Mark Zuckerburg ចង់​ឲ្យ​មនុស្ស​​ទូទាំង​ពិភព​​លោក​មាន​អ៊ីនធឺណិត​​ប្រើ​ប្រាស់​ដើម្បី​អាច​ងើប​ចេញ​ពី​ភាព​ក្រីក្រ​​

  • 2015-09-28 18:23:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក​ Mark Zuckerburg បាន​ឡើង​ថ្លែង​សន្ទរកថា​លើ​វេទិកា​អង្គការសហប្រជាជាតិ​កាល​ពី​ថ្ងៃ​សៅរ៍​​កន្លង​​ទៅ​ថា​ លោក​ចង់​ឲ្យ​មនុស្ស​ទូទាំង​ពិភពលោក​ភ្ជាប់​ទំនាក់​ទំនង​គ្នា​តាម​រយៈ​អ៊ីនធឺណិត​នៅ​ត្រឹម​ឆ្នាំ​​២០២០​ខាង​មុខ​នេះ។

 

 

លោក​ Mark បាន​លើក​ឡើង​ថា ​ប្រព័ន្ធ​អ៊ីនធឺណិត​គឺ​ជា​ឧបករណ៍​មួយ​សម្រាប់​ធ្វើ​ការ​ចែក​រំលែក​ចំណេះ​ដឹង​ទៅ​វិញ​ទៅ​មក, សម្រាប់​បង្កើត​ឱកាស, អាច​លើក​ស្ទួយ​សហគមន៍​ចេញ​ពី​ភាព​ក្រីក្រ​ និង​លើក​កម្ពស់​សុខ​សន្តិភាព​​​ក្នុង​តំបន់។ អ្នក​​ទាំង​អស់​គ្នា​បាន​ដឹង​ហើយ​ថា ​អ៊ីនធឺណិត​​គឺ​ជា​កត្តា​ជំរុញ​ដ៏​ចាំ​បាច់​មួយ​ចំពោះ​ការងារ​ ភាព​​រីក​ចំរើន​ និង​ឱកាស​ដ៏​មាន​តម្លៃ។ ហើយ​ការ​ស្រាវ​ជ្រាវ​​មួយ​បាន​បង្ហាញ​ថា​ មនុស្ស​១០​នាក់​ដែល​មាន​អ៊ីនធឺណិត​ប្រើ​ប្រាស់​ គឺ​មាន​មួយ​នាក់​ដែល​អាច​ងើប​ចេញ​ពី​ភាព​ក្រី​ក្រ។

 

ដូច​នេះ​ប្រសិន​បើ​ប្រជាជន​រស់​នៅ​ក្នុង​ប្រទេស​កំពុង​អភិវឌ្ឍន៍​មាន​អ៊ីនធឺណិត​ប្រើ​ប្រាស់​កាន់​តែ​ច្រើន​នោះ ​​គេ​​អាច​មាន​ឱកាស​បង្កើត​ការងារ​ថ្មី​ចំនួន​១៤០​លាន​ការងារ ​អាច​ឲ្យ​មនុស្ស​ចំនួន​១៦០​លាន​នាក់​ងើប​ចេញ​ពី​ភាព​ក្រីក្រ​ និង​អាច​ឲ្យ​កុមារ​ចំនួន​៦០០​លាន​នាក់​មាន​​ទទួល​បាន​ចំណេះ​ដឹង​ទូលំទូលាយ។

 

គួរ​បញ្ជាក់​ថា​ ស្ថាបនិក​ហ្វេសប៊ុក​រូប​នេះ​បាន​ចាប់​ផ្ដើម​យុទ្ធនាការ​​សាកល​មួយ ​ដើម្បី​ផ្ដល់​ប្រព័ន្ធ​អ៊ីនធឺណិត​ទៅ​ដល់​ប្រជាជន​ទាំង​អស់​លើ​ពិភពលោក។ ​យុទ្ធនាការ​នេះ​ក៏​មាន​ការ​ចូលរួម​ពី​ មូលនិធិ​​ Bill and Melinda Gates, តារា​ចម្រៀង​ Bono, មហាសេដ្ឋី​​ Richard Branson និង​ តារា​ចម្រៀង​ Shakira ផង​ដែរ៕​​​​​​​​

 

ចុច​អាន៖ Facebook ​អត់​ដំណើរការ​ម្សិលមិញ​អ្នក​ប្រើប្រាស់ ១,៥ ពាន់លាន​នាក់​លេង​អត់​កើត

 

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ TimesofIndia​​​​​​​​