រឿងថ្មីរបស់មហាហង្ស សហការជាមួយកូរ៉េ
- 2015-11-17 17:15:23
 - ចំនួនមតិ 0 | ចំនួនចែករំលែក 0
 
រឿងថ្មីរបស់មហាហង្ស សហការជាមួយកូរ៉េ
ចន្លោះមិនឃើញ
ខ្សែភាពយន្តសម្រាប់ដាក់បញ្ចាំងនៅរោងកុនរបស់ផលិតកម្មមហាហង្សរឿង "ខ្មោចថតកុន" ទទួលបានកិច្ចសហការជាមួយក្រុមហ៊ុនផ្នែករក្សាសម្ផស្សល្បីឈ្មោះមួយរបស់ប្រទេសកូរ៉េ។ នេះបើតាមលោក អ៊ិន សុភិន ជាចាងហ្វាងផលិតកម្ម។
"គាត់គឺជាដៃគូឧបត្ថម្ភធំជាងគេរបស់មហាហង្ស ចាប់ពីពេលនេះទៅគ្រប់រឿងរបស់មហាហង្ស គឺមានគាត់ជាឧបត្ថម្ភគឺ Korea Cosmetic"។ លោក អ៊ិន សុភិន ម្ចាស់ផលិតកម្ម បានបញ្ជាក់ប្រាប់ Sabay នារសៀលម្សិលមិញ វេលាសម្ពោធរឿង "ខ្មោចថតកុន" នៅរោងភាពយន្ត Major Cineplex by Cellcard។
នេះជាកិច្ចសហការលើកដំបូងបំផុតរវាងលោក និងភាគីកូរ៉េ។ លោក សុភិន បន្តថា តាមរយៈកិច្ចសហប្រតិបត្តិការនេះ លោកមានមោទនភាពមែនទែន ព្រោះអំណោយច្រើនដល់ផលិតផលភាពយន្តរបស់លោកពីពេលនេះតទៅ។ "យើងក៏បានផ្សព្វផ្សាយពីរឿងយើង គាត់ក៏បានផ្សព្វផ្សាយពីផលិតកម្មគាត់ ហើយមួយវិញទៀតរឿងយើងនៅឆ្នាំក្រោយ អាចនឹងយកទៅបញ្ចាំងនៅកូរ៉េទៀត"។
ដំណើរដើមចមនៃរយៈកិច្ចសហការនាពេលនេះ ចាងហ្វាងដដែល ភាគីទាំងពីរមើលគ្នាទៅវិញទៅមក ទីបំផុតក៏សម្រេចចាប់ដៃគ្នាធ្វើជាដៃគូ។ លោកស្រី អាន់ ជីងជុង នាយិកាក្រុមហ៊ុន Korea Cosmetic ក៏បានថ្លែងឲ្យដឹងដែរថា កិច្ចសហការមួយនេះ លោកស្រីក៏រីករាយដូចគ្នា និងសង្ឃឹមថា ទាំងសងខាងនឹងលូតលាស់ល្អដូចគ្នា។
Korea Cosmetic នឹងផ្ដល់ជាកញ្ចប់ថវិកាមួយកញ្ចប់សម្រាប់ទ្រទ្រង់រាល់ការផលិតភាពយន្តនានារបស់មហាហង្ស។ ជំនួសមកវិញ ផលិតផលផ្នែកសម្ផស្សរបស់ Korea Cosmetic នឹងត្រូវប្រើប្រាស់ក្នុងខ្សែភាពយន្តទាំងនោះ។ បូករួមទាំងក្រុមហ៊ុនផ្នែកសម្ផស្សរបស់កូរ៉េខាងលើ បច្ចុប្បន្នមហាហង្សមានក្រុមហ៊ុនជាដៃគូចំនួន៣។ ដៃគូ២ផ្សេងទៀត មានLine Hall Express, Banner Printing។
វិលមករឿង "ខ្មោចថតកុន" វិញ សម្ដែងដោយ ប៉ែន ចំរុង ភិន សុដាលីស អូន ឧស្សាហ៍ លឹម រដ្ឋា ជាដើម គឺនិយាយពីក្រុមថតភាពយន្តមួយក្រុម បានចុះថត ហើយបានជួបខ្មោចមួយក្រុម ដែលមានទាំងខ្មោច ក្មេង ចាស់ មេទ័ព រហូតខ្មោចភេទទី៣ទៀត។ ដំបូង ចំរុង បានឃើញដបបូរាណមួយដោយមិនដឹងថាមានព្រលឹងខ្មោចសណ្ឋិត ក៏បានបើកយកយ័ន្តចេញ ធ្វើឲ្យព្រលឹងខ្មោចរួចចេញមកក្រៅប្រសាច។ ដំណើររឿងរបស់ខ្មោច ក៏កើតឡើងតាំងពីពេលនោះមករហូតដល់ចប់។
ក្រោយពីបានបើកសម្ពោធម្សិលមិញ "ខ្មោចថតកុន" គ្រោងនឹងដាក់បញ្ចាំងផ្លូវការចាប់ពីថ្ងៃទី ១៩ វិច្ឆិកា នេះតទៅនៅរោងភាពយន្តនានានៅរាជធានី។ លោក អ៊ិន សុភិន បញ្ជាក់ថា បន្ទាប់ពីរឿងនេះ ផលិតកម្មលោកគ្រោងនឹងបញ្ចេញរឿងថ្មីមកកាន់ទីផ្សារបន្តបន្ទាប់ទៀត នៅរង្វង់ពាក់កណ្ដាលខែធ្នូខាងមុខ៕
អត្ថបទ៖ ទារិកា