មូលហេតុ និងដំណោះស្រាយ ការអស់កម្លាំងអំឡុងពេលធ្វើការ
- 2015-12-16 23:18:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មូលហេតុ និងដំណោះស្រាយ ការអស់កម្លាំងអំឡុងពេលធ្វើការ
ចន្លោះមិនឃើញ
អំឡុងពេលធ្វើការងារ ឬសិក្សារៀនសូត្រមនុស្សភាគច្រើនតែងនិយាយអស់កម្លាំង និងងងុយគេង ជាពិសេសគឺពេលថ្ងៃរសៀល សម្រាប់អ្នកអង្គុយនៅការិយាល័យ ឬក្នុងថ្នាក់រៀន។ តើហេតុអ្វីបានជាបែបនេះ? ចុះដំណោះស្រាយវិញ ត្រូវធ្វើបែបណា?
* តើអ្វីទៅជាមួលហេតុនាំអស់កម្លាំងនៅកន្លែងការងារ?
១. ធ្វើការជាប់រហូតមិនមានពេលសម្រាកខ្លះ
កម្មករ ឬបុគ្គលិកទាំងអស់គឺត្រូវបានការអនុញ្ញាត មានពេលសម្រាកខ្លះ ពីព្រោះការធ្វើការលើសពីកម្លាំងអាចជាផលលំបាកមួយ។ ការងារគរច្រើនជាបន្ទុកមួយ ដែលអាចធ្វើខំប្រឹងព្យាយាមធ្វើបង្ហើយ ខ្លាចក្រែងមិនទាន់ពេល។ ទោះជាយ៉ាងណា ក៏ត្រូវមានពេលសម្រាកលំហែខ្លះដែរ។
២. ធ្វើការហួសម៉ោងបាយថ្ងៃត្រង់
ធ្វើការយូរម៉ោងជារឿងមួយ ប៉ុន្តែ ធ្វើការមិនសម្រាករហូតដល់រំលងចោលម៉ោងបាយថ្ងៃត្រង់មិនត្រឹមតែធ្វើឲ្យអស់កម្លាំងប៉ុណ្ណោះទេ ប៉ុន្តែនឹងនាំឲ្យមានអាការៈ ឈឺក្បាលផងដែរ។ បាយថ្ងៃត្រង់គឺអាហារសំខាន់មួយ ទម្លាប់ពន្យារពេលយូរ នឹងបង្កើតជាទម្លាប់ញ៉ាំខុសពេលវេលា។
៣. ធ្វើការទាំងមិនពេញចិត្ត
បើសិនអ្នកមិនសប្បាយរីករាយនឹងការងាររបស់អ្នក វាជាហេតុធ្វើឲ្យអ្នកខ្វាយខ្វល់ច្រើន ប្រាកដណាស់ភាពស្រ្តែសតប់ប្រមល់នឹងអាចកើតមានឡើងច្រើនទៅតាមនោះដែរ។
៤. ឧស្សាហ៍បើកមើល សារ អ៊ីមែល Facebook
ទម្លាប់បើកមើលសារ អ៊ីមែល មើល Facebook អំឡុងពេលធ្វើការក៏ជាមូលហេតុមួយបង្កឲ្យអារម្មណ៍អ្នកមិនស្ងប់ និងខ្វាយខ្វល់ច្រើន។ ដូចនេះ អារម្មណ៍ឃ្លាតឆ្ងាយពីការងារ អ្នកគិតច្រើន នោះអារម្មណ៍អ្នកនឹងហត់នឿយក្នុងពេលធ្វើការងារនោះដែរ។
* ដំណោះស្រាយខ្លះៗដែលអ្នកអាចធ្វើបាន
១. រកមូលហេតុនៃការបង្កជាស្រែ្តស
ស្វែងរកពីមូលហេតុនៃការបង្កឲ្យស្រ្តែសពេលធ្វើការ អ្នកក៏អាចនឹកឃើញដំណោះស្រាយបានដែរ។ ប្រសិនបើអ្នកដូរទៅរកបរិយាកាសការងារថ្មី ហើយអាចជួយអ្នកបានមែននោះ អ្នកក៏គួរពិភាក្សាជាមួយ ប្រធាន ឬថៅកែ របស់អ្នក ដើម្បីរកដំណោះស្រាយល្អប្រសើរមួយបាន។
២. ផ្ដោតសំខាន់លើសុខភាព
ប្រាកដថាអ្នកបានគេងបានលក់ស្កប់ស្កល់ ញ៉ាំអាហារគ្រប់គ្រាន់។ នេះជាវិធីមួយ ដែលគ្រប់គ្នាបានដឹងថាជួយធ្វើឲ្យអ្នកមានសូវជាអស់កម្លាំងពេលធ្វើការ។
៣. សម្រាកពេលម៉ោងញ៉ាំអាហារថ្ងៃត្រង់
សម្រាកពេលម៉ោងបាយថ្ងៃត្រង់ ឬឆ្លៀតដើរលំហែខួរក្បាលបន្តិច នឹងធ្វើឲ្យអារម្មណ៍អ្នកបានស្រស់ថ្លា និងមានកម្លាំងធ្វើការឡើងវិញផងដែរ។
៤. រកពេលពីរបីថ្ងៃលំហែពីការងារ
សុំច្បាប់សម្រាកពីការងារ មួយថ្ងៃឬពីរថ្ងៃ នឹងដើម្បីលំហែនឹងនាំឲ្យស្រស់ស្រាយឡើងវិញ។ វាជាពេលវេលាមួយដែលអ្នកសម្រាកមិនខ្វល់ពីការងារ វាជួយឲ្យអារម្មណ៍តប់ប្រមល់រសាយចេញទៅបាត់ ពេលអ្នកចូលធ្វើការងារវិញនឹងមានភាពប្រសើរជាងមុនផងដែរ។
៥. បន្ថយពេលវេលាមើល អ៊ីមែល ឬសាររៀងរាល់ម៉ោង
បញ្ហាដែលអាចកើតមាន នៅពេលអ្នកដឹងឬឃើញពីបញ្ហាមួយចំនួនតាម បណ្ដាញសង្គមជាបញ្ហាមួយដែលនាំអារម្មណ៍អ្នកខ្វាយខ្វល់ច្រើន ដូចនេះការកាត់បន្ថយការបើក មើល Facebook សារទូរសព្ទដៃ អ៊ីមែល នឹងជួយអ្នកបានច្រើនផងដែរ៕
ចុចអាន៖ ៣ចំណុច អ្នកមិនមានបទពិសោធន៍ការងារ គួរសរសេរក្នុង CV
ប្រែសម្រួល៖ មាន រតនា ប្រភព៖ theundercoverrecruiter