ហង្ស​ក្រហម​ឈ្នះ QPR ទាំង​ភ័យ​បុក​ពោះ​យប់​មិញ (វីដេអូ)

  • 2014-10-20 15:20:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រុម​ហង្ស​ក្រហម Liverpool ទទួល​បាន​៣ពិន្ទុ​ពេញ​ពី​ក្រុម​ម្ចាស់​ផ្ទះ QPR យប់​មិញ ក្រោយ​ឈ្នះ ៣-២ ប៉ុន្តែ​វា​​ជា​ជ័យជម្នះ​ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ភ័យ​បុក​ពោះ​ ដោយ​សារ​តែ​​៨នាទី​ចុង​ក្រោយ​មាន​ការ​ស៊ុត​គ្នា​ទៅ​វិញ​ទៅ​មក​ដល់​ទៅ​៤គ្រាប់ ដែល​ក្នុង​នោះ​មាន​ទាំង​ការ​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង​ផង​ដែរ។

 

 

ក្រុម​របស់​លោក Brendan Rodgers បាន​បំបែក​ពង​មាន់​នៅ​នាទី​៦៧ ដោយ​សារ​ Richard Dunne ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង ពេល​ព្យាយាម​រារាំង​បាល់​ដែល​ទាត់​ចេញ​ពី​ចំហៀង​ដោយ Glen Johnson។ នេះ​ជា​គ្រាប់​បាល់​ទី​១០​ហើយ​របស់ Dunne ដែល​ជា​កំណត់ត្រា​ច្រើន​បំផុត​នៅ​ Premier League។

 

ខ្សែ​ប្រយុទ្ធ Eduardo Vargas បាន​​ជួយ​​​ឲ្យ​ QPR តាម​ស្មើ​នៅ​នាទី​៨៧ ប៉ុន្តែ​ហង្ស​ក្រហម​បាន​នាំ​មុខ​ជា​ថ្មី​នៅ​នាទី​៩០ ដោយ​ការ​ស៊ុត​របស់ Philippe Coutinho ។ ដល់​ម៉ោង​បន្ថែម​ទៅ​ហើយ Vargas បាន​ស៊ុត​គ្រាប់​ទី​២​របស់​ខ្លួន តាម​ស្មើ Liverpool ម្ដង​ទៀត​​ទាំង​មិន​គួរ​ឲ្យ​ជឿ។

 

យ៉ាង​ណា​ក្ដី អ្វីៗ​មិន​បញ្ចប់​ដោយ​ពិន្ទុ​ស្មើ​គ្នា ២-២ នោះ​ទេ ពោល​គឺ Steven Caulker បាន​ធ្វើ​ឲ្យ Liverpool ទទួល​បាន​៣ពិន្ទុ​ពេញ ​ក្រោយ​​ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង​នៅ​​ពេល​រៀប​ចប់​​ការ​ប្រកួត​ទៅ​ហើយ ​​ពេល​​​ប៉ះ​បាល់​ដែល​ទាត់​ដោយ​ Raheem Sterling។

 

 

អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​មួយ​ទៀត គឺ​ខ្សែប្រយុទ្ធ Mario Balotelli របស់​ហង្ស​ក្រហម បាន​ភ្លាត់​ឱកាស​​ស៊ុត​បញ្ចូល​ទី​ល្អៗ​មួយ​ចំនួន​ផង​ដែរ។

 

​លទ្ធផល​នេះ​ជួយ​ឲ្យ​ Liverpool ​ឡើង​ឈរ​លេខ​៥ ជា​បណ្ដោះអាសន្ន ដោយ​ទទួល​បាន​១៣ពិន្ទុ​ក្នុង​៨ប្រកួត។ មួយ​គូ​ទៀត​កាល​ពី​យប់​មិញ​ដែរ​នោះ គឺ Stoke City ឈ្នះ Swansea City ២-១៕

 

Dunne ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង ឲ្យ Liverpool នាំ​មុខ QPR

Eduardo Vargas ស៊ុត​ឲ្យ QPR តាម​ស្មើ Liverpool

Coutinho ស៊ុត​បញ្ចូល​ទី​ឲ្យ Liverpool នាំ​មុខ ២-១

Vargas ស៊ុត​ឲ្យ QPR តាម​ស្មើ​

Caulker ធ្វើ​ឲ្យ​ចូល​ទី​ខ្លួន​ឯង​ចុង​ម៉ោង ឲ្យ Liverpool ស៊ី ៣-២

 

វីដេអូហាយឡាយ៖

 

http://youtu.be/4CymREHfKVg

 

ដោយ៖ សុខ សុវត្ថិ

រូបភាព៖ dailymail

អត្ថបទពេញនិយម