ទឹក​ចិត្ត​នារី​ខ្មែរ​ចំពោះ​ ​ជន​បរទេស! មិន​សរសើរ​មិន​បាន...

  • 2015-12-28 18:13:21
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វា​ជា​រឿង​មួយ​ដែល​​គួរ​ឱ្យ​ចែក​រំលែក​សម្រាប់​មនុស្ស​គ្រប់​រូប​ដើម្បី​បង្ហាញ​ថា​ នារី​ខ្មែរ​ ឬ ជន​ជាតិ​ខ្មែរ​ពិត​ជា​មាន​ទឹក​ចិត្ត​ និង​ មេត្តា​ធម៌​ណាស់។ តាំង​ពី​បាន​ជួប​ពួក​នាង​មក​ ខ្ញុំ​ចាប់​ផ្ដើម​ជឿ​ថា​​ មនុស្ស​ល្អ​ដោយ​ស្មោះ​ពិត​ជា​មាន ឯ​អ្នក​ធ្វើ​ល្អ​គង់​នឹង​បាន​ទទួល​ផល​ល្អ។

 

​ម៉ោង​ ១ រសៀល​កាល​ពី​បួន​ឆ្នាំ​មុន​ ខ្ញុំ​រៀប​នឹង​ជិះ​ម៉ូតូ​ទៅ​ធ្វើ​ការ​ ជិះ​ហួស​ផ្ទះ​ខ្ញុំ​បន្តិច​ មាន​ផ្ទះ​សំណាក់​មួយ​​ ខ្ញុំ​បាន​ឃើញ​ជន​បរទេស​ម្នាក់​អង្គុយ​លើ​សាក់កាដូ​ ក្បែរ​របង​ផ្ទះ​សំណាក់​នោះ​។ ដៃ​ជើង​គេ​ស្លេកស្លាំង ​អង្គុយ​ជ្រប់​មុខ​​ចុះ​ដូច​ជា​មនុស្ស​អស់​សង្ឃឹម​ក្នុង​ជីវិត។

 

ខ្ញុំ​ក៏​បាន​ចុះ​ពី​​ម៉ូតូ​ហើយ​សួរ​នាំ​គេ​ គេ​ប្រាប់​ថា​គេ​ជា​ជនជាតិ​អាមេរិក​ គេ​មាន​ប្រពន្ធ​ខ្មែរ​ និង​មាន​កូន​ជា​មួយ​គ្នា​ ​កូន​គេ​អាយុ​ពីរ​ខែ​ហើយ តែ​ប្រពន្ធ​របស់​គេ​ក្បត់​ចិត្ត​គេ​ ហើយ​ដេញ​គេ​ចេញ​ពី​ផ្ទះ​ និង យក​ទ្រព្យ​សម្បត្តិ​ដែល​គេ​ខំ​រក​ទាំង​ប៉ុន្មាន​ពី​គេ​អស់​។ គេ​មាន​ប្រាក់​បន្តិច​បន្តួច​ជាប់​ខ្លួន​ ហើយ​បាន​ទៅ​ស្នាក់​នៅ​ផ្ទះ​សំណាក់​ដែល​នៅ​ជិត​ផ្ទះ​ខ្ញុំ។

 

មូល​ហេតុ​ដែល​គេ​អង្គុយ​យ៉ាង​កម្សត់​កៀក​របង​ផ្ទះ​ដូច្នេះ​ ព្រោះ​តែ​គេ​អស់​លុយ​សម្រាប់​បន្ត​ការ​ស្នាក់​នៅ​ទៀត​ហើយ​។ ខ្ញុំ​ក៏​បាន​ចូល​ទៅ​សួរ​អ្នក​មើល​ការ​ខុស​ត្រូវ​ ផ្ទះ​សំណាក់​នោះ​ហើយ​គេ​ប្រាប់​ថា បុរស​នេះ​គ្មាន​ លិខិត​ឆ្លង​ដែន​ទេ គេ​ឱ្យ​ស្នាក់​នៅ​បី​ថ្ងៃ​ចាត់​ទុក​ថា​សំណាង​ហើយ តែ​ឥឡូវ​គេ​អស់​លុយ​ គ្មាន​អ្នក​ណា​ឱ្យ​គេ​ស្នាក់​នៅ​បន្ត​ទេ។

 

ខ្ញុំ​ក៏​ចេញ​ទៅ​សួរ​បុរស​នោះ​វិញ គេ​ប្រាប់​ថា ប្រពន្ធ​គេ​គំរាម​សម្លាប់​ គេ​រត់​ចេញ​មក​ជា​មួយ​តែ​​កាតាប​ខោ​អាវ​ ហើយ​អត់​បាយ​៣​ថ្ងៃ​មក​ហើយ។ គេ​និយាយ​ផង​យំ​ផង និង ទន្ទេញ​ថា​ គេ​ចង់​សម្លាប់​ខ្លួន​។

 

 

រូបតំណាង (រូបថត​បរទេស)

 

 

ខ្ញុំ​មិន​ដឹង​ធ្វើ​យ៉ាង​ម៉េច​ទេ ណា​មួយ​ដល់​ម៉ោង​ធ្វើ​ការ​ផង​ ណា​មួយ​ភាសា​អង់គ្លេស​ខ្ញុំ​មិន​សូវ​ពូកែ​ផង ខ្ញុំ​បាន​ត្រឹម​តែ​​និយាយ​លួង​លោម​គេ​នូវ​ពាក្យ​ដែល​ខ្ញុំ​ចេះ​ប៉ុណ្ណោះ ឯ​ផ្លូវ​ក៏​ស្ងាត់​គ្មាន​អ្នក​ដំណើរ​ណា​ឆ្លង​កាត់​ទេ ព្រោះ​ជា​ផ្លូវ​លំ​ក្នុង​ភូមិ។

 

រំពេច​នោះ​ មាន​នារី​ពីរ​នាក់​ទំនង​ជា​កម្មការិនី​រោងចក្រ​​ ព្រោះ​មាន​ពាក់​កាត​និង​កន្សែង ជិះ​ម៉ូតូ​មក​ឈប់​ក្បែរ​ខ្ញុំ​ ហើយ​សួរ​នាំ​ខ្ញុំ​ថា​មាន​រឿង​អី ខ្ញុំ​ក៏​ប្រាប់​តាម​ដំណើរ​រឿង។ ពួក​នាង​និយាយ​មក​កាន់​ខ្ញុំ​ថា «បង! បង​ឯង​សួរ​គាត់​មើល​ថា​គាត់​ចង់​ហូប​អី​ ចាំ​ខ្ញុំ​ទិញ​ឱ្យ!»។ ខ្ញុំ​ក៏​តប​ថា « អី​ក៏​បាន​ដែរ​ទៅ​ទិញ​ឱ្យ​គាត់​ឱ្យ​លឿន​ម៉ោ!»។ បាន​ដូច​ចិត្ត​! នារី​ពីរ​នាក់​នោះ​ឡើង​ម៉ូតូ​ទៅ​វឹង ប្រាំ​នាទី​ក្រោយ​ក៏​ត្រឡប់​មក​វិញ​ជាមួយ​នឹង​បាយ​មួយ​ប្រអប់​ ទឹក​សុទ្ធ​​មួយ​ដប និង​កូកា​មួយ​កំប៉ុង។

 

បុរស​ជន​ជាតិ​អាមេរិក​នោះ​ ទទួល​យក​វា​មក​ហូប​ ដោយ​ត្រេក​អរ​ពន់ពេក​។ បន្ទាប់​ពី​បរិភោគ​ហើយ​ នារី​ពីរ​​នាក់​នោះ​ក៏​សួរ​មក​ខ្ញុំ​ទៀត «បង​! ធ្វើ​ម៉េច​ទើប​ជួយ​គាត់​បាន?»។ ភ្លាមៗ​ខ្ញុំ​ក៏​នឹក​មិន​ឃើញ​ដែរ តែ​បន្តិច​ក្រោយ​មក​ក៏​នឹក​ឃើញ​ដល់​ទូត​អាមេរិក​ បើ​នាំ​គេ​ទៅ​ទី​នោះ គេ​នឹង​រួច​ផុត​ទុក្ខ ព្រោះ​ខាង​ស្ថាន​ទូត​​មិន​ឱ្យ​ជន​​ជាតិ​របស់​គេ​រង​ទុក្ខ​នោះ​ទេ។

 

បន្ទាប់​មក​ខ្ញុំ​ក៏ ហៅ​រ៉ឺម៉ក​កង់​បី​ ឱ្យ​ជូន​បុរស​នោះ​ ទៅ​ទូត​អាមេរិក​ ឯ​នារី​ពីរ​នាក់​នោះ​ក៏​យក​ម៉ូតូ​ទៅ​ផ្ញើ​ផ្ទះ​ជាង​កាត់ដេរ​ម្នាក់​ រួច​​ឡើង​កង់​បី​ជាមួយ​បុរស​នោះ ដោយ​ធានា​ថា​នឹង​ជួយ​គេ​ឱ្យ​ចប់​ចុង​ចប់​ដើម​ ហើយ​ពួក​នាង​ប្រាប់​ឱ្យ​ខ្ញុំ​ទៅ​ធ្វើ​ការ​ចុះ។

 

ដោយ​មើល​ទៅ​នារី​រោងចក្រ​ទាំង​ពីរ​ មាន​និស្ស័យ​ល្អ​គួរ​ឱ្យ​ទុក​ចិត្ត​បាន​ ខ្ញុំ​ក៏​យល់​ព្រម​ហើយ​ទៅ​ធ្វើ​ការ ដោយ​ក្នុង​ចិត្ត​គិត​ពី​រឿង​នេះ​មិន​ព្រម​ឈប់។

 

ល្ងាច​ឡើង​ពេល​ត្រឡប់​មក​ពី​ធ្វើ​ការ​វិញ​ខ្ញុំ​ក៏​បាន​ទៅ​ផ្ទះ​ជាង​កាត់​ដេរ ដែល​នារី​ពីរ​នាក់​នោះ​ផ្ញើ​ម៉ូតូ និង បាន​សួរ​នាំ​ថា​តើ​គេ​មក​ពី​​ទូត​​វិញ​ថ្មើរ​ណា? បើ​តាម​សម្ដី​បង​ស្រី​ដែល​ជា​ជាង​កាត់​ដេរ​​ ខ្ញុំ​បាន​​ដឹង​ថា​​នារី​ពីរ​នាក់​នោះ​ជា​បង​ប្អូន​នឹង​គ្នា​ ហើយ​ត្រឡប់​ពី​ទូត​អាមេរិក​វិញ​ នៅ​ម៉ោង​បី​។ ពេល​ទៅ​ដល់​ទូត​អាមេរិក​ ខាង​ទូត​ក៏​បាន​ទាក់​ទង​ទៅ​គ្រួសារ​បុរស​នោះ​នៅ​ឯ​ទឹក​ដី​អាមេរិក។ ហើយ​សាច់ញាតិ​បុរស​នោះ​បាន​ប្រាប់​ទៅ​ខាង​ទូត​ថា ឱ្យ​យក​ប្រាក់ ៥០០ ដុល្លារ​ឱ្យ​នារី​ពីរ​នាក់​បង​ប្អូន​នោះ​ ជា​សគុណ​ដែល​នាង​បាន​ជួយ​កូន​ប្រុស​របស់​គេ។

 

ខ្ញុំ​ដឹង​ហើយ​ពិត​ជា​រំភើប កុំ​ថា​ឡើយ​តែ​សាច់ញាតិ​របស់​បុរស​នោះ​ សូម្បី​តែ​ខ្ញុំ​ដែល​ជា​អ្នក​ដទៃ​​ក៏​អត់​នឹង​រំភើប​នូវ​​ទឹក​ចិត្ត​ដ៏​ល្អ​របស់​នារី​ពីរ​នាក់​បង​ប្អូន​នោះ​មិន​បាន​ដែរ។ ពួក​នាង​ក្រ​ ធ្វើការ​មួយ​ខែ​មិន​ដឹង​ចាយ​គ្រាន់​ឬ​​អត់ តែ​ស្ទុះស្ទា​ទៅ​ទិញ​បាយ​​ឱ្យ​បុរស​នោះ ហ៊ាន​ចេញ​លុយ​ថ្លៃ​កង់​បី​ ​ដឹក​សាសន៍​គេ​ទៅ​ដល់​ស្ថាន​ទូត ទាំង​ខ្លួន​​ឯង​អត់​ចេះ​អង់គ្លេស​អី​មួយ​ម៉ាត់។

 

នេះ​ជា​ការ​ចង​ចាំ​ដ៏​ល្អ​ ហើយ​​មាន​តម្លៃ​មួយ។ វា​ជា​អំពើ​ល្អ​របស់​នារី​ខ្មែរ​ពីរ​នាក់​បង​ប្អូន មាន​ចំពោះ​អ្នក​ដទៃ​ដោយ​មិន​រើស​អើង​ជាតិ​សាសន៍ ហើយ​វា​ក៏​ជា​គំរូ​សម្រាប់​ខ្ញុំ​​ដែរ។ រាល់​ពេល​ដែល​ខ្ញុំ​បាន​ធ្វើ​អំពើ​ល្អ​ចំពោះ​អ្នក​ណា​ម្នាក់​ ខ្ញុំ​តែង​តែ​នឹក​ឃើញ​ដល់​នារី​ពីរ​នាក់​បង​ប្អូន​នោះ​ជានិច្ច៕

 

 

រៀន​គួរ​ជាមួយ​មិត្តភ័ក្ដិ​មុន​ប្រឡង​បាក់ឌុប​ជា​អ្វី​ដែល​ខ្ញុំ​មិន​អាច​បំភ្លេច​បាន

តើ​មាន​បង​ស្រី​ឯ​ណា ដូច​បង​ស្រី​ខ្ញុំ?

 

 

អត្ថបទ៖ សំណាង​​​​​​​

រូបថត៖ បរទេស

 

មាន​អត្ថបទ​ពាក់ព័ន្ធ​នឹង​មនុស្ស​ដែល​អ្នក​ចងចាំ​ ចង់​ឲ្យ​ Sabay ​ចុះ​ផ្សាយ​ សូម​ទាក់ទង៖ អ៊ីមែល៖ kong.chanvanneng@cidc.com.kh ឬ ទូរសព្ទ៖ ០១០ ៧០០ ៧២៧

 

ចង់​ដឹង​លក្ខខណ្ឌ​ដើម្បី​សរសេរ​ផ្ញើ​មក​កាន់ ​Sabay ​បានសូមចុចត្រង់នេះ

 

 

អត្ថបទពេញនិយម