រឿងរ៉ាវហួសចិត្ត ខ្មោចក្នុងបន្ទប់ជួល
- 2015-09-21 21:19:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រឿងរ៉ាវហួសចិត្ត ខ្មោចក្នុងបន្ទប់ជួល
ចន្លោះមិនឃើញ
ជាមិត្តនឹងគ្នាតាំងពីបឋមសិក្សា ខ្ញុំនិងពួកម៉ាកសំណព្វចិត្តរបស់ខ្ញុំអាស្នា មានរឿងរ៉ាវប្លែកៗជាច្រើនរាប់មិនអស់ តាំងពីជូរចត់ កម្សត់ កំប្លែង និងរីករាយដំណាលគ្នា។ គ្រាន់តែរឿងរ៉ាវកំប្លែង និងរីករាយរវាងពួកយើងគឺមានច្រើនជាង។ វាជាមិត្តភក្ដិដែលខ្ញុំស្រលាញ់ និងមានអនុស្សាវរីយ៍ជាមួយច្រើនជាងគេ។ ហេតុនេះទើប ខ្ញុំចង់យករឿងពិតដ៏សែនហួសចិត្តមួយដែលហាក់សប្បាយផង និងហួសចិត្តផងជាមួយមិត្តម្នាក់នេះមកចែករំលែកក្នុងកម្មវិធី "មនុស្សដែលខ្ញុំចងចាំ" របស់ Sabay។
ចប់ទី ១២ ឆ្នាំ ២០០៧ យើងប្រឡងជាប់ដូចគ្នា។ ឡើងពីកំពង់ធំមក ខ្ញុំបានទៅនៅជាមួយបងស្រីខ្ញុំដែលមានគ្រួសារនៅភ្នំពេញស្រាប់។ ចំណែកអាស្នាត្រូវដើររកផ្ទះជួលដូចសិស្សទើបជាប់ទី ១២ ថ្មីៗផ្សេងទៀតដែលមកពីខេត្តដែរ។ រាងស្គាល់ផ្លូវច្រើនជាងវាដោយសារខ្ញុំឡើងមកនៅភ្នំពេញតាំងពីប្រឡងចប់ថ្មីៗ និងឧស្សាហ៍ឡើងចុះផ្ទះបងស្រីខ្ញុំពេលទំនេរ ខ្ញុំជាអ្នកឌុបវាតាមម៉ូតូគុប ៥០ ពណ៌ទឹកសមុទ្រកញ្ចាស់របស់ខ្ញុំដើរជ្រេតាមច្រកល្ហកនានាក្នុងទីក្រុងរកផ្ទះជួលដែលមានតម្លៃធូរ ហើយស្អាត។ ពេញមួយព្រឹក យើងជ្រេរកផ្ទះតាំងពីមុខម្ដុំសុវណ្ណា ដល់ផ្សារដើមគ ចុងក្រោយរកបាននៅម្ដុំម៉ុងឌីយ៉ាល់។ បន្ទប់ដែលជួលនោះស្អាតដែរ ដោយនៅក្បែរៗនោះមានបន្ទប់សង់សម្រាប់ជួលផ្សេងទៀតសរុប ៦ ទាំងបន្ទប់ដែលអាស្នាជួល។ វាបានកក់លុយ ២០ ដុល្លារដល់ម្ចាស់ផ្ទះដើម្បីឲ្យទុកបន្ទប់ឲ្យទម្រាំវារើចូល។
រូបតំណាង
ថ្ងៃរើចូលបានមកដល់។ ចំថ្ងៃអាទិត្យដែលទំនេរដែរ ខ្ញុំបានជួយជញ្ជូនអីវ៉ាន់វារៀបចំនៅក្នុងនោះទម្រាំហើយម៉ោង ៦ ល្ងាចល្មម។ ឃើញយើងរើឥវ៉ាន់ចូល អ្នកនៅជិះបន្ទប់ ចេះតែសម្លឹង និងខ្សឹបខ្សៀវគ្នាមិនដឹងនិយាយពីអីខ្លះទេ។ តែយើងមិនអើពើទេគិតតែរើឥវ៉ាន់រហូតហើយអស់។ ងូតទឹកស្អាតម៉ោង ៧ ល្មម។ ខ្ញុំត្រូវត្រឡប់ទៅផ្ទះបងស្រីវិញ ឯអាស្នានៅទីនោះតែម្នាក់ឯង។ ធម្មតា ដើម្បីសុំក្ដីសុខពេលរើចូលកន្លែងថ្មី វាបានហែកកំប៉ុងនំ Mr. Potato ដែលទិញនៅ Mart ដាក់ចានសម្រាប់សែនចូលនៅដំបូង។ អង្គុយក្នុងបន្ទប់បិទជិតតែឯង វាអុជធូបនិយាយពីរបីម៉ាត់បងផ្សងឲ្យមានក្ដីសុខអីចឹងទៅ។ រើឥវ៉ាន់រាងហត់បន្តិច និងមិនទាន់បានបាយល្ងាចផង អាស្នាហត់បន្តិចដែរ និងបានប្រាសខ្លួនប្រុងសម្ងំយកកម្លាំងបន្តិច។ កំពុងរលីវៗស្រាប់តែលឺសំឡេងទំពានំ ច្រោកៗ។ ដល់ត្រង់នេះ អាស្នាភ្ញាក់ និងបះរោមឡើងត្រង់ តែសំឡេងទំពានំមិនបានថមថយឡើយ។ តែវាគិតថា គ្មានអីទេ ប្រហែលជាវាហត់ពេក ហ៊ឹងត្រចៀកទើបលឺសំឡេងនោះ។ អស់ពីនោះ ពេលចូលងូតទឹកវាមានអារម្មណ៍ថា ដូចមាននរណាកំពុងអង្គុយលើសំឡឹងវារហូត តែវាមើលមិនឃើញអ្វីទាល់តែសោះ។
ម៉ោងប្រហែល ៩ យប់ហើយ។ បន្ទាប់ពីងូតទឹក និងបាយហើយ អាស្នាបានចូលដេក។ បិទភ្លើងសម្ងំជិតលក់ទៅហើយ សំឡេងគោះទ្វារ "ទូង! ទូង! ទូង!” វាភ្ញាក់ក្រញាង។ វាបើកភ្លើង ហើយដើរទៅបើកទ្វារមើលខាងក្រៅ មិនឃើញមាននរណាមកគោះទ្វារទេ។ វាបិទភ្លើងចូលដេកម្តងទៀត។ លើកនេះ សំឡេងមនុស្សរត់លាន់លឺខ្លាំងឡើងៗ។ ទ្រាំមិនបានវាបើកទ្វារ មើលម្ដងទៀត បន្ទប់នៅជិតគេបិទទ្វារអស់ មិនមាននរណានៅខាងក្រៅឡើង។ ដល់ត្រង់នេះ អាស្នាចាប់អារម្មណ៍ថា មានអ្វីប្លែក វាបានខលមកខ្ញុំរៀបរាប់ប្រាប់ពីរឿងរ៉ាវខាងលើ និងហៅខ្ញុំឲ្យមកដេកកំដរ។ ខ្ញុំឯណេះត្រូវមាត់បងស្រីមិនស្ទើរព្រោះយប់ហើយសុំគាត់ទៅ គាត់ថាខ្ញុំលួចទៅដើរលេងច្រើនជាងទៅជួបអាស្នា។ តែដើម្បីសំឡាញ់ ខ្ញុំត្រូវបោះពួយម៉ូតូទៅដេកកំដរវា។ ពេលជិះតាមផ្លូវមិនអីទេ តែពេលចូលដល់ក្នុងបន្ទប់ នឹកដល់សម្ដីវារៀបរាប់ប្រាប់តាមទូរសព្ទ ខ្ញុំព្រឺសម្បុរខ្ញាកៗ។ មែនពេញមួយយប់ យើងពីរនាក់សឹងថា ដេកមិនបាន ម្តងលឺសំឡេងនេះ សំឡេងនោះ ម្តងលឺសំឡេងយំឥតដាច់។ ពួកយើងបានត្រឹមដេកបើកភ្លើង បញ្ឈរភ្នែក និងឃ្លុំភួយមួយយប់ទល់ភ្លឺ។
ស្អែកឡើងពួកយើងបានលួចសួរអ្នកជិតខាងទើបគេប្រាប់ថា បន្ទប់ដែលអាស្នាជួលនៅគឺ ធ្លាប់មានអ្នកជួលមុនចងកសម្លាប់ខ្លួនព្រោះខូចចិត្តនឹងស្នេហា ហើយអ្នកមកជួលបន្ទប់នោះនៅ នៅមិនសូវបានយូរទេយ៉ាងយូរមួយអាទិត្យអីរើចេញទៅវិញហើយ។ ពួកគេថា ម្ចាស់ផ្ទះធ្លាប់និមន្តព្រះសង្ឃមកសូត្រមន្តច្រើនលើកច្រើនសារដែរ តែហាក់មិនឈ្នះអំណាចនៃភាពងងឹតនោះសោះ។ ដឹងរឿងនេះហើយ អាស្នាបានរើឥវ៉ាន់មកផ្ទះបងស្រីខ្ញុំសុំគាត់នៅមួយរយៈទម្រាំវារកផ្ទះថ្មីបាន។
នេះជារឿងរ៉ាវពិតដែលខ្ញុំ និងអាស្នាជួប ហើយរាល់ពេលដែលខ្ញុំនិយាយរឿងខ្មោចស៊ីនំ Mr. Patato ប្រាប់គេឯងគ្មាននរណាម្នាក់ជឿ និងឌឺដងខ្ញុំថា ពូកែប្រឌិតរឿងទៀត។ តែអ្វីដែលខ្ញុំសរសេររៀបរាប់ដល់ Sabay នេះជារឿងពិតដែលមិត្តភក្តិខ្ញុំ និងខ្ញុំជួបមែន។ ចុងក្រោយខ្ញុំគ្រាន់តែចង់រំលឹកដល់ប្អូនៗដែលទើបឡើងមករៀនថ្មីៗ បើជួលផ្ទះគេកុំភ្លេចសួរនាំអ្នកជិតខាងខ្លះៗពីរឿងអស់ហ្នឹង ខ្លះផង ព្រោះមិនថា ជឿឬអត់ទេ ដល់ពេលជួបផ្ទាល់ដូចខ្ញុំ និងអាស្នាអ្នកអាចនឹងត្រូវឃ្លុំភួយមួយយប់ទល់ភ្លឺដេកមិនបានដែរ៕
ពីខ្ញុំ វុត្ថា
មានអត្ថបទពាក់ព័ន្ធនឹងមនុស្សដែលអ្នកចងចាំ ចង់ឲ្យ Sabay ចុះផ្សាយ សូមទាក់ទង៖
លេខទូរសព្ទ៖ 017 557 688 អ៊ីមែល៖ prak.chanseyha@cidc.com.kh លេខទូរសព្ទ៖ 099 588 880 អ៊ីមែល៖ bin.bunna@cidc.com.kh
ចង់ដឹងលក្ខខណ្ឌដើម្បីសរសេរផ្ញើមកកាន់ Sabay បានសូមចុចត្រង់នេះ!