មានសង្សារនាំគ្នា ទៅលេងវត្តភ្នំ បែកគ្នាមែនឬ?
- 2015-09-22 16:05:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មានសង្សារនាំគ្នា ទៅលេងវត្តភ្នំ បែកគ្នាមែនឬ?
ចន្លោះមិនឃើញ
ជំនឿដែលជឿនិងចែកចាយបន្តពី មួយជំនាន់ ទៅមួយជំនាន់ ទាក់ទងនឹងលោកយាយពេញ ដែលចាស់ៗហាមប្រាមមិនឱ្យ គូស្នេហ៍ទៅលេងវត្តភ្នំទេ ព្រោះថា លោកយាយពេញធ្វើឱ្យបែកគ្នា។ តើពិតជាបែកគ្នាមែនឬ?
«ខ្ញុំមិនជឿទេ តែក៏មិនហ៊ានសាកដែរ!» នេះជាការលើកឡើងរបស់ ណារ៉ាវឌ្ឍន៍។ និស្សិតពេទ្យរូបនេះបានឱ្យដឹងថា រូបគេមិនដែលនាំមិត្តស្រី ទៅលេងវត្តភ្នំទេ តែក៏មិនជឿថា ការនាំនាងទៅលេងទីនោះធ្វើឱ្យបែកគ្នាដែរ បើទោះជាបែកគ្នាមែនប្រហែលមានមូលហេតុផ្សេង។
ចំណែក សំ អ៊ីតែនវិញ បានប្រឆាំងនឹងគំនិតនេះថា នាងមិនជឿឡើយ បើទោះជា នាងនិងមិត្តប្រុសមិនដែល ទៅទីនោះក៏ដោយ។ យុវតីរូបនេះក៏អះអាងដែរថា នាងមិនខ្លាចនឹងបបួលមិត្តប្រុសទៅលេងទីនោះទេ ព្រោះខ្លួនជឿជាក់ថាបើមនុស្សពីរនាក់ស្រឡាញ់គ្នាមែន ទោះមានរឿងអ្វីក៏មិនបែកគ្នាដែរ។
ងាកមកស៊ឹម នីកា ជានិស្សិតនៅ វិទ្យាស្ថាន ភាសាបរទេស IFL បានប្រាប់ថា «ខ្ញុំបែកគ្នាជាមួយសង្សារ ពេលទៅលេងនៅទីនោះ មួយខែ!»។ នីកា បានបន្តថា មិនដឹងថាមកបារមីលោកយាយពេញឬ យ៉ាងណាទេ តែនាងនឹងមិត្តប្រុសចាប់ផ្ដើមព្រងើយកន្តើយនឹងគ្នា រហូតនាងមានអារម្មណ៍ថាមិនអាចទាក់ទង គ្នាទៀតបាន។ «មិនអាចទម្លាក់កំហុស លើយាយពេញបានទេ ព្រោះប្រហែលជាពួកខ្ញុំអស់ចិត្តពីគ្នា តែពួកយើងក៏មិនបានមានអ្នកណាថ្មីដែរ!»។ នីកាបានបញ្ជាក់។
ហាន់ រ៉ាប៊ីនវិញបានប្រាប់ថា រូបគេមិនជឿឡើយ ការជួប ឬបែកគ្នាអាស្រ័យលើសាមីខ្លួន មិនត្រូវទម្លាក់កំហុសលើលោកយាយពេញឡើយ។ អ្នកខេត្តព្រះសីហនុរូបនេះ បានប្រាប់ថារូបគេមិនដែលនាំមិត្តស្រី ទៅលេងនៅវត្តភ្នំទេ មិនមែនមានន័យថា គេទាំងពីរខ្លាចទេ គឺពុំទាន់មានឱកាស។ ប៊ីនក៏បានប្រាប់ទៀតថា គេសង្ឃឹមថា នឹងបាននាំមិត្តស្រីទៅលេងនៅវត្តភ្នំ ក្នុងឱកាសណាមួយជាមិនខាន។
ចំពោះលោកតាម្នាក់សុំមិនបញ្ចេញឈ្មោះ ជាចាស់ព្រឹទ្ធាចារ្យ មើលថែរក្សានៅវត្តភ្នំបានប្រាប់ឱ្យ Sabay ដឹងថា អបិយជំនឿនេះមិនអាចទទួលយកបានទេ។ លោកថាថ្លែងថា « យាយពេញឯណាដាច់ចិត្តពង្រាត់កូនចៅ ឱ្យព្រាត់គ្នានោះ មានតែគេបន់ស្រន់សុំឱ្យស្រឡាញ់គ្នាបានយូរ ជួបជាគូរគាប់ !»។
លោកតាបានបន្តទៀតថា បារមីលោកយាយពេញ ជួយថែរក្សាកូនចៅ ឱ្យបានសេចក្ដីសុខសប្បាយ ដូច្នេះនេះគ្រាន់តែពាក្យចចាមអារ៉ាមប៉ុណ្ណោះ៕
ចុះចំណែកប្រិយមិត្តវិញយល់យ៉ាងណាដែរ?
អត្ថបទ៖ ណេង ណេង