ពី​មិត្ត​សំណព្វ​ ក្លាយ​ជា​ Crush

  • 2015-11-10 16:06:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សួស្ដី​ទាំង​អស់​គ្នា ខ្ញុំ​ជា​អ្នក​រស់​នៅ​ភ្នំពេញ​ ហើយ​ខ្ញុំ​​ចង់​រំឭក​រឿង​រ៉ាវ​​របស់​ខ្ញុំ​​រវាង​មនុស្ស​ដែល​ខ្ញុំ​ចង​ចាំ។ គេ​ឈ្មោះ​ថា​ ដាង លី​ហួត ខ្ញុំ​ហៅ​គេ​ថា ​អា​ហួត​ៗ​តាំង​ពី​នៅ​តូច​ម្ល៉េះ ព្រោះ​ពួក​យើង​នៅ​ផ្ទះ​ជាប់​​គ្នា​ អាយុ​ក៏​​ស្របាល​គ្នា។

 

កាល​នៅ​តូច​ខ្ញុំ​ឧស្សាហ៍​ទៅ​លេង​នៅ​ផ្ទះ​ របស់​វា​​ព្រោះ​មាន​របស់​លេង​ច្រើន។ ប៉ា​របស់​អា​ហួត​រស់​នៅ​សហរដ្ឋអាមេរិក​ ម៉ាក់​គេ​ជា​អ្នក​លក់​ខោអាវ​នៅ​ផ្សារ ហើយ​គេ​ជា​កូន​ទោល​ផង ដូច្នេះ​របស់​លេង​មាន​មិន​ចេះ​ខ្វះ​ទេ​ តាំង​ពី​ឡាន​​បញ្ជា​ឡើង​ទៅ។ ក្មេង​ក្នុង​ភូមិ​ខ្ញុំ ​គ្មាន​អ្នក​ណា​សម្បូរ​របស់​លេង​ដូច​អា​ហួត​ទេ។ ពួក​យើង​រៀន​សាលា​ជាមួយ​គ្នា​តែ​ថ្នាក់​ផ្សេង​គ្នា ហើយ​កាល​រៀន​ថ្នាក់​ទី ៣​ ​ខ្ញុំ​មិន​ទាន់​ចេះ​ជិះ​កង់​ទេ ដូច្នេះ​វា​ឌុប​ខ្ញុំ​ទៅ​រៀន​រាល់​ថ្ងៃ។

 

(រូបតំណាង)

 

​ថ្ងៃ​មួយ​ ខ្ញុំ​ទំពា​ស្ករ​កៅស៊ូ​ ហើយ​ជិះ​ពី​ក្រោយ​ វា​ចូល​ចិត្ត​ជិះ​កាត់​ផ្លូវ​រលាក់​ដើម្បី​ធ្វើ​បាប​ខ្ញុំ​អោយ​ឈឺ​គូទ​ ស្រាប់​តែ​ពេល​នោះ​​​ផ្លូវ​រលាក់​ពេក​ ខ្ញុំ​ក៏​ច្រឡំ​លេប​ស្ករ​កៅស៊ូ​​ចូល​ទៅ​ក្នុង​ពោះ ហើយ​កាល​នោះ​ចាស់ៗ​តែង​ប្រាប់​ថា​ បើ​លេប​ស្ករ​កៅស៊ូ​ចូល​ពោះ​ វា​នឹង​ធ្វើ​ឱ្យ​ស្អិត​ពោះ​វៀន​ ស្លាប់​ជា​មិន​ខាន។ ខ្ញុំ​គ្រាន់​តែ​នឹក​ឃើញ​​ហើយ​ក៏​ស្រែក​យំ​ អា​ហួត​សួរ​​ថា​កើត​អី? ខ្ញុំ​ក៏​ប្រាប់​គេ​ថា​ខ្ញុំ​ច្រឡំ​លេប​ស្ករ​កៅស៊ូ​ចូល​ក្នុង​ពោះ​ វា​ក៏​ភ័យ​មិន​ស្ទើរ​ ឌុប​ខ្ញុំ​ត្រឡប់​ទៅ​ផ្ទះ​វា​វិញ។ គ្រាន់​តែ​ទៅ​ដល់​វា​ស្រែក​ហៅ​ម៉ា​របស់​វា​ក្ដែងៗ​ថា «អា​ម៉ា! ខ្នៃ​ងាប់​ហើយ​ៗ!» (ឈ្មោះ​ខ្ញុំ​គឺ​ចរណៃ​តែ​គេ​ហៅ​ថា ខ្នៃ)។ ទាំង​មីង ទាំង​ពូ ទាំង​ម៉ា​​របស់​វា​ នាំ​គ្នា​រត់​ស្រ ​មក​​ផ្អើល​ឆោឡោ​ ព្រោះ​ឮ​ថា​ខ្ញុំ​​ស្លាប់។ ទម្រាំ​ដឹង​រឿង​ម្នាក់​ៗ​ទន់​ដៃ​ទន់​ជើង​អស់​ ហើយ​ពួក​យើង​ក៏​ខាត​រៀន​មួយ​ពេល​ដែរ។

 

នៅ​មាន​រឿង​ជា​ច្រើន​ទៀត​ដែល​ពួក​យើង​បាន​ធ្វើ​រួម​គ្នា ដូច​ជា​ដើរ​ចុច​កណ្ដឹង​ផ្ទះ​គេ​ជា​ដើម។ អា ហួត​ខ្លាច​ឆ្កែ​ណាស់ បើ​ដឹង​ថា​ផ្ទះ​ណា​មាន​ឆ្កែ​​ វា​មិន​ហ៊ាន​ទាំង​ដើរ​កាត់​ផង ហើយ​ខ្ញុំ​ចូល​ចិត្ត​បន្លាច​វា​រឿង​ឆ្កែ​នេះ​ណាស់។ នៅ​មាន​រឿង​មួយ​ទៀត​ គឺ​ចូល​ចិត្ត​ឡើង​ដើម​ជម្ពូ​ឱ្យ​ប្រឡាក់​ខោអាវ​អស់ ខ្លាច​ម៉ា​ស្ដី​អោយ​​ក៏​នាំ​គ្នា​ទៅ​ងូត​ទឹក​ចេញ កាល​នោះ​មិន​ខ្មាស​គ្នា​ទេ​ ងូត​ទឹក​ស្រាត​ជាមួយ​គ្នា​ទៀត​ផង។ តែ​មិត្ត​ភាព​យើង​បាត់​បង់​ទាំង​ស្រុង នៅ​ថ្ងៃ​មួយ​​ដែល​ខ្ញុំ​ដើរ​ទៅ​លេង​ផ្ទះ​វា​ដូច​រាល់​ដង​ ប៉ា​​វា​ទើប​តែ​ផ្ញើ​ឡាន​បញ្ជា​មួយ​គ្រឿង​​ពី​អាមេរិក​មក​ ធំ​​ហើយ​ថ្លៃ​ទៀត។ ខ្ញុំ​ចូល​ចិត្ត​ដណ្ដើម​វា​គ្រប់​យ៉ាង​ អ្វី​ដែល​ជំរុញ​ឱ្យ​ខ្ញុំ​ហ៊ាន​ធ្វើ​អញ្ចឹង​ព្រោះ​អោយ​តែ​ពេល​ឈ្លោះ​គ្នា​ម៉ា កាត់​សេចក្ដី​ឱ្យ​ខ្ញុំ​ឈ្នះ​រហូត។ តែ​លើក​នេះ​ពេល​ដែល​ខ្ញុំ​ប្រទាញ​ប្រទង់​គ្នា​ អា​ហួត​ក៏​ច្រាន​ខ្ញុំ​ ត្រូវ​នឹង​តុ​កញ្ចក់​​សម្រាប់​ទទួល​ភ្ញៀវ​ ក្បាល​ក៏​បែក​ តុ​កញ្ចក់​ក៏​បែក។ ពូ​ និង ម៉ា​រត់​មក​មើល​ ចំណែក​ម៉ាក់​របស់​វា​រៀប​នឹង​ទៅ​​តូប​លក់​ឥវ៉ាន់​ មក​ដឹង​ថា​អា​ហួត​ច្រាន​ខ្ញុំ​បែក​ក្បាល​ គាត់​ទាញ​ស្មា​ព្យួរ​ខោអាវ​​វ៉ៃ​វា​យក​តែ​ម្ដង តាំង​ពី​តូច​ក្រូច​ឆ្មា​មក​​ នេះ​ជា​លើក​ទី​មួ​​យហើយ​ដែល​គាត់​វ៉ៃ​អា​ហួត​ខ្លាំង​ដល់​ម្ល៉ឹង។ អា​ហួត​វា​យំ​​ផង​និយាយ​ផង​ថា មក​ពី​ខ្ញុំ​ដណ្ដើម​វា ​តែ​មីង​មិន​ព្រម​ឈប់​វ៉ៃ​ទេ។ ពូ​របស់​អា​ហួត​ក៏​​បី​ខ្ញុំ​ដឹក​ទៅ​ពេទ្យ ជា​លទ្ធផល​ក្បាល​ខ្ញុំ​ត្រូវ​ដេរ​ប្រាំបី​​ថ្នេរ​ស្នាម​ដល់​ថ្ងៃ​នេះ។ ខ្ញុំ​ត្រូវ​ឃុំ​ក្នុង​ផ្ទះ​​មិន​អោយ​ដើរ​លេង​ មិន​អោយ​ទៅ​រៀន​៤​ថ្ងៃ ទើប​អនុញ្ញាត​ឱ្យ​ដើរ​លេង​ផ្ទះ​គេ​បាន​ទៀត។ តែ​គ្រាន់​តែ​ដើរ​ដល់​មាត់​ទ្វា​ផ្ទះ​ វា​ដេញ​ខ្ញុំ​ចេញ​មិន​ឱ្យ​ចូល​ ផ្ទះ​វា​ឡើយ។ ចាប់​តាំង​ពី​ពេល​នោះ​មក​ខ្ញុំ​លែង​បាន​លេង​ជាមួយ​​វា​ទៀត​ហើយ ហើយ​ខ្ញុំ​ក៏​ត្រូវ​​រៀន​ជិះ​កង់​ខ្លួន​ឯង​ដែរ។

 

នៅ​ដើម​ឆ្នាំ​ថ្មី​ពេល​ដែល​ពួក​យើង​ឡើង​ថ្នាក់​ទី​៤ ប៉ា​​អា​ហួត​ធានា​វា​ទៅ​រស់​នៅ​អាមេរិក។ នៅ​មុន​ថ្ងៃ​ចេញ​ទៅ​ វា​ដើរ​មក​ផ្ទះ​ខ្ញុំ​ដោយ​កាន់​ឡាន​បញ្ជា​​ដែល​យើង​ដណ្ដើម​គ្នា​​លើក​មុន​យក​មក​គប់​មុខ​ផ្ទះ​ខ្ញុំ​ ហើយ​និយាយ​ថា «បើ​ចង់​បាន​ណាស់​ អញ​អោយ»។

 

ឆ្នាំ​ ២០១៤ វា​មក​លេង​ខ្មែរ​ម្ដង ​ហើយ​ខ្ញុំ​កំពុង​តែ​រៀន​ថ្នាក់​ទី​១២​ដែរ។ មិន​នឹក​ស្មាន​ថា​វា​សង្ហា​ហួស​ពី​ការ​គិត​យ៉ាង​នេះ​ ត្រូវ​ហើយ​សាច់​ឈាម​គេ​អ្នក​ស្រុក​ក្រៅ។ អ្វី​ដែល​មិន​ផ្លាស់​ប្ដូរ​​នោះ​គឺ​ខ្ញុំ​និង​វា មិន​​និយាយ​រក​គ្នា​​ដដែល។ តែ​ពេល​មួយ​ដែល​គ្រួសារ​គេ​និង​គ្រួសារ​ខ្ញុំ​បាន​ដើរ​លេង​​នៅ​ខេត្ត​កោះ​កុង​ទាំង​អស់​គ្នា​​ ​ ពេល​ជិះ​ទូក​នៅ​ព្រៃ​កោងកាង​វា​ដាក់​​កាណុង​កាមេរ៉ា​សំដៅ​មក​ខ្ញុំ​ ហើយ​​មើល​ដោយ​ជ្រួញ​ចិញ្ចើម។ លុះ​យប់​បន្តិច​ពួក​យើង​ក៏​ដើរ​មើល​អំពិលអំពែក​ វា​ក៏​មក​អំប៉ែ​ៗ​ ដើរ​ក្បែរ​ខ្ញុំ​​ហើយ​សួរ «ក្បាល​ហ្នឹង​អត់​ទាន់​បាត់​ស្នាម​ទេ?»។ យើង​អត់​និយាយ​រក​គ្នា​ ៨ ឆ្នាំ​ហើយ​នេះ​ជា​សម្ដី​ទី​មួយ​​ដែល​ខ្ញុំ​បាន​ឮ​ពី​គេ។ ដោយ​សារ​តែ​សំណួរ​ហ្នឹង​ហើយ​ទើប​ធ្វើ​ឱ្យ​ពួក​យើង​និយាយ​​រក​គ្នា​វិញ។ ពេល​មិន​និយាយ​រក​គ្នា​ មួយ​ម៉ាត់​ក៏​មិន​បញ្ចេញ​ដែរ ​តែ​បើ​បាន​និយាយ​វិញ​តាប៉ែ​ដូច​គ្នា! យើង​និយាយ​ច្រើន​​ហួស​ រហូត​ដណ្ដើម​គ្នា​និយាយ​។ ពួក​យើង​រំឭក​រឿង​កាល​នៅ​ក្មេងៗ​ តាំង​ពី​សួន​អំពិលអំពែក​ដល់​សណ្ឋាគារ​ គេ​រំលើក​តែ​រឿង​ធ្លាប់​ងូត​ទឹក​ស្រាត​ជាមួយ​ខ្ញុំ​ទេ ឯ​ខ្ញុំ​រំឭក​តែ​រឿង​គេ​​ខ្លាច​ឆ្កែ។ អ្វី​ដែល​គួរ​ឱ្យ​កត់​សម្គាល់​គឺ​ គេ​លែង​ហៅ​ខ្ញុំ​ថា​ខ្នៃ​ហើយ​ គេ​ហៅ​ខ្ញុំ​ថា​ចរណៃ​វិញ ចំណែក​ខ្ញុំ​ស្មាន​តែ​ហ៊ាន​ហៅ​គេ​ អា​ហួត​ហ្អី? ប្រាកដ​ជា​ហៅ​​ហួត​ហើយ។

 

មក​ខ្មែរ​បាន​តែ​​២០​ថ្ងៃ វា​ក៏​ត្រឡប់​ទៅ​អាមេរិក​វិញ អ្វី​ដែល​​ធ្វើ​ឱ្យ​ខ្ញុំ​ Crush វា​​គឺ​មុន​ពេល​ត្រឡប់​ទៅ​វិញ​វា​យក​​ កន្សែង​បង់​ក​ មួយ​មក​ឱ្យ​ខ្ញុំ​ហើយ​ប្រាប់​ថា របស់​ទិញ​ផ្ញើ​ តែ​ភ្លេច​ឱ្យ។ គួរ​ឱ្យ​ស្រឡាញ់​ដល់​ហើយ! តែ​ទោះ​យ៉ាង​ណា​ខ្ញុំ​មិន​អាច​ឱ្យ​វា​ដឹង​ថា​ ខ្ញុំ​លួច​ស្រឡាញ់​វា​ទេ ខ្លាច​បាត់​បង់​មិត្តភាព​ ព្រោះ​មិន​មែន​ជា​រឿង​ងាយ​ឡើយ​ដែល​ Crush លើ​មិត្តភ័ក្ដិ​ខ្លួន​ឯង​នោះ​។ ដែល​ខ្ញុំ​ហ៊ាន​ចែក​រំលែក​រឿង​នេះ​តាម​ Sabay ព្រោះ​ខ្ញុំ​ជឿ​ថា​ Crush របស់​ខ្ញុំ​អត់​ចេះ​អាន​ខ្មែរ​ទេ កាល​នៅ​រៀន​ ថ្នាក់​ទី​៣​ រាប់​«ក» ដល់​ «អ»​មិន​ចេញ​ផង! សរសេរ​អក្សរ​មិន​ត្រូវ​​ជួរ បើ​អាន​វិញ​​​ តែ​ពីរ​ជួរ​ដឹង​តែ​គាំង​ហើយ និយាយ​រួម​វា​អត់​ពូកែ​ដូច​ខ្ញុំ​ទេ តែ​បើ​អង់គ្លេស​ និង ចិន​វិញ​គេ​ខ្លាំង​តាំង​ពី​ដើម ​ព្រោះ​គ្រួសារ​គេ​ដូច​មិន​សូវ​រវីរវល់​រឿង​​ភាសា​ខ្មែរ​ទេ។

 

ទោះ​បី​គេ​ជា​ Crush របស់​ខ្ញុំ​ក៏​ដោយ​ តែ​​ខ្ញុំ​មិន​ចង់​ឱ្យ​គេ​ស្រឡាញ់​ខ្ញុំ​វិញ​ទេ ទុក​ឱ្យ​ខ្ញុំ​លួច​ស្រឡាញ់​គេ​ម្នាក់​ឯង​បាន​ហើយ៕

 

អត្ថបទ៖ ចរណៃ

 

​​​​​​​​​មាន​អត្ថបទ​ពាក់ព័ន្ធ​នឹង​មនុស្ស​ដែល​អ្នក​ចងចាំ​ ចង់​ឲ្យ​ Sabay ​ចុះ​ផ្សាយ​ សូម​ទាក់ទង៖

e-mail៖ kong.chanvanneng@cidc.com.kh ឬ ទាក់ទងមក​លេខទូរសព្ទ៖ ០១០ ៧០០ ៧២៧

 

ចង់​ដឹង​លក្ខខណ្ឌ​ដើម្បី​សរសេរ​ផ្ញើ​មក​កាន់ ​Sabay ​បាន​សូមចុចត្រង់នេះ ​​​​​​​​​​

អត្ថបទថ្មី