៨ចំណុចនេះធ្វើឲ្យ iPhone 6s Plus លោតអត់រួចជាមួយ Galaxy Note 5
- 2015-09-16 22:39:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៨ចំណុចនេះធ្វើឲ្យ iPhone 6s Plus លោតអត់រួចជាមួយ Galaxy Note 5
ចន្លោះមិនឃើញ
បច្ចេកវិទ្យា និងមុខងារថ្មីដែលបានបំពាក់លើ iPhone 6s Plus របស់ក្រុមហ៊ុន Apple គឺប្រាកដជាធ្វើឲ្យអ្នកគាំទ្រទន្ទឹងចង់ប្រើស្មាតហ្វូនមួយនេះ។ តែបើងាកមកមើលគូប្រជែងវិញ ត្បិតតែបានប្រកាសមុនបន្តិចមែន ប៉ុន្តែការរចនាជំនាន់ចុងក្រោយរបស់ Galaxy Note 5 ក៏មិនចាញ់ iPhone 6s Plus ប៉ុន្មានដែរ។ មិនត្រឹមតែប៉ុណ្ណោះ មានចំណុចខ្លះអាចវ៉ាដាច់ផលិតរបស់ Apple ថែមទៀតផង។ ជាក់ស្ដែងដូចចំណុចទាំង ៨ ខាងក្រោម៖
១). កាមេរ៉ា៖ សម្រាប់ iPhone ជំនាន់ចុងក្រោយនេះគឺបានបង្កើនទំហំកាមេរ៉ា និងគុណភាពចាប់យករូបភាពបានកាន់តែច្បាស់។ ប៉ុន្តែនៅឆ្នាំនេះក្រុមហ៊ុន Samsung ក៏មិនចាញ់ក្រុមហ៊ុន Apple ប៉ុន្មានដែរ ដោយនៅលើ Galaxy Note 5 បានបំពាក់កាមេរ៉ាទំហំធំជាង iPhone 6s Plus ហើយថែមទាំងមាន Aperture ធំជាង មានមុខងារប្រើច្រើនជាង និងអាចថតរូបភាពប្រភេទ RAW និង Manual Mode បានថែមទៀតផង ។
២). S Pen: គ្រប់ជំនាន់ Galaxy Note ទាំងអស់សុទ្ធតែត្រូវបានរចនាឡើងបំពាក់ជាមួយនឹងប៊ិច។ តែដោយឡែកសម្រាប់ប៊ិច S Pen នៅលើ Galaxy Note ជំនាន់ចុងក្រោយនេះវិញត្រូវបានរចនាឡើងដោយបង្កើននូវមុខងារនៃការប្រើប្រាស់ ហើយស្រួលប្រើថែមទៀតផង។ ចំណែកឯ iPhone 6s Plus វិញមិនមានប៊ិចផ្ទាល់ខ្លួននោះទេ ប៉ុន្តែវាអាចប្រើជាមួយនឹងប៊ិចផ្សេង (3rd Party Pen ) បាន តែមិនមានមុខងារច្រើន និងងាយប្រើដូចទៅនិង S Pen ប្រើលើ Note 5 នោះទេ។
៣). ប្រព័ន្ធសាកថ្មតាមប្រព័ន្ធ Wireless ( Wireless Charging)៖ Samsung មិនត្រឹមតែបានបញ្ចូលនូវបច្ចេកវិទ្យាសាកថ្ម Wireless Charging នោះទេ បន្ថែមទៀតនោះ បច្ចេកវិទ្យាសាកថ្ម Wireless Charging លើ Galaxy Note 5 បានបង្កើនល្បឿនសាកបានកាន់តែលឿនជាងមុនដល់ទៅ ៣០ ភាគរយ។
៤). សាកថ្មតាមខ្សែបានលឿន៖ ក្រៅពីការសាកថ្មតាមប្រព័ន្ធ Wreless Charging លឿនហើយ ការសាកថ្មតាមខ្សែ microUSB ក៏អាចសាកបានកាន់តែលឿនដែរដោយវាមានបច្ចេកវិទ្យា Fast Charging ជួយបង្កើនល្បឿននៃការសាក។ ចំណែកឯ Apple គឺពុំទាន់បានបញ្ចូលនូវមុខងារមួយនេះទេទៅលើ iPhone របស់ខ្លួន។
៥). ផ្ទៃបង្ហាញអេក្រង់៖ កម្រិតបង្ហាញនៅលើ iPhone 6s Plus (1920 x 1080 ស្មើនឹង 401 ppi) គឺទាបជាងកម្រិតបង្ហាញនៅលើ Note 5 (2560 x 1440 ស្មើនឹង 518 ppi)។ ប៉ុន្តែ iPhone ក៏នៅតែផ្ដល់នូវការកម្រិតបង្ហាញច្បាស់។ យ៉ាងណាក្ដីផ្អែកទៅតាមកម្រិត ppi ស្មាតហ្វូនរបស់ Samsung គឺអាចបង្ហាញបានច្បាស់ជាង។
៦). RAM៖ ចំពោះទំហំ RAM ដែល Apple បានបំពាក់លើ iPhone 6s Plus គឺទាន់មានការបញ្ជាក់ច្បាស់ពីក្រុមហ៊ុននៅឡើយ។ បើទោះបីជាការបញ្ជាក់ពីប្រភពផ្សេងគ្នាពីទំហំ RAM លើ iPhone ជំនាន់ក្រោយនេះក៏ដោយក៏ទំហំដែលឲ្យដឹងនោះមានត្រឹមតែ 1 ទៅ 2 GB តែប៉ុណ្ណោះ។ តែសម្រាប់ Samsung វិញបានបំពាក់ទំហំដល់ទៅ 4GB ប្រភេទ LPDDR4 RAM ចូលទៅក្នុង Note 5 ដូច្នេះវាមិនមានបញ្ហាក្នុងការដំណើរការកម្មវិធីធំៗ និងច្រើនក្នុងពេលតែមួយនោះទេ។
៧). ប្រព័ន្ធចំណាយ Samsung Pay៖ ចំពោះ Apple Pay គឺជាប្រព័ន្ធចំណាយលុយទំនើបមួយ។ ប៉ុន្តែសម្រាប់ប្រព័ន្ធចំណាយថ្មីរបស់ក្រុមហ៊ុន Samsung ដែលទើបតែដាក់ឲ្យប្រើប្រាស់ជាលក្ខណៈសាកល្បងនេះវិញ ( Samsung Pay beta ) គឺរឹតតែទំនើបដោយវាអាចប្រើប្រាស់បានគ្រាប់ជាមួយនឹងគ្រប់ស្ថានីយទូទាត់ប្រាក់ទាំងអស់នៅសហរដ្ឋអាមេរិក។
៨). Split screen apps៖ នៅលើ Samsung Galaxy Note 5 អាចឲ្យអ្នកប្រើប្រាស់បើកដំណើរការ និងប្រើប្រាស់កម្មវិធីច្រើននៅលើផ្ទៃ Windows អេក្រង់ទូរសព្ទក្នុងពេលតែមួយ និងគ្រប់ទម្រង់អេក្រង់មិនថាផ្ដេក ឬបញ្ឈរនោះទេ។ តែចំពោះ iPhone 6s Plus វិញគឺអាចប្រើកម្មវិធីបានច្រើនក្នុងពេលតែមួយដែរតែបាននៅលើផ្ទៃផ្ដេកនៃអេក្រង់។
បើទោះបីជាចំណុចខាងលើនេះបានបង្ហាញឲ្យឃើញថា Galaxy Note 5 មានប្រៀបជាង iPhone 6s Plus ក៏ដោយ ប៉ុន្តែក៏នៅមានចំណុចជាច្រើនផ្សេងទៀតដែលអាចតម្រូវតាមចំណង់ចំណូលចិត្តរបស់អ្នកប្រើប្រាស់ផ្សេងៗគ្នា៕
អានបន្ត៖ មុននឹងដំឡើងទៅ iOS 9 ស្អែកនេះ តើអ្នកប្រើប្រាស់iPhone, iPad និង iPod ត្រូវដឹងអី្វខ្លះ?
ប្រែសម្រួល៖ សំនៀង ប្រភព៖ zdnet