គួរ​ធ្វើ​យ៉ាង​ម៉េច​ខ្លះ​ ពេល​សង្សារ​ឈឺ?

  • 2015-09-11 17:36:54
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពេល​ឈឺ​ថ្កាត់​ មិន​ថា​បុរស​ ឬ​នារី​ ឡើយ​តែង​តែ​ចង់​ឱ្យ​ គូ​ស្នេហ៍​​ចេះ​បារម្ភ​ និង យក​ចិត្ត​ទុក​ដាក់​។ បើ​គូស្នេហ៍​ប្រិយមិត្ត​ឈឺ​តើ​គួរ​ បារម្ភ​បែប​ណា​​ខ្លះ​ទៅ?

 

១. សួរ​សុខ​ទុក្ខ

 

កញ្ញា ហេង លីដា​​ អតីត​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​បាន​ប្រាប់​ថា សម្រាប់​នាង​ផ្ទាល់​​មិន​ចាំ​បាច់​ទាល់​តែ​ធ្លាក់​ខ្លួន​ឈឺ​ងើប​មិន​រួច​ទេ គ្រាន់​តែ​​​ប្រាប់​ថា​ មិន​ស្រួល​ខ្លួន​ នាង​ចង់​ឱ្យ​មិត្ត​ប្រុស​សួរ​នាំ​ភ្លាម​។«ការ​សួរ​នាំ អញ្ចឹង​ធ្វើ​ឱ្យ​មាន​អារម្មណ៍​កក់​ក្ដៅ​ ដឹង​ថា​គេ​បារម្ភ​ពី​យើង!» លី​ដា​បាន​បន្ត។

 

សម្រាប់​គូ​ស្នេហ៍​ដែល​នៅ​ឆ្ងាយ​ពី​គ្នា លី​ដា ​​ផ្ដល់​យោបល់​ថា គួរ​តែ​ឧស្សាហ៍​ទូរសព្ទ​ឬ ផ្ញើ​សារ​សួរ​ ថា​ពេល​នេះ​គេ​យ៉ាង​ម៉េច​ទៅ​ហើយ គួរ​តែ​ទៅ​ពេទ្យ​ឬ​អត់ មិន​តែ​ប៉ុណ្ណោះ ពាក្យ​ផ្ដាំផ្ញើ​ដែ​ល​ខ្វះ​មិន​បាន​នោះ​ មាន​ដូច​ជា « គេង​ឱ្យ​បាន​ច្រើន កុំ​ខំ​លេង​ហ្វេសប៊ុក​ពេក» ​ជា​ដើម។

 

 

 

២. ទិញ​ថ្នាំ ឬ ទិញ​​ចំណី​

 

ងាក ​មក​ សុខ នីឡា វិញ​បាន​ប្រាប់​ថា « បើ​ខ្ញុំ​ផ្ដាសាយ​ គួរ​ទៅ​ទិញ​ថ្នាំ​ផ្ដាសាយ​ឱ្យ បើ​ខ្ញុំ​គ្រុន​ក្ដៅ​គួរ​ទៅ​ទិញ​ថ្នាំ​ក្ដៅ​ឱ្យ»។ បើ​សិន​ជា​​គូស្នេហ៍​​ឈឺ​នៅ​ផ្ទះ​ឬ ក៏​នៅ​ពេទ្យ មិត្តស្រី​ឬ មិត្ត​ប្រុស​ គួរ​តែ​ទូរសព្ទ​សួរ​ថា ​តើ​ ចង់​ញ៉ាំ​អី?​ គេ​នឹង​ទិញ​ឱ្យ។

 

ទោះ​ញ៉ាំ​កើត​ឬ​មិន​កើត​ ក៏​មាន​អារម្មណ៍​​ថា វា​ជា​អាហារ​ដែល​គូស្នេហ៍​ខំ​ជិះ​ម៉ូតូ​ទៅ​ទិញ​ឬ​ក៏​​ ខំ​ធ្វើ​​ដោយ​ខ្លួន​ឯងដែរ។

 

 

៣. មើល​ថែ​

 

សំ អ៊ីតែន​ សិស្ស​ថ្នាក់​ទី​ ១២ នៃ​វិទ្យាល័យ​ បូរី​ ១០០​ខ្នង​ បាន​ឱ្យ​ដឹង​ថា សម្រាប់​នាង​ផ្ទាល់​ នាង​ចង់​ឱ្យ​មិត្ត​ប្រុស​​នៅ​មើល​ថែ ជា​អ្នក​យក​ថ្នាំ​ ឱ្យ​នាង​លេប ជា​អ្នក​ដួស​បបរ​ឱ្យ​នាង​ញ៉ាំ​។ អ៊ីតែន​ក៏​បាន​បន្ត​ទៀត​ថា ពេល​ដាស់​នាង​ឱ្យ​ញ៉ាំ​ថ្នាំ​ ឬ ញ៉ាំ​បបរ​ត្រូវ​ ប្រើ​ពាក្យ​ផ្អែម​ល្ហែម​មិន​មែន​សម្លុត​ ឬ និយាយ​បែប​ព្រងើយ​កន្តើយ​ឡើយ។

 

ការ​ធ្វើ​បែប​នេះ អ៊ីតែន យល់​ថា​ វា​ធ្វើ​ឱ្យ​​អ្នក​ជំងឺ​មាន​អារម្មណ៍​ធូរ​ស្បើយ​ និង កក់​ក្ដៅ ចំណែក​ឯ​ស្នេហា​ ក៏​កាន់​តែ​​​ផ្អែម​ល្ហែម​ និង​យល់​ចិត្ត​គ្នា ព្រោះ​ពួក​គេមាន​ឱកាស​យល់​ចិត្ត​គ្នា​ ច្រើន​ជាង​មុន។

 

ដូច​គ្នា​នេះ​ដែរ ស៊ី​ថា​ មុន្នីរក្ស​​​បាន​ប្រាប់​ថា មនុស្ស​ប្រុស​ក៏​ដោយ​ បើ​​ដឹង​តែ​ឈឺ​ហើយ​មិត្ត​ស្រី មិន​មើល​ថែ​ទាំ​ គេ​គង់​តែ​មាន​អារម្មណ៍​តូច​ចិត្ត​ដូច​គ្នា។ «បើ​​មាន​មិត្ត​ស្រី​មើល​ថែ​ពេល​ឈឺ​ យើង​មាន​អារម្មណ៍​ថា គេ​មិន​បោះ​បង់​យើង​ឡើយ​»។ មុន្នីរក្ស​បញ្ជាក់។

 

 

ចុះ​ចំណែក​ប្រិយមិត្ត​វិញ​ យល់​យ៉ាងម៉េច​ដែរ​បើ​សង្សារ​ឈឺ?

 

 

អត្ថបទ៖ ណេង ណេង ​​​​

អត្ថបទពេញនិយម