វិភាគ៖ ចាន់ វឌ្ឍនាកា កំពុងស្ថិតលើផ្លូវឆ្ពោះទៅអឺរ៉ុប ដូចខ្សែប្រយុទ្ធ Hulk របស់ប្រេស៊ីល?
- 2015-12-02 16:02:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
វិភាគ៖ ចាន់ វឌ្ឍនាកា កំពុងស្ថិតលើផ្លូវឆ្ពោះទៅអឺរ៉ុប ដូចខ្សែប្រយុទ្ធ Hulk របស់ប្រេស៊ីល?
ចន្លោះមិនឃើញ
លោក បែ មករា អ្នកចាត់ការរបស់ក្លិបបឹងកេតអង្គរបានបញ្ជាក់ប្រាប់ទូរទស្សន៍ PNN ថា នៅពេលឆាប់ៗខាងមុខនេះ លោកនិងកីឡាករ ចាន់ វឌ្ឍនាកា នឹងអាចទៅចរចាជាមួយក្លិបនៅលីកលំដាប់ទី២របស់ជប៉ុន រឿងខ្ចីជើងខ្សែប្រយុទ្ធវ័យក្មេងរបស់កម្ពុជា បន្ទាប់ពីភាគីខាងជប៉ុន បានមកចរចានៅកម្ពុជាច្រើនលើកមក។ នេះសបញ្ជាក់ឱ្យឃើញថា ភ្លើងខៀវរបស់ ចាន់ វឌ្ឍនាកា ឆ្ពោះទៅលេងនៅក្រៅស្រុកជិតសម្រេចចេញជាផ្លូវការមែនទែនហើយ។
ចាន់ វឌ្ឍនាកា (ឆ្វេង ) និង Hulk (ស្តាំ)
ចុះបើ ចាន់ វឌ្ឍនាកា បានទៅលេងនៅជប៉ុនមែន តើរូបគេអាចមានសំណាងដូចខ្សែប្រយុទ្ធប្រេស៊ីល Hulk ដែរឬអត់ ព្រោះថាកីឡាកររូបនេះផ្លាស់ចេញពីប្រេស៊ីលទៅលេងនៅលីកលំដាប់ទី២របស់ជប៉ុនដូចគ្នា ហើយក្រោយមកទើប Porto របស់ព័រទុយហ្គាល់ទិញនៅឆ្នាំ២០០៨?
ឱ្យច្បាស់ការទៅ Hulk ខ្សែប្រយុទ្ធដែលលេងឱ្យក្រុម Zenit របស់រុស្សីនាបច្ចុប្បន្ននេះ ជាអតីតកីឡាករដែលបានដកស្រង់បទពិសោធន៍ច្រើននៅលីកក្នុងប្រទេសជប៉ុន ទាំងលំដាប់ទីមួយនិងទីពីរ។ កីឡាកររូបនេះចាប់ផ្ដើមអាជីពដំបូងជាមួយក្លិបក្នុងស្រុក Vitória នៅឆ្នាំ២០០៤ ហើយដល់ឆ្នាំ២០០៥ រូបគេក៏ត្រូវក្រុមជប៉ុន Kawasaki Frontale (លេងនៅលីកលំដាប់ទី១) ទិញយក។ ឆ្នាំ២០០៦ ក្លិប Consadole Sapporo របស់ជប៉ុនដដែល បានខ្ចីជើងគេមួយរដូវកាល បន្ទាប់មកក៏ត្រូវក្លិប Tokyo Verdy (លេងនៅលីកលំដាប់ទី២) ខ្ចីជើងបន្តទៀតនៅឆ្នាំ២០០៧ មុនពេលក្លិបនេះទិញដាច់នៅឆ្នាំ២០០៨។
ឆ្នាំ២០០៨ដដែលនេះហើយ ដែល Hulk ត្រូវបានក្លិបនៅអឺរ៉ុបមើលឃើញ គឺ Porto ជាអ្នកទិញយក ខណៈដែលឆ្នាំនោះទៀតសោតក៏ជាឆ្នាំដែលរូបគេត្រូវបានក្រុមជម្រើសជាតិប្រេស៊ីលមើលឃើញផងដែរ។
ចំណែកឯ ចាន់ វឌ្ឍនាកា របស់កម្ពុជាវិញ ក៏អាចនឹងកំពុងតែដើរតាមកន្លងនេះដូចគ្នា បន្ទាប់ពីមានដំណឹងថាក្លិបនៅជប៉ុនចង់បាននោះ។ ដូច្នេះប្រសិនបើរូបគេអាចធ្វើបានល្អនៅជប៉ុនដូច Hulk ដែរ នោះឱកាសដែលក្លិបធំៗនៅអឺរ៉ុបមើលឃើញ ពិតជាមានច្រើនដែរ បើទោះជាបានទៅលេងនៅលីកលំដាប់ទី២ឬលេងនៅលីកលំដាប់ទី១ក៏ដោយ៕
អត្ថបទ៖ មុន្នី រម្យ