ដំរី​ចុះ​ប្រេង​នៅ​ថៃ​សម្លាប់​​ហ្ម រួច​រត់​ចូល​ព្រៃ​​​ពេលកំពុង​ដឹក​ទេសចរ

  • 2015-08-27 20:01:27
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដំរី​​​ឈ្មោល​មួយ​ក្បាល​ដែល​គេ​ប្រើ​ដើម្បី​ដឹក​ទេសចរ​នៅ​ក្នុង​ប្រទេស​ថៃ​ បាន​សម្លាប់​ហ្ម​ រួច​រត់​ចូល​ព្រៃ​​​ អំឡុង​ពេល​កំពុង​ដឹក​ភ្ញៀវ​នៅ​ខេត្ត​ឈៀងម៉ៃ ​វេលា​ម៉ោង​៩:៣០នាទី​ព្រឹក​ថ្ងៃ​ពុធ​ម្សិលមិញ។

 

ដំរី​មួយ​ក្បាល​នេះ ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​​ចុះ​ប្រេង ពេល​​មាន​ភ្ញៀវ​កំពុង​ជិះ​ រួច​បាន​សម្លាប់​ហ្ម​ដំរី​ដែល​កំពុង​បញ្ជា​។ ប៉ូលិស​បាន​បញ្ជាក់​ថា​ ក្រោយ​ពី​សម្លាប់​ហ្ម​រួច​ហើយ វា​បាន​រត់​ចូល​ព្រៃ ទៅ​ជាមួយ​ទេសចរ​ចិន​៣នាក់​ដែល​កំពុង​​នៅ​លើ​ខ្នង​របស់​វា។

 

ដំរី​ផ្សេង​ទៀត​ដែល​កំពុង​ដឹក​ភ្ញៀវ​ទេសរ

 

យ៉ាង​ណា​ក្ដី គ្រួសារ​ចិន​ដែល​មាន​ឪពុក ម្ដាយ​ និង​កូន​តូច​នោះ មិន​មាន​គ្រោះថ្នាក់​អ្វី​ក្រៅ​ពី​ភាព​ភ័យ​ខ្លាច​នោះ​ទេ ក្រោយ​ត្រូវ​បាន​ជួយ​សង្រ្គោះ​ដោយ​ហ្ម​ដំរី​ផ្សេង​ទៀត។ នេះ​បើ​យោង​តាម​ការ​ឲ្យ​ដឹង​ពី​លោកវរសេនីយ៍​ Thawatchai Thepboon មេបញ្ជាការ​ប៉ូលិស​នៅ​ស្រុក​ Mae Wang ក្នុង​ខេត្ត​ឈៀង​ម៉ៃ។

 

ដំរី​ដែល​ជា​សត្វ​មួយ​ប្រភេទ​ដែល​ថៃ​ចាត់​ទុក​ថា​​អត្តសញ្ញាណ​មួយ​របស់​ជាតិ។ វា​​គឺ​ជា​សត្វ​ដ៏​ពេញ​និយម​ដែល​គេ​ប្រើ​សម្រាប់​ទាក់ទាញ​ទេសចរ​ក្នុង​ប្រទេស​ថៃ​ ដែល​​គេ​ប្រើ​វា​ឲ្យ​ដឹក​ភ្ញៀវ​ទេសចរ​​នៅ​ក្នុង​តំបន់​ទេសចរណ៍​ជា​ច្រើន​នៅ​ក្នុង​ប្រទេស​នេះ។

 

ក្រុម​ការពារ​សិទ្ធិ​សត្វ​ព្រៃ​ជា​ច្រើន បាន​​ជំទាស់​ថា​នេះ​ជា​សកម្មភាព​ដ៏​ឃោរឃៅ និង​ធ្វើ​ឲ្យ​សត្វ​ត្រូវ​មក​រស់​នៅ​យ៉ាង​តប់​ប្រមល់។ លោក Edwin Wiek មក​ពីអង្គការ Wildlife Friends of Thailand បាន​និយាយ​ថា៖ "​ដំរី​ត្រូវ​បាន​គេ​ប្រើ​រៀងរាល់​ថ្ងៃ រៀងរាល់​ខែ ជាទូទៅ​គឺ​ពេញ​៣៦៥ថ្ងៃ​ក្នុង​មួយ​ឆ្នាំ។ ប្រសិន​បើ​អ្នក​​ត្រូវ​គេ​ប្រើ​ឲ្យ​ធ្វើ​ដូច​នោះ​ដែរ គឺ​អ្នក​ប្រាកដ​ជា​ស្រ្ដេស​ស្លាប់។ ដំរី​ក៏​មិន​ខុស​ពី​មនុស្ស​ដែរ ដែល​ពេល​ខ្លះ​ពួក​វា​មួម៉ៅ ហើយ​​ពេល​នោះ​យើង​ពិបាក​នឹង​គ្រប់គ្រង​វា​ណាស់"។

 

ការ​លើក​ឡើង​របស់​អ្នក​ការពារ​សត្វ​ព្រៃ​ខាង​លើ​ អាច​ស៊ី​គ្នា​ទៅ​នឹង​រឿងរ៉ាវ​ដែល​កើត​ឡើង ហើយ​​ជាក់ស្ដែង នេះ​មិន​មែន​ជា​លើក​ទី​១​នោះ​ទេ​ដែល​ដំរី​បាន​តបត​ទៅ​កាន់​មនុស្ស​រហូត​បង្ក​ឲ្យ​មាន​អ្នក​ស្លាប់បែប​នេះ។

 

 

សព្វថ្ងៃ ដំរី​ដល់​ទៅ​៤០០០ក្បាល​ត្រូវ​បាន​គេ​យក​​មក​បម្រើ​វិស័យ​ទេសចរណ៍​ក្នុង​ប្រទេស​ថៃ​ ខណៈ​មាន​ប្រមាណ​តែ​២៥០០ក្បាល​ប៉ុណ្ណោះ​ដែល​កំពុង​រស់​នៅ​ក្នុង​ព្រៃ៕

 

ចុច​អាន៖ ដំរី​កម្សត់​នៅ​ឥណ្ឌា ​ឃើញ​ហើយ​អាច​ស្រក់​ទឹក​ភ្នែក

 

ប្រភព៖ mail online