ថ្មតាដាសច្ចំ រមណីយដ្ឋានទឹកធ្លាក់ថ្មីកំពុងល្បីនៅកំពត
- 2015-11-10 22:53:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថ្មតាដាសច្ចំ រមណីយដ្ឋានទឹកធ្លាក់ថ្មីកំពុងល្បីនៅកំពត
ចន្លោះមិនឃើញ
ខេត្តកំពតមានប្រជាប្រិយដោយសារគោលដៅទេសចរណ៍ល្បីមួយចំនួនដូចជា រមណីយដ្ឋានឋានសួគ៌បូកគោ ទឹកឈូ កំពង់ត្រាច អគារចំណាស់សម័យបារាំងជាដើម។ ដោយឡែក រមណីយដ្ឋានធម្មជាតិថ្មីមួយទើបត្រូវបង្កើតឡើងប្រហែលកន្លះឆ្នាំប៉ុណ្ណោះគឺរមណីយដ្ឋានថ្មតាដាសច្ចំបានទាញទេសចរទាំងខ្មែរ និងបរទេសទៅកម្សាន្តឥតដាច់ដោយសារទឹកធ្លាក់ដ៏ស្រស់ស្អាត និងទេសភាពជួរភ្នំដ៏គួរឲ្យទាក់ភ្នែកតាមផ្លូវឡើងទៅកាន់ទីនោះ។
បើធ្វើដំណើរពីខេត្តកំពតតាមផ្លូវឆ្ពោះទៅរមណីយដ្ឋានទឹកឈូអ្នកនឹងចំណាយពេលប្រហែល ៣០ នាទី ឬលើសនេះបន្តិចបន្តួច។ ទៅហួសរមណីយដ្ឋានទឹកឈូប្រហែល ៥ គីឡូម៉ែត្រអ្នកនឹងឃើញផ្លូវបត់ចូលរមណីយដ្ឋានទឹកធ្លាក់ថ្មតាដាសច្ចំ ដោយត្រូវចំណាយពេលឡើងទៅប្រហែល ១៥ ទៅ ២០ នាទីទៀត។ ស្ថានភាពផ្លូវមិនជាស្រួល តែក៏មិនពិបាកខ្លាំងព្រោះទើបឈូសឆាយធ្វើថ្មីៗដែលរថយន្ត និងម៉ូតូអាចឡើងទៅដល់។ រថយន្តទាបៗអាចពិបាកឡើងបន្តិចព្រោះអាចមានជង្ហុក និងផ្លូវមិនស្មើដោយអន្លើ។ ចំណុចដែលគួរឲ្យប្រុងប្រយ័ត្នមួយទៀតគឺ ស្ថានភាពផ្លូវអាចរអិលដោយកន្លែងនៅពេលមានភ្លៀងធ្លាក់ ដូច្នេះគួរជ្រើសរើសពេលវេលាដែលមិនមានភ្លៀងឡើងទៅកម្សាន្តជាការល្អ។
តាំងពីផ្លូវចូលទៅអ្នកនឹងឮសំឡេងទឹកហូរតាមប្រឡាយក្បែរផ្លូវឥតដាច់នាំអារម្មណ៍ឲ្យនឹកដល់ទឹកធ្លាក់ដែលត្រូវទៅលេងតាំងតែពីច្រកចូលរួចទៅហើយ។ ពេលឡើងទៅដល់អ្នកត្រូវបង់ថ្លៃចូលកម្សាន្តគឺសម្រាប់ជនបរទេស (៣ដុល្លារ) ទេសចរក្នុងស្រុក (៣ពាន់រៀល) ម៉ូតូ (១ពាន់រៀល) រថយន្តទេសចរណ៍ (៥ពាន់រៀល) រថយន្តធុនធំ (១ម៉ឺនរៀល) និងអ្នកចង់ថតរូបអាពាហ៍ពិពាហ៍ (៥ម៉ឺនរៀល)។
ចូលទៅជិតដល់អ្នកអាចចតយានយន្ត និងម៉ូតូនៅចំណតដែលមានអ្នកលក់ទឹកអំពៅ នំនែក និងវត្ថុអនុស្សាវរីយ៍នានាដោយមិនបាច់បង់ប្រាក់បន្ថែម។ នៅទីនោះ អ្នកនឹងឃើញផ្លាកបង្ហាញទិសដៅពីរទី ១ គឺ ទឹកធ្លាក់ថ្មតាដាសច្ចំ (ប្រហែល ៤០០ ម៉ែត្រ) និងទឹកផុសតាដារូងចន្ទ (ចម្ងាយ ២១០ ម៉ែត្រពីទីនោះ)។ សម្រាប់ទឹកផុសតាដារូងចន្ទ ទេសចរអាចបើករថយន្តឡើងដល់កន្លែងងូតទឹក និងអង្គុយលេងតែម្ដង។ ទឹកផុសរូងតាចន្ទមិនសូវជាធំប៉ុន្មានតែអាចឲ្យមនុស្សខ្ពង់ ៥០ ទៅ ៦០ នាក់ងូតទឹកដ៏ត្រជាក់ឆ្លុះដល់បាតយ៉ាងរីករាយក្នុងពេលដំណាលគ្នា ហើយនៅលើនោះមានក្យុសមួយចំនួនសម្រាប់អ្នកទៅលេងជាលក្ខណៈក្រុម ឬគ្រួសារជួលសម្រាកកម្សាន្តបាន។
ងាកមកទឹកធ្លាក់តាដាសច្ចំវិញ អាចនឿយហត់ក្នុងការឡើងទៅកម្សាន្តបន្តិច ព្រោះមានចម្ងាយឆ្ងាយជាង និងចោតជាងហើយមានមធ្យោបាយតែមួយសម្រាប់ឡើងទៅទីនោះគឺថ្មើរជើង។ តែពេលឡើងទៅដល់អ្នកនឹងមានអារម្មណ៍ស្រស់ស្រាយដោយសារចំហាយទឹកធ្លាក់ដ៏ត្រជាក់ដូចទឹកកក កន្លែងអង្គុយលេង និងការគយគន់ទេសភាពពីកំពូលដ៏ត្រកាល។ អ្នកអាចថតរូប ដេកលេង ឬចូលងូតទឹកដ៏ត្រជាក់បានដោយរីករាយ។
បងស្រី រឿន អ្នកលក់ទឹកអំពៅនៅផ្លូវឡើងរមណីយដ្ឋានទាំងពីរនិយាយថា រមណីយដ្ឋានទើបត្រូវបានអភិវឌ្ឍប្រហែលកន្លះឆ្នាំប៉ុណ្ណោះ។ អ្នកលក់វ័យខ្ទង់ ៣០ ឆ្នាំស្ដើងរៀបរាប់ថា រាល់ថ្ងៃមានទាំងទេសចរជាតិ និងអន្តរជាតិមកលេងឥតដាច់ចន្លោះពី ១០០ ទៅ ២០០ នាក់មិនថា ថ្ងៃឈប់សម្រាក ឬថ្ងៃធម្មតាឡើយ។ ពេលវេលាដែលភ្ញៀវនិយមមកលេងគឺនៅពេលល្ងាចចាប់ពីម៉ោង ៣ ឡើងទៅ។ អ្នកលក់ដដែលសម្ដែងក្ដីរីករាយដែលមានទេសចរមកលេងច្រើនព្រោះអាចបង្កើនចំណូលចិញ្ចឹមគ្រួសារ និងដើម្បីផ្សព្វផ្សាយពីតំបន់ទេសចរណ៍ថ្មីនេះដល់មហាជនទូទៅផង៕
អត្ថបទ៖ ប្រាក់ ចាន់សីហា រូបភាព៖ ទូរសព្ទដៃ