ប្ដីប្រពន្ធម៉ារីម៉ា ប្រារព្ធខួបអាពាហ៍ពិពាហ៍និងឆ្លងឆ្នាំដ៏ផ្អែមល្ហែមជាមួយកូនស្រី
- 2016-01-01 18:17:06
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ប្ដីប្រពន្ធម៉ារីម៉ា ប្រារព្ធខួបអាពាហ៍ពិពាហ៍និងឆ្លងឆ្នាំដ៏ផ្អែមល្ហែមជាមួយកូនស្រី
ចន្លោះមិនឃើញ
គូស្នេហ៍តារាសម្ដែងជួរមុខរបស់ហ្វីលីពីន Marian Rivera (ម៉ារីម៉ា) និងស្វាមី Dingdong Dantes បានប្រារព្ធខួបគម្រប់មួយឆ្នាំនៃការរៀបអាពាហ៍ពិពាហ៍របស់ពួកគេ យ៉ាងសប្បាយរីករាយជាមួយកូនស្រី Maria Letizia នៅទីក្រុង Tagaytay។
ក្នុងឱកាសរំឭកខួបថ្ងៃពិសេសរបស់ខ្លួននេះ តារាវ័យ ៣១ឆ្នាំបានបង្ហោះរូបថតក្នុងថ្ងៃមង្គលការជាមួយស្វាមី លើបណ្ដាញសង្គម អមដោយសារដ៏ផ្អែមល្ហែមថា៖ "ការចងចាំថ្ងៃនោះគឺជារឿងដែលធ្វើឲ្យអូនមានអារម្មណ៍ល្អបំផុត នៅពីមុខព្រះជាម្ចាស់ អូនបានសន្យាថាស្រឡាញ់បង មើលថែបង និងបម្រើបងដរាបណានៅមានជីវិត ទាំងពេលឈឺនិងពេលជា។ នេះគឺជាសុភមង្គលស្នេហាដែលអូននឹងចងចាំអស់មួយជីវិត។ រីករាយថ្ងៃខួបអាពាហ៍ពិពាហ៍ ម្ចាស់ចិត្ត។ អូនស្រឡាញ់បង!”។
ក្រៅពីនោះ គូស្នេហ៍ទាំងពីរក៏បានចែករំលែករូបថតជាមួយកូនស្រីរបស់ពួកគេដែរ និងបានជូនពរអ្នកគាំទ្រគ្រប់គ្នាសម្រាប់ឱកាសឆ្នាំថ្មី ២០១៦នេះ។
Dingdong និង Marian បានរៀបអាពាហ៍ពិពាហ៍ជាមួយគ្នាកាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០១៤ នៅតំបន់ Cubao ក្នុងទីក្រុង Quezon ប្រទេសហ្វីលីពីន ដោយមានវត្តមានមិត្តភ័ក្ដិ និងក្រុមគ្រួសារជាច្រើនចូលរួមជាសក្ខីភាព រួមទាំងប្រធានាធិបតីលោក Benigno Aquino III ផងដែរ។
នៅខែមេសា អ្នកទាំងពីរបានប្រកាសពីដំណឹងមានកូនដំបូង។ កូនស្រីរបស់ពួកគេបានកើតកាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំមុន ៕
ប្រែសម្រួល៖ វ៉ាន់ថន ប្រភព៖rappler