Floyd ត្រូវគេសង្ស័យ ចាក់សារធាតុហាមឃាត់ មុនវ៉ៃឈ្នះ Pacquiao
- 2015-09-11 15:54:50
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Floyd ត្រូវគេសង្ស័យ ចាក់សារធាតុហាមឃាត់ មុនវ៉ៃឈ្នះ Pacquiao
ចន្លោះមិនឃើញ
កំពូលអ្នកប្រដាល់ Floyd Mayweather ត្រូវគេសង្ស័យថា មានប្រើប្រាស់សារធាតុហាមឃាត់ ដោយចាក់ថ្នាំជំនួយ IV មុនឡើងសង្វៀនវ៉ៃឈ្នះអ្នកប្រដាល់ហ្វីលីពីន Manny Pacquiao នៅទីក្រុង Las Vegas កាលពីខែឧសភា។
សារធាតុដែលគេសង្ស័យថា Floyd ចាក់មុនការប្រកួតនោះ គឺសារធាតុអំបិល និងពហុវីតាមីនដែលផ្សំជាមួយសារធាតុប៉ូវ ហើយសារធាតុទាំងអស់នេះ នឹងអាចជួយឲ្យមានថាមពលកាន់តែខ្លាំង ដែលច្បាប់បានហាមឃាត់។ ការសង្ស័យខាងលើនេះ គឺដោយសារតែ Floyd បានគេចវេះ មិនព្រមឲ្យភ្នាក់ងារ USADA ពិនិត្យខ្លួនឡើយ បន្ទាប់ពីទទួលបានជ័យជម្នះលើអ្នកប្រដាល់អាស៊ី រហូតដល់រយៈពេល១៩ថ្ងៃ។
យ៉ាងណា អ្នកប្រដាល់មិនដែលចាញ់របស់អាមេរិករូបនេះ ក៏បានចេញមកបកស្រាយភ្លាមៗផងដែរ កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ដោយនិយាយថា៖ "ដូចដែល USADA (ទីភ្នាក់ងារប្រឆាំងគ្រឿងញៀនសហរដ្ឋអាមេរិក) បានប្រកាសហើយ គឺខ្ញុំមិនបានប្រព្រឹត្តិខុសច្បាប់ នៃការប្រើប្រាស់សារធាតុហាមឃាត់របស់ភ្នាក់ងារ Nevada ឬ USADA ឡើយ។ ខ្ញុំតែងតែគោរពតាមច្បាប់ Nevada និង USADA ជានិច្ច។ ដូច្នេះខ្ញុំស្អាតស្អំ និងនៅតែបន្តជាកំពូលកីឡាករប្រដាល់លើលោកទៀត"។
Floyd នឹងប្រកួតលើកទី៤៩ ដែលជាប្រកួតចុងក្រោយមុននឹងចូលនិវត្តន៍ ប៉ះអ្នកប្រដាល់មិត្តរួមជាតិ Andre Berto នៅថ្ងៃសៅរ៍ស្អែកនេះ។ បើអ្នកប្រដាល់វ័យ៣៨ឆ្នាំឈ្នះទៀត នោះមានន័យថា រូបគេនឹងអាចរក្សាកំណត់ត្រា១០០% ឈ្នះគ្រប់ការប្រកួតផងដែរ៕
-ចុចអាន៖ ការប្រកួតរបស់ Floyd និង Berto អាចជាគ្មានអ្នកចូលមើលច្រើន
ប្រែសម្រួល៖ វិន ជីវ័ន្ត ប្រភព៖ dailymail