តើ​មាន​បង​ស្រី​ឯ​ណា ដូច​បង​ស្រី​ខ្ញុំ?

  • 2015-12-14 16:11:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឱ្យ​តែ​​ស្ដាប់​បទ​ «បង​ស្រី» របស់​តារា​ចម្រៀង​ម្នាក់​ខ្ញុំ​តែង​តែ​នឹក​ឃើញ​ដល់​បង​ស្រី​ធំ​របស់​ខ្ញុំ។ ខ្ញុំ​តែង​តែ​ហៅ​គាត់​ថា អ៊ី​ជ្រួញ មិន​មែន​មក​ពី​គាត់​​ជ្រីវជ្រួញ​ដូច​មនុស្ស​ចាស់​ទេ តែ​គាត់​មើល​ទៅ​ចាស់​ជាង​មិត្តភ័ក្ដិ​គាត់​ដែល​មាន​អាយុ​ស្របាល​គាត់។  

មូល​ហេតុ​ដែល​គាត់​ចាស់​ជាង​អាយុ​ព្រោះ តែ​គាត់​ធ្វើ​ការ​ច្រើន​និង គិត​ច្រើន។ គាត់​គិត​ច្រើន​ព្រោះ​តែ​ប្អូន​ៗ។ ពេល​ខ្លះ​ខ្ញុំ​គិត​ថា​គាត់​ជា​ម្ដាយ​ខ្ញុំ​ ព្រោះ​គាត់​ជា​ជំហរ​មួយ​របស់​គ្រួសារ។  

កាល​នៅ​តូច​ខ្ញុំ​មិន​សូវ​ត្រូវ​គ្នា​នឹង អ៊ី​ជ្រួញ​ទេ ខ្ញុំ​ជា​កូន​ពៅ ហើយ​ក្បាល​ខូច​ទៀត។ ខ្ញុំ​ចាំ​ថា​កាល​នៅ​តូច​ អ៊ី​ជ្រួញ​កំពុង​ជូត​ផ្ទះ ហើយ​ខ្ញុំ​ដើរ​ទៅ​រអិល​អុក​គូទ ខ្ញុំ​ក៏​រត់​ទៅ​ប្ដឹង​ប៉ា ហើយ​​ប៉ា​ក៏​វ៉ៃ​អ៊ី​ជ្រួញ (ប៉ា​ក៏​អញ្ចឹង​ដែរ អត់​ស្ដាប់​ហេតុផល​ទេ)។ ខ្ញុំ​មាន​អារម្មណ៍​ថា​ស្ដាយ​ក្រោយ​ខ្លាំង​ណាស់ ដែល​ធ្វើ​បាប​បង​ស្រី​ខ្លួន​ឯង។

 

អ៊ី​ជ្រួញ​ តែង​តែ​ត្រូវ​ប៉ា​ម៉ាក់​ស្ដី​បន្ទោស​ រហូត​ ហើយ​គាត់​រ៉ាប់​រង​ការងារ​ក្នុង​ផ្ទះ​ ទាំង​អស់​ ចំណែក​បង​ស្រី​បន្ទាប់​គេ​យក​លេស​រវល់​រៀន​គ្មាន​ពេល​មក​ជួយ​ការងារ​គាត់​ទេ។ ឯ​ខ្ញុំ​វិញ​ខ្ជិល​រលួយ​ក្នុង​ គិត​តែ​ដើរ​លេង​បាញ់​ឃ្លី​ជាមួយ​ក្មេង​ក្នុង​ភូមិ​។   ម៉ាក់​ខ្ញុំ​ជា​អ្នក​លក់​បន្លែ​នៅ​ផ្សារ ប៉ា​ជា​អ្នក​រត់​កង់​បី ដូច្នេះ​គាត់​ពុំ​មាន​លទ្ធភាព​គ្រប់​គ្រាន់​សម្រាប់​ឱ្យ​ខ្ញុំ​រៀន​ទេ បើ​ពុំ​មាន​បង​ស្រី​ធំ។ អ៊ី​ជ្រួញ​ត្រូវ​ឈប់​រៀន​ ក្រោយ​ចប់​ទី​១២ ហើយ​ធ្វើ​ការ​នៅ​ក្រុម​ហ៊ុន​តូចតាច​ ដើម្បី​យក​លុយ​ឱ្យ​ខ្ញុំ​និង​បង​ស្រី​បន្ទាប់​​ខ្ញុំ​រៀន​បន្ត។ គាត់​ប្រាប់​ទៀត​ថា គាត់​មិន​ចង់​ឱ្យ​ពួក​ខ្ញុំ​ឈប់​រៀន​ទេ​ ​ជា​ពិសេស​គាត់​ចង់​ឱ្យ​ខ្ញុំ​រៀន​ឱ្យ​ចប់​ និង ក្លាយ​ជា​វិស្វករ​ម្នាក់។   បង​ស្រី​ទី​ពីរ​ របស់​ខ្ញុំ​គាត់​បាន​រៀន​ចប់​បរិញ្ញាបត្រ​ហើយ​មាន​ការងារ​ធ្វើ​ហើយ​ ប៉ុន្តែ​គាត់​រក​បាន​ត្រឹម​តែ​ផ្គត់​ផ្គង់​ក្រពះ​ខ្លួន​ឯង​ប៉ុណ្ណោះ។ ពេល​ខ្ញុំ​កំពុង​រៀន​ឆ្នាំ​ទី​មួយ ខ្ញុំ​ស្ទើរ​នឹង​បញ្ឈប់​ការ​សិក្សា​ព្រោះ​ គ្រួសារ​ទាល់​ខ្លាំង​មែន​ទែន ដោយ​ប្រាក់​ខែ​បង​ស្រី​ទី​ពីរ និង អ៊ី​ជ្រួញ​ត្រូវ​ចំណាយ​ទៅ​លើ​ថ្លៃ​វះកាត់​រលៀក​ខ្នែង​ពោះ​វៀន​របស់​ប៉ា​អស់​ហើយ ចំណែក​ខ្ញុំ​គ្មាន​លុយ​បង់​សាលា​ទេ ត្រូវ​ផ្អាក​រៀន​មួយ​​ឆ្នាំ។   ក្រោយ​ពេល​ប៉ា​ជា​ពី​ជំងឺ មាន​អ្នក​រក​ស៊ី​ពោះ​ម៉ាយ​កូន​ពីរ​ម្នាក់​ ចង់​បាន​អ៊ី​ជ្រួញ​ ដូច្នេះ​អ្នក​ផ្ទះ​ទាំង​អស់ ទាំង​ម៉ាក់​ទាំង​ប៉ា ទាំង​បង​ស្រី​ទី​ពីរ បងប្អូន​មីង​មា​ ទាំង​អស់​បង្ខំ​ឱ្យ​អ៊ី​ជ្រួញ​រៀប​ការ​ជាមួយ​​អ្នក​មាន​នោះ ទាំង​ដែល​ដឹង​ហើយ​ថា​អ៊ីជ្រួញ​មិន​បាន​ស្រឡាញ់។   អ៊ី​ជ្រួញ​ពិបាក​ចិត្ត​​ណាស់ មាន​តែ​ប្អូន​ប្រុស​ម្នាក់​នេះ​ទេ​ដែល​យល់​ចិត្ត​គាត់ ដូច្នេះ​ខ្ញុំ​ក៏​ប្រាប់​គាត់​ថា «បើ​មិន​ស្រឡាញ់​គាត់​ទេ ប្រកែក​ទៅ!»។ តែ​អ៊ី​ជ្រួញ​បែរ​ជា​លើក​ហេតុផល​ថា ពោះ​ម៉ាយ​នោះ​ជា​អ្នក​មាន​ បើ​គាត់​មិន​រៀប​ការ​ទេ ខ្ញុំ​នឹង​អត់​បាន​រៀន។ គាត់​តប​ហើយ ​ខ្ញុំ​ឈប់​ស្ដាប់ ហើយ​ដើរ​ទៅ​កាន់​កន្លែង​ដេក​របស់​ខ្ញុំ​វិញ ដោយ​លួច​យំ​អាណិត​បង​ស្រី គាត់​ចង់​រៀប​ការ​ជា​មួយ​នឹង​មនុស្ស​ដែល​គាត់​មិន​បាន​ស្រឡាញ់​ដើម្បី​យឹតយោង​គ្រួសារ និង ឱ្យ​ប្អូន​បាន​ចូល​រៀន​វិញ។   ប៉ុន្តែ​ចាត់​ទុក​ថា​ជា​ព្រេង​វាសនា​របស់​អ៊ី​ជ្រួញ មាន​ប្រុស​អាល្លឺម៉ង់​ម្នាក់​ស្រឡាញ់​គាត់​ ដែល​ស្គាល់​គ្នា​តាម​រយៈ​មិត្តភ័ក្ដិ​ណែ​នាំ។ ដូច្នេះ​គាត់​ក៏​សម្រេច​ចិត្ត​ រៀបការ​នឹង​បង​ថ្លៃ​ជន​ជាតិ​អាល្លឺម៉ង់​នោះ ហើយ​អ្នក​ផ្ទះ​ក៏​មិន​ជំទាស់​ដែរ។   ៣ ឆ្នាំ​មុន​ នៅ​​ថ្ងៃ​គាត់​ឡើង​យន្ត​ហោះ​ ផ្អើល​អស់​ពូ​មីង យាយតា​នៅ​ឯ​ស្រុក​មក​ហែហម​ជូន​ដំណើរ​អ៊ី​ជ្រួញ​ ឡើង​កក​កុញ​ប្រលានយន្តហោះ។ គាត់​មិន​ដែល​ជិះ​យន្តហោះ​ ក៏​មិន​ដែល​ទៅ​ក្រៅ​ប្រទេស លើក​នេះ​​ត្រូវ​ទៅ​តែ​ម្នាក់​ឯង​ទៀត ព្រោះ​ប្ដី​គាត់​ ទៅ​អាល្លឺម៉ង់​តាំង​ពី​ ៦ ខែ​មុន​ម្ល៉េះ។ ​​ ខ្ញុំ​​ចេះ​តែ​បារម្ភ​ចេះ​តែ​ខ្លាច គាត់​ខ្លួន​មួយ​ត្រូវ​រស់​នៅ​ជាមួយ​ប្ដី​សាសន៍​គេ​ មិន​ដឹង​គេ​ស្រឡាញ់​គាត់​ស្មោះ​ឬ​អត់? គេ​ធ្វើ​បាប​គាត់​អត់? តិច​គេ​ជា​ពួក​ជួញ​ដូរ​មនុស្ស​ទៅ? ពេល​ណា​គាត់​បាន​មក​ខ្មែរ​ម្ដង​ទៀត?   មុន​ដំបូង​គ្មាន​អ្នក​ណា​ស្រក់​ទឹក​ភ្នែក​អី​ បន្តិច​ទេ​ តែ​ពេល​អ៊ី​ជ្រួញ​ check in រួច​ត្រូវ​ឡើង​ជណ្ដើរ​យន្ត​ទៅ​ ម៉ាក់​ មីង អ៊ំស្រី និយាយ​ទៅ​ស្រី​ៗ នាំ​គ្នា​ស្រក់​ទឹក​ភ្នែក​លាន់​ធ្វើ​ឱ្យ​ខ្ញុំ​ទប់​ចិត្ត​ស្ទើរ​មិន​បាន​ដែរ។ ពេល​នោះ​ខ្ញុំ​ឃើញ​អ៊ី​ជ្រួញ​ខ្ទប់​មុខ​យំ​ដែរ​ ហើយ​សម្លឹង​មក​ពួក​ខ្ញុំ​ទាំង​អាល័យ។   ពេល​គាត់​ចេញ​ទៅ​ ខ្ញុំ​ពិបាក​ចិត្ត​មួយ​ភ្លែត​គឺ​បាត់​ហើយ តែ​បើ​ឱ្យ​គាត់​នៅ​ខ្មែរ​ទៀត មិន​ដឹង​ថា​គាត់​ត្រូវ​ជួប​នឹង​រឿង​អី​ខ្លះ​ទេ? ពេល​នេះ​ប្រហែល​គាត់​បង្ខំ​ចិត្ត​រៀប​ការ​នឹង​ប្រុស​ពោះម៉ាយ ដែល​គាត់​មិន​ស្រឡាញ់​ផង​ក៏​មិន​ដឹង! គាត់​លំបាក​តាំង​ពី​ក្មេង​មក​ហើយ យឹតយោង​គ្រួសារ​ គាត់​មាន​អម្រែក​ច្រើន​ណាស់​ ដោយ​ត្រូវ​លះបង់​យុវវ័យ​​របស់​គាត់​ ទៅ​ធ្វើ​ការ​យក​លុយ​មក​ឱ្យ​ប្អូន​ៗ​រៀន។ អ្វី​ដែល​គួរ​ឱ្យ​ខឹង​ទៀត​នោះ​គឺ ពូ​មីង​នៅ​ឯ​ស្រុក​មក​បេះបោច​ខ្ចី​លុយ​ពី​ក្មួយ​ទៀត ហើយ​មិន​ដែល​ឃើញ​សង​ទេ ព្រោះ​ដឹង​ថា​អ៊ី​ជ្រួញ​ជា​មនុស្ស​ចិត្ត​ទូលាយ។

  ឥឡូវ​គាត់​ទៅ​អាល្លឺម៉ង់​បាត់​ហើយ គាត់​រួច​ផុត​ពី​អម្រែក​ទាំង​នោះ​ហើយ វា​ល្មម​ដល់​ពេល​ដែល​គាត់​ត្រូវ​ធ្វើ​ដើម្បី​សុភមង្គល​ខ្លួន​ឯង​ម្ដង​ហើយ​។

 

(រូបតំណាង)

យល់​សប្ដិ​មុន​ជួប​ខាង​ក្រៅ

 

ប៉ុន្តែ​ទឹក​ចិត្ត​បង​ស្រី​របស់​ខ្ញុំ​ មិន​បោះ​បង់​ចោល​ប្អូន​ឡើយ​ ទៅ​បាន​កន្លះ​ឆ្នាំ​គាត់​បាន​ផ្ញើ​លុយ​មក​ផ្ទះ​ហើយ​ឱ្យ​ខ្ញុំ​ចូល​រៀន​វិញ។ គាត់​ឥឡូវ​ចេះ​កាច​ច្រើន​ណាស់ គំរាម​មិន​ឱ្យ​ពូ​មីង​ណា​បេះបោច​លុយ​ដែល​គាត់​ផ្ញើ​មក​ទេ គឺ​ទុក​សម្រាប់​ឱ្យ​ខ្ញុំ​បង់​សាលា ឥឡូវ​ខ្ញុំ​រៀន​​ឆ្នាំ​ទី​បួន​ហើយ។

 

ខ្ញុំ​ក៏​មិន​យល់​ដែរ​ថា​ហេតុ​អី​ ពូ​មីង​អ៊ំ នៅ​ឯ​ស្រុក​ ឱ្យ​តែ​ពេល​អ៊ី​​ជ្រួញ​តេ​ទៅ​លេង​ម្ដងៗ តឿន​ឱ្យ​អ៊ី​ជ្រួញ​ផ្ញើ​លុយ​ឱ្យ​គាត់​​ធ្វើ​ផ្ទះ​ធំ ទិញ​គោ​ទិញ​ដី ធ្វើ​មើល​តែ​អ៊ី​ជ្រួញ​​ទៅ​អាល្លឺម៉ង់​ហ្នឹង​ដើម្បី​កើប​លុយ​ចឹង! គាត់​ត្រូវ​ការ​ចាយ​ដូច​តែ​អ្នក​នៅ​ខ្មែរ​​ដែរ​តើ! នេះ​សំណាង​ហើយ​ដែល​អ៊ី​ជ្រួញ​ទៅ​អាល្លឺម៉ង់​បាត់​ បើ​នៅ​ខ្មែរ​វិញ​មិន​ដឹង​សាច់​ញាតិ​ តោង​ទាម​ម៉េច​ខ្លះ​ទេ។

 

អ៊ី​ជ្រួញ​ផ្ញើ​រូប​គាត់​ឱ្យ​មើល គាត់​មាន​កូន​ស្រី​ម្នាក់​ហើយ​ ហើយ​ប្ដី​គាត់​ស្រឡាញ់​គាត់​ណាស់​។ ខ្ញុំ​សែន​សប្បាយ​ចិត្ត​ពេល​ដែល​ឮ​បែប​នេះ ខ្ញុំ​សង្ឃឹម​ថា​គាត់​នឹង​ត្រឡប់​មក​លេង​ខ្មែរ​ឆាប់​ៗ​ជាមួយ​នឹង​បងថ្លៃ​រួម​ទាំង​ ក្មួយ​របស់​ខ្ញុំ។ ខ្ញុំ​ពិត​ជា​អរគុណ​ដល់​បងស្រី​ដែល​មាន​មេត្តាធម៌​របស់​ខ្ញុំ​​ណាស់ ហើយ​ខ្ញុំ​ប្ដេជ្ញា​ថា​នឹង​កាន់​សញ្ញាប័ត្រ​វិស្វករ​ឱ្យ​គាត់​ ឱ្យ​ទាល់​​តែ​បាន៕

 

ចុចអាន៖ យឺត​ពេល​ហើយ​ទើប​ស្តាយក្រោយ

 

 

អត្ថបទ៖ អ៊ុក ជិន​ធា​ 

 

​​​​

មាន​អត្ថបទ​ពាក់ព័ន្ធ​នឹង​មនុស្ស​ដែល​អ្នក​ចងចាំ​ ចង់​ឲ្យ​ Sabay ​ចុះ​ផ្សាយ​ សូម​ទាក់ទង៖ អ៊ីមែល៖ kong.chanvanneng@cidc.com.kh ឬ ទូរសព្ទ៖ ០១០ ៧០០ ៧២៧

 

ចង់​ដឹង​លក្ខខណ្ឌ​ដើម្បី​សរសេរ​ផ្ញើ​មក​កាន់ ​Sabay ​បានសូមចុចត្រង់នេះ