កម្ពុជារំពឹងទេសចរមកកម្ពុជានឹងកើនដល់ ៨លាននាក់នៅឆ្នាំ ២០២០
- 2015-12-08 21:13:25
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កម្ពុជារំពឹងទេសចរមកកម្ពុជានឹងកើនដល់ ៨លាននាក់នៅឆ្នាំ ២០២០
ចន្លោះមិនឃើញ
បើទោះបីជាឆ្នាំ ២០១៥ កម្ពុជាមិនអាចស្រូបយកទេសចរបាន ៥ លាននាក់ចូលទស្សនាដូចការរំពឹងទុក ប៉ុន្តែចំនួនភ្ញៀវអាចនឹងកើនឡើងពី ៧ លាន ៥ សែននាក់ទៅ ៨ លាននាក់ ក្នុងឆ្នាំ ២០២០។ នេះបើតាមការអះអាងរបស់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន ក្នុងទិវារត់ប្រណាំងអន្តរជាតិពាក់កណ្ដាលម៉ារ៉ាតុន នៅអង្គរវត្តលើកទី២០ ក្នុងឆ្នាំ២០១៥ កាលពីពេលថ្មីៗនេះ។
លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍
រដ្ឋមន្ត្រីក្រសួងទេសចរណ៍រូបនេះថ្លែងឱ្យអ្នកសារព័ត៌មានដឹងថា ឆ្នាំ ២០១៥ នេះ កម្ពុជាអាចទាក់ទាញភ្ញៀវជាតិ និងអន្តរជាតិប្រហែល ៤ លាន ៨ សែននាក់ ហើយក្នុងឆ្នាំ២០២០ លោករំពឹងថានឹងកើនឡើងដូចដែលបានលើកឡើងខាងលើ។ លោកបានទម្លាយឱ្យដឹងពីអំណះអំណាងថា មកពីកម្ពុជាមានកត្តាទាក់ទាញសំខាន់ៗ ៥ ដូចជាកម្ពុជា មានប្រាសាទអង្គរវត្តដ៏អស្ចារ្យ មានឆ្នេរសមុទ្រជាប់ចំណាត់ថ្នាក់ល្អលើពិភពលោក មានតំបន់អេកូទេសចរណ៍ស្រស់បំព្រង ប្រជាជនស្វាគមន៍ភ្ញៀវយ៉ាងរួសរាយរាក់ទាក់ និងជាប្រទេសមានសុវត្ថិភាព។
មន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលបានសង្កត់ធ្ងន់ថា៖ “បើតាមការវាយតម្លៃរបស់ពិភពលោក កម្ពុជាជាប្រទេសមួយមានឧត្ដមភាពប្រកួតប្រជែងយ៉ាងសំខាន់ក្នុងវិស័យទេសចរណ៍ ជាពិសេសទេសចរណ៍វប្បធម៌ និងធម្មជាតិ"។
តាមការឱ្យដឹងរបស់រដ្ឋមន្ត្រីដដែលនេះ ពិភពលោកបានបង្ហាញការយល់ឃើញថា បើកម្ពុជាខិតខំប្រឹងប្រែង ប្រែក្លាយប្រទេសទៅជាគោលដៅទេសចរណ៍បៃតងនិងស្អាត នោះកម្ពុជាមានលទ្ធភាពទាក់ទាញ ហើយមានឧត្ដមភាពខ្លាំងក្លា។
លោកមានប្រសាសន៍ថា អ្វីទាំងនេះនៅមិនទាន់គ្រប់គ្រាន់នៅឡើយទេ ហើយដើម្បីឱ្យកាន់តែល្អមួយកម្រិតទៀតនោះ ក្រសួងទេសចរណ៍ស្ថាប័នពាក់ព័ន្ធ និងប្រជាជន ត្រូវធ្វើឱ្យគោលដៅទេសចរណ៍កម្ពុជា មានសេវាប្រកបដោយគុណភាព និងមានបដិសណ្ឋាកិច្ចល្អថែមទៀត៕
ចុចអាន៖ ថ្មតាដាសច្ចំ រមណីយដ្ឋានទឹកធ្លាក់ថ្មីកំពុងល្បីនៅកំពត
អត្ថបទ៖ អ៊ុំ សុភក្តិ