សិស្ស​អវត្តមាន​ទម្លាយ​មូល​ហេតុ​មិន​ទៅ​ប្រលង​បាក់​ឌុប​លើក​ទី​ពីរ​

  • 2014-10-18 17:38:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បាក់​ឌុប​លើក​ទី​ពីរ សិស្ស​អវត្តមាន​ក្នុង​ថ្ងៃ​ប្រលង​មាន​ចំនួន​ច្រើន​លើស​លប់​ ហើយ​មូល​ហេតុ​ចម្បង​ដែល​រារាំង​ចិត្ត​បេក្ខជន​មិន​ចង់​ចូល​រួម​ការ​ប្រលង​ដោយ​សារ​គ្មាន​ជំនឿ​ថា ​អាច​ប្រលង​ជាប់។

 

 

ជាក់​​ស្ដែង កញ្ញា ​ស្រី​និច ​ប្រលង​នៅ​មណ្ឌល​ជា​ស៊ីម​បឹង​កេង​កង បាន​មក​ប្រលង​ត្រឹម​មួយ​ថ្ងៃ​ប្រាប់​ពី​មូល​ហេតុ​ថា មុន​ថ្ងៃ​ប្រលង​មក​ដល់​ស្រី​និច​ដឹង​ខ្លួន​ច្បាស់​ថា ​ប្រលង​លើក​នេះ ​មុខ​ជា​ធ្លាក់​ទៀត​ជា​មិន​ខាន ប្រសិន​បើ​នៅ​តែ​តឹង​ដូច​លើក​ទី​មួយ​នោះ។

 

ស្រី​និច​ បញ្ជាក់​ថា៖ “បង​អើយ!មិន​មែន​ខ្ញុំ​ខូច មិន​ចូល​រៀន​ទេ។ ខ្ញុំ​ទៅ​រៀន​គួរ​រាល់​ថ្ងៃ​ដែរ តែ​ថ្ងៃ​ទី​មួយ​ហ្នឹង ខ្ញុំ​ធ្វើ​អត់​បាន​សោះ ម្យ៉ាង​តឹង​ពីខាងក្រៅទៀត ខ្ញុំ​គ្មាន​ជំនឿ​ថា​ជាប់​ឡើយ។ ខ្ញុំ​បាក់​ទឹក​ចិត្ត គ្មាន​កម្លាំង​បន្ត​ទៀត​ទេ​ ទោះ​មក​ប្រលង​ទៀត​ក៏​មិន​ជាប់​ដែរ។ ពេល​ធ្វើ​អត់​បាន ​ខ្ញុំ​អស់​សង្ឃឹម​ខ្លាំង​ណាស់ ចង់​យំ។ ហើយ​ខ្ញុំ ​Call សួរ​មិត្តភ័ក្ដិ​ខ្ញុំ​ គេ​ថា​ក៏​អត់​មក​ប្រលង​ម្ដង​ទៀត​ដែរ​ ដោយ​សារ​តែ​មិន​មាន​លទ្ធភាព​ធ្វើ​ដំណើរ​ទៅ​មណ្ឌល​ប្រលង ព្រោះ​ឆ្ងាយ​ពី​កន្លែង​ស្នាក់​នៅ​ពេក។ ប្រលង​ធ្លាក់​លើក​ទី​មួយ ខ្ញុំ​ខ្មាស​គេ​គ្រប់​គ្រាន់​ហើយ អត់​ចង់​ខ្មាស​គេ​ទៀត​ឡើយ" ។

 

កញ្ញា​ម្នាក់​ទៀត​សុំ​មិន​បញ្ចេញ​ឈ្មោះ រៀន​នៅ​វិទ្យាល័យ​ទួល​ស្វាយ​ព្រៃ​ប្រាប់​ថា បើ​មាន​សង្ឃឹម​ខ្លះ ប្រហែល​កញ្ញា​ទៅ តែ​លើក​នេះ​អត់​សោះ​ហើយ​ដឹង​មុន​រួច​ទៅ​ហើយ​ថា ​ប្រលង​ធ្លាក់។

 

“ថ្ងៃ​នោះ​ម៉ាក់​ខ្ញុំ​ដេញ​ឲ្យ​មក​ប្រលង​ដែរ តែ​ខ្ញុំ​ប្រាប់​ថា ​ខ្ញុំ​ចង់​រក​ស៊ី​ជាង​។ ខ្ញុំ​គ្មាន​សមត្ថភាព​លើ​ការ​រៀន​សូត្រ​ទេ" ។

 

លោក​ រស់​ សា​លីន​ មន្ត្រី​អ្នក​​នាំ​ពាក្យ​ក្រសួង​អប់រំ​យុវជន​ និង ​កីឡា ធ្លាប់​បាន​ប្រាប់​ Sabay ថា ​​សិស្ស​អវត្តមាន​ទាំង​នោះ​អាច​មាន​សមត្ថភាព​ទាប​ ឬ​ដោយ​ប្រការ​ណា​មួយ​ ដែល​​​យើង​​មិន​អាច​ដឹង​។

 

 

លោក ហង់ ជួន​ណារ៉ុន រដ្ឋ​មន្ត្រី​ក្រសួង​អប់​រំ​បាន​ផ្ដល់​បទសម្ភាសន៍​ឲ្យ​អ្នកសារព័ត៌មាន​ក្នុង​ស្រុក​មួយ​ថា​ ក្រោយ​ដំណើរការ​ប្រឡង​ភាព​អវិជ្ជមាន​ទូទៅ​បាន​កើតឡើង​តិច​ជាង​លើក​ទី​១ តែ​ចំនួន​បេក្ខជន​បាន​អវត្តមាន​ច្រើន​រហូត​ជាង ៦​៧០០ ​នាក់ ដែល​លើកទីមួយ​មានតែ​ជាង​ ១​០០០​ នាក់​ ប៉ុណ្ណោះ​។ សិស្ស​ដែល​ប្រឡង​ជាប់​លោក​ទី​២​នេះ គ្រប់​និទ្ទេស​ទាំងអស់​នឹង​មិន​ទទួលបាន​អាហា​រូបករណ៍​ពី​សាលា​រដ្ឋ​នោះទេ តែ​ពួកគេ​អាច​មាន​ឱកាស​ទទួលបាន​អាហា​រូបករណ៍​ពី​សាលា​ឯកជន​។ លោក​បញ្ជាក់​ទៀត​ថា នៅ​ឆ្នាំ​ក្រោយ​មិន​មាន​រៀបចំ​ការ​ប្រឡង​លើក​ទី​ ២ ​ដូច​ឆ្នាំ​នេះ​ទៀត​ទេ​។​ ​

 

​លទ្ធផល​បាក់​ឌុប​លើក​ទី​២​នឹង​ប្រកាស​នៅ​ល្ងាច​ថ្ងៃ​ទី​៤ វិច្ឆិកា ២០១៤។

 

សូមអាន៖ ធ្លាយ​បេក្ខជន​​ជិត​​១​ម៉ឺន​នាក់​ ​បោះ​បង់​​ចោល​ប្រលង​បាក់​ឌុប​​លើក​​ទី​២​

 

អត្ថបទ៖ លឹម សុ​នា