើមរបស់ក្រុមជម្រើសជាតិបារាំង ចាប់តាំងពីលេងឲ្យ Lille ឆ្នាំ២០០៤។ កីឡាករវ័យ២៩ឆ្នាំ ក៏មានជាប់សែស្រឡាយជនជាតិវៀតណាមដែរ ដោយសារមានយាយជាជនជាតិវៀតណាម។ អតីតកីឡាករក្រុម Paris Saint-Germain និង Newcastle United រូបនេះ បច្ចុប្បន្នកំពុងលេងឲ្យក្រុម Crystal Palace នៅ English Premier League។
៥. Emilio Audero Mulyadi – Juventus
អ្នកចាំទីវ័យ១៨ឆ្នាំ មានឪពុកជនជាតិឥណ្ឌូណេស៊ី និងម្ដាយអ៊ីតាលី កើតនៅទីក្រុង Mataram ប្រទេសឥណ្ឌូណេស៊ី។ Emilio ចូលហាត់នៅក្លិប Juventus តាំងពីក្មេង ហើយរដូវកាល២០១៥/១៦ នេះ រូបគេក៏ជាប់ជាអ្នកចាំទីដៃទី៤ របស់ក្រុមជើងឯកអ៊ីតាលីដែរ។ បច្ចុប្បន្ន កីឡាកររូបនេះ លេងឲ្យឈុតយុវជនរបស់ក្រុមជម្រើសជាតិអ៊ីតាលី។
៦. Shaun Maloney – Chicago Fire (MLS)
តារាឆ្នើមរបស់ក្រុមជម្រើសជាតិស្កុតឡែនរូបនេះ កើតនៅរដ្ឋ Sarawak ប្រទេសម៉ាឡេស៊ី មានឪពុកម្ដាយជនជាតិអង់គ្លេស មុនពេលទៅនៅស្កុតឡែន តាំងពីរូបគេនៅវ័យ៥ឆ្នាំ។ កីឡាករវ័យ៣២ឆ្នាំ បច្ចុប្បន្នកំពុងលេងនៅលីកកំពូលអាមេរិក MLS ក្រុម Chicago Fire។
៧. John Heitinga – Ajax
ខ្សែការពារដែលចូលលេងឲ្យក្រុមជម្រើសជាតិហុល្លង់ តាំងពីឆ្នាំ២០០៤ និងធ្លាប់លេងឲ្យក្រុម Atletico Madrid, Everton, Fulham, Hertha Berlin និងបច្ចុប្បន្នលេងឲ្យ Ajax រូបនេះ កើតនៅប្រទេសហុល្លង់ ប៉ុន្តែកីឡាករវ័យ៣១ឆ្នាំ ធ្លាប់បង្ហើបប្រាប់ថា ខ្លួនមានជាប់សែស្រឡាយជនជាតិឥណ្ឌូណេស៊ី ព្រោះមានឪពុកមានដើមកំណើតនៅកោះស៊ូម៉ាត្រា ប្រទេសឥណ្ឌូណេស៊ី៕
-ចុចអាន៖ ១០ក្លិបនៅអាស៊ីអាគ្នេយ៍ មានអ្នកទស្សនាច្រើនជាងគេបំផុត
ប្រែសម្រួល៖ វិន ជីវ័ន្ត ប្រភព៖ footballchannel.asia