សៀវភៅ ១ ក្បាល​រៀន​​​​ពីរ​​ឆ្នាំ​ ឡើង​​ថ្នាក់​​លុប​ហើយ​​ យក​​សរសេរ​​​ឡើង​​វិញ​​

  • 2015-12-21 19:06:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឯកសណ្ឋាន​ពណ៌​ស​ស្ទើរ​ប្រែ​ជា​ប្រផេះ កំពុង​អង្គុយ​ត្រៀបត្រា​លើ​តង់ ក្រោយ​ម្លប់​​ជ្រៃ រង់​ចាំ​ទទួល​អំណោយ​ពី​សប្បុរសជន កុមារ​តូច​ៗ​ក្នុង​សាលា​បឋមសិក្សា អង្គ​ជុំ ភូមិ​តាអោក ឃុំឈ្វាំង ស្រុក​ពញាឮ ខេត្ត​កណ្ដាល មាន​ទឹកមុខ​មិន​​ជា​ស្រស់បស់​ប៉ុន្មាន​ឡើយ ព្រោះ​​ថាពួកគេ​មួយ​ចំនួន​​ជា​កូន​កំព្រា និង​​ភាគ​ច្រើន​​​ជា​កូន​អ្នក​​មាន​ជីវភាព​ខ្សត់ខ្សោយ​។

 

 

បើ​តាម​ការ​ឱ្យ​ដឹង​របស់​លោក ទន ដារ៉ា ប្រធាន​កម្មវិធី​អភិវឌ្ឍន៍​តំបន់​ស្រុក​ពញាឮ នៃ​អង្គការ World Vision បាន​ប្រាប់​ថា ក្នុង​បឋមសិក្សា «អង្គជុំ» មានសិស្ស​ ៦៥៣ នាក់​ដែល​ភាគច្រើន​ ជា​ក្មេង​កើត​ក្នុង​គ្រួសារ​មាន​ជីវភាព​លំបាក។​

 

“ខ្ញុំ​ខ្លោច​ចិត្ត​ណាស់! ពេល​​រៀន​ចប់​ថ្នាក់​ទី២ ឡើង​ទី៣ ពួកគេ​បាន​យក​សៀវភៅ​ចាស់​​មួយ​ក្បាល​ហ្នឹង (សរសេរ​ខ្មៅ​ដៃ) លុប​ចេញ ហើយ​យក​មក​សរសេរ​រៀន​វិញ។ ក្នុង ១០០ នាក់ ៣០ ​ភាគរយ ដែល​បាន​យក​សៀវភៅ​ចាស់ៗ មក​សរសេរ​ឡើង​វិញ"។

 

ចំណែក​នាយិកា ពេជ សាវន បាន​ថ្លែង​ឱ្យ Sabay ដឹង​​ថា ក្នុង​ចំណោម​សិស្ស​សរុប ៦៥៣ នាក់​ មានជាង ៣០០ នាក់​ប៉ុណ្ណោះ ជា​កូន​អ្នក​ធូរធារ ហើយ ៥០ ភាគរយ​ ជា​កូន​អ្នក​ជំពាក់​បំណុល​គេ។ អ្នកស្រី​ដែល​បម្រើ​ការងារ​វិស័យ​អប់រំ​តាំង​ពី​ឆ្នាំ ១៩៧៩ រូបនេះ​បន្ត​ថា កង្វះ​សម្ភារ​សិក្សារបស់​​សិស្ស និង​​ អគារ​សិក្សា​ ជា​បញ្ហា​ប្រឈម​ខ្លាំង​បំផុត ​ក្នុង​បឋម​សិក្សាមិន​ឆ្ងាយ​ពី​ភ្នំពេញ​មួយ​នេះ។

 

“សិស្ស​យើង​មាន​ច្រើន​មែន​ទែន យើង​ខ្វះ​អគារ​សិក្សា​មួយ​ខ្នង ៨ បន្ទប់។ សព្វ​ថ្ងៃ​យើង​មាន​អគារ​​ ២ ​ខ្នង មួយ​ខ្នង​​មាន ៦ បន្ទប់​ ជា​អំណោយ​​សម្ដេច​ហ៊ុនសែន ក្នុង​ឆ្នាំ​ ២០០៤ និង​មួយ​ខ្នង​ទៀត ៤ បន្ទប់ កសាង​ដោយ​ប្រជាជន និង​ព្រះសង្ឃ ក្នុង​ឆ្នាំ​១៩៦០។ មួយបន្ទប់​ ​​យើង​យក​​ធ្វើ​​ជា​ទីចាត់ការ និង​មួយជា​​បណ្ណាល័យ ប៉ុន្តែ​​អគារ​នេះ​ចាស់​ហើយ ថែម​ទាំង​​មាន​ស្នាម​ប្រេះ​ទៀត ហើយ​យើង​ក៏​បាន​សុំ​កុដិ​លោកមួយ​បន្ទប់​ទៀ​ត ព្រោះ​ខ្វះ"។

 

 

សរុប​សាលា​បឋម​អង្គ​ជុំ មាន ៧ បន្ទប់ ដោយ​មាន​មត្តេយ្យ​បី​​ថ្នាក់​ផង​ដែរ។ ក្នុង​មួយ​​បន្ទប់ មាន​សិស្ស​ចាប់​ពី​ជាង ៣០ នាក់​ទៅ ៤០ នាក់ និង​ត្រូវ​រៀន​ពីរ​ពេល​ព្រឹក-ល្ងាច។ ចំពោះ​ចំនួន​សិស្ស​ដ៏​ច្រើន​នេះ​ដែរ លោក​គ្រូ​អ្នក​គ្រូ បាន​បង្ហើប​ឱ្យ​ដឹង​ថា ពិត​ជា​ពិបាក​ក្នុង​ការ​បង្រៀន​។

 

ជុំវិញ​បញ្ហា​នេះ​ អ្នកស្រី​នាយិកា ពេជ សាវន បាន​ដាក់​សំណើ​សុំ​សាលា​មួយ​ខ្នង​ ទៅ​​អង្គការ​មូលនិធិ​មួយ​របស់​អាមេរិក ប៉ុន្តែ​មិន​ទាន់​ដាក់​សំណើ ​ទៅ​មន្ទីរ​​ក្រសួង​អប់រំ​នៅ​ឡើយ​ទេ។ "​អង្គការ​គេ​ហ្នឹង សួរ​យើង​ថា​ចង់​បាន​អី ខ្ញុំ​ក៏​ប្រាប់​​ថា​ចង់​បាន​អគារ​សិក្សា​មួយ​ខ្នង ៨ បន្ទប់ តែ​មក​ដល់​ពេល​នេះ​​ជាង​ពីរ​ឆ្នាំ​ហើយ គេ​មិន​ទាន់​ឆ្លើយតប​យ៉ាងម៉េច​​ទេ។ ខ្ញុំ​ក៏​មិន​ទាន់​បាន​ដាក់​សំណើរ​ទៅ​ខាង​មន្ទីរ​ដែរ ព្រោះខ្លាច​ជាន់​គ្នា។ ព្រោះ​ខ្វះខាតដូច្នេះ ​គ្រប់​ថ្នាក់​ទាំង​អស់​ត្រូវ​រៀន​ពីរវេន"។

 

ដោយ​មើល​ឃើញ​ពី​ទុក្ខ​លំបាក និង​ជា​​អ្នក​ធ្លាប់​មាន​ជីវភាព​​លំបាក និង​ដើម្បី​ចូលរួម​ជួយសង្គម​នោះ លោក សួស សុភក្តិ (ឡារី) រួម​ទាំង​មិត្តភ័ក្ដិ និង​សប្បុរសជន​នានា បាន​នាំ​យក​អំណោយ​បន្តិច​បន្តួច​ជូន​ដល់​សិស្សានុសិស្ស ២០០​នាក់ និង​លោកគ្រូ​អ្នកគ្រូ។ អំណោយ​សប្បុរស​មាន​ដូចជា កុំព្យូទ័រ​លើ​តុ​មួយ​គ្រឿង ឡេបថប់​មួយ​គ្រឿង ចំណែក​សិស្ស​ក្នុង​មួយ​នាក់​ទទួល​បាន​សៀវភៅ​២ក្បាល ប៊ិច១ដើម ខ្មៅ​ដៃ​១ដើម សាប៊ូ​ដុស​ខ្លួន​១​ដុំ ថ្នាំ​និង​ច្រាស់​ដុស​ធ្មេញ លុយ ១ពាន់​រៀល និង​នំប៉័ង​​សាច់ ១ កំណាត់។

 

លោក បញ្ជាក់​ថា៖ “ពី​មុន​យើង​បាន​ធ្វើ​ម្ដង​ហើយ​លើ​សិស្ស ២០០ នាក់ ហើយ​ម្ដង​នេះ​យើង​បាន​ធ្វើ​ម្ដង​ទៀត ដោយ​ឱ្យ​អ្នក​គ្រូ​លោក​គ្រូ​ជ្រើស​តែ​សិស្ស​ក្រីក្រ ២០០ នាក់​ទៀត​ប៉ុណ្ណោះ។ យើង​ធ្វើ​នេះ​តាម​លទ្ធភាព ហើយ​យើង​នឹង​បន្ត​ខំ​ជួយ​គាត់​ឱ្យ​បាន​គ្រប់​គ្នា។ យើង​ចង់​ឃើញ​ពួកគាត់ បាន​រៀន​សូត្រ​ដូច​ក្មេង​ដទៃ​ទៀត"។

 

  https://www.youtube.com/watch?v=D1htrjvpEbg&feature=youtu.be   ដោយឡែក​ លោក ទន ដារ៉ា ប្រធាន​កម្មវិធី​អភិវឌ្ឍន៍​តំបន់​ស្រុក​ពញាឮ នៃ​អង្គការ World Vision ក៏​បាន​បញ្ជាក់​ដែរ​ថា សាល​បឋម​សិក្សា​អង្គ​ជុំ ជា​សាលា​គំរូ និង​មាន​ច្បាប់​ទម្លាប់មួយ ជា​ហេតុ​នាំ​ឱ្យ​មាន​សិស្ស​ច្រើន​ សម្រុក​​​ពី​ភូមិ​ផ្សេង​ៗមក​រៀនរួម​មាន ​ភូមិ​​ព្រែក​ផ្ចឹក ភូមិ​តាអោក ភូមិ​ស្លែង​មានជ័យ ភូមិ​កាកាប និង​ភូមិ​ស្វាយ។

 

យ៉ាងណា​ក្រៅ​ពី​ខ្វះខាត​អគារសិក្សា សាលា​មួយ​នេះ ក៏​ជួប​បញ្ហា​ខ្វះ​គ្រូ​ផង​ដែរ ដោយ​បច្ចុប្បន្ន​មាន​គ្រូ​ក្របខ័ណ្ឌ​តែ ​​៩ ​នាក់​ប៉ុណ្ណោះ ហើយ​សាលា​នេះ​ទៀតសោត​បាន​ខ្ចី​គ្រូ​​ពី​សាលា​ផ្សេង​ចំនួន​ពីរ​នាក់ ជួល​និង​គ្រូ​កិច្ច​សន្យា​២នាក់។

 

បើ​ប្រិយមិត្ត​ចង់​ជួយ​បរិច្ចាគ​ថវិកា និង​សម្ភារ​សិក្សា ដល់​សិស្ស​នៃ​សាលា​បឋម​អង្គ​ជុំ អាច​ទាក់ទង​លោក ឡារី តាម​រយៈ​​លេខ​ទូរសព្ទ ០៩៨ ៨ ២២២២ ៤ / ០១២ ៥២៦ ៥៧៨ លោក ទន ដារ៉ា ប្រធាន​កម្មវិធី ​អភិវឌ្ឍន៍​តំបន់​ស្រុក​ពញាឮ នៃ​អង្គការ World Vision, ០៩៣ ៤២ ៩៩ ៤៩៕

 

 

 
 
 
 
 
 
 
 
 
 

 

 

ចុចអាន៖ យាង សិដ្ឋសម​ប្រាថ្នា ប្រឹង​ជួយកុមារ​ រហូត​​អង្គការ UNICEF សរសើរថា ជា​យុវជន​ឆ្នើម

 

អត្ថបទ៖ អ៊ុំ សុភក្តិ

អត្ថបទថ្មី