ភ្នាក់ងារ Martial ​បន្ទោស Wenger ​ថា​មិន​ចេះ​មើល​កីឡាករ

  • 2015-09-25 15:49:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភ្នាក់ងារ​ទីផ្សារ​របស់ Anthony Martial ​បាន​និយាយ​បន្ទោស​លោក Arsene Wenger ​ថា​មិន​ចេះ​មើល​កីឡាករ​ណា​ល្អ​មិន​ល្អ​សោះ ព្រោះ​ថា​កាល​ពី​រដូវ​កាល​ដោះដូរ​កីឡាករ​អ្នក​ចាត់ការ​ក្រុម Arsenal ​រូប​នេះ​មាន​ឱកាស​ទិញ​យក​ខ្សែ​ប្រយុទ្ធ​វ័យ​១៩​ឆ្នាំ​មុន​លោក Louis van Gaal ​ទៅ​ទៀត តែ​បែរ​ជា​មិន​ទិញ​យក​ទៅ​វិញ។

 

 

Martial ​ទើប​តែ​បាន​ចូល​លេង​ឱ្យ Manchester United ​៤​ប្រកួត​ប៉ុណ្ណោះ ប៉ុន្តែ​រូប​គេ​អាច​រក​គ្រាប់​បាល់​បាន​៤​គ្រាប់​ហើយ ខណៈ​ដែល​គ្រាប់​បាល់​នោះ​ដែរ​គឺ​សុទ្ធ​តែ​ជា​គ្រាប់​សំខាន់​ទាំង​អស់ ពោល​គឺ​ជួយ​បិសាច​ក្រហម​ឈ្នះ Liverpool , Southampton ​និង​ឡើង​ទៅ​វគ្គ​បន្ត​ពាន​រង្វាន់ Capital One Cup ។

 

ចំពោះ​ទម្រង់​លេង​ល្អ​នេះ​ដែរ លោក Philippe Lamboley ភ្នាក់ងារ​របស់​ខ្សែ​ប្រយុទ្ធ​វ័យ​១៩​ឆ្នាំ​ខាង​លើ​បាន​បញ្ជាក់​ថា​ពិត​ជា​សក្ដិសម​នឹង​តម្លៃ​ខ្លួន​៣៦​លាន​ផោន​ខ្លាំង​ណាស់ ហើយ​សូម​ចូល​រួម​សោកស្ដាយ​ដល់​លោក Wenger ​ផង​ដែរ ដែល​មាន​​ឱកាស​មុន​គេ​ទិញ​យក​ទៅ​ហើយ តែ​បែរ​ជា​មិន​ទិញ​យក​ទៅ​វិញ ដោយ​គិត​ថា​អតីត​កីឡាករ Monaco ​រូប​នេះ​លេង​បាន​តែ​បម្រើ​ស្លាប​ប៉ុណ្ណោះ។

 

Philippe ​បាន​បន្ថែម​ទៀត​ថា​៖ “Anthony ​ជា​ខ្សែ​ប្រយុទ្ធ​កណ្ដាល​មុត​ស្រួច​ខ្លាំង​ណាស់ ដែល​អាច​លេង​តំបន់​ផ្សេង​ទៀត​ក៏​បាន។ ខ្ញុំ​ពិត​ជា​ភ្ញាក់ផ្អើល​​ចំពោះ​ការ​គិត​របស់ Arsene Wenger ​ដែល​ធ្លាប់​ស្គាល់​ Anthony ​តាំង​ពី​តួច។ ក្នុង​វិស័យ​បាល់​ទាត់ អ្នក​ចាត់ការ​ណា​ដែល​ស្គាល់​កីឡាករ​តាំង​ពី​ដើម​មក ហើយ​ឃើញ​ថា​គេ​មាន​ទេពកោសល្យ​ហើយ​នោះ​គឺ​តែងតែ​ទិញ​យក​ហើយ មិន​មែន​បោះបង់​នោះ​ទេ”៕

 

ចុចអាន៖ “Martial ផ្ដល់​អ្វី​ដែល​ Man Utd ​មិន​ធ្លាប់​មាន​រយៈ​ពេល​២​ឆ្នាំ​នេះ”

 

​ប្រែ​សម្រួល៖ មុន្នី រម្យ ប្រភព៖ mirror

អត្ថបទពេញនិយម
អត្ថបទថ្មី