ហត្ថលេខា Abraham Lincoln ដាក់លក់បាន ២,២លានដុល្លារ
- 2015-11-06 23:19:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហត្ថលេខា Abraham Lincoln ដាក់លក់បាន ២,២លានដុល្លារ
ចន្លោះមិនឃើញ
ហត្ថលេខារបស់អតីតប្រធានាធិបតីអាមេរិក លោក Abraham Lincoln ដែលសរសេរដោយដៃនៅប៉ុន្មានសប្ដាហ៍មុនត្រូវគេធ្វើឃាត បានដាក់លក់ដេញថ្លៃបាន ២,២លានដុល្លារនៅទីក្រុងញ៉ូយ៉ក សហរដ្ឋអាមេរិក។
អ្នករៀបចំការលក់ដេញថ្លៃនេះនិយាយថា ឯកសាររបស់ Lincoln បានសរសេរនូវសារពិសេសចុងក្រោយនៃសន្ទរកថាល្បីៗ ក្នុងនាមជាប្រធានាធិបតីអាណត្តិទីពីររបស់លោក ដែលបានលក់កាលពីថ្ងៃពុធកន្លងទៅ ដោយបានតម្លៃថ្លៃជាងពីរដងហួសការរំពឹងទុក។
ក្នុងសន្ទរកថាទីពីររបស់ Lincoln ដែលបានធ្វើឡើងកាលពីខែមិនា ឆ្នាំ១៨៦៥ បង្កប់ជាមួយឃ្លាដ៏ល្បីឈ្មោះដល់បច្ចុប្បន្នថា «With malice toward none; with charity for all» មានន័យថា សុំឲ្យមនុស្សល្អទាំងអស់ធ្វើការជាមួយគ្នាដើម្បីរួបរួមប្រទេស និងជួយអ្នកដែលជួបបញ្ហាពីមុន ដើម្បីបានសន្តិភាពទាំងអស់គ្នា។ លោកបានសរសេរនៅក្នុងសារចុងក្រោយ បន្ទាត់ទី ១៣ និងបានចុះហត្ថលេខា ជូនកូនប្រុសវ័យ១០ឆ្នាំរបស់លោក John Palmer Usher ដែលជាសមាជិកគណៈរដ្ឋមន្ត្រីម្នាក់។
លោកអតីតប្រធានាធិបតីអាមេរិកទី១៦ ដែលលោកអ្នកធ្លាប់ឃើញលើក្រដាសប្រាក់៥ដុល្លាររូបនេះ ត្រូវបានគេធ្វើឃាតនៅ ៦សប្តាហ៍ បន្ទាប់ពីសរសេរសារនេះរួច។ ឯកសារនេះ ត្រូវបានរក្សាទុកនៅក្នុងគ្រួសារ Usher តាំងពីពេលនោះមក និងជាអ្នកយកដាក់ដេញថ្លៃពេលនេះតែម្ដង។ ផ្ទះលក់ដេញថ្លៃនៅទីក្រុងដាឡាស់ និយាយថា អ្នកទិញឯកសារនេះបានស្នើសុំមិនឲ្យបញ្ចេញឈ្មោះឡើយ៕
ចុចអាន៖ រកឃើញរតនសម្បត្តិមហាសាល ក្នុងផ្នូរស្ដេចចម្បាំងក្រិកជាង៣,៥ពាន់ឆ្នាំមុន
ប្រែសម្រួល៖ ឡេង ភារុណ ប្រភព៖ abcnews