ច្បាប់ចរាចរណ៍ថ្មីពិន័យ៥ដងមិនពាក់មួក អាចជាឱកាសអ្នកលក់កេងចំណេញ?
- 2015-11-16 16:20:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ច្បាប់ចរាចរណ៍ថ្មីពិន័យ៥ដងមិនពាក់មួក អាចជាឱកាសអ្នកលក់កេងចំណេញ?
ចន្លោះមិនឃើញ
ច្បាប់ចរាចរណ៍ផ្លូវគោកថ្មីបានចែងពីការពិន័យចំពោះអ្នកមិនពាក់មួកសុវត្ថិភាព គឺគុណនឹង៥ដងនៃកម្រិតពិន័យក្នុងច្បាប់បច្ចុប្បន្ន ដែលនឹងចាប់អនុវត្តពីថ្ងៃ០១ មករា ២០១៦ខាងមុខនេះតទៅ។
លោក ផល ប្រជាពលរដ្ឋម្នាក់រស់នៅទីក្រុងភ្នំពេញ បានបញ្ចេញយោបល់ថា ច្បាប់ថ្មីនេះប្រហែលជាអាចជួយបង្កើនចំនួនអ្នកពាក់មួកបាន ដោយសារតែតម្លៃផាកខ្ពស់រហូតដល់ ១៥ ០០០រៀល។ ដូច្នេះអ្នកមិនចង់ពាក់ ក៏ត្រូវបង្ខំចិត្តពាក់ដែរ។ ប៉ុន្តែសម្រាប់អ្នកមានជីវភាពក្រខ្សត់វិញ លោកយល់ថា ជាផលអវិជ្ជមានទៅវិញ ម្យ៉ាងទៀត វាអាចជាឱកាសសម្រាប់អ្នកលក់មួកអាចដំឡើងតម្លៃក៏ថាបាន។
ប៉ុន្តែអាជីវករលក់មួកសុវត្ថិភាពនៅតាមបណ្ដោយផ្លូវជាតិលេខ១ ក្បែរផ្សារច្បារអំពៅ អ្នកស្រីនីតា ប្រាប់ថា មិនមានគោលបំណងដំឡើងតម្លៃមួកនោះទេ គឺលក់ក្នុងតម្លៃដូចសព្វថ្ងៃ។
ប៉ុន្តែអ្នកស្រីជឿថា ការលក់ប្រហែលជាអាចមានការកើនឡើងជាងមួយសព្វដង បន្ទាប់ពីច្បាប់ចរាចរណ៍ថ្មីចាប់អនុវត្ត។
ការលក់ដូរមិនទៀងទាត់ទេ តែជាមធ្យមលក់បានប្រហែល៨-១០មួកក្នុងមួយថ្ងៃ ដោយមួកមានតម្លៃពី៣$-២០$។ "ការដំឡើងវាអាស្រ័យលើពេលនាំចូល។ បើយកចូលមកថ្លៃ គឺត្រូវដំឡើងតាមហ្នឹងដែរ មិនអាចឡើងខុសគេបានទេ ព្រោះមានហាងផ្សេងច្រើនទៀតគេលក់ដែរ។ បើយើងលក់ថ្លៃជាងគេ ច្បាស់ជាគេមិនទិញឡើយ"។ ស្ត្រីវ័យខ្ទង់ជាង៤០ឆ្នាំ បញ្ជាក់។
ទោះយ៉ាងណា ក្នុងកិច្ចប្រជុំពិគ្រោះយោបល់ ស្ដីពី«យុទ្ធនាការផ្លាស់ប្ដូរឥរិយាបថ អំពីការពាក់មួកសុវត្ថិភាពសម្រាប់អ្នករួមដំណើរតាមម៉ូតូនិងកុមារ កាលពីថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៥ ខាងសង្គមស៊ីវិល បានស្នើរាជរដ្ឋាភិបាលឲ្យមានការបន្ធូបន្ថយពន្ធនាំចូលមួកសុវត្ថិភាពដើម្បីរួមចំណែកនិងសម្រួលដល់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់មួកសុវត្ថិភាពឲ្យបានគ្រប់គ្នា ដោយសារពួកគាត់មួយចំនួន មានជីវភាពខ្វះខាត បើសិនជាមានការបន្ធូរបន្ថយពន្ធនាំចូលមួកសុវត្ថិភាព នោះតម្លៃក៏អាចធ្លាក់ចុះ ហើយជាការល្អដល់ការជំរុញពាក់មួកសុវត្ថិភាពបានប្រសើរ រួមចំណែកកាត់បន្ថយគ្រោះថ្នាក់ចរាចរផងដែរ៕
សូមអាន ៖ ខ្លីៗជួយបង្កើនការយល់ដឹងចរាចរណ៍របស់អ្នកកាន់តែប្រសើរ
អត្ថបទ៖ លឹម សុនា