អម្ពរ ទេវី ចង់​បាន​ភាគ​លាភ​ពី​ការ​ដាក់​បញ្ចាំង​ភាពយន្ត​ខ្លួន​ឡើង​វិញ

  • 2015-12-04 16:24:37
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អតីត​តារា​សម្ដែង​ជើង​ចាស់ ដែល​បច្ចុប្បន្ន​កំពុង​រស់​នៅ​សហរដ្ឋ​អាមេរិក បាន​ឆ្លើយ​ប្រាប់ Sabay ម្សិលមិញ​នេះ​តាម​រយៈ​សារ​អេឡិចត្រូនិក​ថា អ្នក​នាង​ចង់​បាន​ផល​ប្រយោជន៍ ឬ​ក៏​ភាគ​លាភ​ខ្លះ​ពី​ការ​ដាក់​បញ្ចាំង​ភាពយន្ត​ទាំង​ឡាយ​ណា​ដែល​មាន​ខ្លួន​ចូល​រួម​សម្ដែង។

 

អតីត​តារា​ល្បី​ទសវត្សរ៍​ទី ៩០ រូប​នេះ ថ្លែង​ដូច្នេះ បន្ទាប់​មាន​ដំណឹង​ថា ស្ថានីយ​ទូរទស្សន៍​ក្នុង​ស្រុក​មួយ គ្រោង​នឹង​ចាក់​បញ្ចាំង​ភាពយន្ត​ខ្មែរ​ជំនាន់​អ្នក​ស្រី​សម្ដែង​ឡើង​វិញ​ទាំង​អស់ ជា​ពិសេស​ខ្សែ​ភាពយន្ត​ដែល​សម្ដែង​ដោយ​អ្នក​ស្រី និង​លោក ទេព រិនដារ៉ូ។ អម្ពរ ទេវី ថ្លែង​ថា "រីករាយ​ដែល​បាន​លឺ​ដំណឹង​នេះ ប៉ុន្តែ​ខ្ញុំ​គួរ​តែ​បាន​ការ​លើក​ទឹក​ចិត្ត ឬ​ក៏​ទទួល​បាន​អ្វី​ខ្លះ ទើប​ត្រឹមត្រូវ"។

 

 

សិល្បការិនី​រៀម​ច្បង​រូប​នេះ បន្ត​ថា ក្នុង​តថភាព​ដូច​គ្នា​នេះ ប្រសិន​បើ​នៅ​សហរដ្ឋ​អាមេរិក ជា​ទី​ដែល​អ្នក​ស្រី​កំពុង​រស់​នៅ​ផ្ញើ​ខ្លួន​នោះ គឺ​អ្នក​ស្រី​នឹង​ទទួល​បាន​ផល​ប្រយោជន៍​ខ្លះ​ពី​ការ​ចាក់​បញ្ចាំង​ភាពយន្ត​ស្នាដៃ​អ្នក​ស្រី​មិន​ខាន។ អ្នក​ស្រី​ថ្លែង​ថា "នៅ​អាមេរិក បើ​មាន​ការ​ចាក់​បញ្ចាំង​ភាពយន្ត​ឡើង​វិញ​ដូច្នេះ តារា​សម្ដែង​នឹង​ទទួល​បាន​ចំណែក​ខ្លះ​ពី​ការ​ចាក់​បញ្ចាំង​នេះ"។

 

អតីត​ដៃគូ​សម្ដែង​ស័ក្ដិសម​របស់​លោក ទេព រិនដារ៉ូ បញ្ជាក់​បន្ថែម កាល​ពី​អតីត​កាល​សម្រាប់​ការ​សម្ដែង​របស់​អ្នក​ស្រី​សម្រាប់​សិល្បៈ​ភាពយន្ត​ខ្មែរ គឺ​អ្នក​ស្រី​បាន​ប្រឹង​ប្រែង​ខ្លាំង​ណាស់ ទើប​សម្រេច​បាន​សមិទ្ធផល​មួយ​ចំនួន​ទុក​មក​ដល់​បច្ចុប្បន្ន។ ដូច្នេះ​ហើយ អ្នក​ស្រី គិត​ថា គួរ​តែ​បាន​ផលិត​ប្រយោជន៍​ខ្លះ​ពី​ការ​សើ​រើ​ស្នាដៃ​របស់​អ្នក​ស្រី​មក​ចាក់​បញ្ចាំង​ឡើង​វិញ​នៅ​ពេល​នេះ។

 

ផែនការ​ចាក់​បញ្ចាំង​ភាពយន្ត​ខ្មែរ​ចាស់​ៗ​ឡើង​វិញ ពិសេស​រឿង​សម្ដែង​ដោយ​អ្នក​ស្រី អម្ពរ ទេវី និង​ទេព រិនដារ៉ូ នេះ ត្រូវ​បាន​ប្រកាស​ដោយ​ស្ថានីយ​ទូរទស្សន៍​អាស៊ីអាគ្នេយ៍​ថ្មី​ៗ។ តាម​លោក ញាណ សុធី ទទួល​បន្ទុក​ផ្នែក​ទីផ្សារ និង​អ្នក​រៀបចំ​កម្មវិធី​មួយ​រូប​ប្រចាំ​នៅ​ទូរទស្សន៍​អាស៊ីអាគ្នេយ៍ បាន​ឲ្យ​ដឹង​ថា នេះ​ជា​ផែន​ការ​ត្រៀម​មួយ អនុលោម​តាម​ចំណាត់​ការ​របស់​ក្រសួង​ព័ត៌មាន ដែល​តម្រូវ​ឲ្យ​ឆ្នាំ​ថ្មី​ខាង​មុខ​នេះ ស្ថានីយ​ទូរទស្សន៍​នានា បញ្ឈប់​ការ​ចាក់​បញ្ចាំង​ភាពយន្ត​បរទេស​ក្នុង​ម៉ោង​មាស ក្នុង​ពេល​ដែល​អាស៊ីអាគ្នេយ៍ អត់​ទាន់​មាន​ផែន​ការ​ផលិត​រឿង​ខ្លួន​ឯង​សម្រាប់​ឆ្នាំ​ថ្មី​នេះ​នៅ​ឡើយ។

 

 

យ៉ាង​ណា​ក៏​ដោយ លោក​ថា អ្វី​ៗ​ស្ថិត​ក្នុង​ការ​ជជែក​គ្នា ដោយ​មិន​ទាន់​ដឹង​ថា ចាប់​បញ្ចាំង​នៅ​ពេល​ណា​ឲ្យ​ច្បាស់ និង​មាន​រយៈ​ពេល​ប៉ុណ្ណា​នៅ​ឡើយ។ ដោយ​ឡែក​រឿង ពាក់​ព័ន្ធ​អតីត​តារា​សម្ដែង អម្ពរ ទេវី ចង់​ទាម​ទារ​ភាគលាភ​ពី​ការ​ដាក់​បញ្ចាំង​រាល់​ភាពយន្ត​សម្ដែង​ដោយ​អ្នក​ស្រី លោក សុធី ប្រាប់​ថា លោក​មិន​ទាន់​អាច​ឆ្លើយ​បាន​នៅ​ពេល​នេះ​ទេ ដោយ​រង់​ចាំ​ជជែក​គ្នា​ក្នុង​ក្រុម​ការងារ​សិន។ “អូហ៍...ខ្ញុំ​ទើប​តែ​លឺ​នា​ពេល​នេះ អីចឹង​ចាំ​និយាយ​គ្នា​សិន លទ្ធផល​យ៉ាង​ណា ចាំ​ខ្ញុំ​ប្រាប់​ទៅ​វិញ"។

 

ចំពោះ​ករណី​នេះ អ្នក​ស្រី អម្ពរ ទេវី បញ្ជាក់​ថា អ្នក​ស្រី នឹង​រក​វិធី​ដើម្បី​បាន​ពិភាក្សា​គ្នា​ជាមួយ​ម្ចាស់​គម្រោង។ ទោះ​បែប​នេះ​ក្ដី លោក ទេព រិនដារ៉ូ ដែល​ជា​ដៃគូ​សម្ដែង​ជាមួយ អម្ពរ ទេវី ក្នុង​រឿង​ជា​ច្រើន​ដែល​ស្ថិត​ក្នុង​គម្រោង​ដាក់​បញ្ចាំង​ដោយ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ដែរ​នោះ ប្រាប់​ថា លោក​មិន​មាន​គម្រោង​ទាមទារ​ភាគ​លាភ​ឡើយ។

 

ប្រព័ន្ធ​ច្បាប់​ពាក់​ព័ន្ធ​នៅ​សុំា​ញុំា ជា​មូលហេតុ​មួយ​នាំ​ឲ្យ​លោក ដារ៉ូ មិន​នឹក​ភ្នក​ដល់​ការ​ទាម​ទារ​ដូច​ខាង​លើ ដោយ​សិល្បករ​រៀម​ច្បង​រូប​នេះ និយាយ​ដោយ​ចាត់​ទុក​ថា នេះ​ជា​ការ​រួម​ចំណែក​មួយ​ផ្នែក​ជួយ​ជាតិ។ “គេ​យក​មក​ចាក់​បញ្ចាំង​វិញ មួយ​ផ្នែក​ជួយ​ដល់​វិស័យ​ភាពយន្ត​យើង មួយ​ផ្នែក​ដូច​ជា Promote ខ្ញុំ​ដែរ អីចឹង​ដូច​ជា​មិន​ចង់​ទាម​ទារ​អី​ទេ ចាត់​ថា​ជា​វិភាគ​ទាន​ជួយ​ជាតិ​ទៅ​ចុះ។ ម្យ៉ាង យើង​យក​ថ្លៃ​ឈ្នួល​ផ្ដាច់​ពី​ថៅកែ​កុន​ទៅ​ហើយ មិន​ដឹង​ថា​ច្បាប់​កាល​ហ្នុង​គេ​គិត​ម៉េច​ៗ​ផង"។

 

 

សិល្បករ​ជើង​ចាស់​ដែល​នៅ​មាន​ទីផ្សារ​ថត​ភាពយន្ត​រូប​នេះ សង្ឃឹម​ថា ភាពយន្ត​ចាស់​ៗ​របស់​លោក និង​មិត្ត​រួម​អាជីព​ផ្សេង​ទៀត នឹង​ជា​ទី​ចាប់​អារម្មណ៍​របស់​ប្រិយមិត្ត​មួយ​ចំនួន ពិសេស​អ្នក​ដែល​ធ្លាប់​គាំទ្រ​ភាពយន្ត​ទាំង​នោះ​កន្លង​មក។

 

ក្រសួង​ពាណិជ្ជកម្ម ទើប​នឹង​ចុះ​កម្មសិទ្ធិ​បញ្ញា​បទ​ចម្រៀង​លោក ស៊ិន ស៊ីសាមុត ចំនួន ៧៣ បទ និង​១​បទ​របស់​រាជនី​សំឡេង​មាស រស់ សេរីសុទ្ធា ដែល​នឹង​ធានា​ដល់​ការ​ទទួល​បាន​របស់​ម្ចាស់​កម្មសិទ្ធិ​នូវ​ភាគ​លាភ​ពី​ការ​ប្រើ​ប្រាស់​ស្នាដៃ​របស់​ខ្លួន​ក្នុង​សកម្មភាព​ពាណិជ្ជកម្មនានា។ យ៉ាង​ណា​មិន​ទាន់​ដឹង​ថា ច្បាប់​នេះ​នឹង​មាន​វិសាលភាព​ដល់​ខ្សែ​ភាពយន្ត​ ឬ​យ៉ាង​ណា​នៅ​ឡើយ ខណៈ​ព្រឹក​នេះ លោក ស៊ឹម សុខេង ប្រធាន​នាយកដ្ឋាន​កម្មសិទ្ធិ​បញ្ញា​នៃ​ក្រសួង​ពាណិជ្ជកម្ម មិន​ទាន់​អាច​ទាក់​ទង​បាន។

 

ប៉ុន្តែ​តាម​ប្រសាសន៍​ឯកឧត្ដម ស៊ុន ចាន់ថុល ទេស​រដ្ឋ​មន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​កន្លង​មក​បាន​ឲ្យ​ដឹង​ថា ម្ចាស់​កម្មសិទ្ធិ​បញ្ញា​អាច​ប្រើប្រាស់​សិទ្ធិ​ទាម​ទារ​ផល​ប្រយោជន៍​ពី​ស្នាដៃ​របស់​ខ្លួន​បាន លុះ​ត្រា​ស្នាដៃ​នោះ​ត្រូវ​បាន​ចុះ​បញ្ជី​កម្មសិទ្ធិ​បញ្ញា​រួច​រាល់ និង​មាន​ការ​ទទួល​ស្គាល់​ជា​ផ្លូវ​ការ ទើប​ការ​ទាមទារ​ផល​ប្រយោជន៍​ពី​ស្នាដៃ​របស់​ខ្លួន អាច​ធ្វើ​ទៅ​បាន​ក្រោម​ការ​គាំពារ​នៃ​ច្បាប់៕ តា គង់ ណៃ គ្រោង​​យក​បទ​ចម្រៀង​ចាប៉ី ទៅ​ចុះ​កម្មសិទ្ធិ​បញ្ញា ការ​ប្រគំតន្ត្រី​​ជួយ​​​ក្រុម​គ្រួសារ ​អធិរាជ​សំឡេង​មាស ស៊ីន ស៊ីសាមុត មាន​​​ការ​គាំទ្រ​ច្រើន កំពុង​មាន​ចម្រូង​ចម្រាស ម៉ៅ ហាជី បញ្ចេញ​តម្លៃ​ខ្លួន អត្ថបទ៖ ទារិកា

រូបភាព៖ FB អម្ពរ ទេវី