ទម្លាប់ពេលព្រឹករបស់បុគ្គលល្បីៗ៩រូប
- 2015-12-16 18:41:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទម្លាប់ពេលព្រឹករបស់បុគ្គលល្បីៗ៩រូប
ចន្លោះមិនឃើញ
បុគ្គលជោគជ័យភាគច្រើន តែងមានទម្លាប់ប្រចាំថ្ងៃខុសពីមនុស្សទូទៅ ព្រោះគេគិតថាបើធ្វើដូចមនុស្សទូទៅ នោះលទ្ធផលនឹងបានដូចគេដែរ។ ខាងក្រោមនេះជាទម្លាប់ពេលព្រឹករបស់បុគ្គលល្បីៗ នៅលើពិភពលោក រួមទាំងប្រធានាធិបតីអាមេរិក ស្ថាបនិកបណ្ដាញសង្គម និងអ្នកជំនួញជោគជ័យ។
១. អតីតនាយកប្រតិបត្តិ Apple លោក Steve Jobs (មានប្រាក់ ១១ពាន់លានដុល្លារនៅឆ្នាំ ២០១១) (ស្លាប់)
លោកក្រោកពីព្រឹកវាយតម្លៃការងាររបស់ខ្លួនឡើងវិញ និងរកអ្វីជាការចង់បានបន្ទាប់។ លោកតែងតែមើលមុខកញ្ចក់រៀងរាល់ព្រឹក និងសួរខ្លួនឯងថា៖ "ប្រសិនបើថ្ងៃនេះជាថ្ងៃចុងក្រោយនៃជីវិតខ្ញុំ តើខ្ញុំសប្បាយចិត្ត នឹងអ្វីដែលខ្ញុំត្រូវធ្វើថ្ងៃនេះទេ? នៅពេលដែលចម្លើយឆ្លើយថា «ទេ ជាច្រើនថ្ងៃជាប់ៗគ្នា» ខ្ញុំត្រូវកែប្រែអ្វីមួយហើយ"។
២. ស្ថាបនិក និងជាប្រធាន Facebook លោក Mark Zucherberg (មានប្រាក់ ៣៥,៧ពាន់លានដុល្លារត្រឹមឆ្នាំ ២០១៥)
លោក Zuckerberg ល្បីខាងស្លៀកពាក់ខោអាវដូចៗគ្នាជារៀងរាល់ថ្ងៃ ព្រោះលោកគិតថាធ្វើឲ្យលោកមិនបាច់ពិបាកសម្រេចចិត្តក្នុងការជ្រើសរើសឡើយ។ លោកធ្វើការច្រើនម៉ោងណាស់ និងដេកតិចបំផុត ពេលខ្លះត្រូវឆាតសួរអ្នកបង្កើតកម្មវិធីដល់ម៉ោង ៦ព្រឹកក៏មាន។
៣.អតីតនាយករដ្ឋមន្ត្រីអង់គ្លេស Winston Churchill
-មានស្នាដៃដឹកនាំចក្រភពអង់គ្លេស យកជ័យជម្នះលើរបបណាស៊ី អាឡឺម៉ង់ ក្នុងសង្គ្រាមលោកលើកទី ២
លោកភ្ញាក់ពីដំណេកនៅម៉ោង៧:៣០នាទី សម្ងំលើគ្រែ រហូតម៉ោង ១១ព្រឹក ទើបក្រោកហូបអាហារពេលព្រឹក អានកាសែត និងពិភាក្សាជាមួយលេខា។
៤. ប្រធានាធិបតីអាមេរិកបារ៉ាក់ អូបាម៉ា (មានប្រាក់ ៦,៩ពាន់លានដុល្លារ នៅឆ្នាំ ២០១៥)
លោកតែងក្រោកពីព្រលឹមម៉ោង ៦:៤៥នាទី ធ្វើលំហាត់ប្រាណជាមួយគ្រួសារ អានកាសែតជាច្រើនច្បាប់ ពិសាអាហារពេលព្រឹកជាមួយក្រុមគ្រួសារ និងរៀបចំឲ្យកូនទៅរៀន រួចចាប់ផ្ដើមការងារធម្មតានៅម៉ោង ៩ព្រឹក។
៥. ស្ថាបនិកក្រុមហ៊ុន Microsoft លោក Bill Gates (៧៩,២ពាន់លានដុល្លារ ឆ្នាំ ២០១៥)
នាពេលព្រឹកលោកបានចំណាយពេល ១ម៉ោង ក្នុងការដើរ ឬរត់លើឧបករណ៍រត់នឹងកន្លែង ព្រមទាំងមើលកិច្ចការក្រុមហ៊ុនបណ្ដើរ។
៦. ស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos (មានប្រាក់ ៤៦,៧ពាន់លានដុល្លារឆ្នាំ ២០១៥)
លោកថាលោកស្អប់ការប្រជុំពេលព្រឹកខ្លាំងណាស់។ លោកសុខចិត្តដេកផ្ទះ និងបរិភោគអាហារពេលព្រឹកជាមួយគ្រួសារវិញ។
៧. នាយកប្រតិបត្តិ Starbucks លោក Howard Schultz (មានប្រាក់ ២,៩ពាន់លានដុល្លារ ឆ្នាំ ២០១៥) - បង្កើតហាងលក់កាហ្វេ មានឈ្មោះល្បីល្បាញ និងធំបំផុតមួយនៅលើពិភពលោក
លោកក្រោកម៉ោង ៤:៣០នាទីជារៀងរាល់ព្រឹកបណ្ដើរឆ្កែ ៣ក្បាល ចេញទៅហាត់ប្រាណ។ ម៉ោងប្រមាណ ៥:៤៥នាទី ឆុងកាហ្វេ សម្រាប់ខ្លួនឯង។
៨. អតីតប្រធាន និង CEO របស់ភេសជ្ជៈ Pepsi លោក Steve Reinemund
លោកក្រោកម៉ោង៥ រត់ជាង ៦គីឡូម៉ែត្ររាល់ព្រឹក អានកាសែត និងញ៉ាំអាហារពេលព្រឹកជាមួយកូនៗ។
៩. បិតាស្ថាបនិក សហរដ្ឋអាមេរិក Benjamin Franklin
លោក Franklin ដែលលោកអ្នកឃើញលើក្រដាសប្រាក់ ១០០ដុល្លារនេះ មានទម្លាប់ក្រោកនៅម៉ោង ៤ព្រឹក ហើយនៅម៉ោង ៨ព្រឹកទើបចេញលុបលាងមុខ ញ៉ាំអាហារពេលព្រឹក និងគិតថាត្រូវធ្វើអ្វីខ្លះនៅថ្ងៃនេះ។ ពីម៉ោង ៨ព្រឹកដល់ម៉ោង ១២ថ្ងៃត្រង់ គាត់ធ្វើការ រួចញ៉ាំអាហារថ្ងៃត្រង់ពីម៉ោង ១២ ទៅ ១។
ប្រែសម្រួល៖ ឡេង ភារុណ ប្រភព៖ independent , morning-routine