ពីមិត្តក្លាយជាមនុស្សដែលខ្ញុំស្រឡាញ់ ពីមនុស្សដែលខ្ញុំស្រឡាញ់ក្លាយជា...
- 2015-12-18 15:10:43
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ពីមិត្តក្លាយជាមនុស្សដែលខ្ញុំស្រឡាញ់ ពីមនុស្សដែលខ្ញុំស្រឡាញ់ក្លាយជា...
ចន្លោះមិនឃើញ
វាមិនងាយស្រួលទេដែលហ៊ានដាក់ចិត្តស្រលាញ់ទៅលើមនុស្សស្រីម្នាក់ដែលជាមិត្តនឹងគ្នា និងដឹងទៀតថា វាមិនអាចទៅរួច តែខ្ញុំនៅតែគិតថាវាអាចទៅរួច ពេលដែលយើងមានចំណុចពិសេសអ្វីមួយនៅក្នុងចិត្តគេ។
ខ្ញុំ និងនាង(លីនដា) ជាអតីតសិស្សរួមវិទ្យាល័យ។ សម្រាប់ខ្ញុំ នាងជាមនុស្សស្រីដែលគួរឲ្យស្រលាញ់ នាងជាមនុស្សម៉ឺងម៉ាត់ ហ្មត់ចត់ យកអសារមិត្ត ចិត្តគំនិតល្អ អត់ធ្មត់លំបាកគ្រប់យ៉ាង ចូលចិត្តផ្ដល់ដំបូន្មានល្អៗដល់មិត្តភ័ក្ដិ បារម្ភពីមិត្តភ័ក្ដិ តែពេលខ្លួនឯងមានរឿងវិញ សុខចិត្តសម្ងំបៀមទុក្ខម្នាក់ឯង យ៉ាប់ណាស់!
រឿងមួយដ៏គួរឲ្យអស់សំណើចនោះ គឺថា ពេលខ្ញុំបបួលដើរលេង នាងមិនចង់ទេ តែបើបបួលទៅញាំអីវិញ មិនដែលបាត់មុខ ញ៉ាំដូចជ្រូកតែមិនធាត់ ឆ្ងល់ដែរ! តែចម្លែកអី នាងជាមនុស្សស្រីខុសគេត្រង់ថា ចូលចិត្តវិភាគរឿងនយោបាយ (ស្ថានភាពសង្គម) ខុសគេត្រង់ថា ហ៊ាននិយាយនៅមុខគេមុខឯង ដែលមនុស្សស្រីភាគច្រើនក្នុងសង្គមខ្មែរមិនសូវហ៊ាននិយាយពីរឿងនេះបើកចំហទេ។
នាងជាសិស្សអាហារូបករណ៍ និងជានិស្សិតពូកែនៅឯសកលវិទ្យាល័យរដ្ឋមួយ។ នាងមានចំណុចល្អច្រើនណាស់សម្រាប់ខ្ញុំ នាងជាកូនស្រីច្បងក្នុងគ្រួសារថ្លៃថ្នូរ ប៉ាគេជាគ្រូបង្រៀន រីឯម្ដាយគេជាអាជីវករម្នាក់។ នាងឆ្លាត រហ័សរហួន រាក់ទាក់ សម្បុរស ចូលចិត្តរៀនសូត្រ មិនចូលចិត្តដើរលេង មិនត្រឹមតែប៉ុណ្ណោះមិនវាយឫក និង ចេះគោរពចាស់ទុំ។ មនុស្សល្អបែបនេះតើមាននរណាម្នាក់ដែលមិនចង់នៅក្បែរ? ខ្ញុំតែងតែគិតថា រូបខ្ញុំគឺមិនសក្ដិសមជាមួយនាង ព្រោះរូបខ្ញុំមិនសង្ហា សម្បុរក៏មិនស ហើយចរិតរបស់ខ្ញុំដូចកូនក្មេង ចេះតែសួរខ្លួនឯង បើចរិតអញ្ចឹង ចេះតែហ៊ានស្រលាញ់គេដែរ? ខ្ញុំចាប់អារម្មណ៍នាង តាំងពីរៀនវិទ្យាល័យម្ល៉េះ តែកាលនោះមិនដែលគិតរឿងស្នេហាអីនោះទេ គ្រាន់តែគិតក្នុងនាមជាមិត្តភ័ក្ដិ តែប៉ុណ្ណោះ។ តែពេលរៀននៅមហាវិទ្យាល័យ ខ្ញុំតែងតែឆាតទៅរកនាងរហូតតែក៏មិនហ៊ានសួរនាងច្រើនដែរ គ្រាន់តែសួរពីការសិក្សា ការរស់នៅរបស់នាងម៉េចដែរ ល្អឫអត់ តែថ្ងៃមួយខ្ញុំក៏បានសួរគេថា ចូលចិត្តខ្ញុំអត់ (តាមពិតចិត្តខ្ញុំចង់សួរគេថាស្រលាញ់ខ្ញុំអត់ បើខ្ញុំសូមអ្នកធ្វើជាសង្សារខ្ញុំ តើអ្នកយល់ព្រមអត់?) ចម្លើយគឺថា ចូលចិត្តតើ ម៉េចក៏សួរអញ្ចឹង។
ប៉ុន្តែខ្ញុំនៅមានចំណុចពិសេសមួយ ក្រៅពីការរៀនសូត្រ គឺ ខ្ញុំចូលចិត្តបារម្ភពីគេ ចង់ដឹងពីគេ ពេលនរណាម្នាក់មានទុក្ខអ្វីមួយ។ ដោយសារតែចំណុចពិសេសនេះហើយ ដែលធ្វើឲ្យគេចូលចិត្តខ្ញុំ ព្រោះថាពេលគេមានបញ្ហា ខ្ញុំតែងតែឆាតទៅលួងលោមរហូត។
(រូបតំណាង)
តើមានបងស្រីឯណា ដូចបងស្រីខ្ញុំ?
តែថ្ងៃមួយខ្ញុំដាច់ចិត្តឆាតសួរនាងថា តើអ្នកស្រលាញ់ខ្ញុំដែរឬទេ? ១ថ្ងៃក្រោយមក បានឆ្លើយតបមកខ្ញុំស្រលាញ់ តែទុកឲ្យពេលវេលាជាអ្នកកំណត់ បើមានវាសនាគង់តែជួប។
ពេលវេលាជាអ្នកកំណត់មែន ស្រាប់តែខ្ញុំរៀនមិនទាន់ចប់ឆ្នាំទី៥ផង ក៏ស្រាប់តែលឺដំណឹងភ្ជាប់ពាក្យរវាងនាង និងបុរសកូនអ្នកធូរធារម្នាក់ក្នុងខេត្ត។ ខ្ញុំក៏បានតេសួរនាងចង់ដឹងពីការពិត នាងក៏បានប្រាប់តាមដំណើររឿង ក៏ព្រោះតែប៉ាម៉ាក់គេជាអ្នករៀបចំទុកដាក់ឲ្យ ហើយគេក៏សុំឲ្យខ្ញុំឈប់ខ្វល់ពីរឿងហ្នឹងទៀតទៅ សុំត្រឹមរាប់អានជាមិត្តដ៏ល្អ។
គ្មានពាក្យនឹងថ្លែង ព្រោះយើងគ្មានលទ្ធភាពសម្រាប់ចូលដណ្ដឹងគេ ហើយគេជាកូនគោរពតាមប៉ាម៉ាក់ដែរជាអ្នករៀបចំឲ្យ។ ខ្ញុំនៅតែស្រលាញ់នាង តែគ្រាន់តែជាមិត្តភ័ក្ដិដ៏ល្អម្នាក់។ ខ្ញុំសូមជូនពរឲ្យអ្នកទាំងពីរជួបតែសេចក្ដីសុខ រស់នៅឲ្យមានសុភមង្គលជារៀងរហូត។
ខ្ញុំរីករាយ ដែលបានអ្នកជាមិត្តដ៏ល្អរបស់ខ្ញុំ ដែលតែងតែជួយរំលែកទុក្ខខ្ញុំពេលមានបញ្ហា ជាពិសេសពេលអត់មានអីហូប។ ធ្វើម៉េចបើពួកយើងមិនមែនជាគូនឹងគ្នា?
តែពេលនេះដូចជាហួសពេលបន្តិចហើយសម្រាប់ថ្ងៃខួបកំណើតអ្នក រីករាយខួបកំណើតក្មេងតូច! សូមជូនពរពីចម្ងាយផ្សងនូវអ្វីឲ្យបានសម្រេចចេះមើលថែខ្លួនឯងផង។ រីករាយថ្ងៃខួបកំណើត១៤ ធ្នូពីមនុស្សដែលធ្លាប់ស្រលាញ់អ្នក ឥឡូវក្លាយជាមិត្តរបស់អ្នកដូចដើម៕
ចុចអាន៖ Manager សង្ហាផ្ដល់ឱកាសការងារលួចភ្ជាប់នឹងក្ដីស្រលាញ់
អត្ថបទ៖ ដារ៉ា មានអត្ថបទពាក់ព័ន្ធនឹងមនុស្សដែលអ្នកចងចាំ ចង់ឲ្យ Sabay ចុះផ្សាយ សូមទាក់ទង៖ អ៊ីមែល៖ kong.chanvanneng@cidc.com.kh ឬ ទូរសព្ទ៖ ០១០ ៧០០ ៧២៧
ចង់ដឹងលក្ខខណ្ឌដើម្បីសរសេរផ្ញើមកកាន់ Sabay បានសូមចុចត្រង់នេះ