យ៉ែម សំអូន អស់អីថ្លែងរឿងភរិយារត់ចោល
- 2015-08-21 13:12:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យ៉ែម សំអូន អស់អីថ្លែងរឿងភរិយារត់ចោល
ចន្លោះមិនឃើញ
ទំនាស់ក្នុងគ្រួសារលោក យ៉ែម សំអូន ដែលចុងក្រោយត្រូវ យ៉ាន លីនដា ជាភរិយាឡើងយន្តហោះទៅអូស្ត្រាលីចោលបាត់ប្រមាណ២ខែហើយនោះ បន្តស្ថិតនៅក្នុងសភាពស្ងប់ស្ងាត់ បន្ទាប់ពីភាគីខាងប្រុស ប្រាប់ថា លោកលែងមានអ្វីត្រូវនិយាយហើយ។
យ៉ែម សំអូន ឆ្លើយដូច្នេះ បន្ទាប់ពីក្រុមអ្នកសារព័ត៌មានជាច្រើន បានជជីកសួររកការវិវត្តនៃដំណើររឿងរបស់ពួកគេ ព្រោះបន្ទាប់ពីកើតរឿងហើយទៅដល់អូស្ត្រាលី យ៉ាន លីនដា ព្រលយថានឹងប្ដឹងលែងលះ។ ឯភាគីខាងប្រុសនេះវិញ ក្រោយពីបរាជ័យក្នុងការសុំទោសចំពោះកំហុសរបស់ខ្លួនដែលជ្រុលបង្កហិង្សាលើភរិយា និងរឿងរ៉ាវផ្សេងៗទៀតនោះ ក៏នៅតែបន្តការងារនៅស្រុកខ្មែរ មិនខ្ចីទៅតាមភរិយាឡើយ។
ជុំវិញសាច់រឿងទាំងនេះ យ៉ែម សំអូន និយាយយ៉ាងខ្លីជាមួយសារព័ត៌មាននាឱកាសនោះថា " ខ្ញុំសូមមិននិយាយអ្វីទាំងអស់ ខ្ញុំគិតថា ខ្ញុំបានធ្វើអ្វីគ្រប់គ្រាន់អស់ហើយ ខ្ញុំរង់ចាំតែពេលវេលាប៉ុណ្ណោះដែលអាចបញ្ជាក់បាន"។
នៅពេលក្រុមអ្នកសារព័ត៌មានបន្តសួរបញ្ជាក់ថា តើចំណងស្នេហ៍របស់លោកអាច វិលរកសភាពដើមវិញទេ? តារាប្រុសដែលចាប់ផ្ដើមល្បីឈ្មោះតាមរយៈបទ "ចំប៉ាប៉ោយប៉ែត" រូបនេះ លើកឡើងថា បើលោកឆ្លើយថា អាចវិញមកវិញ ហាក់បីដូចជាលោកច្បាស់ក្នុងចិត្តពេក។ ដូចនេះហើយ លោកបានត្រឹមស្នើឲ្យទស្សនិកជនរង់ចាំតាមដានទាំងអស់គ្នាប៉ុណ្ណោះ។
លោក យ៉ែម សំអូន ត្រូវបាន អ្នកនាង យ៉ាន លីនដា ចោទថាមានទំនាក់ទំនងស្នេហាជាមួយ តារាប្រុសក្មេងម្នាក់ដែលស្ថិតក្នុងក្រុមបង្ហាញម៉ូដ cambodia supermodel ប៉ុន្តែរហូតមកទល់ពេលនេះ តារាប្រុសម្នាក់នោះ នៅមិនទានវែកមុខឃើញនៅឡើយទេ។ ជាមួយគ្នានោះដែរ លោកក៏ត្រូវបានភរិយាដដែលនោះចោទថា បានប្រើអំពើហិង្សាធ្វើឲ្យនាងមានរបួសលើរាងកាយ ទើបជាហេតុធ្វើឲ្យនាងអស់ការស៊ូទ្រាំ ហើយចេញទៅអូស្ត្រាលីជួបជុំគ្រួសារនៅទីនោះ។
ថ្មីៗនេះផងដែរ អ្នកនាង យ៉ាន លីនដា បានផ្ដល់បទសម្ភាសន៍ដល់បណ្ដាញសារព័ត៌មានក្នុងស្រុកមួយចំនួនថា បានឲ្យមេធាវី ដាក់ពាក្យបណ្ដឹងលែងលះជាមួយលោក យែម សំអូន ទៅតុលាការ រួចរាល់អស់ហើយ រង់ចាំ តុលាការកោះហៅតែប៉ុណ្ណោះ៕
អានអត្ថបទ៖ ភ្ជាប់ពាក្យរួចហើយ VJ រតនា ជូនថ្លៃបណ្ណាការ លឹម លីហ្សា ប៉ុន្មាន?
អានអត្ថបទ៖ តាំងពីចូលសិល្បៈ ដឹងថា ឌុច លីដា ប្ដូររថយន្តប៉ុន្មានគ្រឿងអត់?
អត្ថបទ៖ ខុត សីហា