ការ​ប្រទះ​ឃើញ​៩​​យ៉ាង​​អាច​សន្និដ្ឋាន​បាន​ថា​ មនុស្ស​ភព​ផ្កាយ​​​មាន​ពិត​ប្រាកដ​មែន​​

  • 2015-09-28 22:40:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ពេល​កន្លង​ទៅ​នេះ​ អ្នក​វិទ្យាសាស្ត្រ​​​បាន​​ប្រទះ​ឃើញ​នូវ​ចំណុច​ជា​ច្រើន​ដែល​អាច​សន្និដ្ឋាន​បាន​ថា ​មនុស្ស​ភព​ផ្កាយ​គឺ​ពិត​ជា​មាន​មែន ​ហើយ​ថែម​ទាំង​អាច​ស្ថិត​នៅ​ក្នុង​ប្រព័ន្ធ​សូឡា​នៃ​ភព​ផែន​ដី​​ឬ​ស្ថិត​នៅ​ក្នុង​ប្រព័ន្ធ​ផ្សេង។

 

ខាង​ក្រោម​នេះ​គឺ​ជា​ការ​ប្រទះ​ឃើញ​កាល​ពី​ពេល​ថ្មីៗ​នេះ​របស់​អ្នក​វិទ្យាសាស្ត្រ៖

 

 

-នៅ​ដើម​ឆ្នាំ​នេះ​ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​ប៉ាន់​ស្មាន​ថា ​ប្រហែល​ជា​៤,៥​ពាន់​លាន​ឆ្នាំ​មុន​ យ៉ាង​ហោច​ណាស់​មួយ​ភាគ​ប្រាំ​នៃ​ភព​ព្រះ​អង្គារ​គឺ​គ្រប​ដណ្ដប់​ដោយ​មហាសមុទ្រ​ដែល​មាន​ជម្រៅ​១៣៧​ម៉ែត្រ។ ​អ្នក​វិទ្យាសាស្ត្រ​សន្និដ្ឋាន​ថា ​ស្លាក​សញ្ញា​នៃ​វត្ថុ​មាន​ជីវិត​​ដែល​​រស់​នៅ​ក្នុង​តំបន់​មហាសុទ្រ​នោះ​អាច​នឹង​កប់​នៅ​ក្នុង​ដែន​ដី​ភព​ព្រះអង្គារ។

 

 

-ការ​សិក្សា​មួយ​ទៀត​ដែល​ធ្វើ​ឡើង​​​​នៅ​ខែ​សីហា​កន្លង​ទៅ​នេះ​​រក​ឃើញ​ថា ​​ប្រភព​ទឹក​មាន​នៅ​លើ​ភព​ព្រះ​អង្គារ​រយៈ​ពេល​ដល់​ទៅ​២០០​លាន​ឆ្នាំ​ឯ​ណោះ អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​នោះ​គឺ​ជីវិត​លើ​ផែន​ដី​ចាប់​ផ្ដើម​កកើត​មាន​ឡើង​ បន្ទាប់​ពី​ប្រភព​ទឹក​ចុង​ក្រោយ​លើ​ភព​ព្រះអង្គារ​បាន​ហួត​ហែង​អស់។

 

 

-អ្នក​វិទ្យាសាស្ត្រ​លើក​ឡើង​ថា ​​ផ្កាយ​ដុះ​កន្ទុយ​ និង​ផ្កាយ​ព្រះ​គ្រោះ​គឺ​ជា​ប្រភព​នៃ​ការ​បង្ក​បង្កើត​ជីវិត​មនុស្ស​បច្ចុប្បន្ន។ ឥទ្ធិពល​នៃ​ផ្កាយ​ព្រះ​គ្រោះ​បង្កើត​បាន​ជា​សារធាតុ​អាមីណូអាស៊ីត​​ ដែល​​សម្រាប់​បង្ក​បង្កើត​បណ្ដុំ​នៃ​ជីវិត។ ក្រៅ​ពី​ប្រព័ន្ធ​សូឡា​​​ គេ​ជឿ​ថា​ មាន​ប្រព័ន្ធ​ផ្សេង​ទៀត​ក៏​មាន​ផ្កាយ​ព្រះ​គ្រោះ​ដូច​គ្នា​នេះ​ដែរ​ ​ដែល​វា​កំពុង​តែ​​បង្ក​បង្កើត​ជីវិត​ក្នុង​ប្រព័ន្ធ​ទាំង​នោះ។

 

 

​​​​​​​​​​​​​​​​-ព្រះ​ចន្ទ​របស់​ភព​ព្រហស្បតិ៍​ដែល​មាន​ឈ្មោះ​ថា Europa អាច​នឹង​មាន​ប្រភព​ទឹក​ច្រើន​ជាង​លើ​ភព​ផែន​ដី។ ​នេះ​បើ​យោង​តាម​ស្លាក​ស្នាម​ដែល​គេ​ប្រទះ​ឃើញ​នៅ​លើ​ព្រះ​ចន្ទ​ Europa នេះ។ ហេតុ​ដូច​នេះ​ទើប​សហរដ្ឋអាមេរិក​ និង​ ប្រទេស​នា​តំបន់​អឺរ៉ុប​បណ្ដាក់​ទុន​រាប់​រយ​លាន​ដុល្លារ​ដើម្បី​ស្វែង​រក​ជីវិត​លើ​ Europa។

 

 

-ក្រៅ​ពី​ព្រះ​ចន្ទ​របស់​ភព​ព្រហស្បតិ៍​ ក៏​នៅ​មាន​ព្រះ​ចន្ទ​របស់​ភព​​​សៅរ៍​មួយ​ទៀត​ ដែល​មាន​ឈ្មោះ​ Enceladus ដោយ​អ្នក​វិទ្យាសាស្ត្រ​ជឿ​ជាក់​ថា​​ មាន​មហាសមុទ្រ​ដ៏​ធំ​ដែល​ស្ថិត​នៅ​ផ្នែក​ខាង​ក្រោម​ផ្ទាំង​ទឹក​កក​នៃ​ព្រះ​ចន្ទ​នេះ។ ​ដូច​គ្នា​​ទៅ​នឹង​ព្រះ​ចន្ទ​ Europa ​ដែរ​​ ព្រះ​ចន្ទ Enceladus ​គឺ​អាច​នឹង​មាន​ជីវិត​រស់​នៅ​ទី​នោះ។

 

 

-នៅ​ដើម​ឆ្នាំ​នេះ​គេ​បាន​ចេញ​ផ្សាយ​ក្រដាស​ពីរ​សន្លឹក​ដែល​​ជា​ភស្តុតាង​បង្ហាញ​ថា​ព្រះ​ចន្ទ Enceladus មាន​រន្ធ​បញ្ចេញ​កម្ដៅ​​​សម្រាប់​​បង្កើត​ជីវិត​ដូច​ទៅ​នឹង​ភព​ផែន​ដី​ដែរ។

 

 

-ក្រៅ​ពី​ព្រះចន្ទ​ទាំង​ពីរ​ដែល​មាន​​លាក់​ទុក​មហាសមុទ្រ​នៅ​ផ្នែក​ខាង​ក្រោម​ហើយ​ អ្នក​វិទ្យាសាស្ត្រ​សង្ស័យ​ថា ​ភព​មួយ​ចំនួន​ផ្សេង​ទៀត​ក្នុង​ប្រព័ន្ធ​សូឡា​ក៏​មាន​មហាសមុទ្រ​ដូច​គ្នា​ដែរ ប៉ុន្តែ​បញ្ហា​គឺ​ប្រភព​ទឹក​លើ​ភព​ទាំង​នោះ​គឺ​មាន​ជម្រៅ​រាប់​រយ​គីឡូម៉ែត្រ​​ធ្វើ​ឲ្យ​ពិបាក​ក្នុង​ការ​រុក​រក​ជីវិត។

 

 

-មិន​មាន​តែ​​ភព​ផែន​ដី​​ទេ​ដែល​ជា​ភព​មាន​បឹង​ក្នុង​ប្រព័ន្ធ​សូឡា ​ព្រះ​ចន្ទ​របស់​ភព​ព្រះ​សៅរ៍​ Titanក៏​មាន​បឹង​ដ៏​ធំ​មួយ​ដែរ។ បឹង​នេះ​មិន​អាច​បង្ក​បង្កើត​ជីវិត​ដែល​ស្រដៀង​គ្នា​នឹង​ភព​ផែន​ដី​នោះ​ទេ ​ព្រោះ​វា​​ផ្ទុក​ទៅ​ដោយ​សារធាតុ​មេតាន​ មិន​មែន​ជា​ទឹក។ ទោះ​ជា​យ៉ាង​ណា​ក្ដី​កាល​ពី​ដើម​ឆ្នាំ​នេះ​អ្នក​វិទ្យាសាស្ត្រ​បង្ហាញ​ពី​កោសិកា​រស់​ដោយ​គ្មាន​អុកស៊ីហ្សែន​ម្យ៉ាង​ដែល​មាន​លើ​ព្រះចន្ទ​ Titan នោះ។

 

 

-កាល​ពី​ចុង​ខែ​កក្កដា​កន្លង​ទៅ ​អ្នក​វិទ្យាសាស្រ្ត​បាន​ប្រទះ​ឃើញ​ភព​ Kepler 452b ​ដែល​មាន​សភាព​ស្រដៀង​គ្នា​ទៅ​នឹង​ភព​ផែន​ដី។ អ្នក​វិទ្យាសាស្រ្ត​មួយ​រូប​បាន​លើក​ឡើង​ថា​​ ​ទំហំ​​​ ការ​រង្វិល​ជុំ​ ​រួម​ទាំង​ព្រះអាទិត្យ​របស់​ភព​​នេះ​គឺ​អាច​ផ្ដល់​ឱកាស​​ឲ្យ​វត្ថុ​មាន​​​​ជីវិត​​រស់​នៅ​លើ​ភព​នេះ​បាន៕

 

​​​​​​​​​​​​​​​​​​​​​​​​​​​​

ចុច​អាន៖ អង្គការ​ណាសា​ប្រទះ​ឃើញ​ភព​ថ្មី​ កំពុង​កក្រើក​ដល់​​ពិភព​លោក​

 

ប្រែ​សម្រួល៖ ហៃ​ សុខ​ហេង ប្រភព៖ BusinessInsider​​​​​​​​

អត្ថបទថ្មី