ប្រធានអង្គការ Sipar៖ គ្រោះថ្នាក់ចរាចរណ៍ឆ្នាំនេះ សម្លាប់មនុស្សច្រើនជាងឆ្នាំមុន
- 2015-12-19 12:21:16
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្រធានអង្គការ Sipar៖ គ្រោះថ្នាក់ចរាចរណ៍ឆ្នាំនេះ សម្លាប់មនុស្សច្រើនជាងឆ្នាំមុន
ចន្លោះមិនឃើញ
ប្រធានអង្គការ Sipar លោក ហុក សុទ្ធិ បានថ្លែងថា ករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ ២០១៥ មានតិចជាង បើធៀបឆ្នាំនឹងឆ្នាំ ២០១៤ ប៉ុន្តែចំនួនអ្នកស្លាប់មានចំនួនច្រើនគួរឱ្យកត់សម្គាល់។
“ករណីគ្រោះថ្នាក់នៅឆ្នាំ ២០១៥ តិចជាង ២០១៤ ប៉ុន្តែចំនួនមនុស្សស្លាប់នៅឆ្នាំ ២០១៥ ច្រើនជាងឆ្នាំ ២០១៤...គ្រោះថ្នាក់កាន់តែសាហាវ! កាន់តែធ្ងន់!"។
បើតាមការបង្ហាញរបស់អង្គការលើកកម្ពស់អំណាន Sipar កាលពីឆ្នាំទៅមិញ អ្នកស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍ មានចំនួន ១.៩៧៤ នាក់ ដែល ១.០០០ នាក់ជាយុវវ័យ និង ១៧០ នាក់ជាកុមារ ចំណែកឆ្នាំ ២០១៥ ពោលគឺចាប់ពីខែមករា ដល់មិថុនា អ្នកស្លាប់មានចំនួនកើនដល់ ២.១៤៣ នាក់។
ប្រធានអង្គការខាងលើ បានសង្កត់ធ្ងន់ថា ការមិនគោរពច្បាប់ចរាចរណ៍ មិនគោរពភ្លើងស្តុប បើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង បើកបរហួសល្បឿនកំណត់ និងប្រើប្រាស់ទូរសព្ទ ពេលបើកបរជាដើម ជាហេតុនាំឱ្យកើតមានគ្រោះថ្នាក់ចរាចរណ៍។
"ខ្ញុំគិតថាកត្តាសំខាន់បំផុត គឺកត្តាមនុស្ស [ធ្វើឱ្យមានគ្រោះថ្នាក់ចរាចរណ៍] ហើយនៅកម្ពុជា អ្នកបើកបរកាន់ទូរសព្ទក៏ច្រើនណាស់ដែរ កាលកាន់ទូរសព្ទមិនបានប្រុងប្រយ័ត្ន វាធ្វើឱ្យគ្រោះថ្នាក់"។
ការលើកឡើងរបស់លោក ហុក សុទ្ធិ ខាងលើនេះ បានធ្វើឡើងក្នុងកម្មវិធីសង្គម "លើកកម្ពស់ការយល់ដឹងពីសុវត្ថិភាពចរាចរណ៍ផ្លូវគោកជាមួយការប្រើប្រាស់ទូរសព្ទដៃ" ដោយមានការសហការ រវាងអង្គការ Sipar និង ក្រុមហ៊ុនប្រេង TOTAL កាលពីព្រឹកម្សិលមិញ ដោយមានសិស្សានុសិស្សចំនួន ៥០ នាក់ រួមទាំងមនុស្សជាច្រើនទៀត។ គួរបញ្ជាក់ដែរថា កម្មវិធីនេះធ្វើឡើងដើម្បីបញ្ជ្រាបការយល់ដឹងពីសុវត្ថិភាព ចរាចរណ៍ផ្លូវគោក ដល់សិស្សានុសិស្ស ព្រោះពួកគេជិតដល់វ័យបើកបរហើយ៕
ចុចអាន៖ មកដឹងតម្លៃផាកពិន័យ Update ចុងក្រោយបង្អស់នៃច្បាប់ចរាចរណ៍ផ្លូវគោកថ្មី
អត្ថបទ៖ អ៊ុំ សុភក្តិ