លោកយាយវ័យ៨៩ឆ្នាំ ទទួលបានបរិញ្ញាបត្រជាលើកដំបូង
- 2015-12-14 20:30:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លោកយាយវ័យ៨៩ឆ្នាំ ទទួលបានបរិញ្ញាបត្រជាលើកដំបូង
ចន្លោះមិនឃើញ
គ្រប់គ្នាដែលមិនបានចូលរៀនថ្នាក់មហាវិទ្យាល័យកាលនៅវ័យក្មេងភាគច្រើន យល់ថាពួកគេតែងតែមានឱកាសត្រលប់ទៅយកសញ្ញាប័ត្រដដែល ប្រសិនបើពួកគេចង់បាន។ ការយល់បែបនេះហើយ ទើបធ្វើឲ្យលោកយាយម្នាក់បានលះបង់ពេលវេលា និងកម្លាំងកាយចិត្ត ដើម្បីទទួលបានសញ្ញាប័ត្រនៅអាយុ ៨៩ឆ្នាំ។
លោកយាយ Betty Reilly មានកូន៥នាក់ ចៅបង្កើត១២នាក់ និងចៅទួត ១៣នាក់ បានពាក់មួក និងឈុតទទួលសញ្ញាប័ត្រនៅសាកលវិទ្យាល័យ Florida Atlantic ក្នុងក្រុង Boca Raton រដ្ឋ Florida សហរដ្ឋអាមេរិកកាលពីថ្ងៃអាទិត្យម្សិលមិញ។
លោកយាយបានកើតធំដឹងក្ដីនៅសង្កាត់ Upper East Side ទីក្រុងញ៉ូយ៉ក និងបានគ្រោងចូលរៀននៅសាកលវិទ្យាល័យ Columbia ក្រោយពីបញ្ចប់ថ្នាក់វិទ្យាល័យ។ប៉ុន្តែលោកយាយបានកើតជំងឺរលាកថ្លើមប្រភេទ A និងបានឈប់រៀនតាំងពីពេលនោះ។ ក្រោយមកលោកយាយបានដាក់ពាក្យសុំធ្វើការជាស្មៀន រហូតបានជួបគូជីវិតនៅ Wall Street។
នៅពេលលោកយាយអាយុ ៧៨ឆ្នាំ បណ្ណារក្សម្នាក់បានប្រាប់ឲ្យលោកយាយដាក់ការងារនៅបណ្ណាល័យមួយក្នុងក្រុង Sunrise រដ្ឋ Florida កន្លែងដែលគាត់រស់នៅ តែលោកយាយអាក់អន់ចិត្តជាខ្លាំងពេលគេទាមទារតម្រូវការច្រើន ព្រោះលោកយាយរៀនបានត្រឹមថ្នាក់វិទ្យាល័យ ដែលមិនទាន់ចប់ប៉ុណ្ណោះ។
ការតូចចិត្តនេះបានជំរុញឲ្យលោកយាយសម្រេចស្វែងរកការអប់រំខ្ពស់ជាងនេះ។ ក្រោយមកលោកយាយបានសម្រេចចូលរៀនថ្នាក់បរិញ្ញាបត្ររងនៅមហាវិទ្យាល័យ Broward Community រដ្ឋFlorida ក្នុងឆ្នាំ ២០០៧នៅអាយុ ៨១ឆ្នាំ។ លោកយាយថា គាត់ខ្មាសអៀនជាខ្លាំងពេលចូលដំបូង និងមិត្តរួមថ្នាក់ក្មេងៗស្មើចៅៗសម្លឹងដាក់គាត់ហាក់ភ្ញាក់ផ្អើល។ តែទោះជាបែបនេះលោកយាយបានរៀនចប់ទទួលសញ្ញាប័ត្រ និងបានចូលរៀនថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Florida Atlantic ផ្នែកអក្សរសាស្ត្រអង់គ្លេស។
ដោយសារតែក្ដីរំជើបរំជួល នៅថ្ងៃចែកសញ្ញាប័ត្រលោកយាយបានឡើងឆាកទទួលដោយក្ដីត្រេកអរ និងរាំលើឆាកផង។ បើតាមមន្ត្រីប្រចាំសាលានិយាយថា លោកយាយជាសិស្សចំណាស់ជាងគេបំផុតមួយដែលបញ្ចប់ការសិក្សាក្នុងសាកលវិទ្យាល័យនេះ៕
ចុចអាន៖ កូនក្រមុំប្រគល់សញ្ញាបត្របញ្ជាក់ភាពបរិសុទ្ធ ឲ្យឪពុកថ្ងៃរៀបការ
ប្រែសម្រួល៖ ឡេង ភារុណ ប្រភព៖ abcnews