ពិធី​បុណ្យ​នៅ​កោះ​មួយ​នៅ​​​ឥណ្ឌូណេស៊ី ​គាស់​ខ្មោច​ឲ្យ​ស្លៀក​​ខោអាវ​ថ្មី​​ដង្ហែ​តាម​ភូមិ

  • 2015-11-16 16:27:10
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​រៀង​រាល់ ៣ឆ្នាំ​ម្ដង ​ប្រជាជន​ឥណ្ឌូណេស៊ី​លើ​កោះ​មួយ​បាន​​ធ្វើ​ពិធី​គោរព​ដល់​សាក​សព​សាច់​ញាតិ ដោយ​ជីក​គាស់​កកាយ​ពួកគេ​ឡើង និង​លាង​សម្អាត​សាកសព រួច​ស្លៀក​ពាក់​​ខោអាវ​ដែល​ពួកគេ​ចូល​ចិត្ត​​ម្ដង​ទៀត។​ ពិធីបុណ្យ​ចម្លែក​មួយ​​​នេះ​ ត្រូវ​គេប្រារព្ធ​​​ធ្វើ​តាំង​ពី​រាប់​រយ​ឆ្នាំ​កន្លង​​មក​ហើយ។

 

 

ទិដ្ឋភាព​នេះ​មើល​ទៅ​ហាក់​ដូចជា​ភាពយន្ត​ខ្មោច Zombie អញ្ចឹង ​ប៉ុន្តែ​​ជនជាតិភាគតិច Torajan រស់​នៅ​តំបន់​ភ្នំ Tana Toraja នៃ​កោះ Sulawesi ហៅ​ពិធីបុណ្យ Ma'nene នេះ​ជា​ពិធីបុណ្យ​ខ្មោច​​រស់​ឡើង​វិញ។

 

ពិធីបុណ្យ Ma'nene បាន​ចាប់ផ្ដើម​ប្រារព្ធ​ដំបូង​​ក្នុង​ភូមិ Baruppu ​ជាង​មួយ​សតវត្ស​កន្លង​ទៅ។ ​បងប្អូន​ជនជាតិ Torajan ​បាន​ប្រាប់​រឿង​មួយ​​ទាក់​ទង​នឹង​ពិធីបុណ្យ​នេះ​ថា ​​មាន​អ្នក​ប្រមាញ់​សត្វ​ម្នាក់​ឈ្មោះ Pong Rumasek បាន​​បរបាញ់​សត្វ​នៅ​តាម​ជួរ​ភ្នំ ពេល​នោះ​គាត់​បាន​ប្រទះ​​ឃើញ​សាកសព​ដែល​គេ​បោះ​បង់​ចោល​មួយ​ បាន​​ពុក​ផុយ​ក្រោម​ដើមឈើ​មួយ​ដើម។ ​អ្នក​ប្រមាញ់​នោះ​បាន​យក​សាកសព​ ឲ្យ​ស្លៀក​ពាក់​ខោអាវ​របស់​គាត់ និង​បាន​រក​កន្លែង​បញ្ចុះ​យ៉ាង​សមរម្យ ហើយ​គាត់​ជឿ​ថា ​គាត់​តែង​មាន​​សំណាង​ល្អ​ និង​រាសី​ខ្ពស់​ជានិច្ច។ ការអនុវត្ត​បែប​នេះ​ត្រូវ​បាន​ថែ​រក្សា​ដោយ​ជនជាតិ Toraja តាំង​ពី​ពេល​នោះ​មក។

 

 

ពិធីបុណ្យ Ma'nene មាន​ន័យ​ថា​ជា​ពិធីបុណ្យ​លាង​សម្អាត​សាកសព ហើយ​ក្រោយ​សម្អាត​ និង​ស្លៀក​ពាក់​ខោអាវ​ថ្មីៗ​ ​សាច់​ញាតិ​បាន​ដង្ហែ​សាកសព​ដាក់​ក្នុង​មឈូស​​ជុំ​វិញ​ភូមិ តាម​ផ្លូវ​ត្រង់។

 

ប្រជាជន​ភាគតិច​ Torajan ​​​មួយ​ភាគ​ធំ​ប្រមាណ ៦៥ម៉ឺននាក់​ ​កាន់​សាសនាគ្រិស្ដ ​និង​ឥស្លាម​ ប៉ុន្តែ​មួយ​ចំនួន​ទៀត នៅ​​ប្រតិបត្តិ​បុព្វ​បុរស​តាម​បែប Aluk Todolo ។

 

ពិធី​បុណ្យ​ខាង​លើ ​​ត្រូវ​បាន​ប្រជាជន​ទីនោះ​ចាត់​ទុក​ជា​ព្រឹត្តិការ​សំខាន់​បំផុត និង​មាន​តម្លៃ​បំផុត​មួយ​សម្រាប់​សហគមន៍​ពួកគេ ហើយ​ពួកគេ​គិត​ថា​ព្រលឹង​ទាំង​នោះ​​​បាន​ត្រលប់​មក​ភូមិ​កំណើត​វិញ​ បើ​ទោះ​ជា​ស្លាប់​រយៈពេល​ជា​យូរ​ឆ្នាំ​ក្ដី៕

 

 
 
 
 

ចុចអាន៖ កោះ​អាថ៌កំបាំង​ ​ជម្រក​កុលសម្ព័ន្ធ​៦ម៉ឺន​​​ឆ្នាំ​ អ្នក​ណា​ហ៊ាន​ចូល​អាច​ស្លាប់

 

ប្រែ​សម្រួល៖ ឡេង ភារុណ ប្រភព៖ dailymail​​​​​​​​​​​