​បណ្ណាល័យ​ចល័ត ៩ គ្រឿង កំពុង​លើក​កម្ពស់​អំណាន​នៅ​កម្ពុជា ​

  • 2015-12-22 17:30:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដើម្បី​​លើក​កម្ពស់​​អំណាន​ យាន​បណ្ណាល័យ​ចល័ត​​ចំនួន ៩ របស់​អង្គការ​ ស៊ីប៉ា កំពុងតែ​បំពេញ​តួនាទី​​របស់​ខ្លួន​យ៉ាង​សកម្ម​តាម​ភូមិ​ស្រុក និង​​សហគមន៍​នានា​នៅ​​​កម្ពុជា។

 

 

រថយន្ត​បណ្ណាល័យ​ចល័ត​ ៨ គ្រឿង បាន​ចុះ​ពង្រឹង​នៅ​​ទីតាំង​ចំនួន ១០០ ក្នុង​ខេត្ត ៤ និង​រាជធានី​ភ្នំពេញ ខណៈ​​ម៉ូតូ​បណ្ណាល័យ​ចល័ត ១ គ្រឿង​ចុះ​លើក​ស្ទួយ​វិស័យ​អប់រំ​ក្នុង​ភូមិ​ចំនួន ៦ ក្នុង​ខេត្ត​រតនគិរី។ រថយន្ត​បណ្ណាល័យ​ចល័ត​របស់​ស៊ីប៉ា មិន​ត្រឹម​ផ្ដល់​ការ​អប់រំ​លើ​ការ​អាន​ទេ ថែម​ទាំង​​ផ្សព្វផ្សាយ​ពី​បញ្ហា​ចរាចរណ៍ ​បរិស្ថាន​ អនាម័យ និង​ការ​អប់រំ​ផ្សេងៗ​ដល់​មនុស្ស​ទូទៅ។ ​

 

លោក ហុក សុទ្ធិ ប្រធាន​អង្គការ​ស៊ីប៉ា​បាន​ថ្លែង​ថា៖ "យើង​បង្កើត​បណ្ណាល័យ​ចល័ត ព្រោះ​​កម្ពុជា​យើង ការ​អាន​មិន​ទាន់​រីកចម្រើន យើង​អត់​មាន​បណ្ណាល័យ​​ តាម​សហគមន៍ តាម​ទី​សាធារណៈ។ អ៊ីចឹង​ហើយ​​យើង​ឈរ​លើ​គោលការណ៍​មួយ​ថា យើង​ព្យាយាម​យក​សៀវភៅ​ទៅ​ដល់​​មនុស្ស ចល័ត​សៀវភៅ​ដល់​ភូមិ ​និង​សហគមន៍ ដើម្បី​ឱ្យ​គាត់​បាន​អាន ព្រោះ​ក្នុង​ភូមិ​ឃុំ​របស់​គាត់ អត់​ទាន់​មាន​បណ្ណាល័យ ហើយ​យើង​ក៏​គ្រោង​បង្កើត​បណ្ណាល័យ​ចល័ត​អាហារូបត្ថម្ភ​ផង​ដែរ"។

 

ស៊ីប៉ា (Sipar)​ ជា​អង្គការ​មនុស្ស​ធម៌​អន្តរជាតិ បង្កើត​ឡើង​ក្នុង​ឆ្នាំ ១៩៨២ នៅ​បារាំង ដើម្បី​ជួយ​ជនភៀសខ្លួន​មក​ពី​បណ្ដា​ប្រទេស​អាស៊ីអាគ្នេយ៍ តាម​រយៈ​កម្មវិធី​អំណាន។ ស៊ីប៉ា មក​ដល់​​កម្ពុជា​ក្នុង​ឆ្នាំ ១៩៩១ ក្នុង​គោល​បំណង​ធ្វើ​យ៉ាងណា ឱ្យ​កុមារ យុវជន និង​មនុស្ស​ពេញ​វ័យ ទទួល​បាន​ចំណេះ​ដឹង ដែល​ជា​ជំហាន​ដំបូង ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ភាព​ក្រីក្រ។ សកម្មភាព​របស់​ស៊ីប៉ា ​​​គឺ​ផ្ដោត​លើ​​​សកម្មភាព​​កម្មវិធី​ធំៗ​ចំនួន​បួនគឺ៖

 

១. បណ្ណាល័យ​តាម​សាលា​រៀន ២. ការ​អាន​សម្រាប់​ទាំងអស់​គ្នា (គ្រប់​ពលរដ្ឋ​ទទួល​បាន​ការ​អាន​ដូចគ្នា) ៣. ការ​អភិវឌ្ឍន៍​ការអប់រំ​នៅ​​ថ្នាក់​ឃុំ ៤. ការ​បោះពុម្ព​ផ្សាយ​សៀវភៅ

 

អាន៖ ប្រធាន​អង្គការ Sipar៖ គ្រោះ​ថ្នាក់​ចរាចរណ៍​ឆ្នាំនេះ សម្លាប់​មនុស្ស​​​​ច្រើន​ជាង​ឆ្នាំមុន

 

 

អត្ថបទ៖ អ៊ុំ សុភក្តិ