DJ ក្ដឹប៖ អ្នក​ធ្លាប់​ក្រ ទើប​ដឹង​ថា​ លំបាក​ប៉ុណ្ណា

  • 2015-10-07 21:31:30
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

DJ ក្ដឹប បាន​លើក​ឡើង​ថា ដោយ​សារ​កើត​មក​ជា​កូន​អ្នក​ក្រ​ខ្វះ​ខាត​មុខ​ក្រោយ ទើប​ធ្វើ​ឱ្យ​លោក​យល់​ច្បាស់​ជីវិត​បែប​នេះ និង​ ចិញ្ចឹម​ចិត្ត​ចង់​ជួយ​ពលរដ្ឋ​ខ្មែរ កំពុង​រស់​នៅ​ក្នុង​ស្ថាន​ភាព​ដូច​គ្នា​ដែរ។

 

 

នាយ ក្ដឹប និយាយ​ថា៖ "ខ្ញុំ​ក៏​ជា​អ្នក​ក្រ​ដែរ អ៊ីចឹង​មាន​តែ​អ្នក​ក្រ​ទេ បាន​យល់​ពី​អារម្មណ៍​អ្នក​ក្រ​ដូច​គ្នា​ថា អា​ទ័ល​ហ្នឹង​វា​លំបាក​ប៉ុណ្ណា​នោះ នឹក​ឃើញ​រឿង​នោះ​ម្ដងៗ​ចេះ​តែ​ចង់​ស្រក់ទឹក​ភ្នែក"។ តារា​ក្រមិចក្រមើម​រូប​នេះ​បន្ត​ថា ដោយ​សារ​តែ​ហេតុផល​លើក​ឡើង​ទាំង​អស់​ហ្នឹង​ហើយ ទើប​ជំរុញ​ឱ្យ​លោក​តែង​ចូលរួម​សកម្មភាព​សប្បុរសធម៌​នានា ដើម្បី​ស្វែង​រក​ថវិកា​ជួយ​ដល់​អ្នក​ខ្សត់ខ្សោយ ទោះ​រូប​នាយ​មិន​បាន​ទទួល​កម្រៃ​ក៏​ដោយ។

 

តារា Rap ដដែល ​រៀបរាប់​បន្ត​ថា កន្លង​មក​ធ្លាប់​បាន​ធ្វើ​សកម្មភាព​ជា​ច្រើន​មក​ហើយ ដើម្បី​ជា​ប្រយោជន៍​សម្រាប់​ពលរដ្ឋ​ខ្មែរ​កំពុង​រស់​នៅ​ក្នុង​ជីវភាព​លំបាក នៅ​តាម​បណ្ដា​ខេត្ត​នានា ប៉ុន្តែ​រូប​គេ​មិន​ដែល​បង្ហាញ ឬ​ផ្សព្វផ្សាយ​ឱ្យ​នរណា​បាន​ដឹង​នោះ​ទេ។ ក្នុង​នោះ​ក៏​បាន​ចូលរួម​សកម្មភាព​សប្បុរសធម៌​ជាមួយ​អង្គការ​មួយ​ចំនួន​ផង​ដែរ តាម​រូប​ភាព​សិល្បៈ ក្នុង​គោល​បំណង​តែ​មួយ។

 

ជាក់​ស្ដែង​ថ្មីៗ​នេះ នាយ​ក៏​ទើប​តែ​បរិច្ចាគ​ប្រាក់​ជាង ១ ម៉ឺន​ដុល្លារ​អាមេរិក ដែល​បាន​ពី​ការ​សម្ដែង​នៅ​ប្រទេស​កូរ៉េ​ជាមួយ​តារា​ចម្រៀង មាស សុខសោភា ជួយ​ដល់​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​ក្នុង​ការ​ព្យាបាល​ជំងឺ​ដល់​កុមារ​ក្រីក្រ​។ នាយ​បន្ត​ថា សកម្មភាព​បែប​នេះ​មិន​ទាន់​បញ្ចប់​នោះ​ទេ និង​ ស្នើ​ឱ្យ​បណ្ដា​អ្នក​ឧបត្ថម្ភ​តាម​បណ្ដា​ប្រទេស​នានា ជួយ​ជ្រោមជ្រែង​រូប​នាយ បាន​ទៅ​សម្ដែង​នៅ​ក្រៅ​ប្រទេស​ម្ដង​ទៀត ដើម្បី​ស្វែង​រក​មូលនិធិ​បន្ត​ជួយ​ដល់​អ្នក​ក្រីក្រ​កំពុង​ត្រូវ​ការ​ជំនួយ​បន្ថែម៕

 

អាន​អត្ថបទ៖  តារា​ចម្រៀង​ល្បី ៣ រូប​នាំ​យក​ថវិកា​ជាង ១០ ០០០ ដុល្លារ​ជួយ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា

 

អត្ថបទ៖ សំ ជំនាញ

រូប​ថត៖ Facebook 

អត្ថបទពេញនិយម