រឿងរ៉ាវ​១០យ៉ាង​ ​ដែល​គូស្នេហ៍​​គួរ​ធ្វើ​​​ មុន​ពេល​ចូល​​រោង​ការ

  • 2015-12-17 17:05:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​​ការ​ស្វែង​រក​​ដៃ​គូ​អនាគត​​ប្ដី​ប្រពន្ធ​​​សម្រាប់​សាង​​គ្រួសារ​ថ្មី​មួយ ​គឺ​ជា​ការ​លំបាក​​​ ព្រោះ​​គ្រប់​គ្នា​ត្រូវ​​ចំណាយ​ពេល​វេលា​ច្រើន​ខែ ច្រើន​ឆ្នាំ ​ក្នុង​ការ​ពិសោធន៍​​ចិត្ត​​ ស្វែង​យល់​ពី​គ្នា​ឲ្យ​​បាន​ច្រើន​។ ​លុះ​ពេល​​អ្នក​ដាក់​ចិត្ត​ ដាក់​កាយ ​​ស្រលាញ់​មែន​ទែន​ហើយ​នោះ​ អ្នក​គួរ​យល់​ដឹង​ពី​ចំណុច​ខ្លះ​ៗ​ខាង​ក្រោម មុន​​សម្រេច​ដឹក​ដៃ​គ្នា​ចូល​រោងការ។

 

១. រៀន​ស្វែងយល់ពី​គ្នា ​ការ​រៀន​ស្វែង​យល់​ពី​គ្នា​ ​ពិត​ជា​សំខាន់​ណាស់​​សម្រាប់គូ​អនាគត​ប្ដី​ប្រពន្ធ ព្រោះ​​វា​អាច​ឲ្យ​យើង​ស្វែង​យល់​​ច្បាស់​ពី​​​ចិត្ត​គំនិត​គ្នា​ទៅ​វិញ​ទៅ​មក ចំណង​ចំណូល​ចិត្ត ​និង​ការ​ចុះ​សម្រុង​គ្នា​បាន​ប៉ុណ្ណា។ ​រឿង​ល្អ និង​រឿង​អាក្រក់​ ដែល​ធ្លាប់​បិទបាំង​​ ត្រូវ​បាន​បញ្ចេញ​ឲ្យ​ដឹង​តាម​រយៈ​​សកម្មភាព​​របស់​ភាគី​ណា​មួយ​។ លើស​ពី​នេះ ​​​វា​ជា​ឱកាស​សម្រាប់​អ្នក​ទាំង​ពីរ​សាង​អនុស្សាវរីយ៍​ល្អ​ៗ​ជាមួយ​គ្នា​ថែម​ទៀត។

 

 

២. ​ជួប​ឪពុកម្ដាយ​​ ឬ​បងប្អូន​ទាំង​សងខាង ​ការ​នាំ​មិត្ត​ស្រី ឬ​គូ​អនាគត ទៅ​ជួប​ឪពុកម្ដាយ ​គឺ​ជា​រឿង​សំខាន់​មួយ ​ព្រោះ​អាច​ឲ្យ​​លោក​មាន​គុណ​ទាំង​ពីរ​បាន​ស្គាល់​មុខ​មាត់ ​ភាព​ថ្លៃ​ថ្នូរ ​អត្តចរិត​ឫកពា និង​ការ​និយាយ​ស្ដី​​របស់​​អនាគត​កូន​ប្រសា​ ឬចេះ​គួរ​សម​ចំពោះ​ចាស់​ទុំ​បាន​​កម្រិត​ណា ជា​ដើម។

 

 

៣. ​​ស្គាល់​មិត្តភ័ក្ដិ​គ្នា​ ទៅវិញ​ទៅមក ​អ្នក​ទាំង​ពីរត្រូវ​​រាប់​អាន​ ឬ​ស្គាល់​មិត្តភ័ក្ដិ​​ របស់​ដៃ​គូ​ខ្លួន​កាន់​តែ​ច្រើន​កាន់​តែ​ល្អ ​បើ​អាច​គួរ​ចំណាយ​ពេល​វេលា​​មាន​កម្មវិធី​សប្បាយ​ៗ​ ដើរ​កម្សាន្ត​ជាមួយ​គ្នា ដើម្បី​ឲ្យ​កាន់​តែ​មាន​ភាព​ជិត​ស្និទ្ធ​ ដូច​មិត្តភ័ក្ដិ​​យើង​ដែរ។ ​អ្នក​នឹង​មិន​ឯកា ​​ក្រោយ​​រៀប​ការ​ជា​​ប្ដី​ប្រពន្ធ ទៅ​រស់​នៅ​ខាង​​ណា​មួយ។

 

 

៤. ស្វែង​យល់​គោលដៅ​ជីវិត​របស់​ដៃ​គូ ​ចំណាយ​​​ពេល​សិក្សា​ពី​​ក្ដី​សុបិន និង​ផ្លូវ​ដើរ​របស់​ដៃ​គូ​ ដើម្បី​ឲ្យ​​អ្នក​ទាំង​ពីរ​អាច​​​ដើរ​លើ​​ផ្លូវ​​នោះ​បាន​ដែរ​​ឬ​យ៉ាង​ណា​ ឬ​ត្រូវ​រៀប​គម្រោង​ដើរ​បន្ទាប់​របៀប​​ម៉េច។

 

៥. ​ដើរ​លំហែ​តំបន់​ឆ្ងាយ​ៗ​ជាមួយ​គ្នា ​​ការ​ដើរ​​កម្សាន្ត​ទៅ​កាន់​រមណីយដ្ឋាន​ឆ្ងាយ​ៗ​ដូច​ជា​មាត់​សមុទ្រ ​ពិត​ជា​​​​ពេល​វេលា​មួយ​​ដ៏​រ៉ូមែនទិក ​សម្រាប់​គូស្នេហ៍​សាង​ភាព​ផ្អែម​ល្ហែម ​​​​​​​ បំបាត់​ភាព​សៅហ្មង ហើយ​នាំ​មកវិញ​នូវ​តែ​ភាព​រីករាយ និង​សុភមង្គល។​

 

 

៦. ​បង្ហាញ​ទម្លាប់​អាក្រក់​របស់​អ្នក​ ​ការ​សាកល្បង​បង្ហាញ​ទម្លាប់​អាក្រក់​នេះ ​​គឺ​ដើម្បី​ឲ្យ​ដៃ​គូ​អ្នក​​ស្គាល់​ពី​ចំណុច​អវិជ្ជមាន ហើយ​​គាត់​អាច​ទទួល​យក​បាន​ដែរ​ឬទេ ​ពេល​រស់​នៅ​ជាមួយ​គ្នា​មែន​ទែន ដូច​ជា​ដេក​ស្រមុក ភើ ខាំ​ក្រចក ​ឬ​​ទម្លាប់​ដើរលេង​​យប់​ជាដើម។​

 

៧. ​ត្រូវ​ចេះ​ប្រើ​ពាក្យ​សុំទោស​ ​ការ​ប្រើ​ពាក្យ​នេះ​​សំខាន់​ណាស់ ​ព្រោះ​មនុស្ស​ម្នាក់​ៗ​ គ្មាន​នរណា​ថា​មិន​ដែល​ប្រព្រឹត្ត​ខុស​ឡើយ ហើយ​វា​ជា​​កាយ​វិការ​មួយ​បង្ហាញ​ថា​​អ្នក​បាន​ដឹង​​កំហុស​នោះ។ សម្រាប់​បុរស​វិញ ​​ការ​ទទួល​ស្គាល់​កំហុស​មួយ​មុខ ​មិន​ទាន់​​ធ្វើ​ឲ្យ​មិត្ត​ស្រី​ស្ងប់​ចិត្ត​​បាន​ភ្លាមៗ​ទេ ​បើ​អ្នក​ចេះ​លួង​​ថែម​ទៀត​រឹត​តែ​ប្រសើរ។

 

៨. ឆ្លង​កាត់​ភាពលំបាក​រឿង​លុយកាក់​ជាមួយ​គ្នា

បញ្ហា​​លុយកាក់ ជា​បញ្ហា​មួយ​ដែល​អាច​ធ្វើ​ឲ្យ​ប្ដី​ប្រពន្ធ​បែកបាក់ ដូច្នេះ​គូ​ស្នេហ៍​ទាំង​ឡាយ​គួរ​រៀន​ឆ្លង​កាត់​ការ​លំបាក​ជាមួយ​គ្នា​ពេល​មិន​ទាន់​ចូល​រោងការ។ វា​អាច​ជា​បទ​ពិសោធន៍​មួយ ដែល​​ធ្វើ​ឲ្យ​អ្នក​ទាំង​២ អាច​មាន​លទ្ធផល​ហែល​ឆ្លង​ពេល​ជួប​បញ្ហា​នោះ​ពេល​ក្លាយ​ជា​ប្ដី​ប្រពន្ធ។

 

 

៩. ដើរ​ផ្សារ​ ឬ​ធ្វើ​ម្ហូប​ជាមួយ​គ្នា ​បុរស​ចេះ​ដើរ​ផ្សារ​ទិញ​ឥវ៉ាន់ ឬ​ទិញ​ម្ហូប ​គឺ​គេ​មិនសូវ​ឃើញ​មាន​ច្រើន​ប៉ុន្មាន​ទេ​សម្រាប់​សង្គម​យើង តែ​បើ​គាត់​​អាច​ធ្វើ​បាន ​នារី​នោះ​នឹង​កាន់​តែ​សប្បាយ​ចិត្ត​ ទុកចិត្ត​​ ​និង​ឲ្យ​ឈ្មោះ​ប្ដី​ល្អ​មិន​ខាន ព្រោះ​​ពេល​នាង​មាន​រវល់​ នាង​​មាន​ដៃ​ជំនួស​ស្រាប់។

 

១០. ស្វែង​យល់​ពី​ចំណង់​ផ្លូវ​ភេទ​ទៅ​វិញ​ទៅ​មក ​​​​នៅ​ពេល​​ចាប់​ផ្ដើម​ស្រលាញ់​គ្នា​ ​​ចាប់ដៃ​គ្នា​ភ្លាម​​ ​ពួក​គេ​ទាំង​ពីរ​នាក់​តែង​ស្រមៃ​ដល់​រាត្រី​​ទឹក​ឃ្មុំ​ដ៏​អស្ចារ្យ​ ជាមួយ​មនុស្ស​​ដែល​ខ្លួន​ស្រលាញ់ ដូច្នេះ​​ត្រូវ​​ស្វែង​យល់​ពី​គ្នា​បន្តិច​ម្ដងៗ​​ថា​ដៃ​គូ របស់​ខ្លួន​​ចូល​ចិត្ត​​​ប៉ុណ្ណា ប៉ុន្តែ​មិនមែន​បាន​ន័យ​ថា​អ្នក​ត្រូវ​ប្រឡូក​រឿង​នោះ មុន​ពេល​​រៀប​ការ​នោះ​ទេ៕

 

ចុចអាន៖ ហេតុ​ផល​៦​យ៉ាង​ដែល​​នារី​​ៗ​ច្រើន​ប្រចណ្ឌ​ជាង​​មនុស្ស​ប្រុស

 

ប្រែ​សម្រួល៖ ឡេង ភារុណ ប្រភព៖ metro

អត្ថបទពេញនិយម