Barca ​បន្ថែម​ស្លាក​សញ្ញា​ថ្មី​២​​ទៀត​លើ​អាវ សម្រាប់​ប្រកួត​ UCL

  • 2015-09-02 21:16:08
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​អ្នកមាន​បុណ្យ FC Barcelona បាន​ចេញ​អាវ​ជាមួយ​នឹង​ស្លាក​សញ្ញា​ថ្មី​ ​ដែល​មាន​​​ភ្ជាប់​មក​ជាមួយ​ Logo ពាន​ UEFA Champions League ៥​សម័យ​កាល ​សម្រាប់​ប្រើ​ប្រាស់ ក្នុង​ការ​ប្រកួត​ក្របខ័ណ្ឌ​កំពូល​អឺរ៉ុប​រដូវ​កាល​នេះ។

 

 

​​​ម្ចាស់​ជើង​ឯក​អឺរ៉ុប ដែល​លើក​ពាន​លើក​ទី​៥ នៅ​កីឡដ្ឋាន Olympiastadion ​នា​ទីក្រុង​ប៊ែរឡាំង ប្រទេស​អាល្លឺម៉ង់ កាល​ពី​ថ្ងៃ​ទី​០៦ ខែ​មិថុនា ឆ្នាំ​២០១៥ ​បាន​បន្ថែម​ស្លាក​សញ្ញា​២​​ទៀត នៅ​លើ​អាវ​របស់​ខ្លួន​ ពោល​គឺ​​ Logo ពាន​ UEFA Champions League ឆ្នាំ​២០១៥ នៅ​​លើ​ដៃ​អាវ​ខាង​ស្ដាំ និង​រូប​ពាន​កំពូល​អឺរ៉ុប​ជាមួយ​នឹង​លេខ​៥ នៅ​ផ្នែក​ខាង​ឆ្វេង​នៃ​​ដៃ​អាវ។

 

ក្រៅ​ពី​​បន្ថែម​ស្លាក​សញ្ញា​ថ្មី​២​នេះ Barca ក៏​នៅ​តែ​បន្ត ​ពាក់​អាវ​ជាមួយ​នឹង​ Logo “Respect” ​ដែល​ជា​ផ្នែក​មួយ​​​នៃ​ការ​ផ្សព្វផ្សាយ​របស់​ UEFA ​ដើម្បី​ឲ្យ​យល់​ពី​តម្លៃ​វិជ្ជមាន​ក្នុង​ការ​ប្រកួត​ដដែល ​ដោយ​ Logo នេះ ស្ថិត​នៅ​ក្រោម​ស្លាក​សញ្ញា​ពាន​លេខ​៥ នៅ​ដៃ​អាវ​ខាង​ឆ្វេង។

 

​​Barcelona បាន​យក​ឈ្នះ​លើ​ Juventus នៅ​ទីក្រុង​ប៊ែរឡាំង គឺ​​ជា​ពាន​ UEFA Champions League លើក​ទី​៥ បន្ទាប់​ពី​ឈ្នះ​៤​ដង​​ពី​មុន នៅ​ឆ្នាំ​១៩៩២, ២០០៦, ២០០៩ និង​២០១១ ​ហើយ​​ចំនួន​នេះ​ គឺ​ស្មើ​ទៅ​នឹង​ក្លិប​ Bayern Munich ​និង​ Liverpool ​ប៉ុន្តែ​នៅ​ចាញ់​ AC Milan ​​​ទទួល​បាន​៧​ដង និង​ Real Madrid លើក​​បាន​១០​ដង។

 

អ្នក​មាន​បុណ្យ​ Barca នឹង​​​ការពារ​តំណែង​ជើង​ឯក​របស់​ខ្លួន នៅ​ក្នុង​ពូល E ដែល​​​​ត្រូវ​ប្រជែង​ជាមួយ​​ក្រុម​ Bayer Leverkusen, AS Roma និង​ BATE Borisov ​ហើយ​ប្រកួត​ដំបូង​នឹង​ត្រូវ​ប៉ះ​ Roma នៅ​ប្រទេស​អ៊ីតាលី នា​ថ្ងៃ​ទី​១៦ ខែ​កញ្ញា​ខាង​មុខ​នេះ៕

 

-ចុចអាន៖ Barca ​ដំឡើង​​​ប្រាក់​ឈ្នួល​ Neymar ​​ស្មើ​ Messi ព្រោះ​ខ្លាច​ Man Utd ទិញ

 

​​ប្រែ​សម្រួល៖ វិន ជីវ័ន្ត ​ប្រភព៖ fcbarcelona

អត្ថបទពេញនិយម