ជីវិតពិតយុវតីស្រុកស្រែម្នាក់ក្លាយជានារីរកស៊ីផ្លូវភេទនៅថៃ
- 2014-09-17 17:14:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជីវិតពិតយុវតីស្រុកស្រែម្នាក់ក្លាយជានារីរកស៊ីផ្លូវភេទនៅថៃ
ចន្លោះមិនឃើញ
ហ៊ុមព័ទ្ធដោយវាលស្រែដ៏ស្ងួតហែងនារដូវប្រាំង ភូមិមួយស្ថិតនៅភាគឦសាន ក្នុងប្រទេសថៃ បានផ្ដល់កំណើតដល់ ណយ (Noi) ឲ្យរស់នៅដ៏សុខដុមរមនាក្រោមដំបូលគ្រួសារមួយ ដែលមានឪពុកម្ដាយ និងបងប្អូនប្រុសបួននាក់ ស្រីពីរនាក់។
កាលណោះ ការអភិវឌ្ឍពុំទាន់ចូលដល់ក្នុងភូមិនៅឡើយទេ។ ល្ងាចឡើង មានតែភ្លើងចង្កៀងសម្រាប់បំភ្លឺគេហដ្ឋាននីមួយៗ។ រហូតដល់ណយមានអាយុ៦ឆ្នាំ ទើបភ្លើងអគ្គិសនីចូលទៅដល់។ នៅក្នុងភូមិចាប់ផ្ដើមមានទូរទស្សន៍មួយគ្រឿង ហើយក៏ជាពេលដែលកុមារីរូបនេះបានឃើញទូរទស្សន៍ជាលើកដំបូងដែរ។ មិនយូរប៉ុន្មាន គ្រួសារផ្សេងៗក៏មានទូរទស្សន៍ដែរ។ គ្រួសារណយក៏បានទិញមួយគ្រឿងនឹងគេដែរ ក្រោយពីបងប្រុសនាងមានការងារធ្វើ និងសន្សំលុយបានខ្លះ។
ពេលណយមានអាយុ១២ឆ្នាំ នាងបានឈប់រៀន ដោយសារឪពុកម្ដាយនាងពុំមានលុយគ្រប់គ្រាន់សម្រាប់ផ្គត់ផ្គង់ការសិក្សា។ ម្យ៉ាង ឪពុកម្ដាយណយចង់ឲ្យនាងនៅផ្ទះនឹងអាលបានជួយធ្វើការងារផ្ទះ និងការងារស្រែចម្ការផង។ ថ្ងៃមួយបងប្រុសណយបានរៀបការ ហើយឪពុកម្ដាយនាងត្រូវរកលុយបណ្ណាការរហូតដល់ទៅ៣០ ០០០បាទ ដោយសារខាងស្រីមិនត្រឹមតែស្អាតទេ ថែមទាំងមានទ្រព្យគ្រាន់បើទៀតផង។
ថ្ងៃមួយ ឪពុករបស់ណយចង់បានគោយន្តមួយគ្រឿងសម្រាប់ដឹកទំនិញដូចអ្នកភូមិផ្សេងដែរ។ អ្នកភូមិម្នាក់បានប្រាប់គាត់ឲ្យខ្ចីលុយពីធនាគារ ហើយគាត់ក៏សម្រេចចិត្តទៅខ្ចីមែន។ ធនាគារក៏ព្រមឲ្យ ដោយសារសម្លឹងឃើញដីស្រែគ្រួសារមួយនេះមានតម្លៃដែរ។ នៅពេលឪពុកណយបើកគោយន្តមកផ្ទះដំបូង ពិតជាធ្វើឲ្យនាងរំភើបមែនទែន។
-អានអត្ថបទ៖ សៀវភៅថៃមានរូបតារាសិចជប៉ុន ត្រូវមន្ត្រីអប់រំប្រកាសប្រមូលមកវិញ
ណយមិនដឹងថា គ្រួសារនាងខ្ចីលុយពីធនាគារប៉ុន្មាននោះទេ គ្រាន់តែដឹងថា ត្រូវតែបង់ការប្រាក់៣០ ០០០បាតជារៀងរាល់ឆ្នាំ សម្រាប់រយៈពេល១០ឆ្នាំ។ ក្រោយពីរយៈពេល១០ឆ្នាំ គឺត្រូវបង់ទាំងការ ទាំងដើម។
ពីរបីឆ្នាំក្រោយមក បងប្រុសរបស់ណយមួយទៀតក៏រៀបការដែរ។ ម្ដងនេះ ឪពុកម្ដាយរបស់ណយក៏សម្រេចទៅខ្ចីលុយពីធនាគារសម្រាប់យកមកធ្វើជាបណ្ណាការចូលស្ដីដណ្ដឹងគេ ដែលធ្វើឲ្យខាងស្រីគិតថា គ្រួសាររបស់ណយជាគ្រួសារមានទ្រព្យគ្រាន់បើដែរ។
ឪពុកម្ដាយរបស់ណយក៏ចាប់ផ្ដើមចាស់ទៅៗ។ មិនយូរប៉ុន្មាន បងស្រីណយក៏រៀបការ ដោយខាងប្រុសជួនបណ្ណាការត្រឹមតែ២០ ០០០បាតប៉ុណ្ណោះ។ ក្រោយពីការរួច ខាងប្រុសត្រូវមករស់នៅក្នុងគ្រួសារជាមួយណយដែរ ហើយមិនយូរប៉ុន្មានសមាជិកថ្មីដែលជាកួនបងស្រីរបស់នាងក៏បានកើតមកទៀត។
នៅពេលណយមានអាយុ២០ឆ្នាំទើបនាងដឹងថា ឪពុករបស់នាងមានការខ្វាយខ្វល់យ៉ាងខ្លាំងទៅលើប្រាក់ដែលខ្ចីពីធនាគារ។ ទាំងលុយទិញគោយន្ត ទាំងលុយខ្ចីសម្រាប់មង្គលការបងនាងផង ឡើងដល់៥០០ ០០០បាត ដែលពិបាកស្រមៃថា គ្រួសារណយនឹងអាចរកលុយពីណាមកសងធនាគារវិញបាន។
រូបតំណាង
ពេលមួយ ណយបានជួបមិត្តភ័ក្ដិកាលនៅសាលាឈ្មោះ តយ (Toi) ដែលបានទៅទីក្រុងបាងកកដើម្បីរកការងារធ្វើ។ នាងបានប្រាប់ណយថា នៅទីនោះនាងអាចរកបានលុយច្រើន ដោយធ្វើការក្នុងបា និងទៅជាមួយបារាំង។
នៅឆ្នាំមួយ សេដ្ឋកិច្ចប្រទេសថៃធ្លាក់ចុះ ធ្វើឲ្យបងប្រុសរបស់ណយទាំងប៉ុន្មានរកការងារមិនបានធ្វើ ដូច្នេះពួកគេមិនអាចរកលុយដើម្បីសងទៅធនាគារវិញបានទេ។ ឪពុករបស់ណយក៏ចាប់ផ្ដើមធ្លាក់ខ្លួនឈឺ សម្រាកក្នុងមន្ទីរពេទ្យដោយសារជំងឺបេះដូង។ វេជ្ជបណ្ឌិតថា គាត់មិនអាចជួយអ្វីបានច្រើនទេនៅមន្ទីរពេទ្យរដ្ឋនេះ លុះត្រាទៅមន្ទីរពេទ្យឯកជនទើបអាចជួយបានច្រើន ហើយត្រូវមានលុយ២០០ ០០០បាតសម្រាប់វះកាត់។
ម្ដាយរបស់ណយចង់ខ្ចីលុយពីធនាគារបន្ថែមទៀត ប៉ុន្តែត្រូវប្ដីរបស់គាត់ឃាត់។ ពេលមកមើលឪពុកនាងដូចសព្វមួយដង ណយមិនឃើញឪពុករបស់នាងទេ នាងឃើញតែគ្រែទទេ។ តាមពិត ឪពុករបស់នាងបានលាចាកលោកបាត់ទៅហើយ។
ប៉ុន្មានសប្ដាហ៍ក្រោយមក ណយបានខ្ចីលុយ៣៥០បាតពីពូ ដើម្បីជិះឡានក្រុងមកធ្វើការនៅក្នុងភោជនីយដ្ឋានមួយ នាទីក្រុងបាងកក។ តយបានមករង់ចាំទទួលណយដល់ចំណតរថយន្តក្រុង។ ក្រោយពីជួយនាងហើយ តយក៏បាននាំណយទៅបន្ទប់របស់នាង។ ២០នាទីក្រោយមកដល់បន្ទប់ តយបានផាត់មុខ និងស្លៀកពាក់យ៉ាងសិចស៊ីដើម្បីទៅធ្វើការ។ នៅក្បែរតយ ណយមានអារម្មណ៍ថា ហាក់មានមនុស្សម្នាក់ដូចទើបឡើងមកពីស្រែ។ ប៉ុន្តែណយមិនអាចស្លៀកសំលៀកបំពាក់ដូចតយបានទេ។
តយបានណែនាំណយឲ្យបានស្គាល់ម្ចាស់បារ ដែលមានសន្ដានចិត្តល្អម្នាក់ ប៉ុន្តែណយបែរជាឈឺក្បាលពេលឃើញទិដ្ឋភាពនៃរបរនេះទៅវិញ។ នារីៗធ្វើការចាក់ស្រាឲ្យបារាំង អង្គុយកំដរបារាំង និងពេលខ្លះត្រូវបារាំងលូកស្ទាបតាមចិត្ត។ ណយបានដើរទៅអង្គុយនៅក្បែរមាត់ឆ្នេរ ភ្លាមៗនោះស្រាប់តែមានបារាំងម្នាក់មកស្ទាបគូថរបស់នាង ហើយនិយាយជាភាសាអង់គ្លេស ដែលណយមិនអាចយល់បាន។ ណយចាប់ផ្ដើមភ័យ ហើយក៏រត់ចូលទៅក្នុងបារវិញ។ នារីៗបានសើច ហើយបានប្រាប់ថា នារីណាដែលរត់ទៅមាត់ឆ្នេរហ្នឹង គឺគ្មានអ្វីក្រៅពីចង់ទៅក្រៅជាមួយបារាំង។ ប៉ុន្មានថ្ងៃក្រោមមក ណយបានខ្ចីលុយតយខ្លះដើម្បីជិះឡានត្រឡប់ទៅស្រុកវិញ។
-អានអត្ថបទ៖ កន្លែងសំខាន់ៗនៃរាងកាយនារីៗដែលបុរសមើលហើយលួចស្រមើស្រមៃ
ពេលមកដល់ផ្ទះ អ្វីៗស្រដៀងនឹងបញ្ហាចាស់ដដែល។ ណយយំរាល់យប់ ដោយសារយល់ថា ខ្លួនឯងមិនអាចធ្វើអ្វីបានច្រើនដើម្បីជួយគ្រួសារ។
មិនយូរប៉ុន្មាន នាងបានត្រឡប់មកទីក្រុងបាងកកសាជាថ្មី ដោយខ្ចីលុយពូជិះឡាន ហើយប្រាប់តយថា នាងចង់រកការងារធ្វើ។ តយបានជួយតុបតែងមុខឲ្យណយ។ ណយធ្វើការបីថ្ងៃដោយមិននិយាយរកបារាំងណាម្នាក់សូម្បីតែមួយម៉ាត់។ នៅថ្ងៃទី៤របស់នាង ណយបានលេងហ្គេមជាមួយបុរសបារាំងម្នាក់។ គាត់ចាស់ ប៉ុន្តែហាក់ដូចជាចង់លេងជាមួយណយ បើទោះបីនាងចេះនិយាយត្រឹមតែពាក្យហេឡូជាភាសាអង់គ្លេសក្ដី។
រូបតំណាង
គាត់បាននិយាយថា គាត់ចង់យកណយទៅក្រៅមួយភ្លែត។ អ្នកនៅបាជាមួយប្រាប់ថា នាងអាចទៅជាមួយគាត់បាន ប្រហែលជាពីរ ឬបីម៉ោង ដោយគេងជាមួយគាត់ ហើយគាត់នឹងឲ្យប្រាំរយបាត។ ណយក៏សម្រេចចិត្តទៅជាមួយ។ ណយមានអារម្មណ៍ភ័យដែរ ប៉ុន្តែនាងព្រមទៅជាមួយដោយនិយាយថា អូខេ។
នៅថ្ងៃនោះ ណយបានត្រឡប់មកកន្លែងស្នាក់នៅវិញជាមួយនឹងទឹកភ្នែក ដោយសារអ្វីដែលនាងបានធ្វើគឺជារឿងមិនល្អទាល់តែសោះ។ មិនយូរប៉ុន្មាន ណយអាចចេះនិយាយភាសាអង់គ្លេសបន្តិច និងបន្តទៅក្រៅជាមួយបារាំងទាំងនោះទៀត។ នៅចុងខែ ណយអាចរកបានប្រាក់មួយម៉ឺនបាត ផ្ញើទៅផ្ទះ។
មិនយូរប៉ុន្មាន នាងបានជួបនឹងបារាំងម្នាក់ ក្មេង ឈ្មោះ Mike។ ណយចូលចិត្តគាត់ខ្លាំងណាស់ ដោយមើលឃើញថា Mike ជាបុរសម្នាក់ខុសពីបារាំងដទៃ។ គាត់បានទិញសំលៀកបំពាក់ និងខ្សែកមាសឲ្យណយ ហើយថែមទាំងបានសារភាពថា ស្រលាញ់ណយទៀតផង។ ណយមានអារម្មណ៍ថា រំភើបជាខ្លាំង និងគិតថា ក្ដីសុបិនរបស់នាងនឹងជិតក្លាយជាការពិត។
ណយបាននាំ Mike ទៅលេងស្រុក ដើម្បីឲ្យបានជួបនឹងគ្រួសារនាង។ នៅដល់ភូមិ ពួកគេបានរៀបចំពិធីជប់លៀងដ៏ធំមួយ ដោយណយបានប្រាប់ឲ្យ Mike ទិញស្រាបៀរឲ្យអ្នករាល់គ្នាញ៉ាំ។ នៅពេលដល់ម៉ោងចូលគេង Mike ចង់គេងជាមួយនឹងណយ ប៉ុន្តែត្រូវណយប្រាប់ថា វាប៉ះពាល់ប្រពៃណី។ តាមពិត Mike យល់ព្រមទាំងមិនសប្បាយចិត្ត។
នៅថ្ងៃបន្ទាប់ ពូរបស់ណយដែលអាចនិយាយភាសាអង់គ្លេសបានខ្លះ ពិភាក្សាជាមួយ Mike អំពីការរៀបការ ដោយសួរបារាំងរូបនេះថា គាត់នឹងហ៊ានថ្លៃទឹកដោះដល់ប៉ុន្មាន ដូច្នេះលុយដែលបានពីបណ្ណាការនេះនឹងជួយសងទៅធនាគារ។ Mike សើច រួចនិយាយថា គាត់រៀបការជាមួយណយ មិនមែនជាមួយម្ដាយរបស់ណយទេ។ បើទោះបីណយផ្ទាល់ព្យាយាមពន្យល់ប្រពៃណីនេះដល់ Mike យ៉ាងណា ក៏គាត់មិនយល់ដែរ។
ពេលពួកគេត្រឡប់មកដល់ទីក្រុងបាងកកវិញ Mike បាននិយាយរឿងមួយចំនួនដែលគាត់មិនពេញចិត្តនៅភូមិ រួមទាំងការចង់បានលុយរបស់គ្រួសារណយផង ដែលធ្វើឲ្យនាងឈឺចិត្តយ៉ាងខ្លាំង។ ចុងក្រោយពួកគេក៏បែកគ្នា។ ណយវិញមានតែភាពអាម៉ាស់។ នាងអាចផ្ញើលុយទៅស្រុករាល់ខែបាន ប៉ុន្តែមិនហ៊ានទៅជួបអ្នកភូមិទេ៕
ប្រភព៖ Sexwork រូបភាព៖ photo.net