នៅ​ស្រុក​ខ្មែរ តើខេត្តក្រុង​​ណា​ដែល​នារីវ័យ​ក្មេង​​មាន​​ផ្ទៃ​ពោះ​​ច្រើន​​ជាង​គេ​​?

  • 2015-12-23 17:21:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មណ្ឌលគិរី-រតនគិរី បាន​ជាប់​ជា​ខេត្ត​ដែល​នារី​​​អាយុ​ចាប់​ពី ១៥ ដល់ ១៩ ឆ្នាំ​ មាន​ផ្ទៃពោះ​ និង​ក្លាយ​ជា​ម្ដាយ​ច្រើន​ជាងគេ​បំផុត ក្នុង​ប្រទេស​កម្ពុជា គឺ​មាន ៣០% តាម​ពី​ក្រោយ​ដោយ​ខេត្ត ស្ទឹងត្រែង-ព្រះវិហារ​ មាន​ ២៥% និង​ក្រចេះ​មាន ២០%។ លោក​ស្រី ជី សុជាតិ នាយិកា​ប្រតិបត្តិអង្គការ​ខ្មែរ ​បម្រើ​សុខភាព​ប្រជាជន PSK បង្ហាញ​ឱ្យ​ដឹង តួលេខ​នេះ​ក្នុង​សន្និសីទកាសែត​​ស្ដី​ពី «ទិវា​ពន្យារកំណើត​ពិភពលោក​នៅ​កម្ពុជា» កាល​ពី​ម្សិលមិញ​។

 

ចំពោះ​មូលហេតុលោកស្រី​ថា ៖ “មក​ពី​នារី​​​ក្មេងៗ​យើង​តាម​បណ្ដា​ខេត្ត​ឆ្ងាយ​ៗ មិន​សូវ​ទទួល​បាន​​ការ​យល់​ដឹង ព័ត៌មាន​​គ្រប់​គ្រាន់​​នៅ​ឡើយ​ទេ ពី​បញ្ហា​​​ពន្យារ​កំណើត មធ្យោបាយ​ពន្យារកំណើត និង​ផែនការ​​គ្រួសារ។ នៅ​ភ្នំពេញ​ដូច​ជាមិន​សូវ​មាន​បញ្ហា ដូច្នេះ​ការ​ពន្យារ​កំណើត​ពិត​ជា​មាន​សារៈសំខាន់​ណាស់"។

 

 

ការ​មាន​បុត្រ​ធីតា​ច្រើន និង​នៅ​វ័យ​ក្មេង មិន​បាន​ផ្ដល់​​ផល​ល្អ​ដល់​សេដ្ឋកិច្ច​គ្រួសារ​ទេ ហើយ​ថែម​ទាំង​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ សុខភាព​ម្ដាយ និង​ទារក​ ដូច្នេះ​លោកស្រី ជី សុជាតិ បាន​ថ្លែង​ថា មនុស្ស​គ្រប់​រូប​ត្រូវ​មាន​ចំណេះ​ដឹង​លើ​ការ​ពន្យារកំណើត​ថា បើ​ចង់​ពន្យារ​កំណើត ត្រូវ​ទៅ​រក​នៅ​ឯណា។ ​ទោះ​យ៉ាង​ណា​​​មិន​មែន​មនុស្ស​ទាំងអស់​ដឹង​ពី​បញ្ហា​​ពន្យារ​កំណើត និង​ផែនការ​គ្រួសារ​​​ទេ ជា​ពិសេស​យុវវ័យ។

 

“យុវវ័យ​នៅ​មាន​បញ្ហា​ប្រឈម​ច្រើន...បញ្ហា​របស់​យុវវ័យ គឺ​គាត់​​នៅ​មិន​ទាន់​បាន​ព័ត៌មាន​​​ពី​បញ្ហា​សុខភាព​បន្ត​ពូជ​បាន​ល្អិតល្អន់​នៅ​ឡើយ​ទេ។ យុវវ័យ​ក្នុង​សាលា​អាច​ដឹង​ខ្លះ ប៉ុន្តែ​យុវវ័យ​ក្រៅ​សាលា ​មិន​ទាន់​ដឹង​លំអិត​ទេ ហើយ​គេ​មិន​លើក​ទឹកចិត្ត​ឱ្យ​គាត់​និយាយ​ពី​បញ្ហា​ផ្លូវ​ភេទ បើក​ចំហ​ទេ​ក្នុង​សង្គម​ខ្មែរ​យើង។ បញ្ហា​មួយ​ទៀត គឺ​យុវវ័យ​យើង​ទទួល​បាន​ឥទ្ធិពល​ច្រើន​ពី​វប្បធម៌​ខាងក្រៅ ហើយ​ការ​អង្កេត​ថ្មីៗ​នេះ គេ​រក​ឃើញ​ថា មាន​យុវវ័យ​ច្រើន​ប្រឡូក​ក្នុង​ការ​រួមភេទ​នៅ​វ័យ​ក្មេង។ អ៊ីចឹង​យើង​ត្រូវ​ផ្សព្វផ្សាយ ផ្ដល់​ចំណេះ​ដឹង​ដល់​ពួកគាត់"។

 

លោក​ស្រី​បន្ថែម​ថា បើ​តាម​​តួលេខ​បាន​មក​ពី​ការ​អង្កេត​វិទ្យាសាស្ត្រ​ទូទាំង​ប្រទេស​ ដែល​ចុះផ្សាយ​ដោយ​ក្រសួង​ផែនការ យុវវ័យ​អាយុ​ចាប់​ពី ១៥ ដល់ ១៩ ស្មើ ១២ % នៅកម្ពុជា​កំពុង​ប្រឈម​បញ្ហា​នេះ។ ក្នុង​នេះយុវវ័យ ៧% ​​បាន​ក្លាយ​ជា​ម្ដាយ និងយុវវ័យ​ ៥% កំពុង​មាន​ផ្ទៃពោះ។ ទោះបីជា​យ៉ាងណា លោក​ស្រី​មិន​បាន​ដឹង​ ​តួលេខ​ជាក់​លាក់​ថា​ មាន​យុវវ័យ​​ប៉ុន្មាន​នាក់​​ឡើយ។

 

ទិវា​ពន្យារ​កំណើត​ពិភពលោក​ ​​​ត្រូវ​បាន​គេ​ធ្វើ​ឡើង ដើម្បី​បង្កើន​ការ​​យល់​​ដឹង​ពី​ការ​ពន្យារ​កំណើត ជា​ពិសេស​យុវវ័យ។ ​ដើម្បី​អបអរ​ទិវា​នេះ ក្រុម​យុវជន​ចតុមុខ​ នឹង​រៀបចំ​ការ​ប្រគំ​តន្ត្រី និង​ការ​សម្ដែង​ ​នៅ​ថ្ងៃ​ទី ២៥ ធ្នូ ឆ្នាំ​២០១៥ ដែល​មាន​ការ​ចូលរួម​ពី​តារា​ល្បី​ៗ ដូចជា កញ្ញា មាស សុខសោភា លោក ហេង ពិទូ លោក Jimmy Kiss និង​តារា​ល្បីៗ​ជា​ច្រើន​ទៀត និង​មាន​សិក្ខាសាលាមួយ​​នៅ​ថ្ងៃ ៣០ ខែ​ធ្នូ ខាងមុខ។ គួរ​បញ្ជាក់​ថា​នេះជា​លើក​ទី​មួយ ដែល​ទិវា​​​​​​​​​​​គាំទ្រ​​ពី​​ក្រសួង​សុខាភិបាល ​ក្រុមហ៊ុន Bayer Health Care អង្គការ USAID អង្គការ UNFPA និង​អង្គការ PSI/PSK ​មួយ​នេះ​ធ្វើ​នៅ​កម្ពុជា៕

 

 

ចុចអាន៖ បណ្ណាល័យ​ចល័ត ៩ គ្រឿង កំពុង​លើក​កម្ពស់​អំណាន​នៅ​កម្ពុជា

ចុចអាន៖​ មូល​ហេតុ និង​ដំណោះស្រាយ ការ​អស់​កម្លាំង​​អំឡុង​ពេល​ធ្វើ​ការ

 

 

អត្ថបទ៖ អ៊ុំ សុភក្តិ